រូបតាងកម្មវិធីព្រះគម្ពីរ
អាយខន ស្វែង​រក

សុភាសិត 30

30
ពាក្យរបស់អេគើរ
1ពាក្យ​របស់​អេគើរ​កូន​របស់​យ៉ាកេ ជា​ពាក្យព្យាករ ជា​ពាក្យថ្លែង​របស់​លោក​ដល់​អ៊ីធាល គឺ​ដល់​អ៊ីធាល និង​យូកាល#30:1 ជាពាក្យថ្លែងរបស់លោកដល់អ៊ីធាល គឺ​ដល់​អ៊ីធាល និង​យូកាល​―ឬ “លោកនិយាយថា: ‘ឱព្រះអើយ ទូលបង្គំនឿយហត់; ឱព្រះអើយ ទូលបង្គំនឿយហត់ និងអស់កម្លាំង’”។​:
2ជាការពិត ខ្ញុំ​ល្ងង់ខ្លៅ​ជាង​មនុស្ស​ឯទៀតៗ
ហើយ​ខ្ញុំ​គ្មាន​ការយល់ដឹង​របស់​មនុស្ស​ឡើយ​។
3ខ្ញុំ​មិន​បាន​រៀនចេះ​ប្រាជ្ញា​ឡើយ
ក៏​មិន​ស្គាល់​ចំណេះដឹង​អំពី​អង្គ​ដ៏វិសុទ្ធ#30:3 អង្គ​ដ៏វិសុទ្ធ―ឬ “វិសុទ្ធជន”។​ផង​។
4តើ​នរណា​បាន​ឡើងទៅ​ស្ថានសួគ៌ ហើយ​ចុះមក​?
តើ​នរណា​បាន​ប្រមូល​ខ្យល់​ទុក​ក្នុង​ដៃ​របស់ខ្លួន​?
តើ​នរណា​បាន​ខ្ចប់​ទឹក​ក្នុង​អាវ​?
តើ​នរណា​បាន​តាំង​អស់ទាំង​ចុងបំផុត​នៃ​ផែនដី​ឡើង​?
តើ​អ្នកនោះ​ឈ្មោះ​អ្វី​?
តើ​កូន​របស់អ្នកនោះ​ឈ្មោះ​អ្វី​?
អ្នក​ពិតជា​ដឹង​!
5គ្រប់ទាំង​ព្រះបន្ទូល​របស់​ព្រះ គឺ​ត្រូវបាន​ពិសោធ​;
ព្រះអង្គ​ជា​ខែល​ដល់​អ្នកដែល​ជ្រកកោន​ក្នុង​ព្រះអង្គ​។
6កុំ​បន្ថែម​អ្វី​ទៅក្នុង​ព្រះបន្ទូល​របស់ព្រះអង្គ​ឡើយ
ក្រែងលោ​ព្រះអង្គ​ស្ដីបន្ទោស​អ្នក
ហើយ​អ្នក​ត្រូវបាន​បញ្ជាក់ថាជាមនុស្សភូតភរ​។
7ទូលបង្គំ​ទូល​សុំ​សេចក្ដី​ពីរ​យ៉ាង​ពី​ព្រះអង្គ
សូម​កុំ​បដិសេធ​ទូលបង្គំ មុនពេល​ទូលបង្គំ​ស្លាប់​ឡើយ​:
8សូម​យក​សេចក្ដីមិនពិត និង​ពាក្យ​ភូតភរ​ចេញឲ្យឆ្ងាយ​ពី​ទូលបង្គំ​ផង​;
សូម​កុំ​ប្រទាន​ភាពក្រីក្រ ឬ​ភាពស្ដុកស្ដម្ភ​ដល់​ទូលបង្គំ​ឡើយ
គឺ​សូម​ចែក​តែ​អាហារ​ដែលជា​ចំណែក​របស់ទូលបង្គំ ដល់​ទូលបង្គំ​ចុះ​;
9ក្រែងលោ​ទូលបង្គំ​បាន​ឆ្អែត ហើយ​បដិសេធ​ព្រះអង្គ​ដោយ​ពោលថា​៖ “តើ​ព្រះយេហូវ៉ា​ជា​អ្នកណា​?”
ឬ​ក្រែងលោ​ទូលបង្គំ​បាន​ធ្លាក់ខ្លួនក្រ ហើយ​លួច​គេ
ក៏​បន្ថោក​ព្រះនាម​របស់​ព្រះ​នៃទូលបង្គំ​។
10កុំ​មួលបង្កាច់​បាវបម្រើ ដោយប្រាប់​ដល់​ចៅហ្វាយ​អ្នកនោះ​ឡើយ
ក្រែងលោ​អ្នកនោះ​ដាក់បណ្ដាសា​អ្នក ហើយ​អ្នក​ក៏​ទទួលទោស​។
11មាន​ជំនាន់​មួយ​ដែល​ជេរប្រមាថ​ឪពុក​របស់ខ្លួន
ហើយ​មិន​ឲ្យពរ​ម្ដាយ​របស់ខ្លួន​។
12មាន​ជំនាន់​មួយ​ដែល​បរិសុទ្ធ​ក្នុង​ភ្នែក​ខ្លួនឯង
ប៉ុន្តែ​មិនដែល​លាង​ភាពស្មោកគ្រោក​របស់ខ្លួន​ចេញ​។
13មាន​ជំនាន់​មួយ​ដែល​ភ្នែក​របស់គេ​ឆ្មើងឆ្មៃ​យ៉ាងណាហ្ន៎
ហើយ​ត្របកភ្នែក​របស់គេ​ឡើងខ្ពស់​យ៉ាងណាហ្ន៎​!
14មាន​ជំនាន់​មួយ​ដែល​ធ្មេញ​របស់គេ​ដូចជា​ដាវ ហើយ​ថ្គាម​របស់គេ​ដូចជា​កាំបិត
ដើម្បី​ស៊ីបំផ្លាញ​មនុស្ស​ទ័លក្រ​ឲ្យអស់​ពី​ផែនដី
និង​មនុស្ស​ខ្វះខាត​ឲ្យអស់​ពី​មនុស្សជាតិ​។
15ឈ្លើង​មាន​កូនញី​ពីរ​ដែលស្រែកថា​៖ “ឲ្យ​មក​! ឲ្យ​មក​!”។
មាន​បី​យ៉ាង​ដែល​មិនចេះ​ឆ្អែត
ក៏​មាន​បួន​យ៉ាង​ដែល​មិនចេះ​និយាយថា​៖ “ល្មម” គឺ​:
16ស្ថានមនុស្សស្លាប់
ផ្ទៃ​អារ
ដី​ដែល​មិនចេះ​ឆ្អែត​ដោយ​ទឹក
និង​ភ្លើង​ដែល​មិនចេះ​និយាយថា​៖ “ល្មម”។
17ភ្នែក​ដែល​ចំអកឡកឡឺយ​ដាក់​ឪពុក ព្រមទាំង​មើលងាយ​ដល់​ការស្ដាប់បង្គាប់​ម្ដាយ
ក្អែក​តាម​ជ្រលងភ្នំ​នឹង​ខ្វេះ​វា​ចេញ ហើយ​កូន​ឥន្ទ្រី​នឹង​ស៊ី​វា​ដែរ​។
18មាន​បី​យ៉ាង​ដែល​អស្ចារ្យ​សម្រាប់​ខ្ញុំ
ក៏​មាន​បួន​យ៉ាង​ដែល​ខ្ញុំ​មិន​យល់​ដែរ គឺ​:
19ផ្លូវ​របស់​ឥន្ទ្រី​នៅលើ​មេឃ
ផ្លូវ​របស់​ពស់​នៅលើ​ថ្មដា
ផ្លូវ​របស់​នាវា​នៅកណ្ដាល​សមុទ្រ
និង​ផ្លូវ​របស់​មនុស្សប្រុស​ជាមួយ​ស្ត្រីព្រហ្មចារី​។
20នេះ​ជា​ផ្លូវ​របស់​ស្ត្រី​ផិតក្បត់ គឺ​នាង​ហូប
ហើយ​ជូត​មាត់​របស់នាង រួច​ពោលថា​៖
“ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​អំពើទុច្ចរិត​ឡើយ”។
21ផែនដី​រញ្ជួយ​នៅក្រោម​សេចក្ដី​បី​យ៉ាង
ក៏​មិន​អាច​ទ្រាំ​បាន​នៅក្រោម​សេចក្ដី​បួន​យ៉ាង គឺ​:
22ការ​ដែល​បាវបម្រើ​ធ្វើជាស្ដេច
ការ​ដែល​មនុស្ស​ឆោតល្ងង់​ឆ្អែត​អាហារ
23ការ​ដែល​ស្ត្រី​ត្រូវគេ​ស្អប់​យកប្ដី
និង​ការ​ដែល​បាវបម្រើស្រី​ដណ្ដើមកន្លែង​ចៅហ្វាយស្រី​របស់ខ្លួន​។
24មាន​បួន​យ៉ាង​ដែល​តូច​នៅលើ​ផែនដី
ប៉ុន្តែ​ពួកវា​មានប្រាជ្ញាក្រៃលែង គឺ​:
25ស្រមោច​ជា​ពូជ​ដែល​មិន​ខ្លាំង
ប៉ុន្តែ​វា​រៀបចំ​អាហារ​របស់វា​ទុក​នៅ​រដូវក្ដៅ​;
26ទន្សាយថ្ម​ជា​ពូជ​ដែល​មិន​ខ្លាំងពូកែ
ប៉ុន្តែ​វា​ធ្វើ​លំនៅ​របស់វា​នៅក្នុង​ចំណោតថ្ម​;
27កណ្ដូប​គ្មាន​ស្ដេច​ទេ
ប៉ុន្តែ​វា​ទាំងអស់​ចេញទៅ​ដោយ​តម្រង់ជួរ​;
28ជីងចក់​អាច​ចាប់​ដោយ​ដៃ​បាន
ប៉ុន្តែ​វា​នៅក្នុង​វាំង​របស់​ស្ដេច​។
29មាន​បី​យ៉ាង​ដែល​អង់អាច​ក្នុង​ដំណើរ​ខ្លួន
ក៏​មាន​បួន​យ៉ាង​ដែល​បោះជំហាន​យ៉ាងអង់អាច គឺ​:
30សិង្ហ​ដែល​ខ្លាំងពូកែ​ក្នុងចំណោម​សត្វព្រៃ
ហើយ​មិន​ងាកចេញ​ពី​មុខ​សត្វ​ណាមួយ
31សេះចម្បាំង#30:31 សេះចម្បាំង―ឬ “មាន់គក” ឬ “ឆ្កែប្រមាញ់”។​ដែល​ក្រវាត់ខ្លួន
ពពែឈ្មោល
និង​ស្ដេច​ដែល​មាន​កងទ័ព​នៅជាមួយ​ទ្រង់​។
32ប្រសិនបើ​អ្នក​បាន​ប្រព្រឹត្តយ៉ាងល្ងង់​ដោយ​លើកតម្កើង​ខ្លួន
ឬ​ប្រសិនបើ​អ្នក​បាន​ប៉ងធ្វើអាក្រក់ នោះចូរយក​ដៃ​ខ្ទប់​មាត់​ចុះ​។
33ដ្បិត​ការច្របាច់​ទឹកដោះគោ​ធ្វើឲ្យ​ចេញ​ប៊័រ
ការច្របាច់​ច្រមុះ​ធ្វើឲ្យ​ចេញ​ឈាម
ការច្របាច់​កំហឹង​ធ្វើឲ្យ​ចេញ​ជម្លោះ​៕

ទើបបានជ្រើសរើសហើយ៖

សុភាសិត 30: GKHB

គំនូស​ចំណាំ

ចម្លង

ប្រៀបធៀប

ចែក​រំលែក

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល