១ ពង្សាវតារក្សត្រ 11:1-40

១ ពង្សាវតារក្សត្រ 11:1-40 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះបាទ​សាឡូម៉ូន​បាន​ស្រឡាញ់​ពួក​ស្រីៗ​សាសន៍​ដទៃ​ជា​ច្រើន ក្រៅ​ពី​ព្រះ‌រាជ‌បុត្រី​ផារ៉ោន​នោះ មាន​ស្ត្រី​សាសន៍​ម៉ូអាប់ សាសន៍​អាំម៉ូន សាសន៍​អេដុម សាសន៍​ស៊ីដូន និង​សាសន៍​ហេត ជា​ស្ត្រី​សាសន៍​ផ្សេងៗ ដែល​ព្រះ‌យេហូវ៉ា​បាន​ហាម​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា «អ្នក​មិន​ត្រូវ​រៀប​ការ​ជា‌មួយ​គេ ឬ​ឲ្យ​គេ​ចូល​មក​អ្នក​រាល់​គ្នា​ឡើយ ដ្បិត​គេ​នឹង​បង្វែរ​ចិត្ត​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​តាម​ព្រះ​របស់​គេ​ជា​មិន​ខាន»។ តែ​ព្រះបាទ​សាឡូម៉ូន​បាន​ចង​ស្ពាន​មេត្រី​នឹង​គេ ដោយ​សេចក្ដី​ស្រឡាញ់​វិញ ទ្រង់​មាន​ភរិយា​ទាំង​អស់​ប្រាំពីរ​រយ សុទ្ធ​តែ​ជា​កូន​ស្តេច​ទាំង​អស់ ហើយ​មាន​ស្រី​អ្នក​ម្នាង​បីរយ ឯ​ភរិយា​ទាំង​នោះ​ក៏​នាំ​បង្វែរ​ព្រះ‌ហឫ‌ទ័យ​ទ្រង់។ ដ្បិត​កាល​ណា​ព្រះបាទ​សាឡូម៉ូន​ចាស់​ហើយ ភរិយា​បាន​បង្វែរ​ព្រះ‌ហឫ‌ទ័យ​ទ្រង់​ឲ្យ​ទៅ​តាម​ព្រះ​ដទៃ​វិញ ហើយ​ព្រះ‌ហឫ‌ទ័យ​របស់​ទ្រង់​មិន​បាន​ស្មោះ‌ត្រង់​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​ទ្រង់ ដូច​ជា​ព្រះ‌ហឫ‌ទ័យ​របស់​ដាវីឌ ជា​បិតា​របស់​ទ្រង់​ទេ ព្រោះ​ព្រះបាទ​សាឡូម៉ូន​ប្រតិ‌បត្តិ​តាម​ព្រះ​អាស‌ថារ៉ូត ជា​ព្រះ​របស់​ពួក​ស៊ីដូន ហើយ​តាម​ព្រះ​មីលកូម ជា​សេចក្ដី​គួរ​ខ្ពើម​របស់​ពួក​អាំម៉ូន​ដែរ។ ព្រះបាទ​សាឡូម៉ូន​ក៏​ប្រព្រឹត្ត​ការ​ដែល​អាក្រក់​នៅ​ព្រះ‌នេត្រ​នៃ​ព្រះ‌យេហូវ៉ា ហើយ​មិន​បាន​តាម​ព្រះ‌យេហូវ៉ា​ដោយ​ពេញ​ខ្នាត ដូច​ជា​ដាវីឌ ជា​បិតា​របស់​ទ្រង់​ឡើយ។ នៅ​គ្រា​នោះ ព្រះបាទ​សាឡូម៉ូនក៏​ធ្វើ​កន្លែង​សម្រាប់​ថ្វាយ​បង្គំ​ព្រះ​កេម៉ូស ជា​សេចក្ដី​គួរ​ខ្ពើម​របស់​ពួក​ម៉ូអាប់ នៅ​លើ​ទី​ខ្ពស់​មួយ ដែល​ជា​ភ្នំ​នៅ​ទល់​មុខ​នឹង​ក្រុង​យេរូ‌សាឡិម និង​សម្រាប់​ព្រះ​ម៉ូឡុក ជា​សេចក្ដី​គួរ​ខ្ពើម​របស់​ពួក​កូន​ចៅ​អាំម៉ូន​ដែរ។ ទ្រង់​ធ្វើ​យ៉ាង​នោះ​សម្រាប់​គ្រប់​ទាំង​ភរិយា​របស់​ទ្រង់ ជា​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ហើយ​នាង​ទាំង​នោះ​ក៏​ដុត​កំញាន ព្រម​ទាំង​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ​របស់​គេ។ ដូច្នេះ ព្រះ‌យេហូវ៉ា​មាន​សេចក្ដី​ខ្ញាល់​ចំពោះ​ព្រះបាទ​សាឡូម៉ូន ព្រោះ​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ​បាន​បែរ​ចេញ​ពី​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ដែល​បាន​លេច​មក​ឲ្យ​ទ្រង់​ឃើញ​ពីរ​ដង​ហើយ ក៏​បាន​បង្គាប់​ដល់​ទ្រង់​ពី​ដំណើរ​នេះ​ដែរថា ទ្រង់​មិន​ត្រូវ​ប្រតិ‌បត្តិ​តាម​ព្រះ​ដទៃ​ឡើយ តែ​ទ្រង់​មិន​បាន​រក្សា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មកទេ។ ហេតុ​ដូច្នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្រះបាទ​សាឡូម៉ូន​ថា៖ «ដោយ​ព្រោះ​ឯង​បាន​ធ្វើ​យ៉ាង​នេះ ហើយ​មិន​បាន​រក្សា​សេចក្ដី​សញ្ញា​របស់​យើង និង​បញ្ញត្តិ​ដែល​យើង​បាន​បង្គាប់​ដល់​ឯង នោះ​យើង​នឹង​កន្ត្រាក់​យក​រាជ្យ​ពី​ឯង​វិញ ហើយ​ឲ្យ​ទៅ​អ្នក​បម្រើ​របស់​ឯង​វិញ។ ប៉ុន្តែ យើង​មិន​ធ្វើ​ក្នុង​គ្រា​នៃ​ជីវិត​ឯង​ទេ ដោយ​យល់​ដល់​ដាវីឌ ជា​ឪពុក​ឯង គឺ​យើង​នឹង​កន្ត្រាក់​យក​ពី​ដៃ​កូន​ឯង​វិញ។ យើង​ក៏​មិន​យក​នគរ​ទាំង​មូល​ពី​វា​ដែរ គឺ​នឹង​ឲ្យ​កុល‌សម្ពន័្ធ​មួយ​ដល់​កូន​ឯង ដោយ​យល់​ដល់​ដាវីឌ​ជា​អ្នក​បម្រើ​របស់​យើង ហើយ​យល់​ដល់​ក្រុង​យេរូ‌សាឡិម ដែល​យើង​បាន​រើស​ហើយ»។ ព្រះ‌យេហូវ៉ា​បាន​បណ្ដាល​ឲ្យ​មាន​អ្នក​ត​តាំង​នឹង​ព្រះបាទ​សាឡូម៉ូន​ម្នាក់ គឺ​ហាដាឌ​ជា​សាសន៍​អេដុម ដែល​ជា​វង្សា​របស់​ស្តេច​ស្រុក​នោះ។ ព្រោះ​កាល​ព្រះបាទ​ដាវីឌ​បាន​ទៅ​ស្រុក​អេដុម ហើយ​យ៉ូអាប់​ជា​មេ‌ទ័ព​បាន​ឡើង​ទៅ​បញ្ចុះ​សព​ពួក​អ្នក​ដែល​ស្លាប់​ក្នុង​ចម្បាំង គឺ​ក្នុង​ពេល​ក្រោយ​ដែល​បាន​សម្លាប់​ពួក​ប្រុសៗ​ទាំង​អស់​នៅ​សាសន៍​អេដុម (ដ្បិត​យ៉ូអាប់ និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ បាន​នៅ​ស្រុក​នោះ​អស់​រយៈ​ពេល​ប្រាំមួយ​ខែ ទាល់​តែ​បាន​សម្លាប់​ពួក​ប្រុសៗ​នៃ​សាសន៍​អេដុម​នោះ​អស់) គ្រា​នោះ ហាដាឌ​បាន​រត់​រួច ព្រម​ទាំង​សាសន៍​អេដុម​ខ្លះ ដែល​ជា​អ្នក​បម្រើ​របស់​ឪពុក​លោក​ដែរ ក៏​រត់​ទៅ​អាស្រ័យ​នៅ​ស្រុក​អេស៊ីព្ទ ក្នុង​កាល​ដែល​ហាដាឌ​នៅ​កុមារ​តូច​នៅ​ឡើយ។ គេ​នាំ​គ្នា​ចេញ​ពី​ស្រុក​ម៉ាឌាន​ទៅ​ដល់​ស្រុក​ប៉ារ៉ាន ក៏​នាំ​មនុស្ស​ខ្លះ​ពី​ប៉ារ៉ាន​ទៅ​ជា‌មួយ​គេ ចូល​ទៅ​ក្នុង​ស្រុក​អេស៊ីព្ទ គាល់​ផារ៉ោន​ជា​ស្តេច​ស្រុក​នោះ ហើយ​ទ្រង់​ក៏​ប្រទាន​ផ្ទះ​មួយ​ឲ្យ​លោក​នៅ និង​ស្រែ​ចម្ការ​ដែរ ព្រម​ទាំង​ផ្គត់‌ផ្គង់​ស្បៀង​អាហារ​ផង។ ឯ​ហាដាឌ បាន​ប្រកប​ដោយ​គុណ​របស់​ផារ៉ោន បាន​ជា​ទ្រង់​ប្រទាន​ប្អូន​របស់​ភរិយា​របស់​ទ្រង់ គឺ​ជា​ប្អូន​នាង​ថាផ្នេស ដែល​ជា​អគ្គម‌ហេសី ឲ្យ​ធ្វើ​ជា​ប្រពន្ធ​លោក។ ប្អូន​របស់​នាង​ថាផ្នេស​ក៏​បង្កើត​កូន​ប្រុស​មួយ​ឲ្យ​លោក ឈ្មោះ​ថា កេនូ‌បាត ហើយ​នាង​ថាផ្នេស​ក៏​ផ្តាច់​ដោះ នៅ​ក្នុង​ដំណាក់​ផារ៉ោន រួច​កេនូ‌បាត​បាន​នៅ​ក្នុង​ដំណាក់​ផារ៉ោន ជា‌មួយ​ព្រះ‌រាជ‌បុត្រ​នៃ​ស្តេច។ ក្រោយ​មក កាល​ហាដាឌ​បាន​ឮ​នៅ​ស្រុក​អេស៊ីព្ទ​ថា ដាវីឌ​បាន​ផ្ទំ​លក់​ជា‌មួយ​បុព្វ‌បុរស​របស់​ទ្រង់​ហើយ ព្រម​ទាំង​យ៉ូអាប់​ជា​មេ‌ទ័ព​ដែរ នោះ​ហាដាឌ​ទូល​ផារ៉ោន​ថា៖ «សូម​ឲ្យ​ទូល‌បង្គំ​ត្រឡប់​ទៅ​ឯ​ស្រុក​ទូល‌បង្គំ​វិញ»។ ផារ៉ោន​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «នៅ​ជា‌មួយ​យើង​នេះ តើ​ឯង​មាន​ខ្វះ‌ខាត​អ្វី បាន​ជា​ចង់​ត្រឡប់​ទៅ​ស្រុក​វិញ​ដូច្នេះ?» លោក​ទូល​ឆ្លើយ​ថា៖ «គ្មាន​ខ្វះ​អ្វី​ទេ ប៉ុន្តែ សូម​ឲ្យ​តែ​ទូល‌បង្គំ​បាន​ទៅ​ចុះ»។ ព្រះ​ក៏​បណ្ដាល​ឲ្យ​មានគូរ​វិវាទ​ម្នាក់​ទៀត​របស់​ព្រះបាទ​សាឡូម៉ូន ឈ្មោះ​រេសោន ជា​កូន​លោក​អេលីយ៉ាដា ជា​អ្នក​ដែល​បាន​រត់​ពី​ហាដា-រេស៊ើរ ជា​ស្តេច​សូបា ចៅ‌ហ្វាយ​របស់​ខ្លួន អ្នក​នោះ​ក៏​ប្រមូល​មនុស្ស​មក​តាម ហើយ​បាន​ធ្វើ​ជា​មេ‌ទ័ព​លើ​ពួក​នោះ ក្នុង​គ្រា​ដែល​ដាវីឌ​បាន​សម្លាប់​ពួក​សូបា រួច​គេ​ទៅ​អាស្រ័យ​នៅ​ក្រុង​ដាម៉ាស ហើយ​បាន​គ្រប់‌គ្រង​នៅ​ទី​នោះ។ អ្នក​នោះ​ក៏​ទាស់​ទទឹង​នឹង​សាសន៍​អ៊ីស្រា‌អែល រហូត​ដល់​អស់​ព្រះ‌ជន្ម​នៃ​ព្រះបាទ​សាឡូម៉ូន នេះ​ជា​ការ​ប្រទូស‌រ៉ាយ ក្រៅ​ពី​ការ​ដែល​ហាដាឌ​បាន​ធ្វើ។ ឯ​រេសោន​បាន​ស្អប់​ខ្ពើម​ដល់​សាសន៍​អ៊ីស្រា‌អែល ក៏​សោយ‌រាជ្យ​លើ​ស្រុក​ស៊ីរី។ យេរ៉ូ‌បោម កូន​នេបាត ជា​ពួក​អេប្រាអិម ពី​ស្រុក​សេរេ‌ដា ជា​អ្នក​បម្រើ​ព្រះបាទ​សាឡូម៉ូន ដែល​ម្តាយ​ជា​ស្ត្រី​មេម៉ាយ​ឈ្មោះ​សេរូ‌អា ក៏​បាន​លើក​ដៃ​ទាស់​នឹង​ស្តេច​ដែរ ហើយ​ហេតុ​ដែល​លើក​ដៃ​ទាស់​នឹង​ស្តេច​នោះ គឺ​ព្រោះ​ព្រះបាទ​សាឡូម៉ូន​បាន​សង់​ប៉ម​មីឡូរ ព្រម​ទាំង​ជួស‌ជុល​ទី​បាក់​បែក​នៃ​កំផែង​ទី​ក្រុង​របស់​ដាវីឌ ជា​បិតា​របស់​ទ្រង់។ យេរ៉ូ‌បោម​ជា​អ្នក​ក្លាហាន​ស្ទាត់​ជំនាញ ព្រះបាទ​សាឡូម៉ូន​បាន​ឃើញ​ថា អ្នក​កំលោះ​នេះ​មាន​ចិត្ត​ឧស្សាហ៍​ធ្វើ​ការ បាន​ជា​ទ្រង់​តាំង​ឲ្យ​ត្រួត​លើការ​ទាំង​អស់​របស់​ពូជ‌ពង្ស​យ៉ូសែប។ នៅ​គ្រា​នោះ មាន​មួយ​ថ្ងៃ យេរ៉ូ‌បោម​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ទៅ ហើយ​ហោរា​អ័ហ៊ី‌យ៉ា​ជា​ពួក​ក្រុង​ស៊ីឡូរ ក៏​ប្រទះ​នឹង​លោក​នៅ​កណ្ដាល​ផ្លូវ មាន​តែ​គ្នា​ពីរ​នាក់​នៅ​កណ្ដាល​វាល​នោះ ឯ​អ័ហ៊ី‌យ៉ា លោក​បាន​ពាក់​អាវ​ថ្មី ក៏​ចាប់​អាវ​ថ្មី​នោះ ហែក​ជា​ដប់ពីរ​ផ្នែក​ទៅ រួច​ប្រាប់​ដល់​យេរ៉ូ‌បោម​ថា៖ «ចូរ​អ្នក​យក​ដប់​ផ្នែក​ទៅ ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា "មើល៍ យើង​នឹង​កន្ត្រាក់​យក​រាជ្យ​ពី​ដៃ​សាឡូម៉ូន និង​ឲ្យ​កុល‌សម្ពន័្ធ​ដប់​ដល់​អ្នក​វិញ។ មាន​កុល‌សម្ពន័្ធ​មួយ​ទុក​ឲ្យ​សាឡូម៉ូន ដោយ​យើង​យល់​ដល់​ដាវីឌ ជា​អ្នក​បម្រើ​របស់​យើង និង​យល់​ដល់​ក្រុង​យេរូ‌សាឡិម ដែល​យើង​បាន​រើស​ចេញ​ពី​អស់​ទាំង​កុល‌សម្ពន័្ធ​សាសន៍​អ៊ីស្រា‌អែល។ ព្រោះ​គេ​បាន​បោះ‌បង់​ចោល​យើង ហើយ​បាន​ក្រាប​ថ្វាយ​បង្គំ​ដល់​ព្រះ​អាសថា‌រ៉ូត ជា​ព្រះ​នៃ​សាសន៍​ស៊ីដូន និង​កេម៉ូស ជា​ព្រះ​នៃ​សាសន៍​ម៉ូអាប់ និង​មីលកូម ជា​ព្រះ​នៃ​ពួក​កូន​ចៅ​អាំម៉ូន។ គេ​មិន​បាន​ដើរ​តាម​ផ្លូវ​របស់​យើង ដើម្បី​ប្រព្រឹត្ត​សេចក្ដី​ដែល​ទៀង​ត្រង់​នៅ​ភ្នែក​យើង ហើយ​កាន់​តាម​បញ្ញត្តិ និង​សេចក្ដី​យុត្តិ‌ធម៌​របស់​យើង ដូច​ជា​ដាវីឌ ជា​បិតា​ទេ។ ប៉ុន្តែ យើង​មិន​យក​រាជ្យ​ទាំង​មូល​ពី​ដៃ​ទ្រង់​ទេ គឺ​នឹង​ឲ្យ​ទ្រង់​ធ្វើ​ជា​ស្តេច រហូត​ដល់​អស់​ព្រះ‌ជន្ម ដោយ​ព្រោះ​យល់​ដល់​ដាវីឌ ជា​អ្នក​បម្រើ​យើង​ដែល​យើង​បាន​រើស ជា​អ្នក​ដែល​បាន​កាន់​តាម​បញ្ញត្តិ និង​ក្រឹត្យ‌ក្រម​ទាំង​ប៉ុន្មាន​របស់យើង យើង​នឹង​យក​រាជ្យ​ពី​ដៃ​របស់​បុត្រទ្រង់​វិញ ហើយ​នឹង​ឲ្យ​កុល‌សម្ពន័្ធ​ដប់​មក​ឯង។ ឯ​បុត្រ​របស់​ទ្រង់ យើង​នឹង​ឲ្យ​កុល‌សម្ពន័្ធ​មួយ ដើម្បី​ឲ្យ​ដាវីឌ​ជា​អ្នក​បម្រើ​យើង បាន​ចង្កៀង​មួយ​ភ្លឺ​ជា​ដរាប នៅ​ចំពោះ​យើង ក្នុង​ក្រុង​យេរូ‌សាឡិម ជា​ទី​ក្រុង​ដែល​យើង​បាន​រើស​សម្រាប់​តាំង​ឈ្មោះ​យើង យើង​នឹង​យក​ឯង​តាំង​ឡើង ហើយ​ឯង​នឹង​គ្រប់‌គ្រង​តាម​បំណង​ចិត្ត ព្រម​ទាំង​សោយ‌រាជ្យ​លើ​ពួក​អ៊ីស្រា‌អែល ដូច្នេះ បើ​ឯង​នឹង​ស្តាប់​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​យើង​បង្គាប់ ហើយ​ដើរ​តាម​អស់​ទាំង​ផ្លូវ​របស់​យើង ព្រម​ទាំង​ប្រព្រឹត្ត​សេចក្ដី​ដែល​ត្រឹម‌ត្រូវ​នៅ​ភ្នែក​យើង ដោយ​កាន់​តាម​បញ្ញត្តិ និង​ក្រឹត្យ‌ក្រម​របស់​យើង ដូច​ជា​ដាវីឌ ជា​អ្នក​បម្រើ​យើង​ដែរ នោះ​យើង​នឹង​នៅ​ជា‌មួយ​ឯង ហើយ​នឹង​តាំង​ជំនួរ​វង្ស​ឯង​ឡើង​ឲ្យ​ខ្ជាប់‌ខ្ជួន ដូច​ជា​យើង​បាន​តាំង​ឲ្យ​ដាវីឌ​ដែរ យើង​នឹង​ប្រគល់​ពួក​អ៊ីស្រា‌អែល​ឲ្យ​ដល់​ឯង យើង​នឹង​ផ្ចាញ់‌ផ្ចាល​វង្សា​ដាវីឌ​ដោយ‌សារ​ការ​នោះ តែ​មិន​មែន​ជា​ដរាប​ទេ"»។ ដូច្នេះ ព្រះបាទ​សាឡូម៉ូន​រក​សម្លាប់​យេរ៉ូ‌បោម តែ​យេរ៉ូ‌បោម​រត់​ទៅ​ឯ​ស៊ីសាក ជា​ស្តេច​ស្រុក​អេស៊ីព្ទ ក៏​នៅ​ស្រុក​នោះ​ដរាប​ដល់​ព្រះបាទ​សាឡូម៉ូន​អស់​ព្រះ‌ជន្ម​ទៅ។

១ ពង្សាវតារក្សត្រ 11:1-40 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌បាទ​សាឡូម៉ូន​ស្រឡាញ់​ស្ត្រី​សាសន៍​ដទៃ​ជា​ច្រើន​រូប។ ក្រៅ​ពី​បុត្រី​របស់​ព្រះ‌ចៅ​ផារ៉ោន ស្ដេច​មាន​មហេសី​សាសន៍​ម៉ូអាប់ សាសន៍​អាំម៉ូន សាសន៍​អេដុម សាសន៍​ស៊ីដូន និង​សាសន៍​ហេត។ មហេសី​ទាំង​នោះ​មាន​ដើម​កំណើត​ពី​ប្រជា‌ជាតិ ដែល​ព្រះ‌អម្ចាស់​បាន​ហាម​ដល់​កូន​ចៅ​អ៊ីស្រា‌អែល​ថា «អ្នក​រាល់​គ្នា​មិន​ត្រូវ​រៀបការ​ជា​មួយ​ស្ត្រី​សាសន៍​ទាំង​នោះ​ឡើយ ដ្បិត​គេ​នឹង​បង្វែរ​ចិត្ត​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​គោរព​ព្រះ​របស់​គេ​ជា​មិន​ខាន»។ ព្រះ‌បាទ​សាឡូម៉ូន​ចង​ស្ពាន‌មេត្រី​ជា​មួយ​ជាតិ​សាសន៍​ទាំង​នោះ ដោយ‌សារ​តែ​សេចក្ដី​ស្នេហា។ ព្រះ‌បាទ​សាឡូម៉ូន​មាន​មហេសី​ដែល​ជា​បុត្រី​របស់​ស្ដេច​សាសន៍​ដទៃ ចំនួន​ប្រាំ‌ពីរ​រយ​អង្គ និង​ស្រី​ស្នំ​ចំនួន​បី​រយ​នាក់។ ពួក​មហេសី និង​ស្រី​ស្នំ​របស់​ស្ដេច បាន​អូស​ទាញ​ព្រះ‌ហឫទ័យ​ស្ដេច​ចេញ​ពី​ព្រះ‌ជាម្ចាស់។ ពេល​ព្រះ‌បាទ​សាឡូម៉ូន​មាន​ព្រះ‌ជន្ម​កាន់​តែ​ចាស់​ជរា​ណាស់​ហើយ មហេសី និង​ស្រី​ស្នំ​បាន​អូស​ទាញ​ព្រះ‌ហឫទ័យ​ស្ដេច​ឲ្យ​ទៅ​គោរព​ព្រះ​ដទៃ។ ព្រះ‌បាទ​សាឡូម៉ូន​លែង​ស្រឡាញ់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្លួន ដូច​ព្រះ‌បាទ​ដាវីឌ​ជា​បិតា​ទៀត​ហើយ។ ព្រះ‌បាទ​សាឡូម៉ូន​ថ្វាយ‌បង្គំ​ព្រះ​អាសថា‌រ៉ូត ជា​ព្រះ​របស់​ជន‌ជាតិ​ស៊ីដូន និង​ព្រះ​មីលកូម ជា​ព្រះ​គួរ​ស្អប់​ខ្ពើម​របស់​ជន‌ជាតិ​អាំម៉ូន។ ព្រះ‌បាទ​សាឡូម៉ូន​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​ដែល​មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ហើយ​មិន​ដើរ​តាម​មាគ៌ា​របស់​ព្រះ‌អម្ចាស់​ទាំង​ស្រុង ដូច​ព្រះ‌បាទ​ដាវីឌ ជា​បិតា​ឡើយ។ នៅ​គ្រា​នោះ ព្រះ‌បាទ​សាឡូម៉ូន​បាន​សង់​កន្លែង​សក្ការៈ​មួយ​នៅ​លើ​ភ្នំ ដែល​នៅ​ទល់​មុខ​ក្រុង​យេរូ‌សាឡឹម ថ្វាយ​ព្រះ​កេម៉ូស ជា​ព្រះ​គួរ​ស្អប់​ខ្ពើម​របស់​ជន‌ជាតិ​ម៉ូអាប់ និង​ព្រះ​ម៉ូឡុក ជា​ព្រះ​គួរ​ស្អប់​ខ្ពើម​របស់​ជន‌ជាតិ​អាំម៉ូន។ ព្រះ‌រាជា​បាន​សង់​ទីសក្ការៈ​ជា​ច្រើន​ទៀត សម្រាប់​មហេសី​ទាំង​អស់​ដែល​ជា​សាសន៍​ដទៃ ដើម្បី​ឲ្យ​ពួក​នាង​ថ្វាយ​គ្រឿង​ក្រអូប និង​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ​របស់​ខ្លួន។ ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​នឹង​ព្រះ‌បាទ​សាឡូម៉ូន ដ្បិត​ស្ដេច​បែក​ចិត្ត​ចេញ​ពី​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​បាន​យាង​មក​ជួប​ស្ដេច​ដល់​ទៅ​ពីរ​ដង ហើយ​ហាម​ផ្ដាច់​មិន​ឲ្យ​ស្ដេច​គោរព​ព្រះ​ដទៃ។ ប៉ុន្តែ ព្រះ‌បាទ​សាឡូម៉ូន​មិន​ប្រតិបត្តិ​តាម​បញ្ជា​របស់​ព្រះ‌អម្ចាស់​ឡើយ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្រះ‌បាទ​សាឡូម៉ូន​ថា៖ «ដោយ​អ្នក​ប្រព្រឹត្ត​ដូច្នេះ គឺ​អ្នក​មិន​បាន​គោរព​សម្ពន្ធ‌មេត្រី​របស់​យើង ហើយ​ក៏​មិន​បាន​កាន់​តាម​ច្បាប់​ដែល​យើង​បង្គាប់​ដល់​អ្នក​ដែរ យើង​នឹង​ដក​យក​រាជ​សម្បត្តិ​ពី​អ្នក ប្រគល់​ទៅ​ឲ្យ​អ្នក​បម្រើ​របស់​អ្នក​វិញ។ ប៉ុន្តែ ដោយ​យល់​ដល់​ដាវីឌ ជា​បិតា​របស់​អ្នក យើង​នឹង​មិន​ដក​រាជ​សម្បត្តិ​ចេញ​ពី​អ្នក ក្នុង​ពេល​ដែល​អ្នក​នៅ​មាន​ជីវិត​ទេ។ យើង​នឹង​ដក​រាជ​សម្បត្តិ​ពី​កូន​របស់​អ្នក។ យើង​នឹង​មិន​ដក​ហូត​យក​រាជា​ណាចក្រ​ទាំង​មូល​ទេ គឺ​យើង​នឹង​ទុក​កុល‌សម្ព័ន្ធ​មួយ​ឲ្យ​កូន​របស់​អ្នក​គ្រប់‌គ្រង ដោយ​យល់​ដល់​ដាវីឌ ជា​បិតា​របស់​អ្នក និង​យល់​ដល់​យេរូ‌សាឡឹម ជា​ក្រុង​ដែល​យើង​បាន​ជ្រើស‌រើស»។ ព្រះ‌អម្ចាស់​បាន​បណ្ដាល​ឲ្យ​លោក​ហាដាឌ ជា​រាជ‌វង្ស​របស់​ស្ដេច​ស្រុក​អេដុម ក្លាយ​ទៅ​ជា​គូ‌វិវាទ​របស់​ព្រះ‌បាទ​សាឡូម៉ូន។ នៅ​គ្រា​ដែល​ព្រះ‌បាទ​ដាវីឌ​វាយ​លុក​ស្រុក​អេដុម លោក​យ៉ូអាប់ ជា​មេ‌ទ័ព បាន​ទៅ​ប្រមូល​សាក‌សព​ទាហាន​អ៊ីស្រា‌អែល​ដែល​ស្លាប់​ក្នុង​ចម្បាំង យក​ទៅ​បញ្ចុះ ហើយ​លោក​សម្លាប់​ប្រុសៗ​ទាំង​អស់​នៅ​ស្រុក​អេដុម។ លោក​យ៉ូអាប់ និង​កង‌ទ័ព​អ៊ីស្រា‌អែល​ទាំង​មូល បាន​បោះ​ទ័ព​នៅ​ស្រុក​អេដុម អស់​រយៈ​ពេល​ប្រាំ​មួយ​ខែ រហូត​ទាល់​តែ​ពួក​លោក​សម្លាប់​ប្រុសៗ​ទាំង​អស់​នៅ​ស្រុក​អេដុម។ គ្រា​នោះ លោក​ហាដាឌ​នៅ​ជា​កុមារ​នៅ​ឡើយ លោក​បាន​រត់​គេច​ខ្លួន​ទៅ​ស្រុក​អេស៊ីប​ជា​មួយ​ជន‌ជាតិ​អេដុម​ខ្លះ ដែល​ជា​អ្នក​បម្រើ​របស់​ឪពុក​លោក។ ពួក​គេ​ចាក​ចេញ​ពី​ស្រុក​ម៉ាឌាន​ទៅ​ដល់​ស្រុក​ប៉ារ៉ាន។ ពួក​គេ​នាំ​អ្នក​ស្រុក​ប៉ារ៉ាន​ខ្លះ​ទៅ​ជា​មួយ ហើយ​សុំ​ជ្រក​កោន​នឹង​ព្រះ‌ចៅ​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប។ ព្រះ‌ចៅ​ផារ៉ោន​ប្រទាន​ផ្ទះ​សំបែង និង​ផ្គត់‌ផ្គង់​ស្បៀង​អាហារ​ដល់​លោក ព្រម​ទាំង​ប្រទាន​ដី‌ធ្លី​ឲ្យ​លោក​ទៀត​ផង។ លោក​ហាដាឌ​បាន​ទទួល​ការ​ប្រោស‌ប្រណី​ពី​ព្រះ‌ចៅ​ផារ៉ោន។ ស្ដេច​បាន​លើក​ប្អូន​ថ្លៃ គឺ​ប្អូន​ស្រី​របស់​ព្រះ‌មហា‌ក្សត្រិ‌យានី​ថាផ្នេស ឲ្យ​ធ្វើ​ជា​ភរិយា​របស់​លោក​ផង។ ប្អូន​ស្រី​របស់​ព្រះ‌មហា‌ក្សត្រិ‌យានី​ថាផ្នេស​បង្កើត​កូន​ប្រុស​មួយ​រូប​ឈ្មោះ​កេនូ‌បាត ជូន​លោក​ហាដាឌ។ ព្រះ‌មហា‌ក្សត្រិ‌យានី​ថាផ្នេស​យក​កូន​នោះ​ទៅ​ចិញ្ចឹម​នៅ​ក្នុង​វាំង​របស់​ព្រះចៅ​ផារ៉ោន។ ដូច្នេះ កេនូ‌បាត​បាន​រស់​នៅ​ក្នុង​វាំង​ជា​មួយ​បុត្រ​របស់​ព្រះចៅ​ផារ៉ោន។ នៅ​ស្រុក​អេស៊ីប លោក​ហាដាឌ​ទទួល​ដំណឹង​ថា ព្រះ‌បាទ​ដាវីឌ​សោយ‌ទិវង្គត ហើយ​លោក​មេ‌ទ័ព​យ៉ូអាប់​ក៏​ទទួល​មរណ‌ភាព​ដែរ។ លោក​ហាដាឌ​ទូល​ព្រះចៅ​ផារ៉ោន​ថា៖ «សូម​ព្រះ‌ករុណា​រាជា‌នុញ្ញាត​ឲ្យ​ទូលបង្គំ​ត្រឡប់​ទៅ​ស្រុក​របស់​ទូលបង្គំ​វិញ​ផង»។ ព្រះចៅ​ផារ៉ោន​មាន​រាជ‌ឱង្ការ​ថា៖ «នៅ​ជា​មួយ​យើង​នេះ តើ​អ្នក​ខ្វះ​អ្វី​ទៀត បាន​ជា​ចង់​ត្រឡប់​ទៅ​ស្រុក​វិញ?»។ លោក​ទូល​ថា៖ «ទូលបង្គំ​គ្មាន​ខ្វះ​អ្វី​ទេ ប៉ុន្តែ សូម​ព្រះ‌ករុណា​មេត្តា​រាជា‌នុញ្ញាត​ឲ្យ​ទូលបង្គំ​ចាក​ចេញ​ទៅ​ផង!»។ ព្រះ‌ជាម្ចាស់​បាន​បណ្ដាល​ឲ្យ​លោក​រេសោន ជា​កូន​របស់​លោក​អេលីយ៉ាដា ក្លាយ​ទៅ​ជា​គូ‌វិវាទ​ម្នាក់​ទៀត​របស់​ព្រះ‌បាទ​សាឡូម៉ូន។ គាត់​រត់​គេច​ពី​ម្ចាស់​របស់​ខ្លួន គឺ​ព្រះ‌បាទ​ហាដា-‌រេស៊ើរ ជា​ស្ដេច​ស្រុក​សូបា។ គាត់​បាន​ប្រមែ‌ប្រមូល​មនុស្ស​ឲ្យ​មក​តាម​គាត់ ហើយ​តាំង​ខ្លួន​ធ្វើ​ជា​មេ​គេ។ នៅ​គ្រា​ដែល​ព្រះ‌បាទ​ដាវីឌ​សម្លាប់​អ្នក​ស្រុក​សូបា ពួក​គាត់​ចូល​ទៅ​នៅ​ក្រុង​ដាម៉ាស រួច​គ្រប់‌គ្រង​ក្រុង​នោះ។ លោក​រេសោន​ក្លាយ​ទៅ​ជា​គូ‌វិវាទ​របស់​អ៊ីស្រា‌អែល អស់​មួយ​រជ្ជកាល​របស់​ព្រះ‌បាទ​សាឡូម៉ូន ដូច​លោក​ហាដាឌ ដែល​បាន​ធ្វើ​ទុក្ខ​បុក‌ម្នេញ​អ៊ីស្រា‌អែល​ដែរ។ ព្រះ‌បាទ​រេសោន​បាន​ឡើង​សោយ‌រាជ្យ​លើ​ស្រុក​ស៊ីរី ហើយ​តែងតែ​ស្អប់​ជន‌ជាតិ​អ៊ីស្រា‌អែល។ លោក​យេរ៉ូ‌បោម​ជា​កូន​របស់​លោក​នេបាត ក្នុង​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម នៅ​ស្រុក​សេរេ‌ដា ម្ដាយ​របស់​លោក​ឈ្មោះ​សេរូ‌អា ជា​ស្ត្រី​មេម៉ាយ។ លោក​យេរ៉ូ‌បោម​ជា​រាជ​បម្រើ​របស់​ព្រះ‌បាទ​សាឡូម៉ូន តែ​លោក​បាន​បះ‌បោរ​ប្រឆាំង​នឹង​ស្ដេច។ មូល‌ហេតុ​ដែល​បណ្ដាល​ឲ្យ​លោក​យេរ៉ូ‌បោម​បះ‌បោរ​ប្រឆាំង​នឹង​ស្ដេច​មាន​ដូច​ត​ទៅ: នៅ​ពេល​ព្រះ‌បាទ​សាឡូម៉ូន​សង់​ព្រលាន​នៅ​មីឡូ និង​ជួស‌ជុល​កំពែង​បាក់​បែក​នៅ​បុរី​ព្រះ‌បាទ​ដាវីឌ ជា​បិតា ទ្រង់​សង្កេត​ឃើញ​លោក​យេរ៉ូ‌បោម​ជា​មនុស្ស​ក្លាហាន​អង់‌អាច។ ដូច្នេះ ស្ដេច​ក៏​ចាត់​លោក​ឲ្យ​មើល​ខុស​ត្រូវ​លើ​កំណែន​របស់​កូន​ចៅ​លោក​យ៉ូសែប។ ថ្ងៃ​មួយ លោក​យេរ៉ូ‌បោម​បាន​ចាក‌ចេញ​ពី​ក្រុង​យេរូ‌សាឡឹម។ នៅ​តាម​ផ្លូវ ព្យាការី​អហ៊ី‌យ៉ា ជា​អ្នក​ភូមិ​ស៊ីឡូ បាន​មក​ជួប​លោក ទាំង​ពាក់​អាវ​ធំ​មួយ​ថ្មី​ផង។ លោក​ទាំង​ពីរ​ស្ថិត​នៅ​ទី​វាល ដាច់​ឆ្ងាយ​ពី​គេ។ លោក​អហ៊ី‌យ៉ា​ដោះ​អាវ​ធំ​ថ្មី​នោះ​មក​ហែក​ជា​ដប់‌ពីរ​ចំរៀក។ បន្ទាប់​មក លោក​មាន​ប្រសាសន៍​ទៅ​កាន់​លោក​យេរ៉ូ‌បោម​ថា៖ «សូម​យក​ដប់​ចំរៀក​នេះ​ទៅ ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា “យើង​នឹង​ដក​ហូត​អាណា‌ចក្រ​ពី​សាឡូម៉ូន​ប្រគល់​ឲ្យ​អ្នក យើង​នឹង​ឲ្យ​អ្នក​គ្រប់‌គ្រង​លើ​កុល‌សម្ព័ន្ធ​ដប់។ យើង​ទុក​កុល‌សម្ព័ន្ធ​តែ​មួយ​ឲ្យ​សាឡូម៉ូន ដោយ​យល់​ដល់​ដាវីឌ ជា​អ្នក​បម្រើ​របស់​យើង និង​ដល់​ក្រុង​យេរូ‌សាឡឹម ដែល​យើង​បាន​ជ្រើស‌រើស​ពី​ក្នុង​ចំណោម​ទឹក​ដី​នៃ​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល។ យើង​ធ្វើ​ដូច្នេះ ព្រោះ​ជន‌ជាតិ​អ៊ីស្រា‌អែល​បោះ‌បង់​ចោល​យើង ទៅ​ថ្វាយ‌បង្គំ​អាសថា‌រ៉ូត​ជា​ព្រះ​នៃ​ជន‌ជាតិ​ស៊ីដូន កេម៉ូស​ជា​ព្រះ​នៃ​ជន‌ជាតិ​ម៉ូអាប់ និង​មីលកូម​ជា​ព្រះ​របស់​ជន‌ជាតិ​អាំម៉ូន។ ពួក​គេ​ពុំ​បាន​ដើរ​តាម​មាគ៌ា​របស់​យើង ហើយ​ក៏​មិន​ប្រព្រឹត្ត​អំពើ​សុចរិត​នៅ​ចំពោះ​មុខ​យើង មិន​កាន់​តាម​ច្បាប់ និង​វិន័យ​របស់​យើង ដូច​ដាវីឌ​ជា​បិតា​របស់​សាឡូម៉ូន​ឡើយ។ យើង​មិន​ដក​យក​អាណា‌ចក្រ​ទាំង​មូល​ចេញ​ពី​សាឡូម៉ូន​ទេ យើង​ឲ្យ​គេ​កាន់​អំណាច​អស់​មួយ​ជីវិត ដោយ​យល់​ដល់​ដាវីឌ ជា​អ្នក​បម្រើ​ដែល​យើង​បាន​ជ្រើស​រើស ព្រោះ​ដាវីឌ​បាន​កាន់​តាម​បទ‌បញ្ជា និង​ច្បាប់​របស់​យើង។ យើង​នឹង​ដក​អាណា‌ចក្រ​ពី​កូន​របស់​សាឡូម៉ូន ហើយ​ប្រគល់​ឲ្យ​អ្នក​គ្រប់‌គ្រង​លើ​កុល‌សម្ព័ន្ធ​ដប់។ រីឯ​កូន​របស់​សាឡូម៉ូន​វិញ យើង​ទុក​កុល‌សម្ព័ន្ធ​មួយ​ឲ្យ​គេ​គ្រប់‌គ្រង ដើម្បី​ឲ្យ​ដាវីឌ ជា​អ្នក​បម្រើ​របស់​យើង មាន​ពូជ‌ពង្ស​សោយ​រាជ្យ​ជា​ដរាប នៅ​ចំពោះ​មុខ​យើង​ក្នុង​ក្រុង​យេរូ‌សាឡឹម ដែល​យើង​បាន​ជ្រើស​រើស​សម្រាប់​នាម​យើង។ រីឯ​អ្នក​វិញ យើង​នឹង​តែង‌តាំង​អ្នក​ឲ្យ​ធ្វើ​ជា​ស្ដេច​លើ​ស្រុក​អ៊ីស្រា‌អែល អ្នក​នឹង​គ្រប់‌គ្រង​លើ​ទឹក​ដី​នេះ​តាម​បំណង​ប្រាថ្នា​របស់​អ្នក។ ប្រសិន​បើ​អ្នក​ស្ដាប់​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​យើង​បង្គាប់​អ្នក ប្រសិន​បើ​អ្នក​ដើរ​តាម​មាគ៌ា​របស់​យើង ហើយ​ប្រព្រឹត្ត​អំពើ​សុចរិត​នៅ​ចំពោះ​មុខ​យើង ដោយ​កាន់​តាម​ច្បាប់ និង​បទ‌បញ្ជា​របស់​យើង ដូច​ដាវីឌ​ជា​អ្នក​បម្រើ​របស់​យើង​ប្រព្រឹត្ត​នោះ យើង​នឹង​នៅ​ជា​មួយ​អ្នក។ យើង​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​ពូជ‌ពង្ស​គ្រង​រាជ្យ​ជា​ដរាប ដូច​យើង​បាន​ធ្វើ​ចំពោះ​ដាវីឌ​ដែរ ហើយ​យើង​នឹង​ប្រគល់​ជន‌ជាតិ​អ៊ីស្រា‌អែល​ដល់​អ្នក។ យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​ដាវីឌ​ត្រូវ​អាម៉ាស់ តែ​មិន​មែន​រហូត​ទេ”»។ ព្រះ‌បាទ​សាឡូម៉ូន​រក​សម្លាប់​លោក​យេរ៉ូ‌បោម លោក​ក៏​រត់​ភៀស​ខ្លួន​ទៅ​ជ្រក​កោន​ជា​មួយ​ព្រះ‌ចៅ​ស៊ីសាក់ ជា​ស្ដេច​ស្រុក​អេស៊ីប រហូត​ដល់​ព្រះ‌បាទ​សាឡូម៉ូន​សោយ​ទិវង្គត។

១ ពង្សាវតារក្សត្រ 11:1-40 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​ស្តេច​សាឡូម៉ូន ទ្រង់​បាន​ស្រឡាញ់​ពួក​ស្រីៗ​សាសន៍​ដទៃ​ជា​ច្រើន ក្រៅ​ពី​ព្រះ‌រាជ‌បុត្រី​ផារ៉ោន​នោះ គឺ​ជា​ស្ត្រី​សាសន៍​ម៉ូអាប់ សាសន៍​អាំម៉ូន សាសន៍​អេដំម សាសន៍​ស៊ីដូន នឹង​សាសន៍​ហេត ជា​ស្ត្រី​នៃ​សាសន៍​ផ្សេងៗ ដែល​ព្រះ‌យេហូវ៉ា​បាន​ហាម​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា មិន​ត្រូវ​ឲ្យឯង​រាល់​គ្នា​ចូល​ទៅ​ឯ​គេ ឬ​ឲ្យ​គេ​ចូល​មក​ឯឯង​រាល់​គ្នា​ឡើយ ដ្បិត​គេ​នឹង​បង្វែរ​ចិត្ត​ឯង​រាល់​គ្នា​ឲ្យ​ទៅ​តាម​ព្រះ​គេ​ជា​មិន​ខាន តែ​សាឡូម៉ូន​បាន​ចង​ពន្ធ​នឹង​គេ ដោយ​សេចក្ដី​ស្រឡាញ់​វិញ ទ្រង់​មាន​ភរិយា​អស់​៧០០ សុទ្ធ​តែ​ជា​កូន​ស្តេច​ទាំង​អស់ ហើយ​មាន​ស្រី​អ្នក‌ម្នាង​៣០០ ឯ​ភរិយា​ទាំង​នោះ ក៏​នាំ​បង្វែរ​ព្រះ‌ទ័យ​ទ្រង់​ចេញ ដ្បិត​កាល​ណា​សាឡូម៉ូន​ទ្រង់​ចាស់​ហើយ នោះ​ភរិយា​ទ្រង់​បាន​បង្វែរ​ព្រះ‌ទ័យ​ទ្រង់​ឲ្យ​ទៅ​តាម​ព្រះ​ដទៃ​វិញ ហើយ​ព្រះ‌ទ័យ​ទ្រង់​មិន​បាន​ស្មោះ‌ត្រង់ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់ ដូច​ជា​ព្រះ‌ទ័យ​របស់​ដាវីឌ ជា​បិតា​ទ្រង់​ទេ ពី​ព្រោះ​សាឡូម៉ូន​ទ្រង់​ប្រតិ‌បត្តិ​តាម​ព្រះ​អាស‌ថារ៉ូត ជា​ព្រះ​នៃ​ពួក​ស៊ីដូន ហើយ​តាម​ព្រះ​មីលកូម ជា​សេចក្ដី​គួរ​ខ្ពើម​របស់​ពួក​អាំម៉ូន​ដែរ សាឡូម៉ូន​ក៏​ប្រព្រឹត្ត​ការ​ដែល​អាក្រក់​នៅ​ព្រះ‌នេត្រ​នៃ​ព្រះ‌យេហូវ៉ា ហើយ​មិន​បាន​តាម​ព្រះ‌យេហូវ៉ា​ដោយ​ពេញ​ខ្នាត ដូច​ជា​ដាវីឌ ជា​ព្រះ‌បិតា​ទ្រង់​ទេ នៅ​គ្រា​នោះសាឡូម៉ូន​ទ្រង់​ក៏​ធ្វើ​កន្លែង សំរាប់​ថ្វាយ‌បង្គំ​ដល់​ព្រះ​កេម៉ូស ជា​សេចក្ដី​គួរ​ខ្ពើម​របស់​ពួក​ម៉ូអាប់ នៅ​លើ​ទី​ខ្ពស់​១ ដែល​ជា​ភ្នំ​នៅ​ទល់​មុខ​នឹង​ក្រុង​យេរូ‌សាឡិម នឹង​សំរាប់​ព្រះ​ម៉ូឡុក ជា​សេចក្ដី​គួរ​ខ្ពើម​របស់​ពួក​កូន​ចៅ​អាំម៉ូន​ដែរ ទ្រង់​ក៏​ធ្វើ​យ៉ាង​នោះ​សំរាប់​ដល់​គ្រប់​ទាំង​ភរិយា​របស់​ទ្រង់ ជា​សាសន៍​ដទៃ​ទាំង​នោះ ហើយ​នាង​ទាំង​នោះ​ក៏​ដុត​កំញាន ព្រម​ទាំង​ថ្វាយ​យញ្ញ‌បូជា ដល់​ព្រះ​របស់​គេ។ ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​កើត​មាន​សេចក្ដី​ខ្ញាល់​ចំពោះ​សាឡូម៉ូន ដោយ​ព្រោះ​ព្រះ‌ទ័យ​ទ្រង់​បាន​បែរ​ចេញ​ពី​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ដែល​បាន​លេច​មក​ឲ្យ​ទ្រង់​ឃើញ​២​ដង​ហើយ ក៏​បាន​បង្គាប់​ដល់​ទ្រង់​ពី​ដំណើរ​នេះ​ដែរ ថា មិន​ត្រូវ​ឲ្យ​ទ្រង់​ប្រតិ‌បត្តិ​តាម​ព្រះ​ដទៃ​ឡើយ តែ​ទ្រង់​មិន​បាន​រក្សា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​នោះ​ទេ ហេតុ​ដូច្នោះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​សាឡូម៉ូន​ថា ដោយ​ព្រោះ​ឯង​បាន​ធ្វើ​យ៉ាង​នេះ ហើយ​មិន​បាន​រក្សា​សេចក្ដី​សញ្ញា​របស់​អញ នឹង​បញ្ញត្ត​ដែល​អញ​បាន​បង្គាប់​ដល់​ឯង នោះ​បាន​ជា​អញ​នឹង​កន្ត្រាក់​យក​រាជ្យ​ពី​ឯង​វិញ​ជា​ពិត ហើយ​ឲ្យ​ទៅ​អ្នក​បំរើ​របស់​ឯង​វិញ ប៉ុន្តែ អញ​មិន​ធ្វើ​ក្នុង​គ្រា​នៃ​ជីវិត​ឯង​ទេ ដោយ​យល់​ដល់​ដាវីឌ ជា​ឪពុក​ឯង គឺ​អញ​នឹង​កន្ត្រាក់​យក​ពី​ដៃ​កូន​ឯង​វិញ អញ​ក៏​មិន​យក​នគរ​ទាំង​មូល​ពី​វា​ដែរ គឺ​នឹង​ឲ្យ​ពូជ​អំបូរ​១​ដល់​កូន​ឯង ដោយ​យល់​ដល់​ដាវីឌ ជា​អ្នក​បំរើ​អញ ហើយ​យល់​ដល់​ក្រុង​យេរូ‌សាឡិម ដែល​អញ​បាន​រើស​ហើយ​ផង។ ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​បណ្តាល ឲ្យ​មាន​អ្នក​ត​តាំង​នឹង​សាឡូម៉ូន​ម្នាក់ គឺ​ហាដាឌ់ ជា​សាសន៍​អេដំម​ដែល​ជា​វង្សា​នៃ​ស្តេច​ស្រុក​នោះ ពី​ព្រោះ​កាល​ដាវីឌ​បាន​ទៅ​ស្រុក​អេដំម ហើយ​យ៉ូអាប់ ជា​មេ‌ទ័ព​បាន​ឡើង​ទៅ​កប់​ខ្មោច​នៃ​ពួក​អ្នក​ដែល​ស្លាប់​ក្នុង​ចំបាំង គឺ​ក្នុង​ពេល​ក្រោយ​ដែល​បាន​សំឡាប់​ពួក​ប្រុសៗ​ទាំង​អស់​នៅ​សាសន៍​អេដំម (ដ្បិត​យ៉ូអាប់ នឹង​ពួក​អ៊ីស្រាអែល​ទាំង​អស់ បាន​នៅ​ស្រុក​នោះ​អស់​៦​ខែ ទាល់​តែ​បាន​សំឡាប់​ពួក​ប្រុសៗ​នៃ​សាសន៍​អេដំម​នោះ​អស់​រលីង​ទៅ) គ្រា​នោះ ហាដាឌ់​បាន​រត់​រួច ព្រម​ទាំង​សាសន៍​អេដំម​ខ្លះ ដែល​ជា​អ្នក​បំរើ​របស់​ឪពុក​លោក​ដែរ ក៏​រត់​ទៅ​អាស្រ័យ​នៅ​ស្រុក​អេស៊ីព្ទ ក្នុង​កាល​ដែល​ហាដាឌ់​នៅ​ជា​កុមារ​តូច​នៅ​ឡើយ គេ​នាំ​គ្នា​ចេញ​ពី​ស្រុក​ម៉ាឌាន​ទៅ​ដល់​ស្រុក​ប៉ារ៉ាន ក៏​នាំ​យក​មនុស្ស​ខ្លះ​ពី​ប៉ារ៉ាន ទៅ​ជា​មួយ​នឹង​គេ ចូល​ទៅ​ក្នុង​ស្រុក​អេស៊ីព្ទ គាល់​ផារ៉ោន ជា​ស្តេច​ស្រុក​នោះ ហើយ​ទ្រង់​ក៏​ប្រទាន​ផ្ទះ​១​ឲ្យ​លោក​នៅ នឹង​ស្រែ​ចំការ​ដែរ ព្រម​ទាំង​ផ្គត់‌ផ្គង់​ស្បៀង​អាហារ​ផង ឯ​ហាដាឌ់ បាន​ប្រកប​ដោយ​គុណ​របស់​ផារ៉ោន​យ៉ាង​ធំ ដល់​ម៉្លេះ​បាន​ជា​ទ្រង់​ប្រទាន​ប្អូន​របស់​ភរិយា​ទ្រង់ គឺ​ជា​ប្អូន​នាង​ថាផ្នេស ដែល​ជា​អគ្គ‌មហេសី ឲ្យ​ធ្វើ​ជា​ប្រពន្ធ​លោក ប្អូន​របស់​នាង​ថាផ្នេស​ក៏​បង្កើត​កូន​ប្រុស​១​ឲ្យ​លោក ឈ្មោះ​ថា កេនូ‌បាត ហើយ​នាង​ថាផ្នេស​ក៏​ផ្តាច់​ដោះ នៅ​ក្នុង​ដំណាក់​ផារ៉ោន រួច​កេនូ‌បាត​បាន​នៅ​ក្នុង​ដំណាក់​ផារ៉ោន ជា​មួយ​នឹង​ព្រះ‌រាជ‌បុត្រ​នៃ​ស្តេច ក្រោយ​មក កាល​ហាដាឌ់​បាន​ឮ​នៅ​ស្រុក​អេស៊ីព្ទ​ថា ដាវីឌ​បាន​ផ្ទំ​លក់​ជា​មួយ​នឹង​ពួក​ឰយុកោ​ទ្រង់​ហើយ ព្រម​ទាំង​យ៉ូអាប់​ជា​មេ‌ទ័ព​ដែរ នោះ​ហាដាឌ់​ទូល​ផារ៉ោន​ថា សូម​ឲ្យ​ទូលបង្គំ​ត្រឡប់​ទៅ​ឯ​ស្រុក​ទូលបង្គំ​វិញ តែ​ផារ៉ោន​មាន​បន្ទូល​សួរ​ថា នៅ​ជា​មួយ​នឹង​យើង​នេះ តើ​ឯង​មាន​ខ្វះ‌ខាត​អ្វី បាន​ជា​ចង់​ត្រឡប់​ទៅ​ស្រុក​វិញ​ដូច្នេះ លោក​ទូល​ឆ្លើយ​ថា គ្មាន​ខ្វះ​អ្វី​ទេ ប៉ុន្តែសូម​ឲ្យ​តែ​ទូលបង្គំ​បាន​ទៅ​ចុះ។ ព្រះ​ក៏​បណ្តា​ឲ្យ​មាន​អ្នក​តតាំង​នឹង​ទ្រង់​ម្នាក់​ទៀត គឺ​ឈ្មោះ​រេសោន ជា​កូន​អេលី‌យ៉ាដា ជា​អ្នក​ដែល​បាន​រត់​ពី​ហាដា-រេស៊ើរ ជា​ស្តេច​សូបា ចៅហ្វាយ​របស់​ខ្លួន អ្នក​នោះ​ក៏​ប្រមូល​មនុស្ស​មក​តាម​ខ្លួន ហើយ​បាន​ធ្វើ​ជា​មេ‌ទ័ព​លើ​ពួក​នោះ ក្នុង​គ្រា​ដែល​ដាវីឌ​បាន​សំឡាប់​ពួក​សូបា រួច​គេ​ទៅ​អាស្រ័យ​នៅ​ក្រុង​ដាម៉ាស ហើយ​បាន​គ្រប់‌គ្រង​នៅ​ទី​នោះ អ្នក​នោះ​ក៏​ទាស់​ទទឹង​នឹង​សាសន៍​អ៊ីស្រាអែល រហូត​ដល់​អស់​ព្រះ‌ជន្ម​នៃ​សាឡូម៉ូន នេះ​ជា​ការ​ប្រទូស‌រ៉ាយ ក្រៅ​ពី​ការ​ដែល​ហាដាឌ់​បាន​ធ្វើ ឯ​រេសោន​បាន​ស្អប់​ខ្ពើម​ដល់​សាសន៍​អ៊ីស្រាអែល ក៏​សោយ‌រាជ្យ​លើ​ស្រុក​ស៊ីរី។ ឯ​យេរ៉ូ‌បោម កូន​នេបាត ជា​ពួក​អេប្រា‌អិម ពី​ស្រុក​សេរេដា ជា​អ្នក​បំរើ​សាឡូម៉ូន ដែល​ម្តាយ​ជា​ស្រី​មេម៉ាយ​ឈ្មោះ​សេរូអា នោះ​ក៏​បាន​លើក​ដៃ​ឡើង​ទាស់​នឹង​ស្តេច​ដែរ ហើយ​ហេតុ​ដែល​លើក​ដៃ​ទាស់​នឹង​ស្តេច នោះ​គឺ​ពី​ព្រោះ​សាឡូម៉ូន​ទ្រង់​បាន​សង់​ប៉ម​មីឡូរ ព្រម​ទាំង​ជួស‌ជុល​ទី​បាក់​បែក​នៃ​កំផែង​ទី​ក្រុង​របស់​ដាវីឌ ជា​ព្រះ‌បិតា​ទ្រង់ យេរ៉ូ‌បោម​នេះ ជា​អ្នក​ក្លាហាន​ស្ទាត់​ជំនាញ សាឡូម៉ូន​ទ្រង់​ឃើញ​ថា អ្នក​កំឡោះ​នេះ​មាន​ចិត្ត​ឧស្សាហ៍​ធ្វើ​ការ បាន​ជា​ទ្រង់​តាំង​ឲ្យ​ត្រួត​លើ​ការ​ទាំង​អស់ របស់​ពូជ‌ពង្ស​យ៉ូសែប នៅ​គ្រា​នោះ មាន​កាល​១​ថ្ងៃ​យេរ៉ូ‌បោម​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ទៅ ហើយ​ហោរា​អ័ហ៊ីយ៉ា​ជា​ពួក​ក្រុង​ស៊ីឡូរ ក៏​ប្រទះ​នឹង​លោក​នៅ​កណ្តាល​ផ្លូវ មាន​តែ​គ្នា​២​នាក់​នៅ​កណ្តាល​វាល​នោះ ឯ​អ័ហ៊ីយ៉ា លោក​បាន​ពាក់​អាវ​ថ្មី ក៏​ចាប់​អាវ​ថ្មី​នោះ ហែក​ជា​១២​ផ្នែក​ទៅ រួច​ប្រាប់​ដល់​យេរ៉ូ‌បោម​ថា ចូរ​អ្នក​យក​១០​ផ្នែក​ទៅ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​បាន​មាន​បន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​កន្ត្រាក់​យក​រាជ្យ​ពី​ដៃ​សាឡូម៉ូន ហើយ​នឹង​ឲ្យ​ពូជ​អំបូរ​១០​ដល់​ឯង​វិញ (តែ​សាឡូម៉ូន​នឹង​បាន​ពូជ​អំបូរ​១ ដោយ​អញ​យល់​ដល់​ដាវីឌ ជា​អ្នក​បំរើ​អញ ហើយ​យល់​ដល់​ក្រុង​យេរូ‌សាឡិម ដែល​អញ​បាន​រើស​ចេញ​ពី​អស់​ទាំង​ពូជ​អំបូរ​សាសន៍​អ៊ីស្រាអែល​ផង) ពី​ព្រោះ​គេ​បាន​បោះ‌បង់​ចោល​អញ ហើយ​បាន​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ‌អាស‌ថារ៉ូត ជា​ព្រះ​នៃ​សាសន៍​ស៊ីដូន នឹង​កេម៉ូស ជា​ព្រះ​នៃ​សាសន៍​ម៉ូអាប់ ហើយ​មីលកូម ជា​ព្រះ​នៃ​ពួក​កូន​ចៅ​អាំម៉ូន​វិញ គេ​មិន​បាន​ដើរ​តាម​ផ្លូវ​អញ ដើម្បី​នឹង​ប្រព្រឹត្ត​សេចក្ដី​ដែល​ទៀង​ត្រង់​នៅ​ភ្នែក​អញ ហើយ​កាន់​តាម​បញ្ញត្ត នឹង​សេចក្ដី​យុត្តិ‌ធម៌​របស់​អញ ដូច​ជា​ដាវីឌ ជា​បិតា​ទ្រង់​ទេ ប៉ុន្តែអញ​មិន​យក​រាជ្យ​ទាំង​មូល​ពី​ដៃ​ទ្រង់​ទេ គឺ​នឹង​ឲ្យ​ទ្រង់​ធ្វើ​ជា​ស្តេច រហូត​ដល់​អស់​ព្រះ‌ជន្ម ដោយ​ព្រោះ​យល់​ដល់​ដាវីឌ ជា​អ្នក​បំរើ​អញ​ដែល​អញ​បាន​រើស ជា​អ្នក​ដែល​បាន​កាន់​តាម​បញ្ញត្ត នឹង​ក្រិត្យ‌ក្រម​ទាំង​ប៉ុន្មាន​របស់​អញ អញ​នឹង​យក​រាជ្យ​ពី​ដៃ​របស់​បុត្រ​ទ្រង់​វិញ ហើយ​នឹង​ឲ្យ​ពូជ​អំបូរ​១០​មក​ឯង ឯ​បុត្រ​របស់​ទ្រង់ អញ​នឹង​ឲ្យ​ពូជ​អំបូរ​១ ដើម្បី​ឲ្យ​ដាវីឌ ជា​អ្នក​បំរើ​អញ បាន​ចង្កៀង​១​ភ្លឺ​ជា​ដរាប​នៅ​ចំពោះ​អញ ក្នុង​ក្រុង​យេរូ‌សាឡិម ជា​ទី​ក្រុង​ដែល​អញ​បាន​រើស​សំរាប់​តាំង​ឈ្មោះ​អញ អញ​នឹង​យក​ឯង​តាំង​ឡើង ហើយ​ឯង​នឹង​គ្រប់‌គ្រង​តាម​បំណង​ចិត្ត ព្រម​ទាំង​សោយ‌រាជ្យ​លើ​ពួក​អ៊ីស្រាអែល ដូច្នេះ បើ​ឯង​នឹង​ស្តាប់​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​អញ​បង្គាប់ ហើយ​ដើរ​តាម​អស់​ទាំង​ផ្លូវ​របស់​អញ ព្រម​ទាំង​ប្រព្រឹត្ត​សេចក្ដី​ដែល​ត្រឹម‌ត្រូវ​នៅ​ភ្នែក​អញ ដោយ​កាន់​តាម​បញ្ញត្ត នឹង​ក្រិត្យ‌ក្រម​របស់​អញ ដូច​ជា​ដាវីឌ ជា​អ្នក​បំរើ​អញ​ដែរ នោះ​អញ​នឹង​នៅ​ជា​មួយ​នឹង​ឯង ហើយ​នឹង​តាំង​ជំនួរ​វង្ស​ឯង​ឡើង​ឲ្យ​ខ្ជាប់‌ខ្ជួន ដូច​ជា​អញ​បាន​តាំង​ឲ្យ​ដាវីឌ​ដែរ អញ​នឹង​ប្រគល់​ពួក​អ៊ីស្រាអែល​ឲ្យ​ដល់​ឯង អញ​នឹង​ផ្ចាញ់‌ផ្ចាល​វង្សា​ដាវីឌ​ដោយ‌សារ​ការ​នោះ តែ​មិន​មែន​ជា​ដរាប​ទេ ដូច្នេះ សាឡូម៉ូន​ទ្រង់​រក​សំឡាប់​យេរ៉ូ‌បោម តែ​យេរ៉ូ‌បោម​រត់​ទៅ​ឯ​ស៊ីសាក ជា​ស្តេច​ស្រុក​អេស៊ីព្ទ ក៏​នៅ​ស្រុក​នោះ​ដរាប​ដល់​សាឡូម៉ូន​អស់​ព្រះ‌ជន្ម​ទៅ។