“យ៉ាងណាមិញ ខ្ញុំប្រាប់អ្នករាល់គ្នាដែលកំពុងស្ដាប់ថា ចូរស្រឡាញ់ខ្មាំងសត្រូវរបស់អ្នករាល់គ្នា ហើយធ្វើល្អដល់អ្នកដែលស្អប់អ្នករាល់គ្នា; ចូរឲ្យពរអ្នកដែលប្រទេចផ្ដាសាអ្នករាល់គ្នា ហើយអធិស្ឋានសម្រាប់អ្នកដែលបៀតបៀនអ្នករាល់គ្នា។ ចំពោះអ្នកដែលទះកំផ្លៀងម្ខាងរបស់អ្នក ចូរឲ្យគេទះម្ខាងទៀតដែរ; ចំពោះអ្នកដែលយកអាវវែងរបស់អ្នក ក៏កុំឃាត់មិនឲ្យគេយកអាវខាងក្នុងឡើយ។ ចូរឲ្យដល់អស់អ្នកដែលសុំអ្នក ហើយកុំទារមកវិញពីអ្នកដែលយកអ្វីដែលជារបស់អ្នកឡើយ។ ដូចដែលអ្នករាល់គ្នាចង់ឲ្យគេប្រព្រឹត្តដល់អ្នករាល់គ្នាយ៉ាងណា ចូរប្រព្រឹត្តដល់គេយ៉ាងនោះដែរ។ ប្រសិនបើអ្នករាល់គ្នាស្រឡាញ់អ្នកដែលស្រឡាញ់អ្នករាល់គ្នា តើមានអ្វីគួរឲ្យសរសើរដល់អ្នករាល់គ្នា? តាមពិត សូម្បីតែពួកមនុស្សបាបក៏ស្រឡាញ់អ្នកដែលស្រឡាញ់ពួកគេដែរ។ ប្រសិនបើអ្នករាល់គ្នាធ្វើល្អ ចំពោះតែអ្នកដែលធ្វើល្អដល់អ្នករាល់គ្នា តើមានអ្វីគួរឲ្យសរសើរដល់អ្នករាល់គ្នា? សូម្បីតែពួកមនុស្សបាបក៏ធ្វើដូច្នោះដែរ។ ប្រសិនបើអ្នករាល់គ្នាឲ្យគេខ្ចី ដោយសង្ឃឹមថានឹងបានពីគេមកវិញ តើមានអ្វីគួរឲ្យសរសើរដល់អ្នករាល់គ្នា? សូម្បីតែពួកមនុស្សបាបក៏ឲ្យមនុស្សបាបខ្ចីដែរ ដើម្បីទទួលបានគ្រប់ចំនួនវិញ។ ប៉ុន្តែចូរស្រឡាញ់ខ្មាំងសត្រូវរបស់អ្នករាល់គ្នា ចូរធ្វើល្អដល់គេ ហើយចូរឲ្យគេខ្ចី ដោយមិនសង្ឃឹមថានឹងបានមកវិញឡើយ។ នោះរង្វាន់របស់អ្នករាល់គ្នានឹងបានជាធំ ហើយអ្នករាល់គ្នានឹងទៅជាកូនរបស់ព្រះដ៏ខ្ពស់បំផុត ដ្បិតព្រះអង្គមានព្រះហឫទ័យសប្បុរសចំពោះមនុស្សអកតញ្ញូ និងមនុស្សអាក្រក់ដែរ។ ចូរមានចិត្តមេត្តាករុណា ដូចដែលព្រះបិតារបស់អ្នករាល់គ្នាមានព្រះហឫទ័យមេត្តាករុណាដែរ។ “កុំវិនិច្ឆ័យគេ នោះអ្នករាល់គ្នានឹងមិនត្រូវបានវិនិច្ឆ័យសោះឡើយ; កុំផ្ដន្ទាទោសគេ នោះអ្នករាល់គ្នានឹងមិនត្រូវបានផ្ដន្ទាទោសសោះឡើយ; ចូរលើកលែងទោសឲ្យគេ នោះអ្នករាល់គ្នាក៏នឹងត្រូវបានលើកលែងទោសដែរ។ ចូរឲ្យ នោះនឹងប្រទានឲ្យអ្នករាល់គ្នាដែរ។ រង្វាល់ដ៏គ្រប់បរិបូរ ទាំងញាត់ ទាំងរលាក់ រហូតដល់ហូរហៀរ នឹងត្រូវបានដាក់លើភ្លៅរបស់អ្នករាល់គ្នា។ ដ្បិតអ្នករាល់គ្នានឹងត្រូវបានវាល់ឲ្យ តាមរង្វាល់ដែលអ្នករាល់គ្នាវាល់ឲ្យគេ”។ ព្រះអង្គមានបន្ទូលនឹងពួកគេជាពាក្យឧបមាទៀតថា៖“មនុស្សខ្វាក់ភ្នែកមិនអាចនាំផ្លូវមនុស្សខ្វាក់ភ្នែកបានទេ មែនទេ? តើមិនធ្លាក់ទៅក្នុងរណ្ដៅទាំងពីរនាក់ទេឬ? សិស្សមិនលើគ្រូទេ ប៉ុន្តែអស់អ្នកដែលទទួលការហ្វឹកហាត់ពេញលេញហើយ នោះនឹងបានដូចគ្រូរបស់ខ្លួន។ “ហេតុអ្វីបានជាអ្នកមើលឃើញកម្ទេចនៅក្នុងភ្នែករបស់បងប្អូនអ្នក ប៉ុន្តែមិនចាប់អារម្មណ៍នឹងធ្នឹមនៅក្នុងភ្នែកខ្លួនឯង? តើអ្នកអាចនិយាយទៅបងប្អូនរបស់អ្នកថា: ‘បងប្អូនអើយ ឲ្យខ្ញុំយកកម្ទេចនៅក្នុងភ្នែករបស់អ្នកចេញ’ យ៉ាងដូចម្ដេចបាន នៅពេលខ្លួនអ្នកមិនឃើញធ្នឹមនៅក្នុងភ្នែករបស់ខ្លួនឯងផង? មនុស្សមានពុតអើយ! ចូរយកធ្នឹមចេញពីភ្នែករបស់អ្នកជាមុនសិន ទើបអ្នកនឹងមើលឃើញច្បាស់ ដើម្បីយកកម្ទេចនៅក្នុងភ្នែករបស់បងប្អូនអ្នកចេញ។ “គ្មានដើមឈើល្អណាដែលបង្កើតផលអាក្រក់ឡើយ ហើយក៏គ្មានដើមឈើអាក្រក់ណាដែលបង្កើតផលល្អដែរ។ ព្រោះថាដើមឈើនីមួយៗនឹងសម្គាល់បានដោយផលផ្លែរបស់វា។ ដ្បិតគេមិនដែលប្រមូលផ្លែល្វាពីគុម្ពបន្លាទេ ហើយក៏មិនដែលបេះផ្លែទំពាំងបាយជូរពីដើមបន្លាដែរ។ មនុស្សល្អតែងតែបញ្ចេញសេចក្ដីល្អពីសម្បត្តិដ៏ល្អនៃចិត្ត រីឯមនុស្សអាក្រក់ក៏តែងតែបញ្ចេញសេចក្ដីអាក្រក់ពីសម្បត្តិដ៏អាក្រក់នៃចិត្តដែរ ដ្បិតមាត់របស់មនុស្សតែងតែនិយាយចេញពីភាពបរិបូរនៃចិត្ត។ “ហេតុអ្វីបានជាអ្នករាល់គ្នាហៅខ្ញុំថា ‘ព្រះអម្ចាស់ ព្រះអម្ចាស់’ ប៉ុន្តែមិនប្រព្រឹត្តតាមពាក្យដែលខ្ញុំប្រាប់ដូច្នេះ? ខ្ញុំនឹងបង្ហាញដល់អ្នករាល់គ្នាថា អស់អ្នកដែលមករកខ្ញុំ ហើយឮពាក្យរបស់ខ្ញុំ រួចប្រព្រឹត្តតាម អ្នកនោះប្រៀបដូចជាមនុស្សបែបណា គឺប្រៀបដូចជាអ្នកសាងសង់ផ្ទះដែលជីកដីយ៉ាងជ្រៅ ហើយចាក់គ្រឹះនៅលើថ្មដា។ នៅពេលមានទឹកជំនន់ ហើយចរន្តទឹកប៉ះទង្គិចនឹងផ្ទះនោះ ក៏មិនអាចធ្វើឲ្យផ្ទះនោះរង្គើបានទេ ពីព្រោះត្រូវបានសាងសង់យ៉ាងរឹងមាំ។ ផ្ទុយទៅវិញ អ្នកដែលឮពាក្យរបស់ខ្ញុំ ហើយមិនប្រព្រឹត្តតាម ប្រៀបដូចជាអ្នកសាងសង់ផ្ទះនៅលើដីដោយគ្មានគ្រឹះ។ នៅពេលចរន្តទឹកប៉ះទង្គិចនឹងផ្ទះនោះ វាក៏រលំភ្លាម ហើយការខូចខាតនៃផ្ទះនោះធ្ងន់ធ្ងរណាស់”៕
អាន លូកា 6
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លូកា 6:27-49
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ