ព្រះបាទសាឡូម៉ូនស្រឡាញ់ស្ត្រីសាសន៍ដទៃជាច្រើនរូប។ ក្រៅពីបុត្រីរបស់ព្រះចៅផារ៉ោន ស្ដេចមានមហេសីសាសន៍ម៉ូអាប់ សាសន៍អាំម៉ូន សាសន៍អេដុម សាសន៍ស៊ីដូន និងសាសន៍ហេត។ មហេសីទាំងនោះមានដើមកំណើតពីប្រជាជាតិ ដែលព្រះអម្ចាស់បានហាមដល់កូនចៅអ៊ីស្រាអែលថា «អ្នករាល់គ្នាមិនត្រូវរៀបការជាមួយស្ត្រីសាសន៍ទាំងនោះឡើយ ដ្បិតគេនឹងបង្វែរចិត្តអ្នករាល់គ្នាឲ្យទៅគោរពព្រះរបស់គេជាមិនខាន»។ ព្រះបាទសាឡូម៉ូនចងស្ពានមេត្រីជាមួយជាតិសាសន៍ទាំងនោះ ដោយសារតែសេចក្ដីស្នេហា។ ព្រះបាទសាឡូម៉ូនមានមហេសីដែលជាបុត្រីរបស់ស្ដេចសាសន៍ដទៃ ចំនួនប្រាំពីររយអង្គ និងស្រីស្នំចំនួនបីរយនាក់។ ពួកមហេសី និងស្រីស្នំរបស់ស្ដេច បានអូសទាញព្រះហឫទ័យស្ដេចចេញពីព្រះជាម្ចាស់។ ពេលព្រះបាទសាឡូម៉ូនមានព្រះជន្មកាន់តែចាស់ជរាណាស់ហើយ មហេសី និងស្រីស្នំបានអូសទាញព្រះហឫទ័យស្ដេចឲ្យទៅគោរពព្រះដទៃ។ ព្រះបាទសាឡូម៉ូនលែងស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់ខ្លួន ដូចព្រះបាទដាវីឌជាបិតាទៀតហើយ។ ព្រះបាទសាឡូម៉ូនថ្វាយបង្គំព្រះអាសថារ៉ូត ជាព្រះរបស់ជនជាតិស៊ីដូន និងព្រះមីលកូម ជាព្រះគួរស្អប់ខ្ពើមរបស់ជនជាតិអាំម៉ូន។ ព្រះបាទសាឡូម៉ូនបានប្រព្រឹត្តអំពើអាក្រក់ដែលមិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ហើយមិនដើរតាមមាគ៌ារបស់ព្រះអម្ចាស់ទាំងស្រុង ដូចព្រះបាទដាវីឌ ជាបិតាឡើយ។ នៅគ្រានោះ ព្រះបាទសាឡូម៉ូនបានសង់កន្លែងសក្ការៈមួយនៅលើភ្នំ ដែលនៅទល់មុខក្រុងយេរូសាឡឹម ថ្វាយព្រះកេម៉ូស ជាព្រះគួរស្អប់ខ្ពើមរបស់ជនជាតិម៉ូអាប់ និងព្រះម៉ូឡុក ជាព្រះគួរស្អប់ខ្ពើមរបស់ជនជាតិអាំម៉ូន។ ព្រះរាជាបានសង់ទីសក្ការៈជាច្រើនទៀត សម្រាប់មហេសីទាំងអស់ដែលជាសាសន៍ដទៃ ដើម្បីឲ្យពួកនាងថ្វាយគ្រឿងក្រអូប និងថ្វាយយញ្ញបូជាដល់ព្រះរបស់ខ្លួន។ ព្រះអម្ចាស់ទ្រង់ព្រះពិរោធនឹងព្រះបាទសាឡូម៉ូន ដ្បិតស្ដេចបែកចិត្តចេញពីព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ដែលបានយាងមកជួបស្ដេចដល់ទៅពីរដង ហើយហាមផ្ដាច់មិនឲ្យស្ដេចគោរពព្រះដទៃ។ ប៉ុន្តែ ព្រះបាទសាឡូម៉ូនមិនប្រតិបត្តិតាមបញ្ជារបស់ព្រះអម្ចាស់ឡើយ។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះបាទសាឡូម៉ូនថា៖ «ដោយអ្នកប្រព្រឹត្តដូច្នេះ គឺអ្នកមិនបានគោរពសម្ពន្ធមេត្រីរបស់យើង ហើយក៏មិនបានកាន់តាមច្បាប់ដែលយើងបង្គាប់ដល់អ្នកដែរ យើងនឹងដកយករាជសម្បត្តិពីអ្នក ប្រគល់ទៅឲ្យអ្នកបម្រើរបស់អ្នកវិញ។ ប៉ុន្តែ ដោយយល់ដល់ដាវីឌ ជាបិតារបស់អ្នក យើងនឹងមិនដករាជសម្បត្តិចេញពីអ្នក ក្នុងពេលដែលអ្នកនៅមានជីវិតទេ។ យើងនឹងដករាជសម្បត្តិពីកូនរបស់អ្នក។ យើងនឹងមិនដកហូតយករាជាណាចក្រទាំងមូលទេ គឺយើងនឹងទុកកុលសម្ព័ន្ធមួយឲ្យកូនរបស់អ្នកគ្រប់គ្រង ដោយយល់ដល់ដាវីឌ ជាបិតារបស់អ្នក និងយល់ដល់យេរូសាឡឹម ជាក្រុងដែលយើងបានជ្រើសរើស»។ ព្រះអម្ចាស់បានបណ្ដាលឲ្យលោកហាដាឌ ជារាជវង្សរបស់ស្ដេចស្រុកអេដុម ក្លាយទៅជាគូវិវាទរបស់ព្រះបាទសាឡូម៉ូន។ នៅគ្រាដែលព្រះបាទដាវីឌវាយលុកស្រុកអេដុម លោកយ៉ូអាប់ ជាមេទ័ព បានទៅប្រមូលសាកសពទាហានអ៊ីស្រាអែលដែលស្លាប់ក្នុងចម្បាំង យកទៅបញ្ចុះ ហើយលោកសម្លាប់ប្រុសៗទាំងអស់នៅស្រុកអេដុម។ លោកយ៉ូអាប់ និងកងទ័ពអ៊ីស្រាអែលទាំងមូល បានបោះទ័ពនៅស្រុកអេដុម អស់រយៈពេលប្រាំមួយខែ រហូតទាល់តែពួកលោកសម្លាប់ប្រុសៗទាំងអស់នៅស្រុកអេដុម។ គ្រានោះ លោកហាដាឌនៅជាកុមារនៅឡើយ លោកបានរត់គេចខ្លួនទៅស្រុកអេស៊ីបជាមួយជនជាតិអេដុមខ្លះ ដែលជាអ្នកបម្រើរបស់ឪពុកលោក។ ពួកគេចាកចេញពីស្រុកម៉ាឌានទៅដល់ស្រុកប៉ារ៉ាន។ ពួកគេនាំអ្នកស្រុកប៉ារ៉ានខ្លះទៅជាមួយ ហើយសុំជ្រកកោននឹងព្រះចៅផារ៉ោន ជាស្ដេចស្រុកអេស៊ីប។ ព្រះចៅផារ៉ោនប្រទានផ្ទះសំបែង និងផ្គត់ផ្គង់ស្បៀងអាហារដល់លោក ព្រមទាំងប្រទានដីធ្លីឲ្យលោកទៀតផង។ លោកហាដាឌបានទទួលការប្រោសប្រណីពីព្រះចៅផារ៉ោន។ ស្ដេចបានលើកប្អូនថ្លៃ គឺប្អូនស្រីរបស់ព្រះមហាក្សត្រិយានីថាផ្នេស ឲ្យធ្វើជាភរិយារបស់លោកផង។ ប្អូនស្រីរបស់ព្រះមហាក្សត្រិយានីថាផ្នេសបង្កើតកូនប្រុសមួយរូបឈ្មោះកេនូបាត ជូនលោកហាដាឌ។ ព្រះមហាក្សត្រិយានីថាផ្នេសយកកូននោះទៅចិញ្ចឹមនៅក្នុងវាំងរបស់ព្រះចៅផារ៉ោន។ ដូច្នេះ កេនូបាតបានរស់នៅក្នុងវាំងជាមួយបុត្ររបស់ព្រះចៅផារ៉ោន។ នៅស្រុកអេស៊ីប លោកហាដាឌទទួលដំណឹងថា ព្រះបាទដាវីឌសោយទិវង្គត ហើយលោកមេទ័ពយ៉ូអាប់ក៏ទទួលមរណភាពដែរ។ លោកហាដាឌទូលព្រះចៅផារ៉ោនថា៖ «សូមព្រះករុណារាជានុញ្ញាតឲ្យទូលបង្គំត្រឡប់ទៅស្រុករបស់ទូលបង្គំវិញផង»។ ព្រះចៅផារ៉ោនមានរាជឱង្ការថា៖ «នៅជាមួយយើងនេះ តើអ្នកខ្វះអ្វីទៀត បានជាចង់ត្រឡប់ទៅស្រុកវិញ?»។ លោកទូលថា៖ «ទូលបង្គំគ្មានខ្វះអ្វីទេ ប៉ុន្តែ សូមព្រះករុណាមេត្តារាជានុញ្ញាតឲ្យទូលបង្គំចាកចេញទៅផង!»។ ព្រះជាម្ចាស់បានបណ្ដាលឲ្យលោករេសោន ជាកូនរបស់លោកអេលីយ៉ាដា ក្លាយទៅជាគូវិវាទម្នាក់ទៀតរបស់ព្រះបាទសាឡូម៉ូន។ គាត់រត់គេចពីម្ចាស់របស់ខ្លួន គឺព្រះបាទហាដា-រេស៊ើរ ជាស្ដេចស្រុកសូបា។ គាត់បានប្រមែប្រមូលមនុស្សឲ្យមកតាមគាត់ ហើយតាំងខ្លួនធ្វើជាមេគេ។ នៅគ្រាដែលព្រះបាទដាវីឌសម្លាប់អ្នកស្រុកសូបា ពួកគាត់ចូលទៅនៅក្រុងដាម៉ាស រួចគ្រប់គ្រងក្រុងនោះ។ លោករេសោនក្លាយទៅជាគូវិវាទរបស់អ៊ីស្រាអែល អស់មួយរជ្ជកាលរបស់ព្រះបាទសាឡូម៉ូន ដូចលោកហាដាឌ ដែលបានធ្វើទុក្ខបុកម្នេញអ៊ីស្រាអែលដែរ។ ព្រះបាទរេសោនបានឡើងសោយរាជ្យលើស្រុកស៊ីរី ហើយតែងតែស្អប់ជនជាតិអ៊ីស្រាអែល។ លោកយេរ៉ូបោមជាកូនរបស់លោកនេបាត ក្នុងកុលសម្ព័ន្ធអេប្រាអ៊ីម នៅស្រុកសេរេដា ម្ដាយរបស់លោកឈ្មោះសេរូអា ជាស្ត្រីមេម៉ាយ។ លោកយេរ៉ូបោមជារាជបម្រើរបស់ព្រះបាទសាឡូម៉ូន តែលោកបានបះបោរប្រឆាំងនឹងស្ដេច។ មូលហេតុដែលបណ្ដាលឲ្យលោកយេរ៉ូបោមបះបោរប្រឆាំងនឹងស្ដេចមានដូចតទៅ: នៅពេលព្រះបាទសាឡូម៉ូនសង់ព្រលាននៅមីឡូ និងជួសជុលកំពែងបាក់បែកនៅបុរីព្រះបាទដាវីឌ ជាបិតា ទ្រង់សង្កេតឃើញលោកយេរ៉ូបោមជាមនុស្សក្លាហានអង់អាច។ ដូច្នេះ ស្ដេចក៏ចាត់លោកឲ្យមើលខុសត្រូវលើកំណែនរបស់កូនចៅលោកយ៉ូសែប។ ថ្ងៃមួយ លោកយេរ៉ូបោមបានចាកចេញពីក្រុងយេរូសាឡឹម។ នៅតាមផ្លូវ ព្យាការីអហ៊ីយ៉ា ជាអ្នកភូមិស៊ីឡូ បានមកជួបលោក ទាំងពាក់អាវធំមួយថ្មីផង។ លោកទាំងពីរស្ថិតនៅទីវាល ដាច់ឆ្ងាយពីគេ។ លោកអហ៊ីយ៉ាដោះអាវធំថ្មីនោះមកហែកជាដប់ពីរចំរៀក។ បន្ទាប់មក លោកមានប្រសាសន៍ទៅកាន់លោកយេរ៉ូបោមថា៖ «សូមយកដប់ចំរៀកនេះទៅ ដ្បិតព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា “យើងនឹងដកហូតអាណាចក្រពីសាឡូម៉ូនប្រគល់ឲ្យអ្នក យើងនឹងឲ្យអ្នកគ្រប់គ្រងលើកុលសម្ព័ន្ធដប់។ យើងទុកកុលសម្ព័ន្ធតែមួយឲ្យសាឡូម៉ូន ដោយយល់ដល់ដាវីឌ ជាអ្នកបម្រើរបស់យើង និងដល់ក្រុងយេរូសាឡឹម ដែលយើងបានជ្រើសរើសពីក្នុងចំណោមទឹកដីនៃកុលសម្ព័ន្ធទាំងប៉ុន្មានរបស់ជនជាតិអ៊ីស្រាអែល។ យើងធ្វើដូច្នេះ ព្រោះជនជាតិអ៊ីស្រាអែលបោះបង់ចោលយើង ទៅថ្វាយបង្គំអាសថារ៉ូតជាព្រះនៃជនជាតិស៊ីដូន កេម៉ូសជាព្រះនៃជនជាតិម៉ូអាប់ និងមីលកូមជាព្រះរបស់ជនជាតិអាំម៉ូន។ ពួកគេពុំបានដើរតាមមាគ៌ារបស់យើង ហើយក៏មិនប្រព្រឹត្តអំពើសុចរិតនៅចំពោះមុខយើង មិនកាន់តាមច្បាប់ និងវិន័យរបស់យើង ដូចដាវីឌជាបិតារបស់សាឡូម៉ូនឡើយ។ យើងមិនដកយកអាណាចក្រទាំងមូលចេញពីសាឡូម៉ូនទេ យើងឲ្យគេកាន់អំណាចអស់មួយជីវិត ដោយយល់ដល់ដាវីឌ ជាអ្នកបម្រើដែលយើងបានជ្រើសរើស ព្រោះដាវីឌបានកាន់តាមបទបញ្ជា និងច្បាប់របស់យើង។ យើងនឹងដកអាណាចក្រពីកូនរបស់សាឡូម៉ូន ហើយប្រគល់ឲ្យអ្នកគ្រប់គ្រងលើកុលសម្ព័ន្ធដប់។ រីឯកូនរបស់សាឡូម៉ូនវិញ យើងទុកកុលសម្ព័ន្ធមួយឲ្យគេគ្រប់គ្រង ដើម្បីឲ្យដាវីឌ ជាអ្នកបម្រើរបស់យើង មានពូជពង្សសោយរាជ្យជាដរាប នៅចំពោះមុខយើងក្នុងក្រុងយេរូសាឡឹម ដែលយើងបានជ្រើសរើសសម្រាប់នាមយើង។ រីឯអ្នកវិញ យើងនឹងតែងតាំងអ្នកឲ្យធ្វើជាស្ដេចលើស្រុកអ៊ីស្រាអែល អ្នកនឹងគ្រប់គ្រងលើទឹកដីនេះតាមបំណងប្រាថ្នារបស់អ្នក។ ប្រសិនបើអ្នកស្ដាប់សេចក្ដីទាំងប៉ុន្មានដែលយើងបង្គាប់អ្នក ប្រសិនបើអ្នកដើរតាមមាគ៌ារបស់យើង ហើយប្រព្រឹត្តអំពើសុចរិតនៅចំពោះមុខយើង ដោយកាន់តាមច្បាប់ និងបទបញ្ជារបស់យើង ដូចដាវីឌជាអ្នកបម្រើរបស់យើងប្រព្រឹត្តនោះ យើងនឹងនៅជាមួយអ្នក។ យើងនឹងធ្វើឲ្យអ្នកមានពូជពង្សគ្រងរាជ្យជាដរាប ដូចយើងបានធ្វើចំពោះដាវីឌដែរ ហើយយើងនឹងប្រគល់ជនជាតិអ៊ីស្រាអែលដល់អ្នក។ យើងនឹងធ្វើឲ្យពូជពង្សដាវីឌត្រូវអាម៉ាស់ តែមិនមែនរហូតទេ”»។ ព្រះបាទសាឡូម៉ូនរកសម្លាប់លោកយេរ៉ូបោម លោកក៏រត់ភៀសខ្លួនទៅជ្រកកោនជាមួយព្រះចៅស៊ីសាក់ ជាស្ដេចស្រុកអេស៊ីប រហូតដល់ព្រះបាទសាឡូម៉ូនសោយទិវង្គត។
អាន ១ ពង្សាវតារក្សត្រ 11
ស្ដាប់នូវ ១ ពង្សាវតារក្សត្រ 11
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ ពង្សាវតារក្សត្រ 11:1-40
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ