ដ្បិតនៅគ្រានោះ យើងនឹងឲ្យជនជាតិទាំងឡាយ មានបបូរមាត់ស្អាត ដើម្បីឲ្យគេបានអំពាវនាវរក ព្រះនាមព្រះយេហូវ៉ាទាំងអស់គ្នា ហើយព្រមចិត្តគ្នាគោរពបម្រើព្រះអង្គ។ ពួកអ្នកថ្វាយបង្គំយើង គឺកូនស្រីនៃពួកអ្នកដែលយើងបានកម្ចាត់កម្ចាយទៅ គេនឹងនាំយកតង្វាយពីខាងនាយទន្លេ ស្រុកអេធីយ៉ូពី មកថ្វាយយើង។ នៅថ្ងៃនោះ អ្នកមិនត្រូវខ្មាស ដោយព្រោះអំពើដែលអ្នកបានប្រព្រឹត្ត ជាការដែលអ្នកបានបះបោរ ទាស់នឹងយើងទៀតនោះឡើយ ដ្បិតនៅគ្រានោះ យើងនឹងដកយកពួកអ្នកដែលអួតអាង ដោយឆ្មើងឆ្មៃ ចេញពីចំណោមអ្នក ហើយអ្នកនឹងលែងមានចិត្តអំនួត នៅលើភ្នំបរិសុទ្ធរបស់យើងទៀត។ ប៉ុន្ដែ យើងនឹងទុកប្រជាជនមួយពួកដែលទន់ទាប ហើយកម្សត់ទុគ៌តនៅកណ្ដាលអ្នក គេនឹងស្វែងរកទីពួនជ្រកក្នុងព្រះនាមព្រះយេហូវ៉ា អស់អ្នកដែលនៅសេសសល់ក្នុងពួកអ៊ីស្រាអែល គេនឹងមិនប្រព្រឹត្តអំពើទុច្ចរិត ឬពោលពាក្យកុហកទៀតឡើយ ក៏នឹងឥតឃើញមានអណ្ដាតឆបោកនៅក្នុងមាត់គេដែរ ដ្បិតគេនឹងរកស៊ី ហើយដេកចុះ ឥតមានអ្នកណាបំភ័យគេឡើយ។ ឱកូនស្រីស៊ីយ៉ូនអើយ ចូរច្រៀងឡើង ឱអ៊ីស្រាអែលអើយ ចូរស្រែកឡើង ឱកូនស្រីយេរូសាឡិមអើយ ចូរអរសប្បាយ ហើយរីករាយឲ្យអស់ពីចិត្តទៅ! ព្រះយេហូវ៉ាបានលើកលែងទោសឲ្យអ្នក ព្រះអង្គបានបង្វែរខ្មាំងសត្រូវរបស់អ្នកចេញ។ ព្រះយេហូវ៉ាជាមហាក្សត្ររបស់អ៊ីស្រាអែល គង់នៅកណ្ដាលអ្នក អ្នកនឹងមិនខ្លាចសេចក្ដីអាក្រក់ទៀតឡើយ។ នៅថ្ងៃនោះ នឹងមានគេពោលមកកាន់ ក្រុងយេរូសាឡិមថា កុំខ្លាចអ្វីឡើយ ឱស៊ីយ៉ូនអើយ កុំឲ្យដៃអ្នកអន់ថយឲ្យសោះ។ ព្រះយេហូវ៉ាដ៏ជាព្រះរបស់អ្នក ព្រះអង្គគង់នៅកណ្ដាលអ្នក ព្រះអង្គជាព្រះដ៏មានឥទ្ធិឫទ្ធិដែលនឹងសង្គ្រោះ ព្រះអង្គនឹងរីករាយចំពោះអ្នកដោយអរសប្បាយ ព្រះអង្គនឹងធ្វើឲ្យអ្នកមានចិត្តស្ងប់ ដោយសេចក្ដីស្រឡាញ់របស់ព្រះអង្គ ព្រះអង្គនឹងរីករាយចំពោះអ្នក ដោយសំឡេងច្រៀងយ៉ាងឮ។ យើងនឹងប្រមូលអស់អ្នកក្នុងចំណោម ឯងរាល់គ្នាដែលស្តាយស្រណោះថ្ងៃបុណ្យដ៏សំខាន់ ដើម្បីកុំឲ្យឯងរាល់គ្នារងដំណៀលទៀតឡើយ។ មើល៍ នៅគ្រានោះ យើងនឹងធ្វើទោសអស់អ្នកដែលសង្កត់សង្កិនអ្នក យើងនឹងសង្គ្រោះអ្នកដែលខ្វិន ហើយប្រមូលអ្នកដែលគេបណ្តេញចេញមកវិញ យើងនឹងបំផ្លាស់សេចក្ដីអាម៉ាស់របស់គេ ឲ្យទៅជាទីសរសើរ ហើយឲ្យមានកេរ្ដិ៍ឈ្មោះល្បីពាសពេញលើផែនដី។ នៅគ្រានោះ យើងនឹងនាំឯងរាល់គ្នាចូលមក នៅគ្រានោះ យើងនឹងប្រមូលផ្ដុំឯងរាល់គ្នា ដ្បិតយើងនឹងធ្វើឲ្យឯងរាល់គ្នាមានកេរ្ដិ៍ឈ្មោះ ហើយឲ្យបានជាទីសរសើរក្នុងចំណោម អស់ទាំងសាសន៍នៅលើផែនដី នៅពេលដែលយើងស្ដារស្ថានភាពរបស់អ្នកឡើងវិញ នៅចំពោះភ្នែកឯងរាល់គ្នា នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។:៚
អាន សេផានា 3
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: សេផានា 3:9-20
7 ថ្ងៃ
សេផានាបានព្រមានអ៊ីស្រាអែលថា ព្រះនឹងវិនិច្ឆ័យពួកគេ ប៉ុន្តែប្រាប់ពួកគេផងដែរថាទ្រង់ស្រឡាញ់ពួកគេប៉ុណ្ណា ហើយថ្ងៃណាមួយទ្រង់នឹងរីករាយនឹងពួកគេដោយការច្រៀង។ ការធ្វើដំណើរប្រចាំថ្ងៃតាមរយៈសេផានា ពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ