ព្រះបាទដាវីឌមានរាជឱង្ការថា៖ «សូមអញ្ជើញនាងបាតសេបាមក!»។ នាងបាតសេបាចូលមកគាល់ព្រះរាជា។ ពេលនោះ ព្រះរាជាមានរាជឱង្ការថា៖ «យើងសូមស្បថ ក្នុងនាមព្រះអម្ចាស់ដ៏មានព្រះជន្មគង់នៅ ហើយបានរំដោះយើងឲ្យរួចផុតពីគ្រោះអាសន្នគ្រប់យ៉ាង! ថ្ងៃនេះ យើងសម្រេចតែងតាំងសាឡូម៉ូន ជាបុត្ររបស់នាង ឲ្យឡើងគ្រងរាជ្យបន្តពីយើង គឺបុត្រនេះហើយដែលនឹងគង់លើបល្ល័ង្ករបស់យើង ដូចយើងបានសន្យាជាមួយនាង ក្នុងនាមព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែល»។ នាងបាតសេបាក្រាបថ្វាយបង្គំស្ដេច ឱនមុខដល់ដី ទាំងទូលថា៖ «សូមព្រះបាទដាវីឌ ជាអម្ចាស់ ប្រកបដោយព្រះជន្មាយុយឺនយូរ!»។ បន្ទាប់មក ព្រះបាទដាវីឌមានរាជឱង្ការថា៖ «សូមអញ្ជើញបូជាចារ្យ*សាដុក ព្យាការី*ណាថាន និងលោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដាចូលមក»។ អស់លោកទាំងនោះក៏ចូលមកគាល់ព្រះរាជា។ ព្រះរាជាមានរាជឱង្ការថា៖ «សូមប្រមូលរាជបម្រើរបស់យើងមក ហើយលើកសាឡូម៉ូន ជាបុត្រយើង ឲ្យឡើងជិះលារបស់យើង រួចដង្ហែទៅប្រភពទឹកគីហុន។ នៅទីនោះ លោកបូជាចារ្យសាដុក និងព្យាការីណាថាន ត្រូវចាក់ប្រេងអភិសេកសាឡូម៉ូន ជាស្ដេចស្រុកអ៊ីស្រាអែល ហើយឲ្យគេផ្លុំត្រែឡើង ទាំងស្រែកថា “ជយោព្រះបាទសាឡូម៉ូន!” ចូរដង្ហែសាឡូម៉ូនចូលមកក្នុងក្រុងវិញ ឲ្យគង់លើបល្ល័ង្ករបស់យើង។ សាឡូម៉ូននឹងគ្រងរាជ្យបន្តពីយើង គឺយើងតែងតាំងបុត្រនេះឲ្យធ្វើជាមគ្គទេសក៍លើស្រុកអ៊ីស្រាអែល និងស្រុកយូដា»។ លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ទូលស្ដេចថា៖ «អាម៉ែន! ព្រះអម្ចាស់ ជាព្រះរបស់ព្រះករុណាជាអម្ចាស់ ទ្រង់មានព្រះបន្ទូលទុកដូច្នេះមែន។ សូមព្រះអម្ចាស់គង់ជាមួយព្រះបាទសាឡូម៉ូន ដូចព្រះអង្គបានគង់ជាមួយព្រះករុណាដែរ! សូមព្រះអង្គប្រទានឲ្យរាជ្យរបស់ព្រះបាទសាឡូម៉ូនបានរុងរឿង លើសរាជ្យរបស់ព្រះករុណាជាអម្ចាស់ទៅទៀត!»។ លោកបូជាចារ្យសាដុក ព្យាការីណាថាន និងលោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ព្រមទាំងពួកកេរេធីម និងពួកពេលេធីម នាំគ្នាលើកសម្ដេចសាឡូម៉ូន ឲ្យឡើងគង់លើខ្នងលារបស់ព្រះបាទដាវីឌ ហើយដង្ហែទៅកាន់ប្រភពទឹកគីហុន។ លោកបូជាចារ្យសាដុកយកស្នែងដាក់ប្រេងពីក្នុងព្រះពន្លាមក រួចចាក់ប្រេងអភិសេកសម្ដេចសាឡូម៉ូនជាស្ដេច។ ពេលនោះ គេក៏ផ្លុំត្រែ ហើយប្រជាជនទាំងមូលស្រែកឡើងថា៖ «ជយោ! ព្រះបាទសាឡូម៉ូន!»។ ប្រជាជនទាំងមូលដង្ហែស្ដេចចូលមកក្នុងក្រុងវិញ ទាំងផ្លុំខ្លុយ ហើយនាំគ្នាអបអរសាទរសប្បាយរីករាយក្រៃលែង។ សូរស័ព្ទរបស់ពួកគេបានលាន់ឮរំពងកក្រើកផែនដី។ ពេលសម្ដេចអដូនីយ៉ា ព្រមទាំងភ្ញៀវទាំងប៉ុន្មានដែលនៅជាមួយ ជប់លៀងរួចហើយ ក៏បានឮសូរស័ព្ទ។ លោកយ៉ូអាប់ឮស្នូរសំឡេងត្រែច្បាស់ ហើយសួរថា៖ «ហេតុអ្វីបានជាមានសំឡេងត្រែលាន់រំពងនៅក្នុងទីក្រុងដូច្នេះ?»។ លោកយ៉ូអាប់កំពុងតែមានប្រសាសន៍នៅឡើយ ស្រាប់តែលោកយ៉ូណាថាន ជាកូនរបស់លោកអបៀថើរ មកដល់។ សម្ដេចអដូនីយ៉ាពោលថា៖ «សូមអញ្ជើញចូលមក មនុស្សគួរគោរពដូចលោកនេះពិតជានាំដំណឹងល្អមិនខាន»។ លោកយ៉ូណាថានទូលសម្ដេចអដូនីយ៉ាវិញថា៖ «មិនមែនដូច្នេះទេ ក្រាបទូល! ព្រះបាទដាវីឌជាអម្ចាស់នៃយើង បានតែងតាំងសម្ដេចសាឡូម៉ូនជាព្រះមហាក្សត្រហើយ។ ព្រះរាជាចាត់លោកបូជាចារ្យសាដុក ព្យាការីណាថាន និងលោកបេណាយ៉ាជាកូនរបស់លោកយេហូយ៉ាដា ព្រមទាំងពួកកេរេធីម និងពេលេធីមឲ្យលើកសម្ដេចសាឡូម៉ូនឡើងគង់លើខ្នងលារបស់ស្ដេច ហើយដង្ហែចេញទៅ។ លោកបូជាចារ្យសាដុក និងព្យាការីណាថាន បានចាក់ប្រេងអភិសេកសម្ដេចសាឡូម៉ូនជាស្ដេច នៅត្រង់ប្រភពទឹកគីហុន។ ពួកគេឡើងពីទីនោះមកវិញ ដោយអំណរសប្បាយ ហើយប្រជាជននៅក្នុងទីក្រុងបន្លឺសំឡេងលាន់ឮរំពង ដូចអស់លោកបានឮស្រាប់។ លើសពីនេះ សម្ដេចសាឡូម៉ូនឡើងគង់លើរាជបល្ល័ង្ក ហើយពួកនាម៉ឺនមន្ត្រីនាំគ្នាមកថ្វាយពរព្រះបាទដាវីឌ ជាអម្ចាស់នៃយើង ដោយទូលថា“សូមព្រះរបស់ព្រះករុណាប្រទានឲ្យព្រះបាទសាឡូម៉ូនមានព្រះនាមល្បីល្បាញ ជាងព្រះនាមរបស់ព្រះករុណាទៅទៀត។ សូមឲ្យរាជ្យរបស់ព្រះបាទសាឡូម៉ូនបានរុងរឿងជាងរាជ្យរបស់ព្រះករុណា!”។ ពេលនោះ ព្រះរាជាក៏ក្រាបថ្វាយបង្គំ នៅក្នុងក្រឡាបន្ទំ ហើយមានរាជឱង្ការថា: “សូមអរព្រះគុណព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល ដែលប្រោសប្រទានឲ្យមានអ្នកស្នងរាជ្យបន្តពីទូលបង្គំ ហើយឲ្យទូលបង្គំបានឃើញព្រឹត្តិការណ៍នេះផ្ទាល់នឹងភ្នែក”»។ ឮដូច្នេះ ភ្ញៀវទាំងប៉ុន្មានរបស់សម្ដេចអដូនីយ៉ានាំគ្នាភ័យញ័រ ហើយប្រញាប់ប្រញាល់បែកខ្ញែកគ្នាអស់ទៅ។ សម្ដេចអដូនីយ៉ាភ័យខ្លាចព្រះបាទសាឡូម៉ូនយ៉ាងខ្លាំង សម្ដេចក៏ប្រញាប់រត់ទៅតោងស្នែងអាសនៈ។ មានគេមកទូលព្រះបាទសាឡូម៉ូនថា៖ «សម្ដេចអដូនីយ៉ាភ័យខ្លាចព្រះករុណាណាស់ សម្ដេចបានរត់ទៅតោងស្នែងអាសនៈ ទាំងពោលថា: សូមព្រះបាទសាឡូម៉ូនស្បថឲ្យខ្ញុំនៅថ្ងៃនេះ ទ្រង់នឹងមិនសម្លាប់ខ្ញុំដោយមុខដាវទេ!»។ ព្រះបាទសាឡូម៉ូនមានរាជឱង្ការថា៖ «ប្រសិនបើគេប្រព្រឹត្តដូចមនុស្សដែលគួរឲ្យគោរពមែន សូម្បីតែសក់មួយសរសៃក៏មិនជ្រុះពីក្បាលគេដែរ។ ប៉ុន្តែ ប្រសិនបើគេមានចិត្តអាក្រក់ នោះគេនឹងត្រូវស្លាប់!»។ ព្រះបាទសាឡូម៉ូនចាត់គេ ឲ្យទៅយាងសម្ដេចអដូនីយ៉ាចុះពីអាសនៈ។ សម្ដេចក៏យាងចូលទៅក្រាបថ្វាយបង្គំព្រះបាទសាឡូម៉ូន ហើយព្រះបាទសាឡូម៉ូនមានរាជឱង្ការថា៖ «សូមម្ចាស់បងយាងត្រឡប់ទៅដំណាក់វិញចុះ»។
អាន ១ ពង្សាវតារក្សត្រ 1
ស្ដាប់នូវ ១ ពង្សាវតារក្សត្រ 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ ពង្សាវតារក្សត្រ 1:28-53
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ