១ កូរិនថូស 10:6-12
១ កូរិនថូស 10:6-12 គខប
ហេតុការណ៍ទាំងនោះជាមេរៀនសម្រាប់យើង ដើម្បីកុំឲ្យយើងមានចិត្តប៉ងប្រាថ្នាអាក្រក់ដូចបុព្វបុរសឡើយ។ សូមកុំថ្វាយបង្គំព្រះក្លែងក្លាយដូចបុព្វបុរសខ្លះឲ្យសោះ ដ្បិតមានចែងទុកមកថា «ប្រជាជនអង្គុយបរិភោគបាយទឹក បន្ទាប់មក គេនាំគ្នាក្រោកឡើងរាំសប្បាយ» ។ យើងមិនត្រូវបណ្ដោយខ្លួនឲ្យប្រាសចាកសីលធម៌ដូចបុព្វបុរសខ្លះ ដែលជាហេតុនាំឲ្យគេស្លាប់អស់ពីរម៉ឺនបីពាន់នាក់ ក្នុងរយៈពេលតែមួយថ្ងៃ។ យើងមិនត្រូវល្បងលមើលឫទ្ធិបារមីរបស់ព្រះអម្ចាស់ ដូចបុព្វបុរសខ្លះបានល្បង ហើយត្រូវស្លាប់ ដោយពស់ចឹកនោះឲ្យសោះ។ សូមកុំរអ៊ូរទាំដូចបុព្វបុរសខ្លះដែលបានរអ៊ូរទាំ ហើយត្រូវមច្ចុរាជប្រហារជីវិតនោះឡើយ។ ហេតុការណ៍ទាំងនេះកើតមានដល់ពួកលោកទុកជាមេរៀន ហើយមានចែងទុកក្នុងគម្ពីរ ដើម្បីទូន្មានពួកយើងដែលរស់នៅជំនាន់ចុងក្រោយបង្អស់នេះ។ ដូច្នេះ បើអ្នកណានឹកស្មានថាខ្លួនមានជំហរមាំមួន អ្នកនោះត្រូវប្រយ័ត្ន ក្រែងលោជំពប់ដួលទៅវិញ។


