រូបតាងកម្មវិធីព្រះគម្ពីរ
អាយខន ស្វែង​រក

អេសាយ 2

2
ទីក្រុងនៃសេចក្ដីសុខសាន្ត
1សេចក្ដី​ដែល​អេសាយ​កូន​របស់​អ័ម៉ូស​បាន​ឃើញ ទាក់ទងនឹង​យូដា និង​យេរូសាឡិម​:
2នៅ​គ្រា​ចុងបញ្ចប់​នឹង​មានកើតឡើងដូច្នេះ​:
ភ្នំ​នៃ​ដំណាក់​របស់​ព្រះយេហូវ៉ា​នឹង​ត្រូវបាន​តាំងឡើង លើ​កំពូល​ភ្នំ​នានា
ហើយ​ត្រូវបាន​តម្កើងឡើង លើ​ទីទួល​ទាំងឡាយ​;
ប្រជាជាតិ​ទាំងអស់​នឹង​ចូលហូរហែ​ទៅ​ទីនោះ​។
3ជាតិសាសន៍​ជាច្រើន​នឹង​មក ទាំង​ពោលថា​៖
“មក៍! យើង​នាំគ្នា​ឡើង​ទៅ​ភ្នំ​របស់​ព្រះយេហូវ៉ា
ទៅ​ដំណាក់​របស់​ព្រះ​នៃ​យ៉ាកុប
ដើម្បីឲ្យ​ព្រះអង្គ​បង្រៀន​យើង​នូវ​មាគ៌ា​របស់ព្រះអង្គ
នោះ​យើង​នឹង​បាន​ដើរ​តាម​គន្លង​របស់ព្រះអង្គ”។
ដ្បិត​ក្រឹត្យវិន័យ​នឹង​ចេញ​ពី​ស៊ីយ៉ូន
ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា​នឹង​ចេញ​ពី​យេរូសាឡិម​។
4ព្រះអង្គ​នឹង​ជំនុំជម្រះ​រវាង​ប្រជាជាតិ​ទាំងនោះ
ហើយ​សម្រេចសេចក្ដី​ឲ្យ​ជាតិសាសន៍​ជាច្រើន
នោះ​ពួកគេ​នឹង​ដំ​ដាវ​របស់ខ្លួន​ជា​ផាលនង្គ័ល
ក៏​នឹង​ដំ​លំពែង​របស់ខ្លួន​ជា​កណ្ដៀវ​វិញ​។
ប្រជាជាតិ​មួយ​នឹង​មិន​លើក​ដាវ​ទាស់នឹង​ប្រជាជាតិ​មួយ​ទៀត​ឡើយ
ក៏​មិន​រៀន​ធ្វើ​សឹកសង្គ្រាម​ទៀត​ដែរ​។
ថ្ងៃ​របស់​ព្រះអម្ចាស់
5វង្សត្រកូល​យ៉ាកុប​អើយ
មក៍! យើង​នាំគ្នា​ដើរ​ក្នុង​ពន្លឺ​នៃ​ព្រះយេហូវ៉ា​!
6ព្រះអង្គ​បាន​បោះបង់ចោល​វង្សត្រកូល​យ៉ាកុប​ប្រជារាស្ត្រ​របស់ព្រះអង្គ
ពីព្រោះ​ពួកគេ​ពេញ​ដោយទំនៀមទម្លាប់#2:6 ទំនៀមទម្លាប់―ជាពាក្យជំនួយ។​ពី​ទិសខាងកើត
គឺ​ពួកគេ​មើលជោគរាសី​ដូចជា​ជនជាតិភីលីស្ទីន
ព្រមទាំង​ចងសម្ពន្ធមិត្ត​ជាមួយ​ជនបរទេស​។
7ទឹកដី​របស់ពួកគេ​ពេញ​ដោយ​មាស និង​ប្រាក់
ហើយ​ទ្រព្យសម្បត្តិ​របស់ពួកគេ​គ្មាន​ដែនកំណត់​ឡើយ​;
ទឹកដី​របស់ពួកគេ​ពេញ​ដោយ​សេះ
ហើយ​រទេះចម្បាំង​របស់ពួកគេ​ក៏​គ្មាន​ដែនកំណត់​ដែរ​។
8ទឹកដី​របស់ពួកគេ​ពេញ​ដោយ​រូបបដិមាករឥតប្រយោជន៍
ពួកគេ​ថ្វាយបង្គំ​ស្នាដៃ​របស់ខ្លួន ដែល​ម្រាមដៃ​របស់ខ្លួន​បាន​ធ្វើ​។
9ដូច្នេះ មនុស្សលោក​ត្រូវបាន​បង្អោនចុះ
មនុស្សជាតិ​ត្រូវបាន​បន្ទាបចុះ​។
សូម​កុំ​លើកលែងទោស​ឲ្យ​ពួកគេ​ឡើយ​!
10ចូរ​ចូលទៅ​ក្នុង​ថ្មដា ចូរ​លាក់ខ្លួន​ក្នុង​ធូលីដី
ពី​ការភិតភ័យ​ចំពោះ​ព្រះយេហូវ៉ា
និង​ពី​អានុភាព​នៃ​ភាពឧត្ដុង្គឧត្ដម​របស់ព្រះអង្គ​។
11ភ្នែក​ក្រអឺតក្រទម​របស់​មនុស្ស​នឹង​ត្រូវបាន​បន្ទាបចុះ
ភាពឆ្មើងឆ្មៃ​របស់​មនុស្ស​នឹង​ត្រូវបាន​បង្អោនចុះ
នោះ​មានតែ​ព្រះយេហូវ៉ា​ប៉ុណ្ណោះ​ដែល​ត្រូវបាន​លើកតម្កើង​នៅ​ថ្ងៃ​នោះ​។
12ដ្បិត​នឹង​មាន​ថ្ងៃ​មួយ​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​សម្រាប់​ទាស់នឹង​អស់អ្នក​ដែល​ក្រអឺតក្រទម និង​ឆ្មើងឆ្មៃ
ព្រមទាំង​ទាស់នឹង​អស់អ្នក​ដែល​លើកតម្កើង​ខ្លួន
នោះ​ពួកគេនឹងត្រូវបាន​បន្ទាបចុះ
13គឺ​ទាស់នឹង​អស់ទាំង​ដើមស៊ីដា​នៃ​លីបង់ ដែល​ខ្ពស់ ហើយ​ត្រូវបាន​តម្កើងឡើង
ទាស់នឹង​អស់ទាំង​ដើមអូក​នៃ​បាសាន
14ទាស់នឹង​អស់ទាំង​ភ្នំ​ខ្ពស់
ទាស់នឹង​អស់ទាំង​ទីទួល​ដែល​ត្រូវបាន​តម្កើងឡើង
15ទាស់នឹង​អស់ទាំង​ប៉ម​ដ៏ខ្ពស់
ទាស់នឹង​អស់ទាំង​កំពែង​ដ៏រឹងមាំ
16ទាស់នឹង​អស់ទាំង​នាវា​នៃ​តើស៊ីស
ក៏​ទាស់នឹង​អស់ទាំង​សំពៅ​ដ៏ល្អប្រណិត​ដែរ​។
17ភាពក្រអឺតក្រទម​របស់​មនុស្ស​នឹង​ត្រូវបាន​បង្អោនចុះ
ភាពឆ្មើងឆ្មៃ​របស់​មនុស្ស​នឹង​ត្រូវបាន​បន្ទាបចុះ
នោះ​មានតែ​ព្រះយេហូវ៉ា​ប៉ុណ្ណោះ​ដែល​ត្រូវបាន​លើកតម្កើង​នៅ​ថ្ងៃ​នោះ
18រីឯ​បណ្ដា​រូបបដិមាករឥតប្រយោជន៍​នឹង​បាត់​អស់រលីង​។
19គេ​នឹង​ចូលទៅ​ក្នុង​រអាង​ថ្ម និង​ក្នុង​រូង​ដី
ដើម្បីរួច​ពី​ការភិតភ័យ​ចំពោះ​ព្រះយេហូវ៉ា
និង​ពី​អានុភាព​នៃ​ភាពឧត្ដុង្គឧត្ដម​របស់ព្រះអង្គ
ក្នុងពេលដែល​ព្រះអង្គ​ក្រោកឡើង​ដើម្បី​ធ្វើឲ្យ​ផែនដី​ញ័ររន្ធត់​។
20នៅ​ថ្ងៃ​នោះ មនុស្ស​នឹង​បោះចោល​រូបបដិមាករឥតប្រយោជន៍​ធ្វើពី​មាស
និង​រូបបដិមាករឥតប្រយោជន៍​ធ្វើពី​ប្រាក់​របស់ខ្លួន
ដែល​ពួកគេ​បាន​ធ្វើ​សម្រាប់​ខ្លួនឯង​ដើម្បី​ថ្វាយបង្គំ​នោះ
ទៅឲ្យ​សត្វកំពីងដូង និង​ប្រចៀវ
21ដើម្បី​ចូលទៅ​ក្នុង​ក្រហែង​ថ្មដា និង​ក្នុង​ប្រឡោះ​ផ្ទាំងថ្ម
គឺដើម្បីរួច​ពី​ការភិតភ័យ​ចំពោះ​ព្រះយេហូវ៉ា
និង​ពី​អានុភាព​នៃ​ភាពឧត្ដុង្គឧត្ដម​របស់ព្រះអង្គ
ក្នុងពេលដែល​ព្រះអង្គ​ទ្រង់​ក្រោកឡើង​ដើម្បី​ធ្វើឲ្យ​ផែនដី​ញ័ររន្ធត់​។
22ចូរ​អ្នករាល់គ្នា​ឈប់​ទុកចិត្ត​លើ​មនុស្សលោក ដែល​មាន​ដង្ហើម​តាម​រន្ធច្រមុះ
ដ្បិត​តើ​គេ​មានតម្លៃ​អ្វី​?​៕

ទើបបានជ្រើសរើសហើយ៖

អេសាយ 2: GKHB

គំនូស​ចំណាំ

ចម្លង

ប្រៀបធៀប

ចែក​រំលែក

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល