១ របាក្សត្រ 14:1-17

១ របាក្សត្រ 14:1-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

រីឯ​ព្រះបាទ​ហ៊ីរ៉ាម ជា​ស្តេច​ក្រុង​ទីរ៉ុស បាន​ចាត់​សារ​មក​ព្រះបាទ​ដាវីឌ ព្រម​ទាំង​ផ្ញើ​ឈើ​តា‌ត្រៅ និង​ជាង​រៀប​ថ្ម ហើយ​ជាង​ឈើ ដើម្បី​នឹង​សង់​ដំណាក់​ថ្វាយ​ព្រះបាទ​ដាវីឌ។ ព្រះបាទ​ដាវីឌ​ឈ្វេង​យល់​ថា ព្រះ‌យេហូវ៉ា​បាន​តាំង​ទ្រង់​ឡើង​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រា‌អែល ហើយ​រាជ្យ​របស់​ទ្រង់​បាន​ថ្កុំថ្កើង​ឡើង​យ៉ាង​ខ្ពស់ ដោយ​សារ​ព្រះ‌អង្គ​យល់​ដល់​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ។ នៅ​ក្រុង​យេរូ‌សាឡិម ព្រះបាទ​ដាវីឌ​បាន​យក​ភរិយា​ថែម ហើយ​ក៏​បង្កើត​បាន​បុត្រា​បុត្រី​ជា​ច្រើន​ទៀត។ ទាំង​នេះ​ជា​នាម​របស់​បុត្រ​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បង្កើត​នៅ​ក្រុង​យេរូ‌សាឡិម គឺ​សាំមួរ សូបាប់ ណាថាន់ សាឡូម៉ូន យីបហារ អេលី‌សួរ អែលផា‌លេត ណូកា នេផេក យ៉ាភា អេលី‌សាម៉ា ប្អេលីយ៉ាដា និង​អេលីផា‌លេត។ ពេល​ពួក​ភីលី‌ស្ទីន​ឮ​ថា គេ​បាន​ចាក់​ប្រេង​តាំង​ព្រះបាទ​ដាវីឌ​ឡើង​ធ្វើ​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រា‌អែល​ទាំង​មូល​ហើយ ពួក​ភីលី‌ស្ទីន​ទាំង​អស់​ក៏​លើក​គ្នា​ឡើង​ទៅ​រក​ព្រះបាទ​ដាវីឌ ហើយ​ព្រះបាទ​ដាវីឌ​ក៏​បាន​ជ្រាប រួច​ទ្រង់​ចេញ​ទៅ​ទាស់​នឹង​គេ។ ឯ​ពួក​ភីលី‌ស្ទីន​បាន​ទន្ទ្រាន​ចូល​មក​ក្នុង​ច្រក​ភ្នំ​រេផែម។ ព្រះបាទ​ដាវីឌ​ទូល​សួរ​ដល់​ព្រះ​ថា៖ «តើ​ទូល‌បង្គំ​ត្រូវ​ឡើង​ទៅ​ច្បាំង​នឹង​ពួក​ភីលី‌ស្ទីន​នេះ​ឬ​ទេ? តើ​ទ្រង់​នឹង​ប្រគល់​គេ​មក​ក្នុង​កណ្ដាប់​ដៃ​ទូល‌បង្គំ​ឬ?» ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ឡើង​ទៅ​ចុះ យើង​នឹង​ប្រគល់​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក»។ ដូច្នេះ គេ​បាន​ឡើង​មក​ដល់​បាល-ពេរ៉ាស៊ីម ហើយ​ព្រះបាទ​ដាវីឌ​ប្រហារ​គេ​នៅ​ទី​នោះ រួច​ទ្រង់​មាន​រាជ‌ឱង្ការ​ថា៖ «ព្រះ​បាន​ទម្លាយ​ពួក​ខ្មាំង​សត្រូវ​របស់​យើង ដោយ‌សារ​ដៃ​យើង ដូច​ជា​ទឹក​ធ្លាយ​ទំនប់»។ ហេតុ​នោះ​បាន​ជា​គេ​ហៅ​ទី​នោះ​ថា "បាល-ពេរ៉ាស៊ីម "។ ពួក​គេ​ក៏​បោះបង់​ចោល​អស់​ទាំង​រូប​ព្រះ​របស់​គេ​នៅ​ទី​នោះ រួច​ព្រះបាទ​ដាវីឌ​ចេញ​បញ្ជា​ឲ្យ​ដុត​រូប​ព្រះ​ទាំង​នោះ​ចោល។ ពួក​ភីលី‌ស្ទីន​បាន​ទន្ទ្រាន​ចូល​មក ក្នុង​ច្រក​ភ្នំ​នោះ​ម្តង​ទៀត។ ពេល​ព្រះបាទ​ដាវីឌ​ទូល​សួរ​ដល់​ព្រះ​ដូច​មុន ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «កុំ​ឡើង​ទៅ​តាម​គេ​ឡើយ គឺ​ត្រូវ​បែរ​ចេញ​ពី​គេ ឡើង​ទៅ​ទាស់​នឹង​គេ ទល់​មុខ​នឹង​ចម្ការ​មន​វិញ កាល​ណា​ឯង​ឮ​សូរ​សន្ធឹក​នៅ​លើ​ចុង​ដើម​មន​ដូច​ជា​ពួក​ពល​ដើរ នោះ​អ្នក​ត្រូវ​ចេញ​ទៅ​ចុះ ដ្បិត​ព្រះ​នឹង​ចេញ​ទៅ​នៅ​មុខ​អ្នក ដើម្បី​វាយ​ពួក​ពល​ភីលី‌ស្ទីន»។ ព្រះបាទ​ដាវីឌ​ក៏​ធ្វើ​តាម​បញ្ជា​របស់​ព្រះ ហើយ​ប្រហារ​ពួក​ពល‌ទ័ព​ភីលី‌ស្ទីន ចាប់​តាំង​ពី​ក្រុង​គីបៀន​រហូត​ដល់​ក្រុង​កេស៊ើរ។ ដូច្នេះ កិត្តិនាម​របស់​ព្រះបាទ​ដាវីឌ ក៏​ល្បី​សុស‌សាយ​ទួទៅ​គ្រប់​ស្រុក ហើយ​ព្រះ‌យេហូវ៉ា​បណ្ដាល​ឲ្យ​គ្រប់​ទាំង​សាសន៍​ខ្លាច​ដល់​ទ្រង់។

១ របាក្សត្រ 14:1-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌បាទ​ហ៊ីរ៉ាម​ជា​ស្ដេច​ក្រុង​ទីរ៉ុស បាន​ចាត់​អ្នក​នាំ​សារ​ឲ្យ​មក​គាល់​ព្រះ‌បាទ​ដាវីឌ ដោយ​នាំ​ឈើ​តា​ត្រៅ ជាង​ដាប់​ថ្ម និង​ជាង​សំណង់ ដើម្បី​សង់​ដំណាក់​មួយ​ថ្វាយ​ព្រះ‌បាទ​ដាវីឌ។ ព្រះ‌បាទ​ដាវីឌ​ឈ្វេង​យល់​ថា ព្រះ‌អម្ចាស់​តែង‌តាំង​ទ្រង់​ជា​ស្ដេច​លើ​ស្រុក​អ៊ីស្រា‌អែល ហើយ​រាជ​សម្បត្តិ​របស់​ទ្រង់​ចម្រុង‌ចម្រើន​កាន់​តែ​ខ្លាំង​ឡើងៗ ដោយ‌សារ​ជន‌ជាតិ​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ។ នៅ​ក្រុង​យេរូ‌សាឡឹម ព្រះ‌បាទ​ដាវីឌ​បាន​យក​មហេសី​ផ្សេងៗ​ទៀត ហើយ​បង្កើត​បាន​បុត្រា​បុត្រី​ជា​ច្រើន។ បុត្រ​របស់​ស្ដេច​ដែល​ប្រសូត​នៅ​ក្រុង​យេរូ‌សាឡឹម មាន​នាម​ដូច​ត​ទៅ: សាំមួរ សូបាប់ ណាថាន សាឡូម៉ូន យីបហារ អេលី‌សួ អែល‌ផាលេត ណូកា នេផេក យ៉ាភា អេលី‌សាម៉ា បេលី‌យ៉ាដា និង​អេលី‌ផាលេត។ កាល​ជន‌ជាតិ​ភីលីស្ទីន​ឮ​ថា ព្រះ‌បាទ​ដាវីឌ​បាន​ទទួល​ពិធី​ចាក់​ប្រេង​អភិ‌សេក​ជា​ស្ដេច​លើ​ស្រុក​អ៊ីស្រា‌អែល ពួក​គេ​លើក​គ្នា​មក​តាម​ចាប់​ព្រះ‌បាទ​ដាវីឌ។ ព្រះ‌បាទ​ដាវីឌ​ជ្រាប​ដំណឹង​នេះ ស្ដេច​ក៏​ចេញ​ទៅ​តទល់​នឹង​ពួក​គេ។ ជន‌ជាតិ​ភីលីស្ទីន​មក​ដល់ ហើយ​ទន្ទ្រាន​នៅ​ជ្រលង​ភ្នំ​រេផែម។ ព្រះ‌បាទ​ដាវីឌ​ទូល​សួរ​ព្រះ‌ជាម្ចាស់​ថា៖ «តើ​ទូលបង្គំ​ត្រូវ​ចេញ​ទៅ​ច្បាំង​នឹង​ពួក​ភីលីស្ទីន​ឬ​ទេ? តើ​ព្រះអង្គ​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ទូលបង្គំ​ឬ​ទេ?»។ ព្រះ‌អម្ចា ស់​មាន​ព្រះ‌បន្ទូល​ថា៖ «ទៅ​ចុះ! យើង​នឹង​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក»។ ពួក​ភីលីស្ទីន​លើក​ទ័ព​មក​ដល់​បាល‌ពេរ៉ា‌ស៊ីម ហើយ​ព្រះ‌បាទ​ដាវីឌ​ក៏​វាយ​ប្រហារ​ពួក​គេ​នៅ​ទី​នោះ។ បន្ទាប់​មក ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «ព្រះ‌ជាម្ចាស់​បាន​ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ​បាក់​ទ័ព ដោយ​ថ្វី​ដៃ​ខ្ញុំ ដូច​ជា​ទឹក​បាក់​ទំនប់​ដែរ»។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា “បាល‌ពេរ៉ា‌ស៊ីម”។ កង‌ទ័ព​ភីលីស្ទីន​បោះ​បង់​ចោល​ព្រះ​របស់​ពួក​គេ​នៅ​ទី​នោះ ហើយ​ព្រះ‌បាទ​ដាវីឌ​ចេញ​បញ្ជា​ឲ្យ​គេ​ដុត​រូប​ព្រះ​ទាំង​នោះ​ចោល​ទៅ។ ជន‌ជាតិ​ភីលីស្ទីន​បាន​មក​ទន្ទ្រាន​នៅ​ជ្រលង​ភ្នំ​រេផែម​សា​ជា​ថ្មី។ ព្រះ‌បាទ​ដាវីឌ​ទូល​សួរ​ព្រះ‌ជាម្ចាស់​ម្ដង​ទៀត ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ស្ដេច​វិញ​ថា៖ «កុំ​ឡើង​តាម​ក្រោយ​ពួក​គេ​ឡើយ ចូរ​វាង​ទៅ​ម្ខាង​ទៀត ហើយ​វាយ​ពួក​គេ​ពី​ម្ដុំ​ដើម​មន​នោះ​វិញ។ កាល​ណា​អ្នក​ឮ​សន្ធឹក​ជើង​នៅ​លើ​ចុង​មន ចូរ​ចេញ​ទៅ​ច្បាំង​ចុះ ដ្បិត​ព្រះ‌ជាម្ចាស់​នាំ​មុខ​អ្នក វាយ​លុក​ទី​តាំង​ទ័ព​ភីលីស្ទីន»។ ព្រះ‌បាទ​ដាវីឌ​ធ្វើ​តាម​បញ្ជា​របស់​ព្រះ‌ជាម្ចាស់ ស្ដេច​វាយ​ឈ្នះ​កង‌ទ័ព​ភីលីស្ទីន ហើយ​ដេញ​តាម​ពួក​គេ​តាំង​ពី​ក្រុង​គីបៀន រហូត​ដល់​ក្រុង​កេស៊ើរ។ កិត្តិនាម​របស់​ព្រះ‌បាទ​ដាវីឌ ក៏​ល្បី​ខ្ចរ‌ខ្ចាយ​គ្រប់​ស្រុក ហើយ​ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​ប្រជា‌ជាតិ​ទាំង​អស់​ស្ញែង​ខ្លាច​ព្រះ‌បាទ​ដាវីឌ។

១ របាក្សត្រ 14:1-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​ហ៊ីរ៉ាម ជា​ស្តេច​ក្រុង​ទីរ៉ុស ទ្រង់​ចាត់​សារ​មក​ឯ​ដាវីឌ ព្រម​ទាំង​ផ្ញើ​ឈើ​តាត្រៅ នឹង​ជាង​រៀប​ថ្ម ហើយ​ជាង​ឈើ ដើម្បី​នឹង​សង់​ដំណាក់​ថ្វាយ​ទ្រង់ ដាវីឌ​ក៏​យល់​ឃើញ​ថា ព្រះ‌យេហូវ៉ា​បាន​តាំង​ទ្រង់​ឡើង​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រាអែល​ពិត ពី​ព្រោះ​រាជ្យ​ទ្រង់​បាន​ថ្កុំ‌ថ្កើង​ឡើង​យ៉ាង​ខ្ពស់ ដោយ​ព្រះ‌អង្គ​យល់​ដល់​អ៊ីស្រាអែល​ជា​រាស្ត្រ​របស់​ទ្រង់។ នៅ​ក្រុង​យេរូ‌សាឡិម ដាវីឌ​ទ្រង់​បាន​យក​ភរិយា​ថែម ហើយ​ក៏​បង្កើត​បាន​បុត្រា​បុត្រី​ទៀត នេះ​ជា​នាម​នៃ​បុត្រ​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បង្កើត​នៅ​ក្រុង​យេរូ‌សាឡិម គឺ​សាំមួរ សូបាប់ ណាថាន់ សាឡូម៉ូន យីបហារ អេលីសួរ អែល‌ផា‌លេត ណូកា នេផេក យ៉ាភា អេលី‌សាម៉ា ប្អេលី‌យ៉ាដា នឹង​អេលី‌ផា‌លេត។ កាល​ពួក​ភីលីស្ទីន​ឮ​ថា គេ​បាន​ចាក់​ប្រេង តាំង​ដាវីឌ​ឡើង​ឲ្យ​ធ្វើ​ជា​ស្តេច លើ​សាសន៍​អ៊ីស្រាអែល​ទាំង​មូល​ហើយ នោះ​ពួក​ភីលីស្ទីន​ទាំង​អស់​ក៏​លើក​គ្នា​ឡើង​ទៅ​រក​ដាវីឌ ដាវីឌ​ទ្រង់​ក៏​ជ្រាប រួច​ទ្រង់​ចេញ​ទៅ​ទាស់​នឹង​គេ ឯ​គេ​បាន​ទន្ទ្រាន​ចូល​មក​ក្នុង​ច្រក​ភ្នំ​រេផែម​ហើយ ដូច្នេះ ដាវីឌ​ទ្រង់​ទូល​សួរ​ដល់​ព្រះ​ថា តើ​ត្រូវ​ឲ្យ​ទូលបង្គំ​ឡើង​ទៅ​ច្បាំង​នឹង​ពួក​ភីលីស្ទីន​នេះ​ឬ​ទេ តើ​ទ្រង់​នឹង​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ដៃ​ទូលបង្គំ​ឬ ព្រះ‌យេហូវ៉ា​ទ្រង់​ឆ្លើយ​ថា ចូរ​ឡើង​ទៅ​ចុះ ដ្បិត​អញ​នឹង​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ដៃ​ឯង​ពិត គេ​ក៏​ឡើង​មក​ដល់​បាល-ពេរ៉ា‌ស៊ីម ហើយ​ដាវីឌ​ទ្រង់​ប្រហារ​គេ​នៅ​ទី​នោះ រួច​ទ្រង់​មាន​បន្ទូល​ថា ព្រះ‌ទ្រង់​បាន​ទំលាយ​មក​លើ​ពួក​ខ្មាំង​សត្រូវ​របស់​យើង ដោយ‌សារ​ដៃ​យើង ដូច​ជា​ទឹក​ធ្លាយ​ទំនប់ ហេតុ​នោះ​បាន​ជា​គេ​ហៅ​ទី​នោះ​ឈ្មោះ​ថា បាល-ពេរ៉ា‌ស៊ីម គេ​ក៏​លះ​ចោល​អស់​ទាំង​រូប​ព្រះ​របស់​គេ​នៅ​ទី​នោះ រួច​ដាវីឌ​ចេញ​បង្គាប់​ឲ្យ​ដុត​រូប​ព្រះ​ទាំង​នោះ​ចោល។ ពួក​ភីលីស្ទីន​ក៏​ទន្ទ្រាន​ចូល​មក ក្នុង​ច្រក​ភ្នំ​នោះ​ម្តង​ទៀត ហើយ​ដាវីឌ​ទ្រង់​ទូល​សួរ​ដល់​ព្រះ​ដូច​មុន តែ​ព្រះ‌ទ្រង់​មាន​បន្ទូល​ថា កុំ​ឲ្យ​ឡើង​ទៅ​តាម​គេ​ឡើយ គឺ​ត្រូវ​បែរ​ចេញ​ពី​គេ ឡើង​ទៅ​ទាស់​នឹង​គេ ទល់​មុខ​នឹង​ចំការ​មន​វិញ រួច​កាល​ណា​ឯង​ឮ​សូរ​សន្ធឹក​នៅ​លើ​ចុង​ដើម​មន ដូច​ជា​ពួក​ពល​ដើរ នោះ​ត្រូវ​ឲ្យ​ឯង​ចេញ​ទៅ​ច្បាំង​ចុះ ដ្បិត​ព្រះ‌ទ្រង់​នឹង​ចេញ​ទៅ​នៅ​មុខ​ឯង ដើម្បី​នឹង​វាយ​ពួក​ពល​ភីលីស្ទីន​ហើយ ដាវីឌ​ទ្រង់​ក៏​ធ្វើ​ដូច​ជា​ព្រះ​បាន​បង្គាប់ ហើយ​ប្រហារ​ពួក​ពល‌ទ័ព​ភីលីស្ទីន ចាប់​តាំង​ពី​ក្រុង​គីបៀន​រហូត​ដល់​ក្រុង​កេស៊ើរ ដូច្នេះ កិត្តិ‌នាម​របស់​ដាវីឌ ក៏​ល្បី​សុស‌សាយ​ទួទៅ​គ្រប់​ស្រុក ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​បណ្តាល ឲ្យ​គ្រប់​ទាំង​សាសន៍​ខ្លាច​ដល់​ទ្រង់។