១ កូរិនថូស 7:17-24
១ កូរិនថូស 7:17-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
តែទោះជាយ៉ាងណាក៏ដោយ ម្នាក់ៗត្រូវរស់នៅតាមចំណែកដែលព្រះអម្ចាស់បានចែកឲ្យ តាមការដែលព្រះបានត្រាស់ហៅអ្នករាល់គ្នាចុះ។ ខ្ញុំបង្គាប់ដូច្នេះនៅគ្រប់ក្រុមជំនុំទាំងអស់។ បើព្រះអង្គត្រាស់ហៅអ្នកណាពេលកាត់ស្បែករួចហើយ អ្នកនោះមិនត្រូវលុបបំបាត់ស្នាមកាត់ស្បែកនោះឡើយ ហើយបើព្រះអង្គត្រាស់ហៅអ្នកណាដែលមិនបានកាត់ស្បែក អ្នកនោះក៏មិនត្រូវកាត់ស្បែកដែរ។ ព្រោះការកាត់ស្បែកមិនសំខាន់អ្វីទេ ហើយការមិនកាត់ស្បែក នោះក៏មិនសំខាន់អ្វីដែរ តែដែលសំខាន់គឺប្រតិបត្តិតាមបទបញ្ជារបស់ព្រះវិញ។ បើម្នាក់ៗមានសណ្ឋានយ៉ាងណា ក្នុងកាលដែលព្រះត្រាស់ហៅ នោះត្រូវរស់នៅតាមសណ្ឋាននោះចុះ។ ពេលព្រះត្រាស់ហៅ តើអ្នកជាបាវបម្រើគេឬ? កុំខ្វល់ពីរឿងនោះឡើយ តែបើអ្នកអាចដោះខ្លួនបាន ចូរដោះខ្លួនចេញទៅ ដ្បិតក្នុងព្រះអម្ចាស់ អ្នកណាដែលធ្វើជាបាវបម្រើគេ ក្នុងកាលដែលព្រះអម្ចាស់ត្រាស់ហៅ អ្នកនោះជាអ្នកជារបស់ព្រះអម្ចាស់ ហើយអ្នកជាណាដែលព្រះអង្គត្រាស់ហៅ នោះដូចគ្នា គឺអ្នកនោះជាបាវបម្រើរបស់ព្រះគ្រីស្ទវិញ។ ព្រះអង្គបានចេញថ្លៃលោះអ្នករាល់គ្នាហើយ សូមកុំឲ្យត្រឡប់ជាបាវបម្រើរបស់មនុស្សទៀតឡើយ។ បងប្អូនអើយ អ្នករាល់គ្នាមានសណ្ឋានយ៉ាងណា ក្នុងកាលដែលព្រះត្រាស់ហៅ នោះត្រូវរស់នៅតាមសណ្ឋាននោះនៅចំពោះព្រះចុះ។
១ កូរិនថូស 7:17-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក្រៅពីនេះ ម្នាក់ៗត្រូវតែរស់នៅឲ្យបានស្របតាមព្រះអំណោយទានដែលព្រះអម្ចាស់ប្រទានឲ្យ។ នៅពេលព្រះជាម្ចាស់ត្រាស់ហៅ បើម្នាក់ៗមានភាពយ៉ាងណា ត្រូវតែរស់ឲ្យស្របតាមភាពនោះតទៅមុខទៀតទៅ។ ខ្ញុំតែងបង្គាប់ឲ្យក្រុមជំនុំ*ទាំងអស់ធ្វើតាមសេចក្ដីនេះ។ នៅពេលព្រះជាម្ចាស់ត្រាស់ហៅ បើអ្នកណាម្នាក់កាត់ស្បែក*រួចហើយ មិនត្រូវលុបបំបាត់ការកាត់ស្បែកនោះឡើយ បើមិនកាត់ស្បែកនៅពេលព្រះអង្គត្រាស់ហៅ ក៏មិនបាច់កាត់ស្បែកដែរ។ ការកាត់ស្បែក ឬមិនកាត់ស្បែកនោះ គ្មានសារៈសំខាន់អ្វីសោះ មានតែការប្រតិបត្តិតាមបទបញ្ជា*របស់ព្រះជាម្ចាស់វិញទេដែលសំខាន់។ នៅពេលព្រះអង្គត្រាស់ហៅ បើម្នាក់ៗមានភាពយ៉ាងណា ត្រូវតែរស់ឲ្យស្របតាមភាពនោះតទៅមុខទៀតទៅ។ ពេលព្រះអង្គត្រាស់ហៅ បើបងប្អូនជាខ្ញុំបម្រើគេ កុំខ្វល់ខ្វាយអ្វី។ ប៉ុន្តែ បើបងប្អូនអាចរួចខ្លួន ត្រូវឆ្លៀតឱកាសឲ្យបានទៅជាអ្នកជាចុះ ដ្បិតខ្ញុំបម្រើណាដែលព្រះអម្ចាស់ត្រាស់ហៅ ខ្ញុំបម្រើនោះបានរួចខ្លួន ហើយមានឋានៈជាអ្នកជានៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គ ចំពោះអ្នកជាណាដែលព្រះអង្គត្រាស់ហៅ អ្នកនោះទៅជាខ្ញុំបម្រើព្រះគ្រិស្ត។ ព្រះអង្គបានលោះបងប្អូន ដោយបង់ថ្លៃយ៉ាងច្រើន ហេតុនេះ សូមកុំបណ្ដោយខ្លួនឲ្យធ្លាក់ទៅជាខ្ញុំបម្រើរបស់មនុស្សទៀតឡើយ។ បងប្អូនអើយ កាលព្រះជាម្ចាស់ត្រាស់ហៅបងប្អូន បើបងប្អូនមានភាពយ៉ាងណា ចូរម្នាក់ៗស្ថិតក្នុងភាពនោះ នៅចំពោះព្រះភ័ក្ត្រព្រះអង្គតទៅមុខទៀតទៅ។
១ កូរិនថូស 7:17-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តែត្រូវឲ្យគ្រប់គ្នាដើរតាមដែលព្រះអម្ចាស់បានចែកឲ្យ ហើយតាមដែលព្រះបានហៅមករៀងខ្លួន ខ្ញុំក៏តាំងរបៀបយ៉ាងដូច្នេះ ក្នុងគ្រប់ទាំងពួកជំនុំដែរ បើទ្រង់បានហៅអ្នកណាដែលកាត់ស្បែកហើយ កុំឲ្យអ្នកនោះត្រឡប់ដូចជាមិនកាត់ស្បែកវិញឡើយ បើទ្រង់ហៅអ្នកណាដែលមិនបានកាត់ស្បែក កុំឲ្យអ្នកនោះកាត់ស្បែកឲ្យសោះ ព្រោះការកាត់ស្បែកមិនជាអ្វីទេ ឬដែលមិនកាត់ស្បែក នោះក៏មិនជាអ្វីដែរ តែដែលមានប្រយោជន៍ នោះគឺស្រេចនឹងកាន់តាមបញ្ញត្តរបស់ព្រះវិញ បើមនុស្សមានសណ្ឋានជាយ៉ាងណា ក្នុងកាលដែលព្រះទ្រង់ហៅ នោះឲ្យប្រព្រឹត្តតាមសណ្ឋាននោះចុះ កាលទ្រង់ហៅអ្នកមក តើអ្នកជាបាវបំរើគេឬអី កុំឲ្យព្រួយពីសេចក្ដីនោះឡើយ តែបើអាចនឹងដោះខ្លួនរួច នោះស៊ូដោះខ្លួនចេញទៅ ដ្បិតអ្នកណាដែលធ្វើជាបាវបំរើគេ ក្នុងកាលដែលព្រះអម្ចាស់ហៅមក នោះជាអ្នកជារបស់ព្រះអម្ចាស់ ហើយអ្នកជាណាដែលទ្រង់ហៅមក នោះជាបាវបំរើនៃព្រះគ្រីស្ទវិញ ទ្រង់បានចេញថ្លៃលោះអ្នករាល់គ្នាហើយ ដូច្នេះ កុំឲ្យត្រឡប់ជាបាវបំរើរបស់មនុស្សទៀតឡើយ បងប្អូនអើយ អ្នករាល់គ្នាមានសណ្ឋានយ៉ាងណា ក្នុងកាលដែលព្រះទ្រង់ហៅមក នោះឲ្យប្រព្រឹត្តតាមសណ្ឋាននោះ នៅចំពោះទ្រង់ចុះ។