សាការី 11:2-11
សាការី 11:2-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱដើមកកោះអើយ ចូរទ្រហោយំចុះ ដ្បិតដើមតាត្រៅបានរលំ ហើយដើមល្អៗត្រូវបំផ្លាញអស់ ឱដើមម៉ៃសាក់នៅស្រុកបាសានអើយ ចូរទ្រហោយំចុះ ពីព្រោះព្រៃស្រោងត្រូវរលំហើយ មានឮសំឡេងពួកគង្វាលទ្រហោយំ សេចក្ដីរុងរឿងរបស់គេត្រូវបំផ្លាញ ក៏ឮសំឡេងស្រែកក្រហឹមរបស់សិង្ហស្ទាវ ដ្បិតសេចក្ដីអំនួតរបស់ទន្លេយ័រដាន់បានខូចអស់ទៅ។ ព្រះយេហូវ៉ាជាព្រះនៃខ្ញុំ មានព្រះបន្ទូលដូច្នេះថា៖ «ចូរឃ្វាលហ្វូងចៀមដែលសម្រាប់សម្លាប់ ជាហ្វូងដែលពួកអ្នកទិញយកទៅសម្លាប់ ដោយឥតមានទោសអ្វីទេ ឯពួកអ្នកលក់ពោលថា "សូមឲ្យព្រះយេហូវ៉ាប្រកបដោយព្រះពរ ដ្បិតខ្ញុំបានក្លាយជាអ្នកមានហើយ"។ ពួកគង្វាលក៏មិនបានប្រណីដល់ចៀមដែរ។ ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា "យើងនឹងមិនប្រណីពួកអ្នកនៅក្នុងស្រុកទៀតឡើយ។ មើល៍! យើងនឹងប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃអ្នកជិតខាង ហើយទៅក្នុងកណ្ដាប់ដៃស្តេចរបស់ខ្លួនដែរ ពួកនោះនឹងវាយកម្ទេចទឹកដី ហើយយើងក៏មិនប្រោសឲ្យរួចដែរ"»។ ដូច្នេះ ខ្ញុំក៏ឃ្វាលហ្វូងចៀមដែលសម្រាប់សម្លាប់ ដែលពិតជាចៀមវេទនាបំផុតក្នុងហ្វូង ខ្ញុំក៏យកដំបងពីរមក ដំបងមួយខ្ញុំឲ្យឈ្មោះថា «លម្អ» មួយទៀតឲ្យឈ្មោះថា «សម្ពន្ធ» ខ្ញុំក៏ឃ្វាលហ្វូងចៀមទៅ ក្នុងមួយខែ ខ្ញុំបានបណ្តេញគង្វាលអស់បីនាក់ ពីព្រោះចិត្តខ្ញុំធុញថប់នឹងគេ ហើយចិត្តគេក៏ខ្ពើមខ្ញុំដែរ។ នោះខ្ញុំក៏និយាយថា៖ «ខ្ញុំលែងឃ្វាលឯងរាល់គ្នាហើយ ណាដែលស្លាប់ ឲ្យស្លាប់ចុះ ណាដែលត្រូវវិនាស ឲ្យវិនាសចុះ ហើយណាដែលសល់នៅ ឲ្យវាហែកគ្នាស៊ីទៅ»។ ខ្ញុំក៏យកដំបងរបស់ខ្ញុំដែលមានឈ្មោះ «លម្អ» មកកាច់បំបាក់ ដើម្បីផ្តាច់សេចក្ដីសញ្ញារបស់ខ្ញុំ ដែលខ្ញុំបានតាំងនឹងជនជាតិទាំងឡាយ។ សេចក្ដីសញ្ញានោះក៏ត្រូវដាច់នៅថ្ងៃនោះ យ៉ាងនោះ ពួកវេទនាបំផុត ក្នុងហ្វូងដែលស្តាប់តាមខ្ញុំ គេបានដឹងថាជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
សាការី 11:2-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដើមកកោះអើយ ចូរស្រែកឲ្យអស់ទំហឹងទៅ ដ្បិតដើមតាត្រៅរលំហើយ! ដើមឈើដ៏ល្អប្រណីតរលំអស់ហើយ! ដើមគគីរនៅស្រុកបាសានអើយ ចូរនាំគ្នាស្រែកឲ្យអស់ទំហឹងទៅ ដ្បិតព្រៃស្រោងវិនាសអស់ហើយ! ចូរស្ដាប់សម្រែកថ្ងូររបស់ពួកមេដឹកនាំ ដ្បិតពួកគេបាត់បង់យសស័ក្ដិអស់ហើយ។ ចូរស្ដាប់សម្រែករបស់សិង្ហស្ទាវ ដ្បិតតំបន់ទន្លេយ័រដាន់ដែលធ្លាប់តែមាន ព្រៃទ្រុបទ្រុល វិនាសហិនហោចអស់ហើយ។ ព្រះអម្ចាស់ ជាព្រះរបស់ខ្ញុំ មានព្រះបន្ទូលដូចតទៅ៖ «ចូរឃ្វាលចៀមដែលគេបម្រុងយកទៅសម្លាប់នោះទៅ!។ អស់អ្នកដែលទិញចៀមទាំងនេះ នឹងយកពួកវាទៅសម្លាប់ ដោយគិតថាខ្លួនគ្មានកំហុសអ្វីទេ។ អស់អ្នកដែលលក់ចៀមទាំងនេះពោលថា “អរព្រះគុណព្រះអម្ចាស់ ដ្បិតខ្ញុំក្លាយទៅជាអ្នកមានហើយ!”។ គ្មានគង្វាលណាម្នាក់នឹកអាណិតចៀមទាំងនេះទេ។ យើងក៏មិនត្រាប្រណីប្រជាជននៅលើផែនដីដែរ យើងនឹងធ្វើឲ្យមនុស្សជិះជាន់គ្នាទៅវិញទៅមក យើងនឹងប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃស្ដេចរបស់ខ្លួន។ ពួកគេនឹងកម្ទេចស្រុកទេស តែយើងនឹងមិនរំដោះនរណាម្នាក់ឲ្យរួចឡើយ»។ ពេលនោះ ខ្ញុំក៏ឃ្វាលចៀមដែលគេត្រូវយកទៅសម្លាប់ គឺជាចៀមដែលវេទនាជាងគេ។ ខ្ញុំយកដំបងពីរមក ខ្ញុំហៅដំបងមួយថា «ចំណងមេត្រី» ដំបងមួយទៀតថា «មិត្តភាព» ហើយខ្ញុំឃ្វាលចៀមទាំងនោះ។ ខ្ញុំកម្ចាត់ពួកគង្វាលទាំងបីក្នុងពេលតែមួយខែ ខ្ញុំទ្រាំនឹងចៀមលែងបានទៀតហើយ ហើយពួកគេក៏ស្អប់ខ្ញុំដែរ។ ខ្ញុំពោលទៅហ្វូងចៀមថា “ខ្ញុំលែងឃ្វាលអ្នករាល់គ្នាទៀតហើយ!”។ ចៀមដែលត្រូវបាត់បង់ជីវិតឲ្យវាបាត់បង់ជីវិតទៅ! ចៀមដែលត្រូវវិនាសឲ្យវាវិនាសទៅ! រីឯចៀមដែលនៅសេសសល់ឲ្យវាហែកគ្នាស៊ីទៅ! ខ្ញុំយកដំបងចំណងមេត្រីរបស់ខ្ញុំមកកាច់បំបាក់ ដើម្បីផ្ដាច់សម្ពន្ធមេត្រី ដែលខ្ញុំបានចងជាមួយជាតិសាសន៍ទាំងប៉ុន្មាន។ សម្ពន្ធមេត្រីបានផ្ដាច់នៅថ្ងៃនោះ ហើយពួកឈ្មួញចៀមដែលតាមសង្កេតមើលខ្ញុំ នឹងទទួលស្គាល់ថា ព្រះអម្ចាស់ពិតជាមានព្រះបន្ទូលតាមរយៈខ្ញុំមែន។
សាការី 11:2-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱដើមកកោះអើយ ចូរទ្រហោយំចុះ ដ្បិតដើមតាត្រៅបានរលំ ឯអស់ទាំងដើមយ៉ាងល្អបានត្រូវបំផ្លាញហើយ ឱដើមម៉ៃសាក់ នៅស្រុកបាសានអើយ ចូរទ្រហោយំចុះ ពីព្រោះព្រៃស្រោងបានត្រូវរលំហើយ មានឮសំឡេងពួកគង្វាលទ្រហោយំ សេចក្ដីរុងរឿងរបស់គេបានត្រូវបំផ្លាញ ក៏ឮសំឡេងស្រែកគ្រហឹមនៃសិង្ហស្ទាវ ដ្បិតសេចក្ដីអំនួតរបស់ទន្លេយ័រដាន់បានត្រូវខូចបង់ទៅ។ ព្រះយេហូវ៉ា ជាព្រះនៃខ្ញុំ ទ្រង់មានបន្ទូលដូច្នេះថា ចូរឃ្វាលហ្វូងចៀមដែលសំរាប់សំឡាប់ ជាហ្វូងដែលពួកអ្នកទិញក៏សំឡាប់ទៅ ឥតរាប់ខ្លួនជាមានទោសឡើយ ហើយពួកអ្នកដែលលក់វាក៏ថា សូមឲ្យព្រះយេហូវ៉ាប្រកបដោយព្រះពរ ដ្បិតខ្ញុំបានមានឡើង ហើយទាំងពួកគង្វាលក៏មិនប្រណីដល់វាដែរ ដ្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញនឹងមិនប្រណីដល់ពួកអ្នកនៅក្នុងស្រុកទៀតឡើយ មើល អញនឹងប្រគល់គ្រប់ទាំងប្រុសៗ ទៅក្នុងកណ្តាប់ដៃនៃអ្នកជិតខាងខ្លួន ហើយទៅក្នុងកណ្តាប់ដៃនៃស្តេចរបស់ខ្លួនដែរ ពួកទាំងនោះនឹងវាយស្រុក ហើយអញមិនព្រមប្រោសឲ្យរួចដែរ ដូច្នេះ ខ្ញុំក៏ឃ្វាលហ្វូងចៀមដែលសំរាប់សំឡាប់ ដែលពិតជាចៀមវេទនាបំផុតក្នុងហ្វូង ខ្ញុំក៏យកដំបង២មក ដំបងមួយខ្ញុំឲ្យឈ្មោះថា «លំអ» មួយទៀតឲ្យឈ្មោះថា «សម្ពន្ធ» ហើយខ្ញុំក៏ឃ្វាលហ្វូងចៀមទៅ ក្នុងមួយខែ ខ្ញុំបានបណ្តេញអ្នកគង្វាលអស់៣នាក់ ពីព្រោះចិត្តខ្ញុំធុញថប់នឹងគេ ហើយចិត្តគេក៏ខ្ពើមខ្ញុំដែរ។ នោះខ្ញុំក៏និយាយថា អញលែងឃ្វាលឯងរាល់គ្នាហើយ ណាដែលស្លាប់ ឲ្យស្លាប់ចុះ ណាដែលត្រូវវិនាស ឲ្យវិនាសចុះ ហើយណាដែលសល់នៅ នោះឲ្យវាហែកគ្នាស៊ីទៅ ខ្ញុំក៏យកដំបងរបស់ខ្ញុំដែលមានឈ្មោះ «លំអ» មកកាច់បំបាក់ ដើម្បីនឹងផ្តាច់សេចក្ដីសញ្ញារបស់ខ្ញុំ ដែលខ្ញុំបានតាំងនឹងជនជាតិទាំងឡាយ សេចក្ដីសញ្ញានោះក៏ត្រូវដាច់នៅថ្ងៃនោះឯង យ៉ាងនោះ ពួកវេទនាបំផុត ក្នុងហ្វូងដែលស្តាប់តាមខ្ញុំ គេបានដឹងថាជាព្រះបន្ទូលនៃព្រះយេហូវ៉ា