រ៉ូម 12

12
យញ្ញបូជាដ៏រស់
1ដូច្នេះ បងប្អូន​អើយ ខ្ញុំ​សូម​ជំរុញទឹកចិត្ត​អ្នករាល់គ្នា​ដោយ​សេចក្ដីមេត្តាករុណា​របស់​ព្រះ ឲ្យ​ថ្វាយ​រូបកាយ​របស់អ្នករាល់គ្នា​ជា​យញ្ញបូជា​ដ៏​រស់ ទាំង​វិសុទ្ធ និង​ជាទីគាប់ព្រះហឫទ័យ​ដល់​ព្រះ​។ នេះហើយ ជា​ការបម្រើ​ដ៏សមគួរ#12:1 ដ៏សមគួរ―ឬ “ខាងវិញ្ញាណ”។​សម្រាប់​អ្នករាល់គ្នា​។ 2កុំ​ត្រាប់តាម​លោកីយ៍​នេះ​ឡើយ ផ្ទុយទៅវិញ ចូរឲ្យ​បាន​ផ្លាស់ប្រែ​ដោយ​ការកែ​គំនិត​ជាថ្មី ដើម្បីឲ្យ​អ្នករាល់គ្នា​អាច​សម្គាល់​បាន​ថា អ្វី​ជា​បំណង​ព្រះហឫទ័យ​របស់​ព្រះ គឺ​អ្វី​ដែល​ល្អ ជាទីគាប់ព្រះហឫទ័យ និង​គ្រប់លក្ខណ៍​។
ទៅជារូបកាយមួយ
3ខ្ញុំ​សូម​ប្រាប់​ម្នាក់ៗ​ក្នុង​អ្នករាល់គ្នា ដោយ​ព្រះគុណ​ដែល​បាន​ប្រទាន​មក​ខ្ញុំ​ថា កុំ​គិតពីខ្លួនឯងឲ្យខ្ពស់​លើសជាង​អ្វីដែល​គួរ​គិត​ឡើយ ផ្ទុយទៅវិញ ចូរ​គិត​ដោយ​គំនិតមធ្យ័ត តាម​ខ្នាត​នៃ​ជំនឿ​ដែល​ព្រះ​បាន​ចែក​ឲ្យ​ម្នាក់ៗ​។ 4ដូចដែល​យើង​មាន​អវយវៈ​ជាច្រើន​នៅក្នុង​រូបកាយ​មួយ ហើយ​អវយវៈ​នីមួយៗ​មាន​តួនាទី​ខុសៗគ្នា​យ៉ាងណា 5យើង​ដែល​មាន​គ្នា​ច្រើន​ក៏​ជា​រូបកាយ​មួយ​នៅក្នុង​ព្រះ​គ្រីស្ទ ហើយ​ម្នាក់ៗ​ជា​អវយវៈ​នឹងគ្នា​យ៉ាងនោះដែរ​។ 6យើង​មាន​អំណោយទាន​ផ្សេងពីគ្នា តាម​ព្រះគុណ​ដែល​បាន​ប្រទាន​ដល់​យើង​:
បើសិនជា​ការថ្លែងព្រះបន្ទូល ក៏​ចូរ​ថ្លែងព្រះបន្ទូល​តាម​ខ្នាត​នៃ​ជំនឿ​;
7បើសិនជា​ការបម្រើ ក៏ចូរ​បម្រើ​;
បើសិនជា​អ្នក​បង្រៀន ក៏ចូរ​បង្រៀន​;
8បើសិនជា​អ្នក​ជំរុញទឹកចិត្ត ក៏​ចូរ​ជំរុញទឹកចិត្ត​;
អ្នក​ដែល​ចែកទាន ក៏ចូរធ្វើ​ដោយ​ចិត្តទូលាយ​;
អ្នក​ដែល​នាំមុខ ក៏ចូរធ្វើ​ដោយ​ចិត្តខ្នះខ្នែង​;
អ្នក​ដែល​មេត្តា ក៏ចូរធ្វើ​ដោយ​ចិត្តរីករាយ​ចុះ​។
ក្រមសីលធម៌របស់គ្រីស្ទាន
9សេចក្ដីស្រឡាញ់​ត្រូវតែ​ឥតពុតត្បុត​។ ចូរ​ស្អប់ខ្ពើម​អ្វី​ដែល​អាក្រក់ ចូរ​កាន់ខ្ជាប់​អ្វី​ដែល​ល្អ​។ 10ចូរ​ស្រឡាញ់​គ្នាទៅវិញទៅមក ដោយ​សេចក្ដីស្រឡាញ់ជាបងប្អូន ហើយ​ចូរ​នាំមុខ​ក្នុង​ការគោរព​គ្នាទៅវិញទៅមក​។ 11ចូរ​មាន​ចិត្តខ្នះខ្នែង កុំ​ខ្ជិលច្រអូស​ឡើយ ចូរ​ឆេះឆួល​ក្នុង​វិញ្ញាណ ហើយ​បម្រើ​ព្រះអម្ចាស់​។ 12ចូរ​អរសប្បាយ​ដោយ​សេចក្ដីសង្ឃឹម ចូរ​ស៊ូទ្រាំ​នឹង​ទុក្ខវេទនា ចូរ​ផ្ចង់ស្មារតី​ក្នុង​ការអធិស្ឋាន​។ 13ចូរ​រួមចំណែកផ្គត់ផ្គង់​តម្រូវការ​របស់​វិសុទ្ធជន ទាំង​ខិតខំ​ទទួលភ្ញៀវដោយរាក់ទាក់​។ 14ចូរ​ឲ្យពរ​អ្នក​ដែល​បៀតបៀន​អ្នករាល់គ្នា ចូរ​ឲ្យពរ​ចុះ កុំ​ប្រទេចផ្ដាសា​ឡើយ​។ 15ចូរ​អរសប្បាយ​ជាមួយ​អ្នក​ដែល​អរសប្បាយ ចូរ​យំសោក​ជាមួយ​អ្នក​ដែល​យំសោក​។ 16ចូរ​មានចិត្តតែមួយ​ចំពោះ​គ្នាទៅវិញទៅមក​; កុំ​មានគំនិតឆ្មើងឆ្មៃ​ឡើយ ផ្ទុយទៅវិញ ចូរ​សេពគប់​ជាមួយ​មនុស្ស​តូចទាប​; កុំ​គិតថា​ខ្លួនឯង​មានប្រាជ្ញា​ឡើយ​។ 17កុំ​តបសង​នឹង​ការ​អាក្រក់​ដោយ​ការ​អាក្រក់​ឡើយ​; ចូរ​គិតគូរ​ធ្វើ​ការល្អ​នៅចំពោះ​មនុស្ស​ទាំងអស់​។ 18ខាងឯ​អ្នករាល់គ្នា ចូរ​នៅសុខ​ជាមួយ​មនុស្ស​ទាំងអស់ ប្រសិនបើ​អាច​។ 19អ្នករាល់គ្នា​ដ៏ជាទីស្រឡាញ់​អើយ កុំ​សងសឹក​ដោយ​ខ្លួនឯង​ឡើយ គឺ​ចូរ​ទុក​ឱកាស​ឲ្យ​ព្រះពិរោធ​របស់​ព្រះអង្គ​វិញ ដ្បិត​មាន​សរសេរ​ទុកមក​ថា​:“ព្រះអម្ចាស់​មានបន្ទូលថា ការដាក់ទោសសងសឹក​ជា​របស់យើង យើង​នឹង​តបសង​វិញ”។#12:19 《ទុតិយកថា》 32:35។ 20ផ្ទុយទៅវិញ
“ប្រសិនបើ​សត្រូវ​របស់អ្នក​ឃ្លាន ចូរ​ឲ្យ​គេ​ហូប​;
ប្រសិនបើ​គេ​ស្រេក ចូរ​ឲ្យ​គេ​ផឹក​;
ធ្វើ​ដូច្នេះ អ្នក​នឹង​ពូន​រងើក​ភ្លើង​លើ​ក្បាល​របស់​គេ”។ # 12:20 《សុភាសិត》 25:21-22។
21កុំឲ្យ​សេចក្ដី​អាក្រក់​ឈ្នះ​អ្នក​ឡើយ ផ្ទុយទៅវិញ ចូរ​ឈ្នះ​សេចក្ដី​អាក្រក់​ដោយ​សេចក្ដី​ល្អ​៕

ទើបបានជ្រើសរើសហើយ៖

រ៉ូម 12: GKHB

គំនូស​ចំណាំ

ចម្លង

ប្រៀបធៀប

ចែក​រំលែក

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល