១ កូរិនថូស 4:7-10
១ កូរិនថូស 4:7-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដ្បិតតើអ្នកណាធ្វើឲ្យអ្នកផ្សេងពីគេ? តើអ្នកមានអ្វីដែលអ្នកមិនបានទទួល? ចុះបើអ្នកបានទទួលហើយ ហេតុអ្វីបានជាអ្នកអួតខ្លួន ហាក់ដូចជាអំណោយទាននោះមិនមែនមកពីព្រះអង្គ? អ្នករាល់គ្នាឆ្អែតស្កប់ស្កល់ហើយ! អ្នករាល់គ្នាមានស្ដុកស្ដម្ភហើយ! បើឥតមានយើង អ្នករាល់គ្នាបានត្រឡប់ជាស្ដេចហើយ! ខ្ញុំចង់ឲ្យអ្នករាល់គ្នាបានសោយរាជ្យមែន ដើម្បីឲ្យយើងបានសោយរាជ្យជាមួយអ្នករាល់គ្នាផង! ដ្បិតខ្ញុំគិតថា ព្រះបានដាក់យើង ដែលជាពួកសាវកឲ្យនៅក្រោយគេបង្អស់ ដូចជាអ្នកដែលត្រូវគេកាត់ទោសប្រហារជីវិត ព្រោះយើងបានត្រឡប់ជាទស្សនីយភាពបង្ហាញឲ្យមនុស្សលោកឃើញ ទាំងពួកទេវតា ទាំងមនុស្សលោក។ យើងជាមនុស្សល្ងង់ល្ងើដោយព្រោះព្រះគ្រីស្ទ តែអ្នករាល់គ្នាវិញជាអ្នកប្រាជ្ញក្នុងព្រះគ្រីស្ទ យើងទន់ខ្សោយ តែអ្នករាល់គ្នាខ្លាំង អ្នករាល់គ្នាមានកិត្តិយស តែយើងអាប់ឱនកេរ្តិ៍ឈ្មោះ។
១ កូរិនថូស 4:7-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
តើមានអ្វីដែលធ្វើឲ្យអ្នកប្រសើរជាងអ្នកឯទៀតៗ? អ្វីៗដែលអ្នកមាន គឺសុទ្ធតែបានទទួលពីព្រះជាម្ចាស់ទេតើ!។ បើអ្នកបានទទួលពីព្រះអង្គដូច្នេះ ហេតុដូចម្ដេចបានជាអ្នកអួតខ្លួន ធ្វើហាក់ដូចជាមិនមែនមកពីព្រះអង្គទៅវិញ? បងប្អូនបានឆ្អែតស្កប់ស្កល់ហើយ! បងប្អូនមានស្ដុកស្ដម្ភហើយ! បងប្អូនបានឡើងសោយរាជ្យហើយ តែយើងអត់បានទេ!។ ខ្ញុំចង់ឲ្យបងប្អូនបានឡើងសោយរាជ្យពិតប្រាកដមែន ដើម្បីឲ្យយើងបានឡើងសោយរាជ្យរួមជាមួយបងប្អូនផង។ បើតាមខ្ញុំយល់ឃើញ ព្រះជាម្ចាស់ប្រទានឲ្យយើង ដែលជាសាវ័ក*មានឋានៈទាបជាងគេ គឺទុកដូចជាអ្នកដែលត្រូវគេកាត់ទោសប្រហារជីវិតនៅទីសាធារណៈឲ្យគ្រប់ៗគ្នាឃើញ ទាំងទេវតា* ទាំងមនុស្សលោក។ យើងជាមនុស្សលេលា ព្រោះតែព្រះគ្រិស្ត រីឯបងប្អូនវិញ បងប្អូនជាអ្នកចេះដឹងរួមជាមួយព្រះគ្រិស្ត យើងជាមនុស្សទន់ខ្សោយ តែបងប្អូនជាមនុស្សខ្លាំងពូកែ បងប្អូនមានកិត្តិយស តែយើងត្រូវគេមើលងាយ។
១ កូរិនថូស 4:7-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដ្បិតតើអ្នកណាបានធ្វើឲ្យអ្នកផ្សេងពីគេ តើអ្នកមានអ្វីខ្លះ ដែលអ្នកមិនបានទទួល ចុះបើបានទទួលមែន ហេតុអ្វីបានជាអួតខ្លួនដូចជាមិនបានទទួលវិញ អ្នករាល់គ្នាឆ្អែតហើយ ក៏ជាអ្នកមានផង កាលឥតពីយើងខ្ញុំ នោះអ្នករាល់គ្នាបានសោយរាជ្យឡើង ហើយខ្ញុំក៏សុខចិត្តឲ្យអ្នករាល់គ្នាបានសោយរាជ្យដែរ ដើម្បីឲ្យយើងខ្ញុំបានសោយរាជ្យជាមួយគ្នា ខ្ញុំស្មានថា ព្រះទ្រង់បានដាក់យើងខ្ញុំ ដែលជាពួកសាវក ឲ្យនៅក្រោយបង្អស់ ហាក់ដូចជាបានដំរូវឲ្យត្រូវស្លាប់ដែរ ពីព្រោះយើងខ្ញុំបានត្រឡប់ជាទីដែលសំរាប់ឲ្យលោកីយបានមើលលេង គឺដល់ទាំងពួកទេវតា នឹងពួកមនុស្សផង យើងខ្ញុំជាមនុស្សល្ងង់ល្ងើដោយយល់ដល់ព្រះគ្រីស្ទ តែអ្នករាល់គ្នាជាអ្នកប្រាជ្ញក្នុងព្រះគ្រីស្ទវិញ យើងខ្ញុំខ្សោយ តែអ្នករាល់គ្នាមានកំឡាំង អ្នករាល់គ្នាមានសេចក្ដីរុងរឿង តែយើងខ្ញុំអាប់ឱនកេរ្តិ៍ឈ្មោះវិញ