វិវរណៈ 1:10-20

វិវរណៈ 1:10-20 គកស១៦

នៅ​ថ្ងៃ​របស់​ព្រះ‌អម្ចាស់ ខ្ញុំ​បាន​លង់​ក្នុង​វិញ្ញាណ ហើយ​ឮ​សំឡេង​បន្លឺ​ឡើង ដូច​ជា​សូរ​ត្រែ​នៅ​ខាង​ក្រោយ​ខ្ញុំ​ថា៖ «អ្វីៗ​ដែល​អ្នក​ឃើញ ចូរ​កត់ត្រា​ទុក​ក្នុង​សៀវភៅ​មួយ រួច​ផ្ញើ​ទៅ​ក្រុម​ជំនុំ​ទាំង​ប្រាំពីរ នៅ​ក្រុង​អេភេ‌សូរ ក្រុង​ស្មឺណា ក្រុង​ពើ‌កា‌ម៉ុស ក្រុង​ធា‌ទេរ៉ា ក្រុង​សើ‌ដេស ក្រុង​ភីឡា‌ដិលភា និង​ក្រុង​ឡៅ‌ឌីសេ»។ ពេល​នោះ ខ្ញុំ​ក៏​ងាក​បែរ​ទៅ​មើល​សំឡេង ដែល​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​នោះ លុះ​បែរ​ទៅ ខ្ញុំ​ឃើញ​ជើង​ចង្កៀង​មាស​ប្រាំពីរ នៅ​កណ្ដាល​ជើង​ចង្កៀង​ទាំង​នោះ ឃើញ​មាន​មួយ​អង្គ ដូច​ជា​កូន​មនុស្ស ព្រះ‌ពស្ត្រ​វែង​ដល់​ព្រះ‌បាទ ហើយ​មាន​ខ្សែ​ក្រវាត់​មាស​ពាក់​នៅ​ព្រះ​ឱរា។ ព្រះ‌សិរសា និង​ព្រះ‌កេសា​ព្រះ‌អង្គ​ស ដូច​រោម​ចៀម​ដែល​ស គឺ​ស​ដូច​ហិមៈ ព្រះ‌នេត្រ​ព្រះ‌អង្គ​ដូច​អណ្ដាត​ភ្លើង ព្រះ‌បាទា​ព្រះ‌អង្គ​រលើប​ដូច​លង្ហិន ដែល​បន្សុទ្ធ​ក្នុង​គុក​ភ្លើង ហើយ​ព្រះ‌សូរ‌សៀង​ព្រះ‌អង្គ​ឮ​សន្ធឹក​ដូច​មហា​សាគរ។ ព្រះ‌អង្គ​កាន់​ផ្កាយ​ប្រាំពីរ​នៅ​ព្រះ‌ហស្ត​ស្តាំ ហើយ​មាន​ដាវ​មុខ​ពីរ​ដ៏​មុត ចេញ​ពី​ព្រះ‌ឱស្ឋ​របស់​ព្រះ‌អង្គ ឯ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ​ដូច​ជា​ថ្ងៃ​ភ្លឺ​ពេញ​កម្ដៅ។ កាល​ខ្ញុំ​ឃើញ​ព្រះ‌អង្គ ខ្ញុំ​ក៏​ដួល​នៅ​ទៀប​ព្រះ‌បាទា​របស់​ព្រះ‌អង្គ​ដូច​មនុស្ស​ស្លាប់ តែ​ព្រះ‌អង្គ​ដាក់​ព្រះ‌ហស្ត​ស្តាំ​លើ​ខ្ញុំ ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «កុំ​ខ្លាច​អ្វី​ឡើយ យើង​ជា​ដើម ហើយ​ជា​ចុង ជា​ព្រះ​ដែល​រស់​នៅ យើង​បាន​ស្លាប់ តែ​មើល៍ យើង​រស់​នៅ​អស់​កល្ប​ជា‌និច្ច​រៀង​រាប​ត​ទៅ យើង​មាន​កូន​សោ​នៃ​សេចក្ដី​ស្លាប់ ហើយ​ក៏​មាន​កូន​សោ​នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ដែរ។ ដូច្នេះ ចូរ​កត់ត្រា​ទុក​នូវ​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន​ដែល​អ្នក​បាន​ឃើញ ទាំង​ហេតុ‌ការណ៍​នៅ​ពេល​នេះ និង​ហេតុ‌ការណ៍​ដែល​កើត​មក​តាម​ក្រោយ​ទៀត។ ឯ​អាថ៌‌កំបាំង​អំពី​ផ្កាយ​ទាំង​ប្រាំពីរ ដែល​អ្នក​បាន​ឃើញ​នៅ​ដៃ​ស្តាំ​យើង និង​អំពី​ជើង​ចង្កៀង​មាស​ទាំង​ប្រាំពីរ គឺ​ដូច្នេះ ផ្កាយ​ទាំង​ប្រាំពីរ​នោះ ជា​ពួក​ទេវតា​របស់​ក្រុម​ជំនុំ​ទាំង​ប្រាំ​ពីរ ហើយ​ជើង​ចង្កៀង​ទាំង​ពីរ ជា​ក្រុម​ជំនុំ​ទាំង​ប្រាំពីរ​នោះ​ឯង»។

អាន វិវរណៈ 1