ព្រះបាទហ៊ីរ៉ាមជាស្ដេចក្រុងទីរ៉ុស បានចាត់អ្នកនាំសារឲ្យមកគាល់ព្រះបាទដាវីឌ ដោយនាំឈើតាត្រៅ ជាងដាប់ថ្ម និងជាងសំណង់ ដើម្បីសង់ដំណាក់មួយថ្វាយព្រះបាទដាវីឌ។ ព្រះបាទដាវីឌឈ្វេងយល់ថា ព្រះអម្ចាស់តែងតាំងទ្រង់ជាស្ដេចលើស្រុកអ៊ីស្រាអែល ហើយរាជសម្បត្តិរបស់ទ្រង់ចម្រុងចម្រើនកាន់តែខ្លាំងឡើងៗ ដោយសារជនជាតិអ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គ។ នៅក្រុងយេរូសាឡឹម ព្រះបាទដាវីឌបានយកមហេសីផ្សេងៗទៀត ហើយបង្កើតបានបុត្រាបុត្រីជាច្រើន។ បុត្ររបស់ស្ដេចដែលប្រសូតនៅក្រុងយេរូសាឡឹម មាននាមដូចតទៅ: សាំមួរ សូបាប់ ណាថាន សាឡូម៉ូន យីបហារ អេលីសួ អែលផាលេត ណូកា នេផេក យ៉ាភា អេលីសាម៉ា បេលីយ៉ាដា និងអេលីផាលេត។ កាលជនជាតិភីលីស្ទីនឮថា ព្រះបាទដាវីឌបានទទួលពិធីចាក់ប្រេងអភិសេកជាស្ដេចលើស្រុកអ៊ីស្រាអែល ពួកគេលើកគ្នាមកតាមចាប់ព្រះបាទដាវីឌ។ ព្រះបាទដាវីឌជ្រាបដំណឹងនេះ ស្ដេចក៏ចេញទៅតទល់នឹងពួកគេ។ ជនជាតិភីលីស្ទីនមកដល់ ហើយទន្ទ្រាននៅជ្រលងភ្នំរេផែម។ ព្រះបាទដាវីឌទូលសួរព្រះជាម្ចាស់ថា៖ «តើទូលបង្គំត្រូវចេញទៅច្បាំងនឹងពួកភីលីស្ទីនឬទេ? តើព្រះអង្គប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់ទូលបង្គំឬទេ?»។ ព្រះអម្ចា ស់មានព្រះបន្ទូលថា៖ «ទៅចុះ! យើងនឹងប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់អ្នក»។ ពួកភីលីស្ទីនលើកទ័ពមកដល់បាលពេរ៉ាស៊ីម ហើយព្រះបាទដាវីឌក៏វាយប្រហារពួកគេនៅទីនោះ។ បន្ទាប់មក ស្ដេចមានរាជឱង្ការថា៖ «ព្រះជាម្ចាស់បានធ្វើឲ្យខ្មាំងសត្រូវបាក់ទ័ព ដោយថ្វីដៃខ្ញុំ ដូចជាទឹកបាក់ទំនប់ដែរ»។ ហេតុនេះហើយបានជាគេដាក់ឈ្មោះកន្លែងនោះថា “បាលពេរ៉ាស៊ីម”។ កងទ័ពភីលីស្ទីនបោះបង់ចោលព្រះរបស់ពួកគេនៅទីនោះ ហើយព្រះបាទដាវីឌចេញបញ្ជាឲ្យគេដុតរូបព្រះទាំងនោះចោលទៅ។ ជនជាតិភីលីស្ទីនបានមកទន្ទ្រាននៅជ្រលងភ្នំរេផែមសាជាថ្មី។ ព្រះបាទដាវីឌទូលសួរព្រះជាម្ចាស់ម្ដងទៀត ព្រះអង្គមានព្រះបន្ទូលមកស្ដេចវិញថា៖ «កុំឡើងតាមក្រោយពួកគេឡើយ ចូរវាងទៅម្ខាងទៀត ហើយវាយពួកគេពីម្ដុំដើមមននោះវិញ។ កាលណាអ្នកឮសន្ធឹកជើងនៅលើចុងមន ចូរចេញទៅច្បាំងចុះ ដ្បិតព្រះជាម្ចាស់នាំមុខអ្នក វាយលុកទីតាំងទ័ពភីលីស្ទីន»។ ព្រះបាទដាវីឌធ្វើតាមបញ្ជារបស់ព្រះជាម្ចាស់ ស្ដេចវាយឈ្នះកងទ័ពភីលីស្ទីន ហើយដេញតាមពួកគេតាំងពីក្រុងគីបៀន រហូតដល់ក្រុងកេស៊ើរ។ កិត្តិនាមរបស់ព្រះបាទដាវីឌ ក៏ល្បីខ្ចរខ្ចាយគ្រប់ស្រុក ហើយព្រះអម្ចាស់បានធ្វើឲ្យប្រជាជាតិទាំងអស់ស្ញែងខ្លាចព្រះបាទដាវីឌ។
អាន ១ របាក្សត្រ 14
ស្ដាប់នូវ ១ របាក្សត្រ 14
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ របាក្សត្រ 14:1-17
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ