រូបតាងកម្មវិធីព្រះគម្ពីរ
អាយខន ស្វែង​រក

អេសាយ 3

3
ពួកអ្នកដឹកនាំយូដាត្រូវបានជំនុំជម្រះ
1មើល៍! ព្រះអម្ចាស់​យេហូវ៉ា​នៃ​ពលបរិវារ
នឹង​ដក​ការផ្គត់ផ្គង់ និង​ទីពឹងផ្អែក​ចេញ​ពី​យេរូសាឡិម និង​យូដា
គឺ​ដកចេញ​នូវ​អស់ទាំង​ការផ្គត់ផ្គង់​ស្បៀងអាហារ និង​ការផ្គត់ផ្គង់​ទឹក​ទាំងស្រុង
2ក៏នឹងដកចេញនូវ​មនុស្ស​ខ្លាំងពូកែ និង​អ្នកចម្បាំង
ចៅក្រម និង​ព្យាការី
គ្រូទាយ និង​ចាស់ទុំ
3មេទាហានលើហាសិបនាក់ និង​អ្នកធំ
ទីប្រឹក្សា និង​សិប្បករ​ជំនាញ
ព្រមទាំង​អ្នក​ប៉ិនប្រសប់​ខាង​មន្តអាគម​ផង​។
4យើង​នឹង​ឲ្យ​ក្មេង​ៗ​ធ្វើជា​មេដឹកនាំ​របស់ពួកគេ
ហើយ​ទារក​នឹង​គ្រប់គ្រង​លើ​ពួកគេ​។
5ប្រជាជន​នឹង​ត្រូវបាន​សង្កត់សង្កិន
គឺ​មនុស្ស​ម្នាក់​នឹង​ត្រូវបាន​សង្កត់សង្កិន​ដោយ​មនុស្ស​ម្នាក់​ទៀត
ម្នាក់ៗ​នឹងត្រូវបានសង្កត់សង្កិន​ដោយ​អ្នកជិតខាង​របស់ខ្លួន​;
ពួក​ក្មេង​ៗ​នឹង​ប្រព្រឹត្តយ៉ាងក្រអឺតក្រទម​ទាស់នឹង​ចាស់ៗ
មនុស្ស​តូចទាប​នឹង​ប្រព្រឹត្តយ៉ាងក្រអឺតក្រទម​ទាស់នឹង​មនុស្ស​មានយសស័ក្ដិ​។
6កាលណា​មនុស្ស​ម្នាក់​ចាប់​បងប្អូន​របស់ខ្លួន​ពី​ផ្ទះ​របស់​ឪពុក​ខ្លួន ដោយនិយាយថា​៖
“អ្នក​មាន​អាវវែង ដូច្នេះសូម​ធ្វើជា​អ្នកដឹកនាំ​របស់​ពួកយើង​ផង​!
សូមឲ្យ​ទីហិនហោច​នេះ​នៅក្រោម​អំណាច​របស់អ្នក​ចុះ”
7នៅ​ថ្ងៃ​នោះ គេ​នឹង​ស្រែកឡើង​ថា​៖
“ខ្ញុំ​មិនមែន​ជា​អ្នក​ព្យាបាល​ទេ​!
ក្នុង​ផ្ទះ​របស់ខ្ញុំ​គ្មាន​អាហារ ក៏​គ្មាន​អាវវែង​ដែរ​។
កុំ​តាំង​ខ្ញុំ​ជា​អ្នកដឹកនាំ​របស់​ប្រជាជន​អី​!”។
8ដ្បិត​យេរូសាឡិម​បាន​ជំពប់ ហើយ​យូដា​បាន​ដួល
ពីព្រោះ​អណ្ដាត​របស់ពួកគេ និង​ទង្វើ​របស់ពួកគេ បាន​ប្រឆាំងនឹង​ព្រះយេហូវ៉ា
ដោយ​បះបោរ​នឹង​ព្រះនេត្រ​ដ៏មាន​សិរីរុងរឿង​របស់ព្រះអង្គ​។
9ទឹកមុខ​របស់ពួកគេ​ធ្វើបន្ទាល់​ទាស់នឹង​ពួកគេ​;
ពួកគេ​សម្ដែង​បាប​របស់ខ្លួន​ដូច​សូដុម​;
ពួកគេ​មិន​លាក់បាំង​ឡើយ​។
វេទនា​ដល់​ព្រលឹង​របស់ពួកគេ​ហើយ
ដ្បិត​ពួកគេ​បាន​នាំ​មហន្តរាយ​មក​លើ​ខ្លួនឯង​។
10ចូរ​ប្រាប់​មនុស្ស​សុចរិត​ថា ល្អ​ហើយ
ដ្បិត​ពួកគេ​នឹង​ហូប​ផលផ្លែ​នៃ​ទង្វើ​របស់ខ្លួន​។
11វេទនា​ដល់​មនុស្ស​អាក្រក់​ហើយ ពួកគេ​នឹង​រងទុក្ខ
ដ្បិត​ទង្វើ​នៃ​ដៃ​របស់ពួកគេ នឹង​ត្រូវបាន​ធ្វើ​ដល់​ពួកគេ​វិញ​។
12ប្រជារាស្ត្រ​របស់យើង​អើយ
កូនក្មេង​ជា​អ្នក​សង្កត់សង្កិន​ពួកគេ
ហើយ​មនុស្សស្រី​គ្រប់គ្រង​លើ​ពួកគេ​។
ប្រជារាស្ត្រ​របស់យើង​អើយ
ពួកអ្នក​នាំផ្លូវ​របស់អ្នក​បាន​នាំ​អ្នក​ឲ្យ​វង្វេង
ពួកគេ​បាន​បំភាន់​គន្លង​ផ្លូវ​របស់អ្នក​ហើយ​!
13ព្រះយេហូវ៉ា​នឹង​ក្រោកឡើង​ដើម្បី​តវ៉ាក្ដី
ក៏​នឹង​ឈរឡើង​ដើម្បី​ជំនុំជម្រះ​ប្រជារាស្ត្រ​។
14ព្រះយេហូវ៉ា​នឹង​ចូល​ក្នុង​ការជំនុំជម្រះ​ទាស់នឹង​ពួក​ចាស់ទុំ
និង​ពួក​មេដឹកនាំ​នៃ​ប្រជារាស្ត្រ​របស់ព្រះអង្គ​ថា​៖
“គឺ​អ្នករាល់គ្នា​ហើយ ដែល​ស៊ីបង្ហិន​ចម្ការទំពាំងបាយជូរ​;
អ្វីដែលលួចប្លន់​ពី​អ្នក​ទ័លក្រ នៅក្នុង​ផ្ទះ​របស់អ្នករាល់គ្នា​។
15តើ​អ្នករាល់គ្នា​ជាន់កម្ទេច​ប្រជារាស្ត្រ​របស់យើង
ហើយ​កិនសង្កត់​មុខ​របស់​អ្នក​ទ័លក្រ​ធ្វើអី​?”។
នេះជា​សេចក្ដីប្រកាស​របស់​ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​។
ពួកកូនស្រីស៊ីយ៉ូនត្រូវបានជំនុំជម្រះ
16ព្រះយេហូវ៉ា​មានបន្ទូល​ទៀត​ថា​៖
“ដោយព្រោះ​កូនស្រី​ស៊ីយ៉ូន​បាន​លើកខ្លួនឡើង
ហើយ​ដើរ​ងើបងើយ
ទាក់ទាញ​ដោយ​ភ្នែក
ដើរកាច់រាង
ព្រមទាំង​អង្រួនឲ្យឮសូររ៉ឺងៗ​ដោយ​ជើង​របស់ពួកនាង
17ដូច្នេះ ព្រះអម្ចាស់​នឹង​វាយឲ្យមានក្រមរ​លើ​ក្រយៅក្បាល​របស់​កូនស្រី​ស៊ីយ៉ូន
ព្រះយេហូវ៉ា​នឹង​បង្ហាញ​កេរ្តិ៍ខ្មាស#3:17 កេរ្តិ៍ខ្មាស―ឬ “ថ្ងាស”។​របស់ពួកនាង”។
18នៅ​ថ្ងៃ​នោះ ព្រះអម្ចាស់​នឹង​ដក​គ្រឿងអលង្ការ​របស់ពួកនាង#3:18 របស់ពួកនាង―ជាពាក្យជំនួយ។​ចេញ គឺ​កងជើង សំណាញ់សក់ បន្តោងរូបព្រះចន្ទ 19ក្រវិល កងដៃ កន្សែងបង់ក 20គ្រឿងតែងសក់ ខ្សែជើង ខ្សែក្រវាត់ ប្រអប់​គ្រឿងក្រអូប គ្រឿងគាថា 21ចិញ្ចៀន ក្រវិល​ច្រមុះ 22សម្លៀកបំពាក់សម្រាប់ពិធី អាវដណ្ដប់ ផាហ៊ុម កាបូប 23កញ្ចក់ សម្លៀកបំពាក់ផាឌិប ឈ្នួត និង​ស្បៃ​។
24ពេលនោះ មាន​ក្លិនស្អុយ​ជំនួស​ក្លិនក្រអូប
ខ្សែពួរ​ជំនួស​ខ្សែក្រវាត់
ភាពតម្ពែក​ជំនួស​សក់តែងស្អាត
សំពត់ធ្មៃ​ជំនួស​សម្លៀកបំពាក់ដ៏ល្អប្រណិត
ស្នាមដៅ​ជំនួស​សម្រស់​។
25ប្រុស​ៗ​របស់អ្នក​នឹង​ដួល​ដោយ​មុខដាវ
មនុស្សខ្លាំងពូកែ​របស់អ្នក​នឹង​ដួល​នៅក្នុង​សមរភូមិ​។
26ទ្វារក្រុង​ទាំងឡាយ​របស់ស៊ីយ៉ូន​នឹង​ទួញសោក ព្រមទាំង​កាន់ទុក្ខ
ហើយ​នាង​នឹង​អង្គុយ​កណ្ដោចកណ្ដែង​នៅលើ​ដី​៕

ទើបបានជ្រើសរើសហើយ៖

អេសាយ 3: GKHB

គំនូស​ចំណាំ

ចម្លង

ប្រៀបធៀប

ចែក​រំលែក

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល