នេះជាការដែលឯងរាល់គ្នាត្រូវធ្វើ គឺគ្រប់គ្នាត្រូវនិយាយសេចក្ដីពិតនឹងអ្នកជិតខាងខ្លួន ហើយត្រូវសម្រេចសេចក្ដីយុត្តិធម៌ និងសេចក្ដីសុខ នៅក្នុងទ្វារក្រុងរបស់ឯងរាល់គ្នា កុំឲ្យអ្នកណាម្នាក់ប្រព្រឹត្តអាក្រក់ទាស់នឹងអ្នកជិតខាងខ្លួនឡើយ ក៏កុំឲ្យចូលចិត្តនឹងពាក្យស្បថកំភូតដែរ ដ្បិតយើងស្អប់អំពើទាំងអស់នេះណាស់» នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។ ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលមកកាន់ខ្ញុំ ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះថា៖ «ពេលតមអាហារក្នុងខែទីបួន ខែទីប្រាំ ខែទីប្រាំពីរ និងខែទីដប់នោះ ជាពេលរីករាយសប្បាយ ហើយជាបុណ្យគគ្រឹកគគ្រេងសម្រាប់ពួកវង្សយូដា។ ដូច្នេះ ចូរស្រឡាញ់សេចក្ដីពិត និងសេចក្ដីសុខសាន្ត»។ ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះថា៖ «មានមនុស្សជាច្រើន និងមនុស្សសាសន៍ផ្សេងៗនៅទីក្រុងជាច្រើននឹងមក ពួកអ្នកនៅស្រុកមួយនឹងទៅស្រុកមួយទៀតបបួលថា "ចូរយើងប្រញាប់ទៅទូលអង្វរព្រះយេហូវ៉ា ហើយស្វែងរកព្រះយេហូវ៉ានៃពួកពលបរិវារចុះ ហើយខ្ញុំក៏ទៅដែរ"។ ជនជាតិជាច្រើន និងសាសន៍ខ្លាំងពូកែ នឹងមកស្វែងរកព្រះយេហូវ៉ានៃពួកពលបរិវារនៅក្រុងយេរូសាឡិម ដើម្បីទូលអង្វរព្រះអង្គ។ ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះថា នៅគ្រានោះ មនុស្សដប់នាក់ពីភាសាផ្សេងៗនឹងចាប់តោងជាយអាវរបស់សាសន៍យូដាម្នាក់ ដោយពាក្យថា "យើងខ្ញុំនឹងទៅជាមួយអ្នកដែរ ពីព្រោះយើងខ្ញុំបានឮថា ព្រះគង់ជាមួយឯងរាល់គ្នា"»។
អាន សាការី 8
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: សាការី 8:16-23
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ