រ៉ូម 5
5
ជំនឿនាំឲ្យមានសង្ឃឹម
1ដូច្នេះ ដោយយើងត្រូវបានរាប់ជាសុចរិតដោយសារតែជំនឿ យើងមានសន្តិភាពជាមួយព្រះតាមរយៈព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង។ 2តាមរយៈព្រះអង្គ និងដោយសារតែជំនឿ#5:2 ឯកសារបុរាណខ្លះគ្មាន “និងដោយសារតែជំនឿ”។ យើងក៏បានចូលក្នុងព្រះគុណនេះដែលយើងកំពុងឈរ ហើយអួតអំពីសេចក្ដីសង្ឃឹមដែលនឹងទទួលសិរីរុងរឿងរបស់ព្រះ។ 3មិនគ្រាន់តែប៉ុណ្ណោះទេ យើងក៏អួតអំពីទុក្ខវេទនា ដោយដឹងថា ទុក្ខវេទនានាំឲ្យមានការស៊ូទ្រាំ 4ការស៊ូទ្រាំនាំឲ្យមានអត្តចរិតដែលត្រូវបានពិសោធ ហើយអត្តចរិតដែលត្រូវបានពិសោធនាំឲ្យមានសេចក្ដីសង្ឃឹម 5ហើយសេចក្ដីសង្ឃឹមមិននាំឲ្យខកចិត្តឡើយ ពីព្រោះសេចក្ដីស្រឡាញ់របស់ព្រះត្រូវបានចាក់បង្ហូរក្នុងចិត្តរបស់យើង តាមរយៈព្រះវិញ្ញាណដ៏វិសុទ្ធដែលបានប្រទានមកយើង។
អ្នកដែលផ្សះផ្សានឹងព្រះ
6ជាការពិត កាលយើងនៅខ្សោយនៅឡើយ ព្រះគ្រីស្ទបានសុគតក្នុងពេលកំណត់ ជំនួសមនុស្សមិនគោរពព្រះ។ 7កម្រមានអ្នកណាស្លាប់ជំនួសមនុស្សសុចរិតណាស់; បើជំនួសមនុស្សល្អ ក៏ប្រហែលជាមានអ្នកខ្លះហ៊ានស្លាប់ដែរ; 8ប៉ុន្តែព្រះបានសម្ដែងដល់យើងនូវសេចក្ដីស្រឡាញ់របស់ព្រះអង្គផ្ទាល់ ដោយការដែលព្រះគ្រីស្ទសុគតជំនួសយើង កាលយើងនៅជាមនុស្សបាបនៅឡើយ។ 9ដូច្នេះឥឡូវនេះ ដោយសារយើងត្រូវបានរាប់ជាសុចរិតដោយព្រះលោហិតរបស់ព្រះគ្រីស្ទទៅហើយ តើយើងនឹងបានសង្គ្រោះពីព្រះពិរោធរបស់ព្រះ#5:9 របស់ព្រះ―ជាពាក្យជំនួយ។ តាមរយៈព្រះអង្គ លើសពីនេះអម្បាលម៉ានទៅទៀត! 10ដ្បិតកាលយើងនៅជាខ្មាំងសត្រូវនៅឡើយ ប្រសិនបើយើងបានផ្សះផ្សានឹងព្រះតាមរយៈការសុគតនៃព្រះបុត្រារបស់ព្រះទៅហើយ ចុះទម្រាំដែលយើងបានផ្សះផ្សារួចហើយ តើយើងនឹងបានសង្គ្រោះដោយជីវិតរបស់ព្រះបុត្រាជាយ៉ាងណាទៅ! 11មិនគ្រាន់តែប៉ុណ្ណោះទេ យើងថែមទាំងអួតនៅក្នុងព្រះទៀតផង តាមរយៈព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង ដែលឥឡូវនេះ យើងបានទទួលការផ្សះផ្សាតាមរយៈព្រះអង្គ។
អ័ដាម និងព្រះគ្រីស្ទ
12ដូច្នេះ ដូចដែលបាបបានចូលមកក្នុងពិភពលោកតាមរយៈមនុស្សម្នាក់ ហើយសេចក្ដីស្លាប់ចូលមកតាមរយៈបាបយ៉ាងណា សេចក្ដីស្លាប់ក៏ឆ្លងរាលដាលដល់មនុស្សទាំងអស់យ៉ាងនោះដែរ ដ្បិតមនុស្សគ្រប់គ្នាបានប្រព្រឹត្តបាប។ 13ពោលគឺ បាបមាននៅក្នុងពិភពលោកមុនក្រឹត្យវិន័យរួចទៅហើយ ប៉ុន្តែកាលគ្មានក្រឹត្យវិន័យនៅឡើយ បាបមិនត្រូវបានរាប់ជាបាបទេ។ 14យ៉ាងណាមិញ តាំងពីអ័ដាមរហូតដល់ម៉ូសេ សេចក្ដីស្លាប់បានគ្រងរាជ្យលើសូម្បីតែអ្នកដែលមិនបានប្រព្រឹត្តបាបដូចការល្មើសរបស់អ័ដាម។ អ័ដាមនេះហើយ ជានិមិត្តរូបអំពីព្រះអង្គដែលត្រូវយាងមក។
15ប៉ុន្តែអំណោយទានមិនដូចការបំពានទេ។ ជាការពិត ប្រសិនបើមនុស្សជាច្រើនបានស្លាប់ដោយសារតែការបំពានរបស់មនុស្សម្នាក់ទៅហើយ ចុះទម្រាំព្រះគុណរបស់ព្រះ និងអំណោយទាននៃព្រះគុណពីមនុស្សម្នាក់ គឺព្រះយេស៊ូវគ្រីស្ទ តើមានសម្បូរហូរហៀរដល់មនុស្សជាច្រើនលើសពីនេះអម្បាលម៉ានទៅទៀត! 16មួយវិញទៀត អំណោយទានមិនដូចលទ្ធផល#5:16 លទ្ធផល―ជាពាក្យជំនួយ។ដែលមកតាមរយៈការប្រព្រឹត្តបាបរបស់មនុស្សម្នាក់ទេ ដ្បិតការជំនុំជម្រះដែលមកពីការបំពានមួយ នាំមកនូវការផ្ដន្ទាទោស រីឯអំណោយទានដែលមកពីការបំពានជាច្រើនវិញ នាំមកនូវការរាប់ជាសុចរិត។ 17ជាការពិត ប្រសិនបើសេចក្ដីស្លាប់បានគ្រងរាជ្យតាមរយៈមនុស្សម្នាក់ ដោយសារតែការបំពានរបស់មនុស្សម្នាក់នោះទៅហើយ ចុះអ្នកដែលទទួលព្រះគុណ និងអំណោយទាននៃសេចក្ដីសុចរិតយ៉ាងសម្បូរហូរហៀរវិញ តើគេនឹងគ្រងរាជ្យនៅក្នុងជីវិតតាមរយៈមនុស្សម្នាក់ គឺព្រះយេស៊ូវគ្រីស្ទ លើសពីនេះអម្បាលម៉ានទៅទៀត!
18ដូច្នេះ ដូចដែលការផ្ដន្ទាទោសមកដល់មនុស្សទាំងអស់ តាមរយៈការបំពានមួយយ៉ាងណា ការរាប់ជាសុចរិតនៃជីវិតក៏មកដល់មនុស្សទាំងអស់ តាមរយៈអំពើសុចរិតមួយយ៉ាងនោះដែរ។ 19ពោលគឺ ដូចដែលមនុស្សជាច្រើនត្រូវបានធ្វើឲ្យទៅជាមនុស្សបាប តាមរយៈការមិនស្ដាប់បង្គាប់របស់មនុស្សម្នាក់យ៉ាងណា មនុស្សជាច្រើនក៏នឹងត្រូវបានធ្វើឲ្យទៅជាមនុស្សសុចរិត តាមរយៈការស្ដាប់បង្គាប់របស់មនុស្សម្នាក់យ៉ាងនោះដែរ។ 20ក្រឹត្យវិន័យបានចូលមក ដើម្បីឲ្យការបំពានកើនឡើង ប៉ុន្តែកន្លែងណាដែលបាបកើនឡើង ព្រះគុណក៏កើនឡើងរឹតតែច្រើនទៅទៀត 21ដើម្បីឲ្យព្រះគុណបានគ្រងរាជ្យដោយសេចក្ដីសុចរិតដែលនាំទៅរកជីវិតអស់កល្បជានិច្ច តាមរយៈព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង ដូចដែលបាបបានគ្រងរាជ្យនៅក្នុងសេចក្ដីស្លាប់យ៉ាងនោះដែរ៕
ទើបបានជ្រើសរើសហើយ៖
រ៉ូម 5: GKHB
គំនូសចំណាំ
ចម្លង
ប្រៀបធៀប
ចែករំលែក
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative