អេសាយ 48
48
ព្រះយេហូវ៉ាទ្រង់ប្រោសលោះអ៊ីស្រាអែលដ៏រឹងរូស
1អ្នកដែលត្រូវបានហៅតាមឈ្មោះអ៊ីស្រាអែល
ហើយចេញមកពីប្រភពទឹករបស់យូដា
ជាអ្នកដែលស្បថដោយអាងព្រះនាមរបស់ព្រះយេហូវ៉ា
ហើយលើកឡើងនូវព្រះនៃអ៊ីស្រាអែល
ប៉ុន្តែមិនមែនដោយសេចក្ដីពិតត្រង់ ក៏មិនមែនដោយសេចក្ដីសុចរិត
គឺវង្សត្រកូលយ៉ាកុបអើយ
ចូរស្ដាប់សេចក្ដីនេះ!
2(ដ្បិតពួកគេហៅខ្លួនពួកគេតាមក្រុងដ៏វិសុទ្ធ
ហើយពឹងផ្អែកលើព្រះនៃអ៊ីស្រាអែល
ដែលព្រះនាមរបស់ព្រះអង្គគឺព្រះយេហូវ៉ានៃពលបរិវារ)
3“តាំងពីដើមមកម្ល៉េះ យើងបានប្រកាសអំពីការពីមុន
ហើយវាបានចេញពីមាត់របស់យើងទៅ
គឺយើងបានតំណាលការទាំងនោះ។
យើងបានធ្វើក្នុងមួយរំពេច នោះវាក៏កើតឡើង។
4ដោយព្រោះយើងបានដឹងថាអ្នករឹងរូស
ករបស់អ្នកជាសរសៃដែក
ហើយថ្ងាសរបស់អ្នកជាលង្ហិន
5ដូច្នេះយើងបានប្រកាសដល់អ្នកតាំងពីដើម
យើងបានតំណាលឲ្យអ្នកស្ដាប់មុនការនោះកើតឡើង
ក្រែងលោអ្នកនិយាយថា: ‘រូបបដិមាកររបស់ខ្ញុំបានធ្វើការទាំងនោះហើយ
រូបឆ្លាក់ និងរូបសិតរបស់ខ្ញុំបានបង្គាប់ឲ្យមានការទាំងនោះ’។
6អ្នកបានឮអំពីការទាំងនោះហើយ ដូច្នេះចូរសង្កេតមើលការទាំងអស់នោះចុះ!
ចុះម្ដេចក៏អ្នកមិនប្រកាសអំពីការទាំងនោះ?
ចាប់ពីឥឡូវនេះទៅ យើងនឹងតំណាលការថ្មីឲ្យអ្នកស្ដាប់
គឺការលាក់កំបាំងដែលអ្នកមិនដែលដឹង។
7ការទាំងនោះត្រូវបាននិម្មិតបង្កើតនៅឥឡូវនេះ គឺមិនមែនតាំងពីដើមទេ។
មុនថ្ងៃនេះ អ្នកមិនដែលឮអំពីការទាំងនោះទេ
ក្រែងលោអ្នកនិយាយថា: ‘មើល៍! ខ្ញុំដឹងការទាំងនោះហើយ!’។
8មែនហើយ អ្នកមិនដែលឮទេ
មែនហើយ អ្នកមិនដែលដឹងផង
មែនហើយ តាំងពីដើមត្រចៀករបស់អ្នកមិនទាន់បានបើកនៅឡើយ។
ដ្បិតយើងបានដឹងថាអ្នកនឹងក្បត់ទាំងស្រុង
ក៏ដឹងថាអ្នកត្រូវបានហៅថាមនុស្សបំពានតាំងពីផ្ទៃម្ដាយ។
9ដោយយល់ដល់នាមរបស់យើង យើងនឹងបង្អង់កំហឹងរបស់យើង
ដោយយល់ដល់សេចក្ដីសរសើរតម្កើងដល់យើង យើងនឹងទប់កំហឹងចំពោះអ្នក
ដើម្បីកុំឲ្យយើងបានកាត់អ្នកចេញឡើយ។
10មើល៍! យើងបានបន្សុទ្ធអ្នក ប៉ុន្តែមិនដូចបន្សុទ្ធប្រាក់ទេ
គឺយើងបានសាកល្បងអ្នកនៅក្នុងឡនៃទុក្ខវេទនាវិញ។
11ដោយយល់ដល់ខ្លួនយើង ដោយយល់ដល់ខ្លួនយើង បានជាយើងនឹងធ្វើការទាំងនោះ។
តើនាមរបស់យើងត្រូវបានបន្ទាបបន្ថោកដូចម្ដេចបាន?
យើងនឹងមិនប្រគល់សិរីរុងរឿងរបស់យើងទៅអ្នកដទៃឡើយ។
12យ៉ាកុប និងអ៊ីស្រាអែល
ជាអ្នកដែលយើងបានហៅអើយ
ចូរស្ដាប់យើងចុះ!
គឺយើងហ្នឹងហើយ ជាព្រះអង្គនោះ។
យើងជាដើម និងជាចុង។
13មែនហើយ ដៃយើងផ្ទាល់បានចាក់គ្រឹះផែនដី
ដៃស្ដាំរបស់យើងបានលាតផ្ទៃមេឃ;
កាលណាយើងហៅ ពួកវានឹងឈរឡើងជាមួយគ្នា។
14ចូរឲ្យអ្នកទាំងអស់គ្នាប្រមូលគ្នា ហើយស្ដាប់ចុះ!
ក្នុងចំណោមព្រះទាំងនោះ#48:14 ព្រះទាំងនោះ―ន័យត្រង់គឺ “ពួកគេ”។ តើមានអ្នកណាបានប្រកាសអំពីការទាំងនោះ?
ព្រះយេហូវ៉ាទ្រង់ស្រឡាញ់ម្នាក់នេះ#48:14 ម្នាក់នេះ―សំដៅទៅលើ “ស៊ីរូស”។;
គាត់នឹងបំពេញឲ្យសម្រេចនូវសេចក្ដីប្រាថ្នារបស់ព្រះអង្គទាស់នឹងបាប៊ីឡូន
ហើយដើមដៃរបស់គាត់ក៏ប្រឆាំងនឹងជនជាតិខាល់ដេ។
15យើង គឺយើងហ្នឹងហើយ បាននិយាយ
មែនហើយ យើងបានហៅគាត់មក;
យើងបាននាំគាត់មក
ហើយគាត់នឹងចម្រើនឡើងក្នុងផ្លូវរបស់ខ្លួន។
16ចូរចូលមកជិតយើង ហើយស្ដាប់សេចក្ដីនេះចុះ!
តាំងពីដើមដំបូង យើងមិនបាននិយាយដោយសម្ងាត់ទេ
តាំងពីពេលការនោះកើតឡើង យើងនៅទីនោះហើយ”។
ឥឡូវនេះ ព្រះអម្ចាស់របស់ខ្ញុំ
គឺព្រះយេហូវ៉ាបានចាត់ខ្ញុំឲ្យមក ព្រមទាំងព្រះវិញ្ញាណរបស់ព្រះអង្គផង។
17ព្រះយេហូវ៉ាជាព្រះប្រោសលោះរបស់អ្នក ជាអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល មានបន្ទូលដូច្នេះថា៖
“យើងជាយេហូវ៉ា ព្រះរបស់អ្នក
ជាអ្នកដែលបង្រៀនអ្នកឲ្យទទួលប្រយោជន៍
ហើយនាំអ្នកឲ្យដើរក្នុងផ្លូវដែលអ្នកគួរដើរ។
18ឱបើអ្នកយកចិត្តទុកដាក់នឹងសេចក្ដីបង្គាប់របស់យើងទៅអេះ!
នោះសេចក្ដីសុខសាន្តរបស់អ្នកនឹងបានដូចជាទន្លេ
សេចក្ដីសុចរិតរបស់អ្នកនឹងបានដូចជារលកសមុទ្រ
19ពូជពង្សរបស់អ្នកនឹងបានច្រើនដូចខ្សាច់
កូនចៅពីខ្លួនរបស់អ្នកនឹងបានច្រើនដូចគ្រាប់ខ្សាច់;
ឈ្មោះរបស់ពួកគេនឹងមិនត្រូវបានកាត់ចេញឡើយ
ក៏មិនត្រូវបានបំផ្លាញពីមុខយើងដែរ”។
20ចូរចេញពីបាប៊ីឡូនទៅ
ចូររត់គេចពីជនជាតិខាល់ដេ។
ចូរប្រកាសដោយសំឡេងនៃការហ៊ោសប្បាយ
ចូរតំណាលសេចក្ដីនេះឲ្យគេស្ដាប់
ចូរនាំសេចក្ដីនេះចេញទៅរហូតដល់ចុងបំផុតនៃផែនដី
ចូរប្រាប់ថា៖ “ព្រះយេហូវ៉ាទ្រង់ប្រោសលោះយ៉ាកុបអ្នកបម្រើរបស់ព្រះអង្គហើយ!”។
21នៅពេលព្រះអង្គទ្រង់នាំពួកគេដើរកាត់ទីរហោស្ថាន
ពួកគេមិនបានស្រេកទឹកឡើយ
ព្រះអង្គបានបង្ហូរទឹកចេញពីថ្មដាសម្រាប់ពួកគេ
គឺព្រះអង្គបានបំបែកថ្មដា ហើយទឹកក៏ហូរចេញមក។
22ព្រះយេហូវ៉ាមានបន្ទូលថា៖
“គ្មានសេចក្ដីសុខសាន្តសម្រាប់មនុស្សអាក្រក់ឡើយ”៕
ទើបបានជ្រើសរើសហើយ៖
អេសាយ 48: GKHB
គំនូសចំណាំ
ចម្លង
ប្រៀបធៀប
ចែករំលែក
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative