សុភាសិត 29
29
1មនុស្សដែលត្រូវបានស្ដីប្រដៅជាច្រើនលើកច្រើនសា ក៏នៅតែធ្វើករឹង
នឹងត្រូវបានកម្ទេចភ្លាម រហូតដល់ស្ដារឡើងវិញលែងបាន។
2នៅពេលមនុស្សសុចរិតកើនឡើង ប្រជាជននឹងអរសប្បាយ
ប៉ុន្តែនៅពេលមនុស្សអាក្រក់គ្រប់គ្រង ប្រជាជននឹងស្រែកថ្ងូរ។
3មនុស្សដែលស្រឡាញ់ប្រាជ្ញា ធ្វើឲ្យឪពុករបស់ខ្លួនមានអំណរ
រីឯអ្នកដែលសេពគប់ជាមួយស្ត្រីពេស្យា ស៊ីបង្ហិនទ្រព្យសម្បត្តិ។
4ស្ដេចធ្វើឲ្យស្រុកបានស្ថិតស្ថេរដោយសេចក្ដីយុត្តិធម៌
រីឯមនុស្សដែលស៊ីសំណូករំលំស្រុកវិញ។
5មនុស្សដែលបញ្ជោរអ្នកជិតខាងរបស់ខ្លួន
គឺរាយសំណាញ់ដាក់ជើងខ្លួនឯង។
6មានអន្ទាក់នៅក្នុងការបំពានរបស់មនុស្សអាក្រក់
រីឯមនុស្សសុចរិតច្រៀងដោយអំណរ ហើយអរសប្បាយផង។
7មនុស្សសុចរិតស្គាល់រឿងក្ដីរបស់អ្នកក្រខ្សត់
រីឯមនុស្សអាក្រក់មិនយល់ច្បាស់នូវចំណេះដឹងនេះឡើយ។
8មនុស្សចំអកឡកឡឺយអុចអាលឲ្យទីក្រុងឆេះឡើង
រីឯមនុស្សមានប្រាជ្ញារម្ងាប់កំហឹងវិញ។
9កាលណាមនុស្សមានប្រាជ្ញាមានរឿងជាមួយមនុស្សល្ងីល្ងើ
មនុស្សល្ងីល្ងើចេះតែខឹងផង សើចផង គឺមិនចេះស្ងប់ស្ងៀមឡើយ។
10មនុស្សបង្ហូរឈាមស្អប់មនុស្សឥតខ្ចោះ
រីឯមនុស្សទៀងត្រង់វិញ ខ្វល់ខ្វាយអំពីព្រលឹងរបស់អ្នកនោះ#29:10 រីឯមនុស្សទៀងត្រង់វិញ ខ្វល់ខ្វាយអំពីព្រលឹងរបស់អ្នកនោះ―ឬ “ហើយស្វែងរកជីវិតរបស់មនុស្សទៀងត្រង់”។។
11មនុស្សល្ងង់បញ្ចេញកំហឹងរបស់ខ្លួនទាំងអស់
រីឯមនុស្សមានប្រាជ្ញាទប់កំហឹងយ៉ាងស្ងៀមស្ងាត់។
12ប្រសិនបើមេគ្រប់គ្រងយកចិត្តទុកដាក់នឹងពាក្យភូតភរ
អ្នកបម្រើទាំងអស់របស់គាត់នឹងទៅជាមនុស្សអាក្រក់។
13អ្នកក្រីក្រ និងអ្នកសង្កត់សង្កិនមានចំណុចមួយដូចគ្នា#29:13 មានចំណុចមួយដូចគ្នា―ន័យត្រង់គឺ “បានជួបគ្នា”។ គឺ:
ព្រះយេហូវ៉ាជាអ្នកដែលផ្ដល់ពន្លឺដល់ភ្នែកពួកគេទាំងពីរ។
14ប្រសិនបើស្ដេចកាត់ក្ដីអ្នកក្រខ្សត់ដោយសេចក្ដីពិត
បល្ល័ង្ករបស់ទ្រង់នឹងត្រូវបានធ្វើឲ្យស្ថិតស្ថេរជារៀងរហូត។
15រំពាត់ និងការស្ដីប្រដៅផ្ដល់ប្រាជ្ញា
ប៉ុន្តែកូនក្មេង#29:15 កូនក្មេង―ឬ “យុវជន”។ដែលបណ្ដោយតាមចិត្ត នាំមកនូវសេចក្ដីអាម៉ាស់ដល់ម្ដាយរបស់ខ្លួន។
16នៅពេលមនុស្សអាក្រក់កើនឡើង ការបំពានក៏កើនឡើងដែរ
ប៉ុន្តែមនុស្សសុចរិតនឹងឃើញការដួលរលំរបស់ពួកគេ។
17ចូរប្រៀនប្រដៅកូនរបស់អ្នក នោះវានឹងធ្វើឲ្យអ្នកបានស្ងប់ចិត្ត
ហើយផ្ដល់សេចក្ដីរីករាយដល់ព្រលឹងរបស់អ្នក។
18ដោយគ្មានការបើកបង្ហាញ#29:18 ការបើកបង្ហាញ―ឬ “និមិត្ត”។ ប្រជាជនក៏បណ្ដោយខ្លួន
ប៉ុន្តែអ្នកដែលកាន់តាមក្រឹត្យវិន័យ អ្នកនោះមានពរហើយ!
19មិនអាចប្រៀនប្រដៅបាវបម្រើដោយប្រើតែពាក្យសម្ដីបានឡើយ
ទោះបីជាគេយល់ច្បាស់ក៏ដោយ ក៏គេមិនយកចិត្តទុកដាក់ដែរ។
20តើអ្នកបានឃើញមនុស្សដែលប្រញាប់ក្នុងពាក្យសម្ដីរបស់ខ្លួនទេ?
មានសង្ឃឹមចំពោះមនុស្សល្ងង់ជាងអ្នកនោះទៅទៀត។
21អ្នកដែលទម្រើសបាវបម្រើរបស់ខ្លួនតាំងពីក្មេង
នៅចុងបញ្ចប់របស់អ្នកនោះនឹងមានទុក្ខលំបាកវិញ#29:21 នឹងមានទុក្ខលំបាកវិញ―ឬ “វានឹងក្លាយជាអ្នកទទួលមរតកវិញ”។។
22មនុស្សចំណូលកំហឹងបង្កទំនាស់
ហើយមនុស្សឆាប់ខឹងមានការបំពានច្រើន។
23អំនួតរបស់មនុស្សនឹងបន្ទាបខ្លួនឯងចុះ
រីឯមនុស្សរាបទាបក្នុងវិញ្ញាណនឹងទទួលបានសិរីរុងរឿង។
24អ្នកដែលរួមចំណែកជាមួយចោរ គឺស្អប់ព្រលឹងរបស់ខ្លួន;
ទោះបីជាអ្នកនោះឮពាក្យបណ្ដាសាក៏ដោយ ក៏មិនសារភាពដែរ។
25ការភិតភ័យចំពោះមនុស្សជាអន្ទាក់
ប៉ុន្តែអ្នកដែលជឿទុកចិត្តលើព្រះយេហូវ៉ានឹងត្រូវបានលើកឡើងឲ្យរួចផុត។
26មនុស្សជាច្រើនស្វែងរកក្ដីសន្ដោសពីមេគ្រប់គ្រង
ប៉ុន្តែសេចក្ដីយុត្តិធម៌របស់មនុស្សមកពីព្រះយេហូវ៉ា។
27មនុស្សទុច្ចរិតជាទីស្អប់ខ្ពើមដល់មនុស្សសុចរិត
ហើយមនុស្សដែលទៀងត្រង់ក្នុងផ្លូវរបស់ខ្លួន ក៏ជាទីស្អប់ខ្ពើមដល់មនុស្សអាក្រក់ដែរ៕
ទើបបានជ្រើសរើសហើយ៖
សុភាសិត 29: GKHB
គំនូសចំណាំ
ចម្លង
ប្រៀបធៀប
ចែករំលែក
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative