១ ពង្សាវតារក្សត្រ 1:1-27

១ ពង្សាវតារក្សត្រ 1:1-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

គ្រា​នោះ ព្រះបាទ​ដាវីឌ​មាន​ជន្មាយុ​ចាស់​ជរា​ហើយ គេ​ដណ្តប់​សំពត់​ថ្វាយ​ទ្រង់​ជា​ច្រើន តែ​ទ្រង់​មិន​កក់​ក្តៅ​សោះ។ ហេតុ​នោះ​បាន​ជា​ពួក​មហា‌តលិក​ទូល​ថា៖ «សូម​ឲ្យ​គេ​ទៅ​រក​ស្រី​ក្រមុំ​ម្នាក់ មក​ថ្វាយ​ព្រះ‌ករុណា​ជា​អម្ចាស់​នៃ​ទូល‌បង្គំ ឲ្យ​នាង​នៅ​បម្រើ​ទ្រង់ និង​ថែ‌ទាំ​ទ្រង់ ហើយ​ឲ្យ​នាង​បាន​ដេក​ឱប​ទ្រង់ ដើម្បី​ឲ្យ​ព្រះ‌ករុណា​ជា​អម្ចាស់​បាន​កក់​ក្តៅ»។ ដូច្នេះ គេ​ក៏​ចេញ​ទៅ ស្វែង​រក​ស្រី​ក្រមុំ​ស្រស់​ស្អាត​ម្នាក់ នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល បាន​ប្រទះ​ឃើញ​នាង​អ័ប៊ី‌សាក ជា​អ្នក​ស្រុក​ស៊ូណែម ហើយ​នាំ​នាង​មក​ថ្វាយ​ស្តេច។ នាង​នោះ​មាន​រូប​ឆោម​ស្រស់​ល្អ​ណាស់ នាង​ក៏​នៅ​ថែ‌ទាំ​បម្រើ​ស្តេច តែ​ស្ដេច​មិន​បាន​រួម​រស់​នឹង​នាង​ទេ។ នៅ​ពេល​នោះ អ័ដូ‌នីយ៉ា ជា​បុត្រ​របស់​នាង​ហាគីត​ក៏​លើក​ខ្លួន​ឡើង ដោយ​ពោល​ថា៖ «យើង​នឹង​ធ្វើ​ជា​ស្តេច» ទ្រង់​បាន​ត្រៀម​រទេះ​ចម្បាំង និង​ពួក​ពល​សេះ ព្រម​ទាំង​មនុស្ស​ហាសិប​នាក់ ឲ្យ​រត់​នាំ​មុខ​ទ្រង់។ បិតា​របស់​ទ្រង់​មិន​ដែល​ធ្វើ​ឲ្យ​ទាស់​ចិត្ត ដោយ​សួរ​ថា ហេតុ​អ្វី​បាន​ជា​ធ្វើ​ដូច្នេះ? ម្ដង​ណា​ឡើយ ហើយ​ទ្រង់​ក៏​ជា​មនុស្ស​មាន​រូប​រាង​ល្អ​ណាស់ ទ្រង់​បាន​ប្រសូត​មក​បន្ទាប់​ពី​អាប់សា‌ឡុម។ អ័ដូ‌នីយ៉ា​បាន​ពិគ្រោះ​ជា‌មួយ​យ៉ូអាប់​ជា​កូន​សេរូយ៉ា និង​អ័បៀ‌ថើរ​ជា​សង្ឃ ហើយ​គេ​ទាំង​ពីរ​នាក់​ក៏​បាន​គាំទ្រ​អ័ដូ‌នីយ៉ា។ ប៉ុន្តែ សាដុក​ជា​សង្ឃ បេ‌ណា‌យ៉ា​ជា​កូន​យេហូ‌យ៉ា‌ដា ហោរា​ណាថាន់ ស៊ីម៉ាយ រេអ៊ី និង​ពួក​អ្នក​ខ្លាំង​ពូកែ​របស់​ព្រះបាទ​ដាវីឌ មិន​បាន​ចូល​ដៃ​ជួយ​អ័ដូ‌នីយ៉ា​ទេ។ អ័ដូ‌នីយ៉ា​បាន​សម្លាប់​ចៀម គោ និង​សត្វ​យ៉ាង​ធាត់​នៅ​ត្រង់​ថ្ម​សូហេ‌លែត ដែល​នៅ​ជិត​អេន‌រ៉ូ‌កេល ទ្រង់​អញ្ជើញ​ពួក​បង‌ប្អូន​ទាំង​អស់ ជា​បុត្រា​ស្តេច និង​ពួក​ជន​ជាតិ​យូដា​ទាំង​ប៉ុន្មាន ដែល​ជា​អ្នក​ថែ​រក្សា​ហ្លួង​ដែរ តែ​ទ្រង់​មិន​បាន​អញ្ជើញ​ហោរា​ណាថាន់ បេ‌ណា‌យ៉ា និង​ពួក​មនុស្ស​ខ្លាំង​ពូកែ ឬ​សាឡូម៉ូន ជា​អនុជ​របស់​ទ្រង់​មក​ទេ។ ពេល​នោះ ណាថាន់​ក្រាប​ទូល​ដល់​បាត‌សេ‌បា ជា​មាតា​សាឡូម៉ូន ថា៖ «តើ​ព្រះ‌នាង​មិន​បាន​ជ្រាប​ថា អ័ដូ‌នីយ៉ា​បុត្រ​របស់​ហាគីត បាន​ឡើង​សោយ‌រាជ្យ ឥត​ជ្រាប​ដល់​ដាវីឌ ជា​អម្ចាស់​នៃ​យើង​រាល់​គ្នា​ទេ​ឬ? ដូច្នេះ សូម​ព្រះ‌នាង​អញ្ជើញ​មក ទូល‌បង្គំ​សូម​ជួយ​គំនិត​ខ្លះ ដើម្បី​ឲ្យ​ព្រះនាង​បាន​រួច​ជីវិត និង​ជីវិត​របស់​សាឡូម៉ូន ជា​បុត្រ​របស់​ព្រះនាង​ដែរ។ សូម​ចូល​ទៅ​គាល់​ព្រះបាទ​ដាវីឌ​ទូល​ថា "បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់ តើ​ទ្រង់​មិន​បាន​ស្បថ​នឹង​ខ្ញុំ​ម្ចាស់ ជា​អ្នក​បម្រើ​របស់​ទ្រង់​ថា "ត្រូវ​ឲ្យ​សាឡូម៉ូន ជា​កូន​របស់​នាង សោយ‌រាជ្យ​បន្ទាប់​យើង ក៏​ត្រូវ​អង្គុយ​លើ​បល្ល័ង្ក​របស់​យើង" ទេ​ឬ? ដូច្នេះ ហេតុ​អ្វី​បាន​ជា​អ័ដូ‌នីយ៉ា​ឡើង​សោយ‌រាជ្យ​ទៅ​វិញ"។ បន្ទាប់​មក នៅ​ពេល​ដែល​ព្រះ‌នាង​កំពុង​តែ​ទូល​នឹង​ស្តេច​នៅ​ឡើយ នោះ​ទូល‌បង្គំ​នឹង​ចូល​ទៅ​តាម​ក្រោយ ហើយ​ជួយ​បញ្ជាក់​ពាក្យ​របស់​ព្រះ‌នាង​ដែរ»។ បាត‌សេ‌បា​ក៏​ចូល​ទៅ​គាល់​ស្តេច នៅ​ក្នុង​បន្ទប់​ក្រឡា​ព្រះ‌បន្ទំ រីឯ​ស្តេច ទ្រង់​ជរា​ណាស់​ហើយ ក៏​មាន​នាង​អ័ប៊ី‌សាក ពី​ស៊ូណែម កំពុង​តែ​បម្រើ​ទ្រង់។ បាត‌សេ‌បា​បាន​ឱន​គោរព​នៅ​ចំពោះ​ស្តេច រួច​ស្តេច​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «តើ​មក​មាន​ការ​អ្វី?» ព្រះ‌នាង​ទូល​ឆ្លើយ​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់​អើយ ទ្រង់​បាន​ស្បថ​នឹង​ខ្ញុំ​ម្ចាស់ ជា​អ្នក​បម្រើ​របស់​ទ្រង់ ដោយ​នូវ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​ទ្រង់​ថា "ត្រូវ​ឲ្យ​សាឡូម៉ូន ជា​កូន​របស់​នាង សោយ‌រាជ្យ​បន្ទាប់​យើង ក៏​ត្រូវ​អង្គុយ​លើ​បល្ល័ង្ក​របស់​យើង"។ តែ​ឥឡូវ​នេះ អ័ដូ‌នីយ៉ា​បាន​ឡើង​សោយ‌រាជ្យ​ហើយ តើ​ព្រះ‌ករុណា​ជា​អម្ចាស់​ឥត​បាន​ជ្រាប​ទេ​ឬ? ទ្រង់​បាន​សម្លាប់​គោ ចៀម និង​សត្វ​ធាត់ៗ​ជា​ច្រើន ក៏​បាន​អញ្ជើញ​ពួក​បុត្រា​ទាំង​អស់​របស់​ព្រះ‌ករុណា ព្រម​ទាំង​អ័បៀ‌ថើរ​ជា​សង្ឃ និង​យ៉ូអាប់​ជា​មេ‌ទ័ព​ដែរ តែ​ឯ​សាឡូម៉ូន​ជា​អ្នក​បម្រើ​របស់​ទ្រង់​នោះ គេ​មិន​បាន​ហៅ​ទៅ​ទេ។ ដូច្នេះ ឱ​ព្រះ‌ករុណា​ជា​អម្ចាស់​អើយ ភ្នែក​នៃ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ គេ​គន់​មើល​មក​ទ្រង់ ចាំ​តែ​ទ្រង់​ប្រាប់​ឲ្យ​គេ​ដឹង​ថា តើ​អ្នក​ណា​ដែល​ត្រូវ​គង់​លើ​បល្ល័ង្ក​រាជ្យ​របស់​ព្រះ‌ករុណា​ជា​អម្ចាស់​ត​ពី​ទ្រង់​ទៅ។ បើ​មិន​ដូច្នោះ​ទេ កាល​ណា​ព្រះ‌ករុណា ជា​ព្រះ‌អង្គម្ចាស់​ផ្ទំ​លក់​ជា‌មួយ​បុព្វ‌បុរស​របស់​ព្រះ‌ករុណា​ទៅ នោះ​ខ្ញុំ​ម្ចាស់ និង​សាឡូម៉ូន ជា​កូន​របស់​ខ្ញុំ​ម្ចាស់ នឹង​ត្រូវ​គេ​រាប់​ថា​ជា​អ្នក​មាន​ទោស​មិន​ខាន»។ កាល​ព្រះ‌នាង​កំពុង​តែ​ទូល​ស្តេច​នៅ​ឡើយ នោះ​ហោរា​ណាថាន់​ក៏​ចូល​មក​ដល់។ មាន​គេ​ទូល​ស្តេច​ថា៖ «បពិត្រ​ព្រះ‌រាជា ហោរា​ណាថាន់​មក​ដល់​ហើយ» ពេល​លោក​ចូល​មក​គាល់​ស្តេច លោក​បាន​ក្រាប​ផ្កាប់​មុខ​ដល់​ដី​នៅ​ចំពោះ​ស្ដេច ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា ជា​ព្រះ‌អង្គម្ចាស់​នៃ​ទូល‌បង្គំ​អើយ តើ​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ថា "អ័ដូ‌នីយ៉ា​នឹង​ត្រូវ​សោយ‌រាជ្យ​បន្ទាប់​យើង ក៏​ត្រូវ​អង្គុយ​លើ​បល្ល័ង្ក​របស់​យើង" មែន​ឬ? ដ្បិត​នៅ​ថ្ងៃ​នេះ លោក​បាន​ចុះ​ទៅ​សម្លាប់​គោ ចៀម និង​សត្វ​ធាត់ៗ​ជា​ច្រើន ក៏​បាន​អញ្ជើញ​ពួក​បុត្រា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌ករុណា ពួក​មេ‌ទ័ព និង​សង្ឃ​អ័បៀ‌ថើរ ទៅ​ចូល​រួម​ផង។ ឥឡូវ​នេះ គេ​កំពុង​តែ​ជប់​លៀង​នៅ​ចំពោះ​មុខ​លោក ទាំង​ពោល​ថា "សូម​ឲ្យ​ព្រះបាទ​អ័ដូ‌នីយ៉ា​មាន​ព្រះជន្ម​យឺន​យូរ!"។ តែ​លោក​មិន​បាន​អញ្ជើញ​ទូល‌បង្គំ ជា​អ្នក​បម្រើ​របស់​ទ្រង់ សង្ឃ​សាដុក បេ‌ណា‌យ៉ា កូន​យេហូ‌យ៉ា‌ដា និង​សាឡូម៉ូន ជា​អ្នក​បម្រើ​របស់​ទ្រង់ ទៅ​ចូល​រួម​ទេ។ តើ​ព្រះ‌ករុណា​ជា​អម្ចាស់​នៃ​ទូល‌បង្គំ​បាន​បង្គាប់​ការ​នេះ ដោយ​ឥត​ប្រាប់​ឲ្យ​ទូល‌បង្គំ​ដឹង​ថា អ្នក​ណា​ដែល​ត្រូវ​អង្គុយ​លើ​បល្ល័ង្ក​របស់​ព្រះ‌ករុណា​ត​ពី​ទ្រង់​ឬ?»។

១ ពង្សាវតារក្សត្រ 1:1-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌បាទ​ដាវីឌ​មាន​ព្រះ‌ជន្មាយុ​កាន់​តែ​ជរា​ណាស់​ហើយ ទោះ​បី​គេ​គ្រង​ព្រះ‌ភូសា​ឲ្យ​ស្ដេច​ច្រើន​ជាន់​យ៉ាង​ណា​ក្ដី ក៏​ទ្រង់​ពុំ​អាច​កក់​ក្ដៅ​ដែរ។ ពេល​នោះ ពួក​នាម៉ឺន​មន្ត្រី​ទូល​ព្រះ‌រាជា​ថា៖ «បពិត្រ​ព្រះ‌ករុណា! យើង​ខ្ញុំ​នឹង​រក​ស្រី​ក្រមុំ​មួយ​រូប​មក​ថ្វាយ​ព្រះ‌ករុណា។ នាង​នៅ​បម្រើ និង​មើល​ថែ‌ទាំ​ព្រះ‌ករុណា ហើយ​នាង​ដេក​នៅ​ក្បែរ​ព្រះ‌ករុណា ដើម្បី​ឲ្យ​ព្រះ‌ករុណា​ជា​អម្ចាស់​បាន​កក់‌ក្ដៅ»។ ក្នុង​ទឹក​ដី​អ៊ីស្រា‌អែល​ទាំង​មូល គេ​ស្វែង​រក​បាន​ស្រី​ក្រមុំ​ដ៏​ស្រស់​ស្អាត​មួយ​រូប​ឈ្មោះ នាង​អប៊ី‌សាក នៅ​ភូមិ​ស៊ូ‌ណែម រួច​នាំ​មក​ថ្វាយ​ស្ដេច។ ស្រី​ក្រមុំ​នេះ​មាន​រូប​ឆោម​ល្អ​ដាច់​គេ នាង​នៅ​ថែ‌ទាំ និង​គាល់​បម្រើ​ព្រះ‌រាជា តែ​ព្រះ‌រាជា​ពុំ​បាន​រួម​រស់​ជា​មួយ​នាង​ទេ។ នៅ​គ្រា​នោះ សម្ដេច​អដូ‌នី‌យ៉ា ជា​បុត្រ​របស់​ព្រះ‌បាទ​ដាវីឌ និង​នាង​ហាគីត បាន​លើក​ខ្លួន​ឡើង ទាំង​ពោល​ថា៖ «ខ្ញុំ​នឹង​ឡើង​សោយ​រាជ្យ!»។ សម្ដេច​អដូ‌នី‌យ៉ា​រក​បាន​រទេះ​មួយ និង​សេះ​មួយ​ចំនួន ព្រម​ទាំង​ពល​ទាហាន​ហា‌សិប​នាក់​សម្រាប់​រត់​ពី​មុខ។ តាំង​ពី​កើត​មក បិតា​មិន​ដែល​ស្ដី​បន្ទោស ឬ​ក៏​សួរ​ថា “ហេតុ​អ្វី​បាន​ជា​បុត្រ​ប្រព្រឹត្ត​ដូច្នេះ?”ឡើយ។ សម្ដេច​អដូ‌នី‌យ៉ា​មាន​រូប​សម្បត្តិ​ល្អ​ស្អាត ហើយ​ជា​បុត្រ​មួយ​អង្គ ដែល​ប្រសូត​បន្ទាប់​ពី​សម្ដេច​អាប់‌សា‌ឡុម។ សម្ដេច​អដូ‌នី‌យ៉ា​បាន​ពិភាក្សា​ជា​មួយ​លោក​យ៉ូអាប់ ជា​កូន​របស់​អ្នក​ស្រី​សេរូយ៉ា និង​ជា​មួយ​លោក​បូជា‌ចារ្យ​អបៀ‌ថើរ។ លោក​ទាំង​ពីរ​ក៏​រួម​គំនិត​ជា​មួយ​សម្ដេច​អដូ‌នី‌យ៉ា។ ផ្ទុយ​ទៅ​វិញ លោក​បូជា‌ចារ្យ​សាដុក លោក​បេណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា ព្យាការី​ណាថាន ព្រម​ទាំង​លោក​ស៊ី‌ម៉ៃ លោក​រេអ៊ី និង​នាយ​ទាហាន​ដ៏​អង់‌អាច​របស់​ព្រះ‌បាទ​ដាវីឌ មិន​បាន​ចូល​រួម​ជា​មួយ​សម្ដេច​អដូ‌នី‌យ៉ា​ទេ។ ថ្ងៃ​មួយ សម្ដេច​អដូ‌នី‌យ៉ា​បាន​រៀបចំ​ពិធី​បុណ្យ​មួយ នៅ “ថ្ម​សូហេ‌លែត” ជិត​អេន‌រូកែល ដោយ​សម្លាប់​ចៀម និង​គោ ព្រម​ទាំង​កូន​គោ​បំប៉ន ធ្វើ​យញ្ញ‌បូជា​នៅ​ទី​នោះ។ សម្ដេច​យាង​បុត្រា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌បាទ​ដាវីឌ និង​អញ្ជើញ​មេ‌ទ័ព​ទាំង​អស់​នៅ​ស្រុក​យូដា ដែល​ជា​អ្នក​បម្រើ​របស់​ព្រះ‌រាជា មក​ចូល​រួម​ក្នុង​ពិធី​បុណ្យ​នោះ។ ប៉ុន្តែ សម្ដេច​មិន​អញ្ជើញ​ព្យាការី​ណាថាន លោក​បេ‌ណា‌យ៉ា ពួក​នាយ​ទាហាន​ដ៏​អង់‌អាច និង​យាង​សម្ដេច​សាឡូម៉ូន ជា​អនុជ​មក​ចូល​រួម​ទេ។ ពេល​នោះ លោក​ណាថាន​ពោល​ទៅ​កាន់​នាង​បាត‌សេ‌បា ជា​មាតា​របស់​សម្ដេច​សាឡូម៉ូន​ថា៖ «តើ​នាង​មិន​ជ្រាប​ទេ​ថា សម្ដេច​អដូ‌នី‌យ៉ា ជា​បុត្រ​របស់​នាង​ហាគីត បាន​តាំង​ខ្លួន​ធ្វើ​ជា​ស្ដេច ប៉ុន្តែ ព្រះ‌បាទ​ដាវីឌ​ជា​អម្ចាស់​របស់​យើង​មិន​បាន​ជ្រាប​ទេ។ ឥឡូវ​នេះ ខ្ញុំ​សូម​ជូន​យោបល់​ដល់​នាង ដើម្បី​សង្គ្រោះ​ជីវិត​នាង និង​ជីវិត​សម្ដេច​សាឡូម៉ូន ជា​បុត្រ​របស់​នាង។ សូម​អញ្ជើញ​ចូល​ទៅ​គាល់​ព្រះ‌បាទ​ដាវីឌ ហើយ​ទូល​ដូច​ត​ទៅ: “បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់ ព្រះ‌ករុណា​បាន​ស្បថ​នឹង​ខ្ញុំ​ម្ចាស់​ថា សាឡូម៉ូន ជា​បុត្រ​របស់​ខ្ញុំ​ម្ចាស់ នឹង​ឡើង​គ្រង​រាជ្យ​បន្ត​ពី​ព្រះ‌ករុណា គឺ​បុត្រ​នេះ​ហើយ​ដែល​នឹង​គង់​លើ​បល្ល័ង្ក​របស់​ពី​ព្រះ​ករុណា។ ហេតុ​អ្វី​បាន​ជា​អដូ‌នី‌យ៉ា​ឡើង​គ្រង​រាជ្យ​ទៅ​វិញ?”»។ លោក​ណាថាន​ពោល​ទៀត​ថា៖ «ពេល​នាង​ទូល​ស្ដេច​ចប់​ហើយ ខ្ញុំ​ក៏​នឹង​ចូល​ទៅ​គាល់​ស្ដេច​តាម​ក្រោយ​ដែរ ខ្ញុំ​នឹង​បញ្ជាក់​ពាក្យ​សម្ដី​ទាំង​ប៉ុន្មាន​ដែល​នាង​បាន​ទូល​នោះ»។ នាង​បាត‌សេ‌បា​ក៏​ចូល​ទៅ​គាល់​ស្ដេច នៅ​ក្នុង​ក្រឡា‌បន្ទំ។ ពេល​នោះ ព្រះ‌រាជា​មាន​ព្រះ‌ជន្មាយុ​ជរា​ណាស់​ហើយ ហើយ​នាង​អប៊ី‌សាក ជា​អ្នក​ភូមិ​ស៊ូ‌ណែម កំពុង​តែ​នៅ​បម្រើ​ព្រះ‌រាជា។ នាង​បាត‌សេ‌បា​លុត​ជង្គង់​ថ្វាយ‌បង្គំ​ព្រះ‌រាជា ហើយ​ព្រះ‌រាជា​សួរ​នាង​ថា៖ «តើ​នាង​មាន​ការ​អ្វី?»។ នាង​ទូល​ថា៖ «ព្រះ​ករុណា​ជា​អម្ចាស់ ទ្រង់​បាន​ស្បថ​នឹង​ខ្ញុំ​ម្ចាស់ ក្នុង​នាម​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ព្រះ‌ករុណា​ថា សាឡូម៉ូន​ជា​បុត្រ​របស់​ខ្ញុំ​ម្ចាស់ នឹង​ឡើង​គ្រង​រាជ្យ​បន្ត​ពី​ព្រះ‌ករុណា គឺ​បុត្រ​នេះ​ហើយ​ដែល​នឹង​គង់​លើ​បល្ល័ង្ក​របស់​ព្រះ‌ករុណា។ ប៉ុន្តែ ឥឡូវ​នេះ ម្ដេច​ក៏​អដូ‌នី‌យ៉ា​ឡើង​គ្រង​រាជ្យ​ទៅ​វិញ តើ​ព្រះ‌ករុណា​ជា​អម្ចាស់​ពុំ​ជ្រាប​ទេ​ឬ? អដូ‌នី‌យ៉ា​បាន​សម្លាប់​គោ​ឈ្មោល កូន​គោ​បំប៉ន និង​ចៀម​យ៉ាង​ច្រើន ធ្វើ​យញ្ញ‌បូជា។ អដូ‌នី‌យ៉ា​បាន​យាង​បុត្រា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌ករុណា ព្រម​ទាំង​អញ្ជើញ​លោក​បូជា‌ចារ្យ​អបៀ‌ថើរ និង​លោក​មេ‌ទ័ព​យ៉ូអាប់ តែ​ពុំ​បាន​យាង​សាឡូម៉ូន ជា​បុត្រ​របស់​ព្រះ‌ករុណា​ឲ្យ​ទៅ​ចូល​រួម​ទេ។ បពិត្រ​ព្រះ​ករុណា​ជា​អម្ចាស់! ឥឡូវ​នេះ ប្រជា‌ជន​អ៊ីស្រា‌អែល​រង់‌ចាំ​តែ​ព្រះ‌ករុណា​ប្រកាស​ថា តើ​នរណា​នឹង​ឡើង​ស្នង​រាជ្យ​បន្ត​ពី​ព្រះ‌ករុណា។ បើ​មិន​ដូច្នោះ​ទេ កាល​ណា​ព្រះ‌ករុណា​លា​ចាក​លោក​នេះ​ទៅ នោះ​គេ​មុខ​ជា​ចាត់​ទុក​ខ្ញុំ​ម្ចាស់ និង​សាឡូម៉ូន​ជា​បុត្រ​របស់​ខ្ញុំ​ម្ចាស់ ថា​ជា​អ្នក​ទោស​មិន​ខាន»។ កាល​នាង​បាត‌សេ‌បា​កំពុង​តែ​ទូល​ស្ដេច នោះ​ព្យាការី​ណាថាន​ចូល​មក​ដល់។ គេ​ទៅ​ទូល​ស្ដេច​ថា ព្យាការី​ណាថាន​អញ្ជើញ​មក​ដល់​ហើយ។ លោក​ណាថាន​ចូល​គាល់​ស្ដេច ដោយ​ក្រាប​ថ្វាយ‌បង្គំ ឱន​មុខ​ដល់​ដី។ បន្ទាប់​មក លោក​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់! តើ​ព្រះ‌ករុណា​ឬ ដែល​បាន​សម្រេច​ឲ្យ​សម្ដេច​អដូ‌នី‌យ៉ា​ឡើង​គ្រង​រាជ្យ​បន្ត​ពី​ព្រះ‌ករុណា ហើយ​គង់​លើ​បល្ល័ង្ក​របស់​ព្រះ‌ករុណា? ដ្បិត​ថ្ងៃ​នេះ សម្ដេច​អដូ‌នី‌យ៉ា​យាង​ទៅ “ថ្ម​សូហេ‌លែត” ហើយ​សម្លាប់​គោ​ឈ្មោល កូន​គោ​បំប៉ន និង​ចៀម​យ៉ាង​ច្រើន ធ្វើ​យញ្ញ‌បូជា។ សម្ដេច​បាន​យាង​បុត្រា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌ករុណា ព្រម​ទាំង​អញ្ជើញ​ពួក​មេ‌ទ័ព និង​លោក​បូជា‌ចារ្យ​អបៀ‌ថើរ ទៅ​ចូល​រួម​ផង។ ឥឡូវ​នេះ ពួក​គេ​កំពុង​តែ​ជប់‌លៀង​ជា​មួយ​សម្ដេច​អដូ‌នី‌យ៉ា​ទាំង​ស្រែក​ថា“ជយោ​ព្រះ‌បាទ​អដូ‌នី‌យ៉ា!”។ ប៉ុន្តែ សម្ដេច​មិន​បាន​អញ្ជើញ​ទូលបង្គំ ជា​អ្នក​បម្រើ​ព្រះ‌ករុណា ឬ​លោក​បូជា‌ចារ្យ​សាដុក លោក​បេណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា ហើយ​ក៏​មិន​បាន​យាង​សម្ដេច​សាឡូម៉ូន ជា​រាជ‌បុត្រ​របស់​ព្រះ‌ករុណា ទៅ​ចូល​រួម​ដែរ។ តើ​ព្រះ‌ករុណា​ជា​អម្ចាស់​ឬ ដែល​បាន​សម្រេច​អភិសេក​រាជ‌បុត្រ​ឲ្យ​ឡើង​គ្រង​រាជ្យ​បន្ត​ពី​ព្រះ‌ករុណា ដោយ​មិន​ឲ្យ​ទូលបង្គំ​ទាំង​អស់​គ្នា​ដែល​ជា​អ្នក​បម្រើ​ដឹង?»។

១ ពង្សាវតារក្សត្រ 1:1-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

គ្រា​នោះ ស្តេច​ដាវីឌ ទ្រង់​មាន​ព្រះ‌ជន្មាយុ​កន្លង​បង់​ហើយ គេ​ដណ្តប់​សំពត់​ថ្វាយ​ទ្រង់​ជា​ច្រើន តែ​ទ្រង់​មិន​កក់‌ក្តៅ​ទេ ហេតុ​នោះ​បាន​ជា​ពួក​មហា‌តលិក​ទ្រង់​ទូល​ថា សូម​ឲ្យ​គេ​ទៅ​រក​ស្រី​ក្រមុំ​១ មក​ថ្វាយ​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ ឲ្យ​នាង​បាន​ឈរ​នៅ​ចំពោះ​ទ្រង់ ដើម្បី​នឹង​ថែ‌ទាំ​ទ្រង់ ហើយ​ឲ្យ​នាង​បាន​ដេក​ឱប​ទ្រង់ ប្រយោជន៍​ឲ្យ​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់ បាន​កក់‌ក្តៅ ដូច្នេះ គេ​ក៏​ចេញ​ទៅ ស្វែង​រក​ស្រី​ក្រមុំ​យ៉ាង​ល្អ នៅ​គ្រប់​ក្នុង​ស្រុក​អ៊ីស្រាអែល បាន​ប្រទះ​នឹង​នាង​អ័ប៊ី‌សាក ជា​អ្នក​ស្រុក​ស៊ូណែម ហើយ​នាំ​នាង​មក​ថ្វាយ​ស្តេច នាង​នោះ​មាន​រូប​រាង​ស្រស់​ល្អ​ណាស់ ហើយ​ក៏​ថែ‌ទាំ​បំរើ​ស្តេច តែ​ទ្រង់​មិន​បាន​រួម​រស់​នឹង​នាង​សោះ។ ខណ​នោះ អ័ដូ‌នីយ៉ា ជា​បុត្រ​នៃ​នាង​ហាគីត ក៏​លើក​ខ្លួន​ឡើង ដោយ​ពាក្យ​ថា យើង​នឹង​ធ្វើ​ជា​ស្តេច ដូច្នេះទ្រង់​ក៏​ត្រៀម​រទេះ​ចំបាំង នឹង​ពួក​ពល​សេះ ព្រម​ទាំង​មនុស្ស​៥០​នាក់ ឲ្យ​រត់​នាំ​មុខ​ទ្រង់ ឯ​ព្រះ‌បិតា​របស់​ទ្រង់​មិន​ដែល​ធ្វើ​ឲ្យ​ទាស់​ចិត្ត​ម្តង ដោយ​ពាក្យ​ថា ហេតុ​អ្វី​បាន​ជា​ធ្វើ​ដូច្នេះ​នោះ​ឡើយ ១​ទៀត​ទ្រង់​ជា​មនុស្ស​មាន​រូប​រាង​ល្អ​ណាស់ ទ្រង់​បាន​ប្រសូត​មក​ក្រោយ​អាប់‌សា‌ឡំម ទ្រង់​ពិគ្រោះ​នឹង​យ៉ូអាប់ ជា​កូន​សេរូយ៉ា ហើយ​នឹង​អ័បៀ‌ថើរ ដ៏​ជា​សង្ឃ គេ​ទាំង​២​ក៏​តាម​ជួយ តែ​សាដុក​ដ៏​ជា​សង្ឃ បេណាយ៉ា​ជា​កូន​យេហូ‌យ៉ាដា ហោរា​ណាថាន់ ស៊ីម៉ាយ ហើយ​រេអ៊ី ព្រម​ទាំង​ពួក​អ្នក​ខ្លាំង​ពូកែ​របស់​ដាវីឌ គេ​មិន​បាន​ចូល​ដៃ​ជួយ​អ័ដូ‌នីយ៉ា​ទេ ទ្រង់​ក៏​សំឡាប់​ចៀម គោ នឹង​សត្វ​យ៉ាង​ធាត់​នៅ​ត្រង់​ថ្ម​សូហេ‌លែត ដែល​នៅ​ជិត​អេន-រ៉ូកេល ទ្រង់​អញ្ជើញ​ពួក​បង​ប្អូន​ទាំង​អស់ ជា​បុត្រា​ស្តេច នឹង​ពួក​ជន‌ជាតិ​យូដា​ទាំង​ប៉ុន្មាន ដែល​ជា​អ្នក​ថែ​រក្សា​ហ្លួង​ដែរ តែ​មិន​បាន​អញ្ជើញ​ហោរា​ណាថាន់ បេណាយ៉ា នឹង​ពួក​មនុស្ស​ខ្លាំង​ពូកែ ឬ​សាឡូម៉ូន ជា​អនុជ​ទ្រង់​ទេ។ ដូច្នេះ ណាថាន់​ក្រាប​ទូល​ដល់​បាត‌សេបា ជា​មាតា​សាឡូម៉ូនថា តើ​ព្រះ‌នាង​មិន​បាន​ជ្រាប​ថា អ័ដូ‌នីយ៉ា ជា​កូន​ហាគីត បាន​ឡើង​សោយ‌រាជ្យ ឥត​ជ្រាប​ដល់​ដាវីឌ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា​ផង​ទេ​ឬ​អី ដូច្នេះ សូម​ព្រះ‌នាង​មក ឲ្យ​ទូលបង្គំ​បាន​ជួយ​គំនិត​ខ្លះ ប្រយោជន៍​ឲ្យ​បាន​រួច​ជីវិត​របស់​ព្រះ‌នាង នឹង​ជីវិត​របស់​សាឡូម៉ូន ជា​បុត្រ​ផង​ដែរ សូម​ចូល​ទៅ​គាល់​ស្តេច​ដាវីឌ​ទូល​ថា បពិត្រ​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់ តើ​ទ្រង់​មិន​បាន​ស្បថ​នឹង​ខ្ញុំ​ម្ចាស់ ជា​បាវ​បំរើ​ទ្រង់​ថា ត្រូវ​ឲ្យ​សាឡូម៉ូន ជា​កូន​ឯង សោយ‌រាជ្យ​ក្រោយ​អញ​ជា​ពិត ក៏​ត្រូវ​អង្គុយ​លើ​បល្ល័ង្ក​អញ​នោះ​ទេ​ឬ​អី ដូច្នេះ ហេតុ​អ្វី​បាន​ជា​អ័ដូ‌នីយ៉ា​សោយ‌រាជ្យ​វិញ មើល កំពុង​ដែល​ព្រះ‌នាង​នៅ​ទូល​នឹង​ស្តេច ក្នុង​ទី​នោះ​នៅ​ឡើយ នោះ​ទូលបង្គំ​នឹង​ចូល​ទៅ​តាម​ក្រោយ ហើយ​នឹង​បញ្ជាក់​ពាក្យ​របស់​ព្រះ‌នាង​ដែរ។ បាត‌សេបា​ក៏​ចូល​ទៅ​គាល់​ស្តេច នៅ​ក្នុង​បន្ទប់​ក្រឡា​ព្រះ‌បន្ទំ រីឯ​ស្តេច ទ្រង់​ជរា​ណាស់​ហើយ ក៏​មាន​នាង​អ័ប៊ី‌សាក ពី​ស៊ូណែម នាង​កំពុង​តែ​បំរើ​ទ្រង់ បាត‌សេបា​ក៏​ឱន​ខ្លួន​គោរព​នៅ​ចំពោះ​ស្តេច រួច​ស្តេច​ទ្រង់​មាន​បន្ទូល​សួរ​ថា តើ​មក​មាន​ប្រាថ្នា​អ្វី ព្រះ‌នាង​ទូល​ឆ្លើយ​ថា បពិត្រ​ព្រះ‌អម្ចាស់​អើយ ទ្រង់​បាន​ស្បថ​នឹង​ខ្ញុំ​ម្ចាស់ ជា​បាវ​បំរើ​ទ្រង់ ដោយ​នូវ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់​ថា សាឡូម៉ូន​ជា​កូន​ឯង នឹង​ឡើង​សោយ‌រាជ្យ​ក្រោយ​អញ​ជា​ពិត ហើយ​នឹង​អង្គុយ​លើ​បល្ល័ង្ក​អញ​មិន​មែន​ឬ តែ​មើល ឥឡូវ​នេះ អ័ដូ‌នីយ៉ា​បាន​ឡើង​សោយ‌រាជ្យ​ហើយ ទ្រង់​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់​ឥត​បាន​ជ្រាប​ទេ វា​បាន​សំឡាប់​គោ នឹង​ចៀម ហើយ​សត្វ​យ៉ាង​ធាត់ៗ​ជា​ច្រើន ក៏​បាន​អញ្ជើញ​ពួក​បុត្រា​ទាំង​អស់​នៃ​ព្រះ‌ករុណា ព្រម​ទាំង​អ័បៀ‌ថើរ​ដ៏​ជា​សង្ឃ នឹង​យ៉ូអាប់ ជា​មេ‌ទ័ព​ដែរ តែ​ឯ​សាឡូម៉ូន ជា​បាវ​បំរើ​ទ្រង់ នោះ​គេ​មិន​បាន​ហៅ​ទៅ​ទេ ដូច្នេះ ឱ​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់​អើយ ភ្នែក​នៃ​ពួក​អ៊ីស្រាអែល​ទាំង​អស់ គេ​គន់​មើល​មក​ទ្រង់ ចាំ​តែ​ទ្រង់​ប្រាប់​ឲ្យ​គេ​ដឹង ជា​អ្នក​ណា​ដែល​ត្រូវ​គង់​លើ​បល្ល័ង្ក​រាជ្យ​របស់​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​ត​ពី​ទ្រង់​ទៅ បើ​ពុំ​នោះ ដល់​កាល​ណា​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់ ទ្រង់​ផ្ទំ​លក់​ទៅ​ជា​មួយ​នឹង​ពួក​ឰយុកោ​ទ្រង់ នោះ​ខ្ញុំ​ម្ចាស់ នឹង​សាឡូម៉ូន ជា​កូន​របស់​ខ្ញុំ​ម្ចាស់ នឹង​ត្រូវ​រាប់​ទុក​ជា​មនុស្ស​ប្រទាំង​ការ​ហើយ។ លុះ​កាល​ព្រះ‌នាង​កំពុង​តែ​ក្រាប ទូល​នឹង​ស្តេច​នៅ​ឡើយ នោះ​ហោរា​ណាថាន់ ក៏​ចូល​មក​ដល់ គេ​ទូល​ស្តេច​ថា បពិត្រ​ព្រះ‌រាជា ហោរា​ណាថាន់​មក​គាល់​ហើយ រួច​កាល​លោក​បាន​ចូល​មក​ដល់​ចំពោះ​ស្តេច​ហើយ នោះ​ក៏​ក្រាប​ផ្កាប់​មុខ​ដល់​ដី​នៅ​ចំពោះ​ទ្រង់​ទូល​ថា បពិត្រ​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ​អើយ តើ​ទ្រង់​បាន​មាន​បន្ទូល​ថា អ័ដូ‌នីយ៉ា​ត្រូវ​ឡើង​សោយ‌រាជ្យ​ត​ពី​ទ្រង់ ហើយ​គង់​លើ​បល្ល័ង្ក​រាជ្យ​ឬ​អី ដ្បិត​នៅ​ថ្ងៃ​នេះ លោក​បាន​ចុះ​ទៅ​សំឡាប់​គោ នឹង​ចៀម ហើយ​សត្វ​យ៉ាង​ធាត់ៗ​ជា​ច្រើន ក៏​បាន​អញ្ជើញ​ពួក​បុត្រា​ទាំង​ប៉ុន្មាន នៃ​ព្រះ‌ករុណា ព្រម​ទាំង​ពួក​មេ‌ទ័ព នឹង​អ័បៀ‌ថើរ​ដ៏​ជា​សង្ឃ​ផង មើល គេ​កំពុង​តែ​លៀង‌លោម​គ្នា នៅ​ចំពោះ​មុខ​លោក ដោយ​បន្លឺ​វាចា​ថា សូម​ឲ្យ​ស្តេច​អ័ដូ‌នីយ៉ា​ប្រកប​ដោយ​សេចក្ដី​ចំរើន​ចុះ តែ​ឯ​ទូលបង្គំ ជា​បាវ​បំរើ​ទ្រង់ ហើយ​សាដុក​ដ៏​ជា​សង្ឃ បេណាយ៉ា ជា​កូន​យេហូ‌យ៉ាដា នឹង​សាឡូម៉ូន ជា​អ្នក​បំរើ​ទ្រង់ នោះ​លោក​មិន​បាន​អញ្ជើញ​ទៅ​ទេ តើ​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ បាន​បង្គាប់​ការ​នេះ ឥត​ប្រាប់​ឲ្យ​ទូលបង្គំ​ដឹង​ជា​អ្នក​ណា ដែល​ត្រូវ​អង្គុយ​លើ​បល្ល័ង្ក​នៃ​ព្រះ‌ករុណា​ត​ពី​ទ្រង់​ឬ​អី។