១ កូរិនថូស 7:17-24

១ កូរិនថូស 7:17-24 គខប

ក្រៅ​ពី​នេះ ម្នាក់ៗ​ត្រូវ​តែ​រស់​នៅ​ឲ្យ​បាន​ស្រប​តាម​ព្រះ‌អំណោយ​ទាន​ដែល​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ។ នៅ​ពេល​ព្រះ‌ជាម្ចាស់​ត្រាស់​ហៅ បើ​ម្នាក់ៗ​មាន​ភាព​យ៉ាង​ណា ត្រូវ​តែ​រស់​ឲ្យ​ស្រប​តាម​ភាព​នោះ​ត​ទៅ​មុខ​ទៀត​ទៅ។ ខ្ញុំ​តែង​បង្គាប់​ឲ្យ​ក្រុម‌ជំនុំ*​ទាំង​អស់​ធ្វើ​តាម​សេចក្ដី​នេះ។ នៅ​ពេល​ព្រះ‌ជាម្ចាស់​ត្រាស់​ហៅ បើ​អ្នក​ណា​ម្នាក់​កាត់​ស្បែក*​រួច​ហើយ មិន​ត្រូវ​លុប​បំបាត់​ការ​កាត់​ស្បែក​នោះ​ឡើយ បើ​មិន​កាត់​ស្បែក​នៅ​ពេល​ព្រះអង្គ​ត្រាស់​ហៅ ក៏​មិន​បាច់​កាត់​ស្បែក​ដែរ។ ការ​កាត់​ស្បែក ឬ​មិន​កាត់​ស្បែក​នោះ គ្មាន​សារៈ​សំខាន់​អ្វី​សោះ មាន​តែ​ការ​ប្រតិបត្តិ​តាម​បទ‌បញ្ជា*​របស់​ព្រះ‌ជាម្ចាស់​វិញ​ទេ​ដែល​សំខាន់។ នៅ​ពេល​ព្រះអង្គ​ត្រាស់​ហៅ បើ​ម្នាក់ៗ​មាន​ភាព​យ៉ាង​ណា ត្រូវ​តែ​រស់​ឲ្យ​ស្រប​តាម​ភាព​នោះ​ត​ទៅ​មុខ​ទៀត​ទៅ។ ពេល​ព្រះអង្គ​ត្រាស់​ហៅ បើ​បងប្អូន​ជា​ខ្ញុំ​បម្រើ​គេ កុំ​ខ្វល់​ខ្វាយ​អ្វី។ ប៉ុន្តែ បើ​បងប្អូន​អាច​រួច​ខ្លួន ត្រូវ​ឆ្លៀត​ឱកាស​ឲ្យ​បាន​ទៅ​ជា​អ្នក​ជា​ចុះ ដ្បិត​ខ្ញុំ​បម្រើ​ណា​ដែល​ព្រះ‌អម្ចាស់​ត្រាស់​ហៅ ខ្ញុំ​បម្រើ​នោះ​បាន​រួច​ខ្លួន ហើយ​មាន​ឋានៈ​ជា​អ្នក​ជា​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ព្រះអង្គ ចំពោះ​អ្នក​ជា​ណា​ដែល​ព្រះអង្គ​ត្រាស់​ហៅ អ្នក​នោះ​ទៅ​ជា​ខ្ញុំ​បម្រើ​ព្រះ‌គ្រិស្ត។ ព្រះអង្គ​បាន​លោះ​បងប្អូន ដោយ​បង់​ថ្លៃ​យ៉ាង​ច្រើន ហេតុ​នេះ សូម​កុំ​បណ្ដោយ​ខ្លួន​ឲ្យ​ធ្លាក់​ទៅ​ជា​ខ្ញុំ​បម្រើ​របស់​មនុស្ស​ទៀត​ឡើយ។ បងប្អូន​អើយ កាល​ព្រះ‌ជាម្ចាស់​ត្រាស់​ហៅ​បងប្អូន បើ​បងប្អូន​មាន​ភាព​យ៉ាង​ណា ចូរ​ម្នាក់ៗ​ស្ថិត​ក្នុង​ភាព​នោះ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ​ត​ទៅ​មុខ​ទៀត​ទៅ។