ម៉ាថាយ 22

22
ពាក្យឧបមាអំពីមង្គលការ
1ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ជា​ពាក្យឧបមា​ទៀត​ថា​៖ 2“អាណាចក្រស្ថានសួគ៌​ប្រៀបប្រដូច​នឹង​ស្ដេច​មួយ​អង្គ ដែល​រៀបចំ​ពិធីមង្គលការ​ឲ្យ​បុត្រ​របស់​ខ្លួន​។ 3ទ្រង់​បាន​ចាត់​ពួក​រាជបម្រើ​ឲ្យទៅ​ហៅ​អ្នក​ដែល​ត្រូវបាន​អញ្ជើញ​ទៅ​ចូលរួមក្នុងពិធីមង្គលការ ប៉ុន្តែ​ពួកគេ​មិន​ព្រម​មក​ទេ​។ 4ទ្រង់​ក៏​ចាត់​ពួក​រាជបម្រើ​ផ្សេង​ឲ្យទៅ​ម្ដងទៀត ដោយ​មានរាជឱង្ការថា​: ‘ចូរ​ប្រាប់​អ្នក​ដែល​ត្រូវ​បាន​អញ្ជើញ​ថា​: មើល៍! យើង​បាន​រៀបចំ​ភោជនាហារ​រួចហើយ គឺ​យើង​បាន​សម្លាប់​គោឈ្មោល និង​សត្វ​បំប៉ន​ធាត់​ៗ ហើយ​អ្វីៗ​ទាំងអស់​បាន​រៀបចំ​ជាស្រេច​។ ចូរ​មក​ចូលរួមក្នុងពិធីមង្គលការ​ចុះ’។
5 “ប៉ុន្តែ​អ្នក​ទាំងនោះ​ធ្វើព្រងើយ ហើយក៏​ចេញទៅ គឺ​ម្នាក់​ទៅ​ស្រែចម្ការ​របស់ខ្លួន ម្នាក់ទៀត​ទៅ​ធ្វើ​ជំនួញ​របស់​ខ្លួន 6ហើយ​អ្នក​ផ្សេងទៀត​ក៏​ចាប់​រាជបម្រើ​ទាំងនោះ បង្អាប់បង្អោន​ពួកគេ រួច​សម្លាប់​ពួកគេ​។ 7ដូច្នេះ ធ្វើឲ្យ​ស្ដេច​ខ្ញាល់#22:7 ដូច្នេះ ធ្វើ​ឲ្យ​ស្ដេច​ខ្ញាល់―ឯកសារបុរាណខ្លះថា “នៅពេលស្ដេចទ្រង់ឮហើយ ក៏ខ្ញាល់”។​ទ្រង់​ក៏​ចាត់​កងទ័ព​ឲ្យទៅ​បំផ្លាញជីវិត​ឃាតករ​ទាំងនោះ ហើយ​ដុត​ទីក្រុង​របស់​ពួកគេ​ចោល​។
8 “បន្ទាប់មក ស្ដេច​មានរាជឱង្ការ​នឹង​ពួក​រាជបម្រើ​របស់​ទ្រង់​ថា​: ‘ពិធីមង្គលការ​បាន​រៀបចំជាស្រេច​មែន ប៉ុន្តែ​អ្នក​ដែល​ត្រូវបាន​អញ្ជើញ​នោះ​មិន​ស័ក្ដិសម​ទេ​។ 9ដូច្នេះ ចូរ​ចេញទៅ​ឯ​ផ្លូវសំខាន់ៗ ហើយ​អញ្ជើញ​អ្នកណាក៏ដោយដែល​អ្នករាល់គ្នា​ឃើញ ឲ្យ​ចូលរួមក្នុងពិធីមង្គលការ​ចុះ’។ 10ពួក​រាជបម្រើ​ទាំងនោះ​ក៏​ចេញទៅ​ឯ​ផ្លូវ​នានា ហើយ​ប្រមូល​អស់អ្នក​ដែល​ពួកគេ​ឃើញ ទាំង​មនុស្ស​អាក្រក់ ទាំង​មនុស្ស​ល្អ​។ ពិធីមង្គលការ​នោះ​ក៏​មាន​ភ្ញៀវ​ពេញ​។ 11ប៉ុន្តែ​នៅពេល​ស្ដេច​យាង​ចូលមក​ជួប​ភ្ញៀវ ទ្រង់​ទត​ឃើញ​បុរស​ម្នាក់​នៅ​ទីនោះ​ដែល​មិន​បាន​ស្លៀក​សម្លៀកបំពាក់​មង្គលការ​ទេ 12ក៏​មានរាជឱង្ការ​នឹង​គាត់​ថា​: ‘សម្លាញ់​អើយ ម្ដេចក៏​អ្នក​ចូលមក​ទីនេះ​ដោយ​មិន​ស្លៀក​សម្លៀកបំពាក់​មង្គលការ​ដូច្នេះ​?’ ប៉ុន្តែ​គាត់​គ្មានវាចាសោះ​។
13 “ដូច្នេះ ស្ដេច​ក៏​មានរាជឱង្ការ​នឹង​ពួក​អ្នកបម្រើ​ថា​: ‘ចូរ​ចង​ដៃ​ចង​ជើង​អ្នកនេះ # 22:13 ឯកសារបុរាណខ្លះបន្ថែម “យកចេញទៅ”។ ហើយ​បោះ​គាត់​ចោល​ទៅក្នុង​សេចក្ដីងងឹត​ខាងក្រៅ​ទៅ​! នៅ​ទីនោះ​នឹង​មាន​ការទួញសោក និង​ការសង្កៀត​ធ្មេញ’។
14 “ជាការពិត មនុស្ស​ដែល​ត្រូវបានអញ្ជើញ​មាន​ច្រើន ប៉ុន្តែ​មនុស្ស​ដែល​ត្រូវបានជ្រើសរើស​មាន​តិច​ទេ”។
ព្រះ និងសេសារ
15បន្ទាប់មក ពួកផារិស៊ី​ក៏​ចេញទៅ​ពិគ្រោះគ្នា ដើម្បី​ដាក់អន្ទាក់​ចាប់​ព្រះយេស៊ូវ​តាមរយៈ​ព្រះបន្ទូល​របស់ព្រះអង្គ​។ 16ពួក​គេ​ជាមួយ​ពួកគណៈហេរ៉ូឌ បាន​ចាត់​សិស្ស​របស់​ពួកគេ​ឲ្យទៅ​រក​ព្រះអង្គ ទូលថា​៖ “លោកគ្រូ យើងខ្ញុំ​ដឹង​ហើយ​ថា លោក​ជា​មនុស្ស​ពិតត្រង់ ហើយ​លោក​បង្រៀន​មាគ៌ា​របស់​ព្រះ​តាម​សេចក្ដីពិត គឺ​លោក​មិន​ខ្វល់​អំពី​អ្នកណា​ទេ ដ្បិត​លោក​មិន​រើសមុខ​គេ​ឡើយ​។ 17ដូច្នេះ សូម​ប្រាប់​យើងខ្ញុំ​ផង​ថា​លោក​គិត​ដូចម្ដេច តើ​យើងខ្ញុំ​បង់ពន្ធ​ថ្វាយ​សេសារ ត្រូវឬមិនត្រូវ​?”។
18ប៉ុន្តែ​ព្រះយេស៊ូវ​ទ្រង់​ជ្រាប​គំនិតអាក្រក់​របស់​ពួកគេ ក៏​មានបន្ទូលថា​៖“ពួក​មនុស្សមានពុត​អើយ‍! ហេតុអ្វីបានជា​អ្នករាល់គ្នា​ល្បងល​ខ្ញុំ​? 19ចូរ​បង្ហាញ​កាក់​សម្រាប់​បង់​ពន្ធ​ឲ្យ​ខ្ញុំ​មើល៍”។ ពួកគេ​ក៏​យក​កាក់​ឌេណារី#22:19 កាក់​ឌេណារី​―លុយកាក់ធ្វើពីប្រាក់របស់រ៉ូម៉ាំង។ 1ឌេណារី=ថ្លៃឈ្នួល1ថ្ងៃ។​មួយ​ឲ្យ​ព្រះអង្គ​។ 20ព្រះអង្គ​ទ្រង់​សួរ​ពួកគេ​ថា​៖“តើ​រូប និង​ចំណារ​នេះ​ជា​របស់​នរណា​?”។
21ពួកគេ​ទូល​ឆ្លើយថា​៖ “របស់​សេសារ”។
ព្រះអង្គ​ក៏​មានបន្ទូល​នឹង​ពួកគេ​ថា​៖“បើដូច្នេះ អ្វីៗ​របស់​សេសារ ចូរ​ថ្វាយ​ដល់​សេសារ ហើយ​អ្វីៗ​របស់​ព្រះ ចូរ​ថ្វាយ​ដល់​ព្រះ​ចុះ”។ 22ពួកគេ​ឮ​ដូច្នេះ​ក៏​ស្ងើច ហើយ​ចាកចេញ​ពី​ព្រះអង្គ​ទៅ​។
ពួកសាឌូស៊ី និងសេចក្ដីរស់ឡើងវិញ
23នៅ​ថ្ងៃ​នោះ មាន​ពួកសាឌូស៊ី​ដែល​និយាយថា​គ្មាន​ការរស់ឡើងវិញ ចូលមកជិត​ព្រះយេស៊ូវ ទូល​សួរ​ព្រះអង្គ 24ថា​៖ “លោកគ្រូ ម៉ូសេ​បាន​និយាយថាប្រសិនបើ​អ្នកណា​ម្នាក់​ស្លាប់​ទាំង​គ្មាន​កូន ប្អូនប្រុស​របស់​គាត់​ត្រូវតែ​រៀបការ​ជាមួយ​ប្រពន្ធ​របស់​បង ហើយ​បង្កើត​ពូជ​សម្រាប់​បងប្រុស​របស់​ខ្លួន​។#22:24 《ទុតិយកថា》 25:5។ 25មាន​បងប្អូនប្រុស​ប្រាំពីរ​នាក់​នៅ​ជាមួយ​យើងខ្ញុំ​។ បង​ច្បង​បាន​រៀបការ ហើយ​ស្លាប់​ទៅ​ទាំង​គ្មាន​កូន ទុក​ប្រពន្ធ​ឲ្យ​ប្អូនប្រុស​របស់​ខ្លួន​។ 26ប្អូន​ទីពីរ ទីបី រហូតដល់​ទីប្រាំពីរ ក៏​ដូចគ្នា​ដែរ ។ 27នៅទីបំផុត ស្ត្រី​នោះ​ក៏​ស្លាប់​ទៅ​ដែរ​។ 28ដូច្នេះ នៅ​ថ្ងៃនៃការរស់ឡើងវិញ តើ​នាង​នឹង​ទៅជា​ប្រពន្ធ​របស់​នរណា​ក្នុង​ប្រាំពីរ​នាក់​នោះ​? ដ្បិត​ពួកគេ​ទាំងអស់គ្នា​សុទ្ធតែ​បាន​យក​នាង​ជាប្រពន្ធ”។
29ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​ពួកគេ​ថា​៖“ដោយសារ​អ្នករាល់គ្នា​មិន​យល់​គម្ពីរ ហើយក៏មិន​យល់​អំពី​ព្រះចេស្ដា​របស់​ព្រះ ធ្វើឲ្យ​អ្នករាល់គ្នា​យល់ខុស​ហើយ​។ 30ដ្បិត​នៅ​ថ្ងៃនៃការរស់ឡើងវិញ ពួកគេ​មិន​រៀបការជាប្ដីប្រពន្ធ​ឡើយ គឺ​បាន​ដូចជា​បណ្ដា​ទូតសួគ៌#22:30 ឯកសារបុរាណខ្លះបន្ថែម “របស់ព្រះ”។ដែល​នៅ​ស្ថានសួគ៌​វិញ​។ 31ចំពោះ​ការរស់ឡើងវិញ​របស់​មនុស្សស្លាប់ តើ​អ្នករាល់គ្នា​មិនដែល​អាន​អ្វី​ដែល​ព្រះ​មានបន្ទូល​នឹង​អ្នករាល់គ្នា​ទេ​ឬ ដែល​ថា​: 32‘យើង​ជា​ព្រះ​របស់​អ័ប្រាហាំ ជា​ព្រះ​របស់​អ៊ីសាក និង​ជា​ព្រះ​របស់​យ៉ាកុប’#22:32 《និក្ខមនំ》 3:6។? ព្រះ​មិនមែន​ជា​ព្រះ​របស់​មនុស្សស្លាប់​ទេ គឺ​ជា​ព្រះ​របស់​មនុស្ស​រស់”។
33ហ្វូងមនុស្ស​បាន​ឮ​ដូច្នេះ ក៏​ស្ងើច​ចំពោះ​សេចក្ដីបង្រៀន​របស់​ព្រះអង្គ​។
បទបញ្ជាដ៏សំខាន់បំផុត
34នៅពេល​ពួកផារិស៊ី​ឮ​ថា ព្រះយេស៊ូវ​បាន​ធ្វើឲ្យ​ពួកសាឌូស៊ី​ស្ងាត់មាត់ ពួកគេ​ក៏​ជួបជុំគ្នា​។ 35មាន​អ្នកច្បាប់#22:35 ឯកសារបុរាណខ្លះគ្មាន “អ្នកច្បាប់”។​​ម្នាក់​ក្នុង​ពួកគេ​បាន​ល្បងល​ព្រះអង្គ ដោយ​ទូល​សួរថា​៖ 36“លោកគ្រូ ក្នុង​ក្រឹត្យវិន័យ តើ​បទបញ្ជា​មួយណា​សំខាន់ជាងគេ​?”។
37ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា​៖‘អ្នក​ត្រូវ​ស្រឡាញ់​ព្រះអម្ចាស់​ព្រះ​របស់អ្នក អស់ពី​ចិត្ត អស់ពី​ព្រលឹង និង​អស់ពី​គំនិត​របស់អ្នក’។#22:37 《ទុតិយកថា》 6:5។ 38នេះ​ជា​បទបញ្ជា​ទីមួយ និង​សំខាន់ជាងគេ​។ 39រីឯ​បទបញ្ជា​ទីពីរ​ក៏​ដូច​ទីមួយ​ដែរ គឺ​:‘ត្រូវ​ស្រឡាញ់​អ្នកជិតខាង​របស់អ្នក ដូច​ស្រឡាញ់​ខ្លួនឯង’​។#22:39 《លេវីវិន័យ》 19:18។ 40អស់ទាំង​ក្រឹត្យវិន័យ និង​គម្ពីរ​ព្យាការី​ផ្អែក​លើ​បទបញ្ជា​ទាំង​ពីរ​នេះ​ឯង”។
ព្រះគ្រីស្ទ និងដាវីឌ
41ខណៈដែល​ពួកផារិស៊ី​កំពុង​ជួបជុំគ្នា ព្រះយេស៊ូវ​ទ្រង់​សួរ​ពួកគេ 42ថា​៖“តើ​អ្នករាល់គ្នា​គិត​ដូចម្ដេច​អំពី​ព្រះ​គ្រីស្ទ​? តើ​ព្រះអង្គ​ជា​ពូជពង្ស​របស់​នរណា​?”។
ពួកគេ​ទូល​ព្រះអង្គ​ថា​៖ “ជាពូជពង្ស​របស់​ដាវីឌ”។
43ព្រះអង្គ​ក៏​សួរ​ពួកគេ​ថា​៖“ចុះ​ម្ដេចក៏​ដាវីឌ​ហៅ​ព្រះគ្រីស្ទ​ដោយ​ព្រះវិញ្ញាណ​ថា ‘ព្រះអម្ចាស់’ ដូច្នេះ​? លោក​និយាយថា​:
44 ‘ព្រះអម្ចាស់​មានបន្ទូល​នឹង​ព្រះអម្ចាស់​របស់ខ្ញុំ​ថា
ចូរ​អង្គុយ​នៅ​ខាងស្ដាំ​យើង
រហូតដល់​យើង​ដាក់​ពួក​ខ្មាំងសត្រូវ​របស់អ្នក​នៅក្រោម​ជើង # 22:44 ឯកសារបុរាណខ្លះបន្ថែម “ធ្វើជាកំណល់ជើង”។ របស់អ្នក’។ # 22:44 《ទំនុកតម្កើង》 110:1។
45 “ដូច្នេះ ប្រសិនបើ​ដាវីឌ​ហៅ​ព្រះគ្រីស្ទ​ថា ‘ព្រះអម្ចាស់’ តើ​ព្រះអង្គ​ជា​ពូជពង្ស​របស់​លោក​ដូចម្ដេចកើត​?”។ 46គ្មានអ្នកណា​អាច​ទូល​ឆ្លើយ​មួយ​ម៉ាត់​នឹង​ព្រះយេស៊ូវ​បាន​ទេ​។ តាំងពី​ថ្ងៃ​នោះ​មក គ្មាន​អ្នកណា​ហ៊ាន​ទូល​សួរ​ព្រះអង្គ​ទៀត​ឡើយ​៕

ទើបបានជ្រើសរើសហើយ៖

ម៉ាថាយ 22: GKHB

គំនូស​ចំណាំ

ចែក​រំលែក

ប្រៀបធៀប

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល