សាការី 8:16-23

សាការី 8:16-23 គកស១៦

នេះ​ជា​ការ​ដែល​ឯង​រាល់​គ្នា​ត្រូវ​ធ្វើ គឺ​គ្រប់​គ្នាត្រូវ​និយាយ​សេចក្ដី​ពិត​នឹង​អ្នក​ជិត​ខាង​ខ្លួន ហើយ​ត្រូវ​សម្រេច​សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុខ នៅ​ក្នុង​ទ្វារ​ក្រុង​របស់​ឯង​រាល់​គ្នា កុំ​ឲ្យ​អ្នក​ណា​ម្នាក់​ប្រព្រឹត្ត​អាក្រក់​ទាស់​នឹង​អ្នក​ជិត​ខាង​ខ្លួន​ឡើយ ក៏​កុំ​ឲ្យ​ចូល​ចិត្ត​នឹង​ពាក្យ​ស្បថ​កំភូត​ដែរ ដ្បិត​យើង​ស្អប់​អំពើ​ទាំង​អស់​នេះ​ណាស់» នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ‌យេហូវ៉ា។ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ​បន្ទូល​មក​កាន់​ខ្ញុំ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «ពេល​តម​អាហារ​ក្នុង​ខែ​ទី​បួន ខែ​ទី​ប្រាំ ខែ​ទីប្រាំពីរ និង​ខែ​ទីដប់​នោះ ជា​ពេល​រីក‌រាយ​សប្បាយ ហើយ​ជា​បុណ្យ​គគ្រឹក‌គគ្រេង​សម្រាប់​ពួក​វង្ស​យូដា។ ដូច្នេះ ចូរ​ស្រឡាញ់​សេចក្ដី​ពិត និង​សេចក្ដី​សុខ​សាន្ត»។ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «មាន​មនុស្ស​ជា​ច្រើន និង​មនុស្ស​សាសន៍​ផ្សេងៗ​នៅ​ទី​ក្រុង​ជា​ច្រើន​នឹង​មក ពួក​អ្នក​នៅ​ស្រុក​មួយ​នឹង​ទៅ​ស្រុក​មួយ​ទៀត​បបួល​ថា "ចូរ​យើង​ប្រញាប់​ទៅ​ទូល‌អង្វរ​ព្រះ‌យេហូវ៉ា ហើយ​ស្វែង​រក​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ចុះ ហើយ​ខ្ញុំ​ក៏​ទៅ​ដែរ"។ ជន​ជាតិ​ជា​ច្រើន និង​សាសន៍​ខ្លាំង​ពូកែ នឹង​មក​ស្វែង​រក​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​នៅ​ក្រុង​យេរូ‌សាឡិម ដើម្បី​ទូល‌អង្វរព្រះ‌អង្គ។ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា នៅ​គ្រា​នោះ មនុស្ស​ដប់​នាក់​ពី​ភាសា​ផ្សេងៗ​នឹង​ចាប់​តោង​ជាយ​អាវ​របស់​សាសន៍​យូដា​ម្នាក់ ដោយ​ពាក្យ​ថា "យើង​ខ្ញុំ​នឹង​ទៅ​ជា‌មួយ​អ្នក​ដែរ ពី​ព្រោះ​យើង​ខ្ញុំ​បាន​ឮ​ថា ព្រះ​គង់​ជា‌មួយ​ឯង​រាល់​គ្នា"»។

អាន សាការី 8