ព្រះបាទដាវីឌមានព្រះជន្មាយុកាន់តែជរាណាស់ហើយ ទោះបីគេគ្រងព្រះភូសាឲ្យស្ដេចច្រើនជាន់យ៉ាងណាក្ដី ក៏ទ្រង់ពុំអាចកក់ក្ដៅដែរ។ ពេលនោះ ពួកនាម៉ឺនមន្ត្រីទូលព្រះរាជាថា៖ «បពិត្រព្រះករុណា! យើងខ្ញុំនឹងរកស្រីក្រមុំមួយរូបមកថ្វាយព្រះករុណា។ នាងនៅបម្រើ និងមើលថែទាំព្រះករុណា ហើយនាងដេកនៅក្បែរព្រះករុណា ដើម្បីឲ្យព្រះករុណាជាអម្ចាស់បានកក់ក្ដៅ»។ ក្នុងទឹកដីអ៊ីស្រាអែលទាំងមូល គេស្វែងរកបានស្រីក្រមុំដ៏ស្រស់ស្អាតមួយរូបឈ្មោះ នាងអប៊ីសាក នៅភូមិស៊ូណែម រួចនាំមកថ្វាយស្ដេច។ ស្រីក្រមុំនេះមានរូបឆោមល្អដាច់គេ នាងនៅថែទាំ និងគាល់បម្រើព្រះរាជា តែព្រះរាជាពុំបានរួមរស់ជាមួយនាងទេ។ នៅគ្រានោះ សម្ដេចអដូនីយ៉ា ជាបុត្ររបស់ព្រះបាទដាវីឌ និងនាងហាគីត បានលើកខ្លួនឡើង ទាំងពោលថា៖ «ខ្ញុំនឹងឡើងសោយរាជ្យ!»។ សម្ដេចអដូនីយ៉ារកបានរទេះមួយ និងសេះមួយចំនួន ព្រមទាំងពលទាហានហាសិបនាក់សម្រាប់រត់ពីមុខ។ តាំងពីកើតមក បិតាមិនដែលស្ដីបន្ទោស ឬក៏សួរថា “ហេតុអ្វីបានជាបុត្រប្រព្រឹត្តដូច្នេះ?”ឡើយ។ សម្ដេចអដូនីយ៉ាមានរូបសម្បត្តិល្អស្អាត ហើយជាបុត្រមួយអង្គ ដែលប្រសូតបន្ទាប់ពីសម្ដេចអាប់សាឡុម។ សម្ដេចអដូនីយ៉ាបានពិភាក្សាជាមួយលោកយ៉ូអាប់ ជាកូនរបស់អ្នកស្រីសេរូយ៉ា និងជាមួយលោកបូជាចារ្យអបៀថើរ។ លោកទាំងពីរក៏រួមគំនិតជាមួយសម្ដេចអដូនីយ៉ា។ ផ្ទុយទៅវិញ លោកបូជាចារ្យសាដុក លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ព្យាការីណាថាន ព្រមទាំងលោកស៊ីម៉ៃ លោករេអ៊ី និងនាយទាហានដ៏អង់អាចរបស់ព្រះបាទដាវីឌ មិនបានចូលរួមជាមួយសម្ដេចអដូនីយ៉ាទេ។ ថ្ងៃមួយ សម្ដេចអដូនីយ៉ាបានរៀបចំពិធីបុណ្យមួយ នៅ “ថ្មសូហេលែត” ជិតអេនរូកែល ដោយសម្លាប់ចៀម និងគោ ព្រមទាំងកូនគោបំប៉ន ធ្វើយញ្ញបូជានៅទីនោះ។ សម្ដេចយាងបុត្រាទាំងប៉ុន្មានរបស់ព្រះបាទដាវីឌ និងអញ្ជើញមេទ័ពទាំងអស់នៅស្រុកយូដា ដែលជាអ្នកបម្រើរបស់ព្រះរាជា មកចូលរួមក្នុងពិធីបុណ្យនោះ។ ប៉ុន្តែ សម្ដេចមិនអញ្ជើញព្យាការីណាថាន លោកបេណាយ៉ា ពួកនាយទាហានដ៏អង់អាច និងយាងសម្ដេចសាឡូម៉ូន ជាអនុជមកចូលរួមទេ។ ពេលនោះ លោកណាថានពោលទៅកាន់នាងបាតសេបា ជាមាតារបស់សម្ដេចសាឡូម៉ូនថា៖ «តើនាងមិនជ្រាបទេថា សម្ដេចអដូនីយ៉ា ជាបុត្ររបស់នាងហាគីត បានតាំងខ្លួនធ្វើជាស្ដេច ប៉ុន្តែ ព្រះបាទដាវីឌជាអម្ចាស់របស់យើងមិនបានជ្រាបទេ។ ឥឡូវនេះ ខ្ញុំសូមជូនយោបល់ដល់នាង ដើម្បីសង្គ្រោះជីវិតនាង និងជីវិតសម្ដេចសាឡូម៉ូន ជាបុត្ររបស់នាង។ សូមអញ្ជើញចូលទៅគាល់ព្រះបាទដាវីឌ ហើយទូលដូចតទៅ: “បពិត្រព្រះករុណាជាអម្ចាស់ ព្រះករុណាបានស្បថនឹងខ្ញុំម្ចាស់ថា សាឡូម៉ូន ជាបុត្ររបស់ខ្ញុំម្ចាស់ នឹងឡើងគ្រងរាជ្យបន្តពីព្រះករុណា គឺបុត្រនេះហើយដែលនឹងគង់លើបល្ល័ង្ករបស់ពីព្រះករុណា។ ហេតុអ្វីបានជាអដូនីយ៉ាឡើងគ្រងរាជ្យទៅវិញ?”»។ លោកណាថានពោលទៀតថា៖ «ពេលនាងទូលស្ដេចចប់ហើយ ខ្ញុំក៏នឹងចូលទៅគាល់ស្ដេចតាមក្រោយដែរ ខ្ញុំនឹងបញ្ជាក់ពាក្យសម្ដីទាំងប៉ុន្មានដែលនាងបានទូលនោះ»។ នាងបាតសេបាក៏ចូលទៅគាល់ស្ដេច នៅក្នុងក្រឡាបន្ទំ។ ពេលនោះ ព្រះរាជាមានព្រះជន្មាយុជរាណាស់ហើយ ហើយនាងអប៊ីសាក ជាអ្នកភូមិស៊ូណែម កំពុងតែនៅបម្រើព្រះរាជា។ នាងបាតសេបាលុតជង្គង់ថ្វាយបង្គំព្រះរាជា ហើយព្រះរាជាសួរនាងថា៖ «តើនាងមានការអ្វី?»។ នាងទូលថា៖ «ព្រះករុណាជាអម្ចាស់ ទ្រង់បានស្បថនឹងខ្ញុំម្ចាស់ ក្នុងនាមព្រះអម្ចាស់ ជាព្រះរបស់ព្រះករុណាថា សាឡូម៉ូនជាបុត្ររបស់ខ្ញុំម្ចាស់ នឹងឡើងគ្រងរាជ្យបន្តពីព្រះករុណា គឺបុត្រនេះហើយដែលនឹងគង់លើបល្ល័ង្ករបស់ព្រះករុណា។ ប៉ុន្តែ ឥឡូវនេះ ម្ដេចក៏អដូនីយ៉ាឡើងគ្រងរាជ្យទៅវិញ តើព្រះករុណាជាអម្ចាស់ពុំជ្រាបទេឬ? អដូនីយ៉ាបានសម្លាប់គោឈ្មោល កូនគោបំប៉ន និងចៀមយ៉ាងច្រើន ធ្វើយញ្ញបូជា។ អដូនីយ៉ាបានយាងបុត្រាទាំងប៉ុន្មានរបស់ព្រះករុណា ព្រមទាំងអញ្ជើញលោកបូជាចារ្យអបៀថើរ និងលោកមេទ័ពយ៉ូអាប់ តែពុំបានយាងសាឡូម៉ូន ជាបុត្ររបស់ព្រះករុណាឲ្យទៅចូលរួមទេ។ បពិត្រព្រះករុណាជាអម្ចាស់! ឥឡូវនេះ ប្រជាជនអ៊ីស្រាអែលរង់ចាំតែព្រះករុណាប្រកាសថា តើនរណានឹងឡើងស្នងរាជ្យបន្តពីព្រះករុណា។ បើមិនដូច្នោះទេ កាលណាព្រះករុណាលាចាកលោកនេះទៅ នោះគេមុខជាចាត់ទុកខ្ញុំម្ចាស់ និងសាឡូម៉ូនជាបុត្ររបស់ខ្ញុំម្ចាស់ ថាជាអ្នកទោសមិនខាន»។ កាលនាងបាតសេបាកំពុងតែទូលស្ដេច នោះព្យាការីណាថានចូលមកដល់។ គេទៅទូលស្ដេចថា ព្យាការីណាថានអញ្ជើញមកដល់ហើយ។ លោកណាថានចូលគាល់ស្ដេច ដោយក្រាបថ្វាយបង្គំ ឱនមុខដល់ដី។ បន្ទាប់មក លោកទូលថា៖ «បពិត្រព្រះករុណាជាអម្ចាស់! តើព្រះករុណាឬ ដែលបានសម្រេចឲ្យសម្ដេចអដូនីយ៉ាឡើងគ្រងរាជ្យបន្តពីព្រះករុណា ហើយគង់លើបល្ល័ង្ករបស់ព្រះករុណា? ដ្បិតថ្ងៃនេះ សម្ដេចអដូនីយ៉ាយាងទៅ “ថ្មសូហេលែត” ហើយសម្លាប់គោឈ្មោល កូនគោបំប៉ន និងចៀមយ៉ាងច្រើន ធ្វើយញ្ញបូជា។ សម្ដេចបានយាងបុត្រាទាំងប៉ុន្មានរបស់ព្រះករុណា ព្រមទាំងអញ្ជើញពួកមេទ័ព និងលោកបូជាចារ្យអបៀថើរ ទៅចូលរួមផង។ ឥឡូវនេះ ពួកគេកំពុងតែជប់លៀងជាមួយសម្ដេចអដូនីយ៉ាទាំងស្រែកថា“ជយោព្រះបាទអដូនីយ៉ា!”។ ប៉ុន្តែ សម្ដេចមិនបានអញ្ជើញទូលបង្គំ ជាអ្នកបម្រើព្រះករុណា ឬលោកបូជាចារ្យសាដុក លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ហើយក៏មិនបានយាងសម្ដេចសាឡូម៉ូន ជារាជបុត្ររបស់ព្រះករុណា ទៅចូលរួមដែរ។ តើព្រះករុណាជាអម្ចាស់ឬ ដែលបានសម្រេចអភិសេករាជបុត្រឲ្យឡើងគ្រងរាជ្យបន្តពីព្រះករុណា ដោយមិនឲ្យទូលបង្គំទាំងអស់គ្នាដែលជាអ្នកបម្រើដឹង?»។
អាន ១ ពង្សាវតារក្សត្រ 1
ស្ដាប់នូវ ១ ពង្សាវតារក្សត្រ 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ ពង្សាវតារក្សត្រ 1:1-27
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ