១ របាក្សត្រ 11:4-9
១ របាក្សត្រ 11:4-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះបាទដាវីឌ និងពួកអ៊ីស្រាអែលទាំងអស់បានទៅក្រុងយេរូសាឡិម (គឺជាក្រុងយេប៊ូស) ឯពួកសាសន៍យេប៊ូស ជាពួកអ្នកនៅស្រុកនោះ គេនៅទីក្រុងនោះនៅឡើយ។ ពួកអ្នកក្រុងយេប៊ូសបានពោលទៅព្រះបាទដាវីឌថា៖ «ឯងចូលមកក្នុងស្រុកនេះមិនបានឡើយ» ប៉ុន្តែ ព្រះបាទដាវីឌបានវាយចាប់យកទីមាំមួនស៊ីយ៉ូនបាន គឺជាក្រុងរបស់ព្រះបាទដាវីឌ។ ព្រះបាទដាវីឌមានរាជឱង្ការថា៖ «អ្នកណាដែលវាយពួកយេប៊ូសមុនគេ អ្នកនោះនឹងបានធ្វើជាអ្នកដឹកនាំ និងជាមេទ័ពធំ»។ ដូច្នេះ យ៉ូអាប់ ជាកូនសេរូយ៉ា បានឡើងទៅមុនគេ ហើយបានតែងតាំងធ្វើជាមេទ័ព។ ព្រះបាទដាវីឌបានគង់នៅក្នុងទីមាំមួន ហេតុនោះបានជាគេហៅទីនោះថា «ក្រុងដាវីឌ»។ ទ្រង់បានសង់ទីក្រុងនោះឡើងនៅជុំវិញ ចាប់តាំងពីប៉មមីឡូរព័ទ្ធជុំវិញ ហើយយ៉ូអាប់បានជួសជុលទីក្រុងត្រង់កន្លែងឯទៀត។ ចំណែកព្រះបាទដាវីឌ បានកាន់តែថ្កុំថ្កើងឡើង ហើយព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់គង់ជាមួយ។
១ របាក្សត្រ 11:4-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះបាទដាវីឌ និងកងទ័ពអ៊ីស្រាអែលទាំងមូល នាំគ្នាចេញទៅវាយយកក្រុងយេរូសាឡឹម គឺក្រុងយេប៊ូស។ ពីមុន ជនជាតិយេប៊ូសជាម្ចាស់ស្រុករស់នៅក្រុងនោះ។ អ្នកក្រុងយេប៊ូសពោលមកកាន់ព្រះបាទដាវីឌថា៖ «អ្នកឯងចូលក្នុងក្រុងរបស់យើងមិនបានទេ»។ ប៉ុន្តែ ព្រះបាទដាវីឌវាយយកបានបន្ទាយនៅភ្នំស៊ីយ៉ូន ដែលក្រោយមកហៅថា “បុរីព្រះបាទដាវីឌ”។ ព្រះបាទដាវីឌមានរាជឱង្ការថា៖ «ប្រសិនបើអ្នកណាម្នាក់វាយឈ្នះពួកយេប៊ូសមុនគេ អ្នកនោះនឹងបានធ្វើជាមេទ័ព និងមេដឹកនាំ»។ លោកយ៉ូអាប់ ជាកូនរបស់អ្នកស្រីសេរូយ៉ា ចេញទៅវាយមុនគេ ហើយបានទទួលតំណែងជាមេទ័ព។ ព្រះបាទដាវីឌគង់នៅក្នុងបន្ទាយនោះ ហេតុនេះ គេក៏ហៅថា «បុរីព្រះបាទដាវីឌ»។ បន្ទាប់មក ស្ដេចពង្រីកទីក្រុង ចាប់តាំងពីមីឡូរហូតដល់ជាយក្រុង។ លោកយ៉ូអាប់បានជួសជុលកន្លែងផ្សេងទៀត នៅក្នុងទីក្រុង។ ព្រះបាទដាវីឌមានអំណាចកាន់តែខ្លាំងឡើងៗ ដ្បិតព្រះអម្ចាស់នៃពិភពទាំងមូលគង់នៅជាមួយ។
១ របាក្សត្រ 11:4-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លំដាប់នោះ ដាវីឌ នឹងពួកអ៊ីស្រាអែលទាំងអស់ក៏ទៅឯក្រុងយេរូសាឡិម (គឺជាក្រុងយេប៊ូស) ឯពួកសាសន៍យេប៊ូស ជាពួកអ្នករបស់ស្រុកនោះ ក៏នៅទីក្រុងនោះនៅឡើយ ហើយពួកអ្នកក្រុងយេប៊ូស គេស្តីដល់ដាវីឌថា ឯងនឹងចូលមកក្នុងទីនេះមិនបានឡើយ ប៉ុន្តែ ដាវីឌវាយចាប់យកទីមាំមួនស៊ីយ៉ូនបាន នោះគឺជាក្រុងរបស់ដាវីឌ រួចទ្រង់មានបន្ទូលថា អ្នកណាដែលវាយពួកយេប៊ូសមុនគេ អ្នកនោះនឹងបានធ្វើជាអ្នកមុខ ហើយជាមេទ័ពធំ ដូច្នេះ យ៉ូអាប់ ជាកូនសេរូយ៉ា ក៏ឡើងទៅជាមុនគេ ហើយបានតាំងឡើងឲ្យធ្វើជាមេទ័ព ឯដាវីឌទ្រង់គង់នៅក្នុងទីមាំមួន ហេតុនោះបានជាគេហៅទីនោះថា ក្រុងដាវីឌ ទ្រង់ក៏សង់ទីក្រុងនោះឡើងនៅជុំវិញ ចាប់តាំងពីប៉មមីឡូរព័ទ្ធជុំវិញ ហើយយ៉ូអាប់លោកក៏ជួសជុលទីក្រុងត្រង់កន្លែងឯទៀត ចំណែកដាវីឌ បានកាន់តែថ្កុំថ្កើងឡើង ហើយព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់ក៏គង់ជាមួយ។