ដ្បិតទោះជាគេបានស្គាល់ព្រះ ក៏គេមិនបានតម្កើងព្រះអង្គជាព្រះ ឬអរព្រះគុណព្រះអង្គដែរ ផ្ទុយទៅវិញ គេបែរជាមានគំនិតឥតប្រយោជន៍ ហើយចិត្តល្ងង់ខ្លៅរបស់គេ ក៏ត្រឡប់ជាងងឹត។ គេអួតអាងថាខ្លួនមានប្រាជ្ញា តែគេបែរជាល្ងីល្ងើ គេបានប្តូរសិរីល្អរបស់ព្រះដែលមិនចេះខូច យករូបសំណាក មើលទៅដូចជាមនុស្សដែលតែងតែស្លាប់ ឬដូចជាសត្វស្លាប សត្វជើងបួន និងសត្វលូនវារជំនួសវិញ។ ហេតុនេះហើយបានជាព្រះបណ្ដោយគេទៅក្នុងសេចក្តីស្មោកគ្រោក តាមចិត្តគេប្រាថ្នាចង់បាន ដែលបន្ថោករូបកាយរបស់ខ្លួនក្នុងចំណោមពួកគេ ព្រោះគេបានប្ដូរសេចក្តីពិតអំពីព្រះ យកសេចក្តីភូតភរ ហើយថ្វាយបង្គំ និងគោរពបម្រើរបស់ដែលកើតមក ជាជាងព្រះដែលបង្កើតរបស់ទាំងនោះ ជាព្រះដែលប្រកបដោយព្រះពរអស់កល្បជានិច្ច! អាម៉ែន។ ហេតុនេះហើយបានជាព្រះបណ្ដោយគេឲ្យងប់នឹងតណ្ហាថោកទាប គឺស្រីៗរបស់គេ បានប្ដូរការរួមបវេណីតាមរបៀបធម្មតា ឲ្យខុសពីធម្មតា ឯប្រុសៗក៏ដូច្នោះដែរ គេលះចោលការរួមបវេណីជាមួយស្រីៗតាមរបៀបធម្មតា ហើយពុះកញ្ជ្រោលនឹងតណ្ហាដល់គ្នាទៅវិញទៅមក គឺប្រុសប្រព្រឹត្តដោយឥតអៀនខ្មាសជាមួយប្រុសដូចគ្នា ហើយក៏ទទួលទោសចំពោះខ្លួនគេ ដែលសមនឹងកំហុសរបស់ខ្លួន។ ដោយព្រោះគេមិនចូលចិត្តនឹងស្គាល់ព្រះសោះ ព្រះអង្គក៏បណ្ដោយគេទៅតាមគំនិតចោលម្សៀត និងទៅតាមការដែលមិនគួរគប្បីនឹងប្រព្រឹត្ត។ ពួកគេមានពេញដោយសេចក្តីទុច្ចរិតគ្រប់យ៉ាង សេចក្ដីអាក្រក់ សេចក្តីលោភលន់ និងសេចក្តីព្យាបាទ ក៏មានពេញដោយសេចក្តីឈ្នានីស ការកាប់សម្លាប់ ឈ្លោះប្រកែក បោកបញ្ឆោត កិច្ចកល ពួកគេចូលចិត្តនិយាយដើម និយាយបង្កាច់បង្ខូច ស្អប់ព្រះ ព្រហើនឆ្មើងឆ្មៃ អួតអាង បង្កើតការអាក្រក់ មិនស្តាប់បង្គាប់ឪពុកម្តាយ ជាមនុស្សល្ងីល្ងើ មិនស្មោះត្រង់ ជាមនុស្សគ្មានចិត្ត គ្មានសេចក្ដីមេត្តា។ គេស្គាល់ច្បាប់ដ៏សុចរិតរបស់ព្រះហើយថា អស់អ្នកដែលប្រព្រឹត្តការដូច្នោះ សមនឹងស្លាប់ ប៉ុន្តែ គេមិនត្រឹមតែប្រព្រឹត្តការទាំងនោះប៉ុណ្ណោះទេ គឺគេថែមទាំងយល់ព្រមជាមួយអស់អ្នកដែលប្រព្រឹត្តដូច្នោះទៀតផង។
អាន រ៉ូម 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: រ៉ូម 1:21-32
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ