ឱដើមកកោះអើយ ចូរទ្រហោយំចុះ ដ្បិតដើមតាត្រៅបានរលំ ហើយដើមល្អៗត្រូវបំផ្លាញអស់ ឱដើមម៉ៃសាក់នៅស្រុកបាសានអើយ ចូរទ្រហោយំចុះ ពីព្រោះព្រៃស្រោងត្រូវរលំហើយ មានឮសំឡេងពួកគង្វាលទ្រហោយំ សេចក្ដីរុងរឿងរបស់គេត្រូវបំផ្លាញ ក៏ឮសំឡេងស្រែកក្រហឹមរបស់សិង្ហស្ទាវ ដ្បិតសេចក្ដីអំនួតរបស់ទន្លេយ័រដាន់បានខូចអស់ទៅ។ ព្រះយេហូវ៉ាជាព្រះនៃខ្ញុំ មានព្រះបន្ទូលដូច្នេះថា៖ «ចូរឃ្វាលហ្វូងចៀមដែលសម្រាប់សម្លាប់ ជាហ្វូងដែលពួកអ្នកទិញយកទៅសម្លាប់ ដោយឥតមានទោសអ្វីទេ ឯពួកអ្នកលក់ពោលថា "សូមឲ្យព្រះយេហូវ៉ាប្រកបដោយព្រះពរ ដ្បិតខ្ញុំបានក្លាយជាអ្នកមានហើយ"។ ពួកគង្វាលក៏មិនបានប្រណីដល់ចៀមដែរ។ ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា "យើងនឹងមិនប្រណីពួកអ្នកនៅក្នុងស្រុកទៀតឡើយ។ មើល៍! យើងនឹងប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃអ្នកជិតខាង ហើយទៅក្នុងកណ្ដាប់ដៃស្តេចរបស់ខ្លួនដែរ ពួកនោះនឹងវាយកម្ទេចទឹកដី ហើយយើងក៏មិនប្រោសឲ្យរួចដែរ"»។ ដូច្នេះ ខ្ញុំក៏ឃ្វាលហ្វូងចៀមដែលសម្រាប់សម្លាប់ ដែលពិតជាចៀមវេទនាបំផុតក្នុងហ្វូង ខ្ញុំក៏យកដំបងពីរមក ដំបងមួយខ្ញុំឲ្យឈ្មោះថា «លម្អ» មួយទៀតឲ្យឈ្មោះថា «សម្ពន្ធ» ខ្ញុំក៏ឃ្វាលហ្វូងចៀមទៅ ក្នុងមួយខែ ខ្ញុំបានបណ្តេញគង្វាលអស់បីនាក់ ពីព្រោះចិត្តខ្ញុំធុញថប់នឹងគេ ហើយចិត្តគេក៏ខ្ពើមខ្ញុំដែរ។ នោះខ្ញុំក៏និយាយថា៖ «ខ្ញុំលែងឃ្វាលឯងរាល់គ្នាហើយ ណាដែលស្លាប់ ឲ្យស្លាប់ចុះ ណាដែលត្រូវវិនាស ឲ្យវិនាសចុះ ហើយណាដែលសល់នៅ ឲ្យវាហែកគ្នាស៊ីទៅ»។ ខ្ញុំក៏យកដំបងរបស់ខ្ញុំដែលមានឈ្មោះ «លម្អ» មកកាច់បំបាក់ ដើម្បីផ្តាច់សេចក្ដីសញ្ញារបស់ខ្ញុំ ដែលខ្ញុំបានតាំងនឹងជនជាតិទាំងឡាយ។ សេចក្ដីសញ្ញានោះក៏ត្រូវដាច់នៅថ្ងៃនោះ យ៉ាងនោះ ពួកវេទនាបំផុត ក្នុងហ្វូងដែលស្តាប់តាមខ្ញុំ គេបានដឹងថាជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
អាន សាការី 11
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: សាការី 11:2-11
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ