១ របាក្សត្រ 11:4-9

១ របាក្សត្រ 11:4-9 គខប

ព្រះ‌បាទ​ដាវីឌ និង​កង‌ទ័ព​អ៊ីស្រា‌អែល​ទាំង​មូល នាំ​គ្នា​ចេញ​ទៅ​វាយ​យក​ក្រុង​យេរូ‌សាឡឹម គឺ​ក្រុង​យេប៊ូស។ ពី​មុន ជន‌ជាតិ​យេប៊ូស​ជា​ម្ចាស់​ស្រុក​រស់​នៅ​ក្រុង​នោះ។ អ្នក​ក្រុង​យេប៊ូស​ពោល​មក​កាន់​ព្រះ‌បាទ​ដាវីឌ​ថា៖ «អ្នក​ឯង​ចូល​ក្នុង​ក្រុង​របស់​យើង​មិន​បាន​ទេ»។ ប៉ុន្តែ ព្រះ‌បាទ​ដាវីឌ​វាយ​យក​បាន​បន្ទាយ​នៅ​ភ្នំ​ស៊ីយ៉ូន ដែល​ក្រោយ​មក​ហៅ​ថា “បុរី​ព្រះ‌បាទ​ដាវីឌ”។ ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «ប្រសិន​បើ​អ្នក​ណា​ម្នាក់​វាយ​ឈ្នះ​ពួក​យេប៊ូស​មុន​គេ អ្នក​នោះ​នឹង​បាន​ធ្វើ​ជា​មេ‌ទ័ព និង​មេ​ដឹក​នាំ»។ លោក​យ៉ូអាប់ ជា​កូន​របស់​អ្នក​ស្រី​សេរូយ៉ា ចេញ​ទៅ​វាយ​មុន​គេ ហើយ​បាន​ទទួល​តំណែង​ជា​មេ‌ទ័ព។ ព្រះ‌បាទ​ដាវីឌ​គង់​នៅ​ក្នុង​បន្ទាយ​នោះ ហេតុ​នេះ គេ​ក៏​ហៅ​ថា «បុរី​ព្រះ‌បាទ​ដាវីឌ»។ បន្ទាប់​មក ស្ដេច​ពង្រីក​ទីក្រុង ចាប់​តាំង​ពី​មីឡូ​រហូត​ដល់​ជាយ​ក្រុង។ លោក​យ៉ូអាប់​បាន​ជួស‌ជុល​កន្លែង​ផ្សេង​ទៀត នៅ​ក្នុង​ទីក្រុង។ ព្រះ‌បាទ​ដាវីឌ​មាន​អំណាច​កាន់​តែ​ខ្លាំង​ឡើងៗ ដ្បិត​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​គង់​នៅ​ជា​មួយ។