វិវរណៈ 1:10-20
វិវរណៈ 1:10-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅថ្ងៃរបស់ព្រះអម្ចាស់ ខ្ញុំបានលង់ក្នុងវិញ្ញាណ ហើយឮសំឡេងបន្លឺឡើង ដូចជាសូរត្រែនៅខាងក្រោយខ្ញុំថា៖ «អ្វីៗដែលអ្នកឃើញ ចូរកត់ត្រាទុកក្នុងសៀវភៅមួយ រួចផ្ញើទៅក្រុមជំនុំទាំងប្រាំពីរ នៅក្រុងអេភេសូរ ក្រុងស្មឺណា ក្រុងពើកាម៉ុស ក្រុងធាទេរ៉ា ក្រុងសើដេស ក្រុងភីឡាដិលភា និងក្រុងឡៅឌីសេ»។ ពេលនោះ ខ្ញុំក៏ងាកបែរទៅមើលសំឡេង ដែលមានព្រះបន្ទូលមកខ្ញុំនោះ លុះបែរទៅ ខ្ញុំឃើញជើងចង្កៀងមាសប្រាំពីរ នៅកណ្ដាលជើងចង្កៀងទាំងនោះ ឃើញមានមួយអង្គ ដូចជាកូនមនុស្ស ព្រះពស្ត្រវែងដល់ព្រះបាទ ហើយមានខ្សែក្រវាត់មាសពាក់នៅព្រះឱរា។ ព្រះសិរសា និងព្រះកេសាព្រះអង្គស ដូចរោមចៀមដែលស គឺសដូចហិមៈ ព្រះនេត្រព្រះអង្គដូចអណ្ដាតភ្លើង ព្រះបាទាព្រះអង្គរលើបដូចលង្ហិន ដែលបន្សុទ្ធក្នុងគុកភ្លើង ហើយព្រះសូរសៀងព្រះអង្គឮសន្ធឹកដូចមហាសាគរ។ ព្រះអង្គកាន់ផ្កាយប្រាំពីរនៅព្រះហស្តស្តាំ ហើយមានដាវមុខពីរដ៏មុត ចេញពីព្រះឱស្ឋរបស់ព្រះអង្គ ឯព្រះភក្ត្រព្រះអង្គដូចជាថ្ងៃភ្លឺពេញកម្ដៅ។ កាលខ្ញុំឃើញព្រះអង្គ ខ្ញុំក៏ដួលនៅទៀបព្រះបាទារបស់ព្រះអង្គដូចមនុស្សស្លាប់ តែព្រះអង្គដាក់ព្រះហស្តស្តាំលើខ្ញុំ ដោយមានព្រះបន្ទូលថា៖ «កុំខ្លាចអ្វីឡើយ យើងជាដើម ហើយជាចុង ជាព្រះដែលរស់នៅ យើងបានស្លាប់ តែមើល៍ យើងរស់នៅអស់កល្បជានិច្ចរៀងរាបតទៅ យើងមានកូនសោនៃសេចក្ដីស្លាប់ ហើយក៏មានកូនសោនៃស្ថានឃុំព្រលឹងមនុស្សស្លាប់ដែរ។ ដូច្នេះ ចូរកត់ត្រាទុកនូវហេតុការណ៍ទាំងប៉ុន្មានដែលអ្នកបានឃើញ ទាំងហេតុការណ៍នៅពេលនេះ និងហេតុការណ៍ដែលកើតមកតាមក្រោយទៀត។ ឯអាថ៌កំបាំងអំពីផ្កាយទាំងប្រាំពីរ ដែលអ្នកបានឃើញនៅដៃស្តាំយើង និងអំពីជើងចង្កៀងមាសទាំងប្រាំពីរ គឺដូច្នេះ ផ្កាយទាំងប្រាំពីរនោះ ជាពួកទេវតារបស់ក្រុមជំនុំទាំងប្រាំពីរ ហើយជើងចង្កៀងទាំងពីរ ជាក្រុមជំនុំទាំងប្រាំពីរនោះឯង»។
វិវរណៈ 1:10-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅថ្ងៃរបស់ព្រះអម្ចាស់ ព្រះវិញ្ញាណបានធ្វើឲ្យខ្ញុំលង់ស្មារតី ហើយខ្ញុំក៏ឮសំឡេងមួយនៅខាងក្រោយខ្ញុំ លាន់រំពងឡើងយ៉ាងខ្លាំងដូចសំឡេងត្រែ សំឡេងនោះប្រាប់ថា «អ្វីៗដែលអ្នកបានឃើញ ត្រូវសរសេរទុកក្នុងសៀវភៅមួយ រួចផ្ញើទៅជូនក្រុមជំនុំទាំងប្រាំពីរ នៅក្រុងអេភេសូ ក្រុងស្មៀរណា ក្រុងពើកាម៉ុស ក្រុងធាទេរ៉ា ក្រុងសើដេស ក្រុងភីឡាដិលភា និងក្រុងឡៅឌីសេ»។ ខ្ញុំក៏ងាកទៅរកសំឡេងដែលពោលមកកាន់ខ្ញុំ ពេលនោះ ខ្ញុំឃើញជើងចង្កៀងមាសប្រាំពីរ។ នៅកណ្ដាលជើងចង្កៀងទាំងនោះមានម្នាក់រាងដូចបុត្រមនុស្ស* ពាក់អាវបំពង់យ៉ាងវែង ហើយមានខ្សែក្រវាត់មាសនៅដើមទ្រូងផង។ សក់លោកសក្បុសដូចកប្បាស និងដូចសំឡី ភ្នែកលោកភ្លឺដូចអណ្ដាតភ្លើង ជើងលោករលើបដូចលង្ហិនដែលគេដុតក្នុងភ្លើង ហើយសំឡេងលោកឮសូរសន្ធឹកដូចមហាសាគរ។ លោកកាន់ផ្កាយប្រាំពីរនៅដៃស្ដាំ មានដាវដ៏ស្រួចមុខពីរចេញពីមាត់របស់លោក ហើយមុខលោកប្រៀបបីដូចជាថ្ងៃពេញកម្ដៅ។ ពេលខ្ញុំឃើញលោក ខ្ញុំដួលសន្លប់បាត់ស្មារតី នៅទៀបជើងលោក។ លោកដាក់ដៃស្ដាំលើខ្ញុំ ទាំងពោលថា: «កុំខ្លាចអី! គឺយើងនេះហើយដែលនៅមុនគេ និងនៅក្រោយគេបំផុត យើងបានស្លាប់ តែឥឡូវនេះ យើងមានជីវិតរស់អស់កល្បជាអង្វែងតរៀងទៅ។ យើងមានអំណាចលើសេចក្ដីស្លាប់ និងលើស្ថានមច្ចុរាជ។ ដូច្នេះ ចូរកត់ត្រាទុកនូវហេតុការណ៍ទាំងប៉ុន្មានដែលអ្នកបានឃើញ គឺហេតុការណ៍ដែលកំពុងតែកើតមាននៅពេលនេះ និងពេលខាងមុខ។ ចំពោះអត្ថន័យលាក់កំបាំងអំពីផ្កាយទាំងប្រាំពីរ ដែលអ្នកឃើញយើងកាន់នៅដៃ និងជើងចង្កៀងមាសទាំងប្រាំពីរនេះ មានដូចតទៅ: ផ្កាយទាំងប្រាំពីរ គឺជាទេវតារបស់ក្រុមជំនុំ*ទាំងប្រាំពីរ ហើយជើងចង្កៀងទាំងប្រាំពីរ គឺជាក្រុមជំនុំទាំងប្រាំពីរនោះឯង»។
វិវរណៈ 1:10-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ហើយនៅថ្ងៃនៃព្រះអម្ចាស់ ខ្ញុំបានត្រឡប់ជានៅដោយវិញ្ញាណ នោះក៏ឮសំឡេងបន្លឺឡើង ដូចជាសូរត្រែ នៅខាងក្រោយខ្ញុំថា ការអ្វីដែលឯងឃើញ នោះចូរកត់ទុកក្នុងសៀវភៅចុះ រួចផ្ញើទៅពួកជំនុំទាំង៧ ដែលនៅស្រុកអាស៊ីផង គឺនៅក្រុងអេភេសូរ ក្រុងស្មឺន៉ា ក្រុងពើកាម៉ុស ក្រុងធាទេរ៉ា ក្រុងសើដេស ក្រុងភីឡាដិលភា ហើយនៅក្រុងឡៅឌីសេដែរ។ ខ្ញុំក៏បែរខ្លួនទៅមើលសំឡេង ដែលមានបន្ទូលមកខ្ញុំនោះ លុះបែរខ្លួនទៅហើយ នោះក៏ឃើញជើងចង្កៀងមាស៧ នៅត្រង់កណ្តាលជើងចង្កៀងទាំង៧នោះ ឃើញមាន១អង្គ ដូចជាកូនមនុស្ស ទ្រង់ព្រះពស្ត្រវែងដល់ព្រះបាទ ហើយមានខ្សែមាសរឹតត្រង់ព្រះឧរា ព្រះសិរសា នឹងព្រះកេសាទ្រង់ស ដូចជារោមចៀមដែលស គឺដូចហិមៈ ព្រះនេត្រទ្រង់ដូចជាអណ្តាតភ្លើង ព្រះបាទាទ្រង់ដូចជាលង្ហិនរលីង ដែលភ្លឺផ្លេកៗ ដូចជាដុតក្នុងគុកភ្លើង ព្រះសូរសៀងទ្រង់ដូចជាសូរនៃទឹកច្រើន នៅព្រះហស្តស្តាំទ្រង់កាន់ផ្កាយ៧ ក៏មានដាវមុខ២ដ៏មុត ចេញពីព្រះឱស្ឋទ្រង់មក ហើយព្រះភក្ត្រទ្រង់ ដូចជាថ្ងៃភ្លឺពេញអំណាច កាលខ្ញុំឃើញទ្រង់ នោះខ្ញុំដួលនៅទៀបព្រះបាទាទ្រង់ដូចជាស្លាប់ តែទ្រង់ដាក់ព្រះហស្តស្តាំលើខ្ញុំ ដោយបន្ទូលថា កុំខ្លាចអ្វីឡើយ អញជាដើម ហើយជាចុង ជាព្រះដ៏រស់នៅ អញបានស្លាប់ តែមើល អញរស់នៅអស់កល្បជានិច្ចរៀងរាបតទៅវិញ អញក៏មានកូនសោនៃសេចក្ដីស្លាប់ នឹងស្ថានឃុំព្រលឹងមនុស្សស្លាប់ដែរ ដូច្នេះ ចូរឲ្យឯងកត់អស់ទាំងសេចក្ដីដែលឯងបានឃើញ ព្រមទាំងសេចក្ដីដែលមានសព្វថ្ងៃនេះ នឹងសេចក្ដីទាំងប៉ុន្មាន ដែលត្រូវកើតមកតាមក្រោយទៀតផង ឯសេចក្ដីអាថ៌កំបាំងពីផ្កាយទាំង៧ ដែលឯងបានឃើញនៅដៃស្តាំអញ ហើយពីជើងចង្កៀងមាសទាំង៧ នោះស្រាយថា ផ្កាយទាំង៧នោះ គឺជាទេវតារបស់ពួកជំនុំទាំង៧ ហើយជើងចង្កៀងទាំង៧ នោះគឺជាពួកជំនុំទាំង៧នោះឯង។