១ កូរិនថូស 4:7-10

១ កូរិនថូស 4:7-10 គខប

តើ​មាន​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ប្រសើរ​ជាង​អ្នក​ឯ​ទៀតៗ? អ្វីៗ​ដែល​អ្នក​មាន គឺ​សុទ្ធ​តែ​បាន​ទទួល​ពី​ព្រះ‌ជាម្ចាស់​ទេ​តើ!។ បើ​អ្នក​បាន​ទទួល​ពី​ព្រះអង្គ​ដូច្នេះ ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​អួត​ខ្លួន ធ្វើ​ហាក់​ដូច​ជា​មិន​មែន​មក​ពី​ព្រះអង្គ​ទៅ​វិញ? បងប្អូន​បាន​ឆ្អែត​ស្កប់‌ស្កល់​ហើយ! បងប្អូន​មាន​ស្ដុក‌ស្ដម្ភ​ហើយ! បងប្អូន​បាន​ឡើង​សោយ​រាជ្យ​ហើយ តែ​យើង​អត់​បាន​ទេ!។ ខ្ញុំ​ចង់​ឲ្យ​បងប្អូន​បាន​ឡើង​សោយ​រាជ្យ​ពិត​ប្រាកដ​មែន ដើម្បី​ឲ្យ​យើង​បាន​ឡើង​សោយ​រាជ្យ​រួម​ជា​មួយ​បងប្អូន​ផង។ បើ​តាម​ខ្ញុំ​យល់​ឃើញ ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​យើង ដែល​ជា​សាវ័ក*​មាន​ឋានៈ​ទាប​ជាង​គេ គឺ​ទុក​ដូច​ជា​អ្នក​ដែល​ត្រូវ​គេ​កាត់​ទោស​ប្រហារ​ជីវិត​នៅ​ទី​សាធារណៈ​ឲ្យ​គ្រប់ៗ​គ្នា​ឃើញ ទាំង​ទេវតា* ទាំង​មនុស្ស​លោក។ យើង​ជា​មនុស្ស​លេលា ព្រោះ​តែ​ព្រះ‌គ្រិស្ត រីឯ​បងប្អូន​វិញ បងប្អូន​ជា​អ្នក​ចេះ​ដឹង​រួម​ជា​មួយ​ព្រះ‌គ្រិស្ត យើង​ជា​មនុស្ស​ទន់​ខ្សោយ តែ​បងប្អូន​ជា​មនុស្ស​ខ្លាំង​ពូកែ បងប្អូន​មាន​កិត្តិ‌យស តែ​យើង​ត្រូវ​គេ​មើល‌ងាយ។