សាការី 9:1-8

សាការី 9:1-8 គកស១៦

នេះ​ជា​ព្រះ‌បន្ទូលរបស់​ព្រះ‌យេហូវ៉ា ទាស់​នឹង​ស្រុក​ហាត្រាក និង​ស្រុក​ដាម៉ាស ដ្បិត​ព្រះ‌នេត្រ​នៃ​ព្រះ‌យេហូវ៉ា ទត​មើល​មនុស្ស​ទាំង​អស់ ដូច​ជា​ទត​មើល​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល ព្រម​ទាំង​ស្រុក​ហាម៉ាត ជា​ស្រុក​ដែល​ជាប់​ព្រំដែន​នឹង​គេ ក្រុង​ទីរ៉ុស និង​ក្រុង​ស៊ីដូនដែរ ទោះ​បើ​មាន​ប្រាជ្ញា​ជា​ច្រើន​ក៏​ដោយ។ ក្រុង​ទីរ៉ុស​បាន​ធ្វើ​ទី​មាំ‌មួន​សម្រាប់​ខ្លួន ក៏​បាន​ប្រមូល​ប្រាក់​គរ​ទុក ដូច​ជា​ធូលី​ដី និង​មាស​យ៉ាង​វិសេស​ដូច​ជា​ភក់​នៅ​ក្នុង​ផ្លូវ។ ប៉ុន្តែ ព្រះ‌អម្ចាស់​នឹង​ទម្លាក់​គេ​ចេញ ហើយ​វាយ​កម្លាំង​របស់​គេ​ដែល​នៅ​ក្នុង​សមុទ្រ ទី​ក្រុង​នោះ​នឹង​ត្រូវ​ភ្លើង​ឆេះ។ ឯ​ក្រុង​អាស‌កា‌ឡូន​ក៏​ឃើញ​ដែរ ហើយភ័យ​ខ្លាច រួម​ទាំង​ក្រុង​កាសា​ផង​ដែរ គេ​នឹង​មានការ​ឈឺ​ចាប់​ជា​ខ្លាំង​ចំពោះ​ក្រុង​អេក្រុន ដ្បិត​ទី​សង្ឃឹម​របស់​គេ​ត្រឡប់​ជា​ទី​អាម៉ាស់​ខ្មាស​វិញ ឯ​ស្តេច​នឹង​វិនាស​បាត់​ពី​ក្រុង​កាសា ក្រុង​អាស‌កា‌ឡូន​នឹង​លែង​មាន​មនុស្ស​រស់​នៅ។ មាន​សុទ្ធ​តែ​ពួក​កូន​កាត់​រស់​នៅ​ក្នុង​ក្រុង​អាសដូឌ ហើយ​យើង​នឹង​បំផ្លាញ​សេចក្ដី​អំនួត របស់​សាសន៍​ភីលី‌ស្ទីន។ យើង​នឹង​ដក​យក​ឈាម​ចេញ​ពី​មាត់​គេ ព្រម​ទាំង​សាច់​ដែល​គួរ​ស្អប់​ខ្ពើម ចេញ​ពី​កណ្ដាល​ធ្មេញ​គេ​ដែរ នោះ​គេ​នឹង​សល់​នៅ​សម្រាប់​គោរព​ដល់​ព្រះ​នៃ​យើង ហើយ​នឹង​ដូច​ជា​ចៅ‌ហ្វាយ​នៅ​ស្រុក​យូដា ឯ​ពួក​ក្រុង​អេក្រុន​នឹង​ដូច​ជា​ពួក​ក្រុង​យេប៊ូស​វិញ។ យើង​នឹង​បោះ​ទ័ព​នៅ​ព័ទ្ធ​ជុំ‌វិញ​វិហារ​របស់​យើង ទាស់​នឹង​ពល​ទ័ព ដើម្បី​មិន​ឲ្យ​មាន​គេ​ដើរ​កាត់ ឬ​វិល​មក​វិញ​ឡើយ ក៏​គ្មាន​ពួក​សង្កត់‌សង្កិន​ណា​ដើរ​កាត់​ពួក​គេ​ទៀត​ដែរ ដ្បិត​ឥឡូវ​នេះ ភ្នែក​យើង​បាន​ឃើញ​ហើយ។

អាន សាការី 9