ទំនុកតម្កើង 136:13-26

ទំនុកតម្កើង 136:13-26 គកស១៦

គឺ​ដល់​ព្រះ‌អង្គ​ដែល​បានញែក សមុទ្រ​ក្រហម​ចេញ​ជា​ពីរ ដ្បិតព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច ព្រះ‌អង្គ​ឲ្យ​សាសន៍​អ៊ីស្រា‌អែល ដើរ​កាត់​កណ្ដាល​សមុទ្រ​នោះ ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច តែ​ព្រះ‌អង្គ​បាន​បោះ​ទម្លាក់​ផារ៉ោន ព្រម​ទាំង​ពល‌ទ័ព​របស់​ស្ដេច ទៅ​ក្នុង​សមុទ្រ​ក្រហម ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច គឺ​ដល់​ព្រះ‌អង្គ​ដែល​បាន​នាំ​ប្រជា‌រាស្ត្រ របស់​ព្រះ‌អង្គ​ដើរ​កាត់​ទី​រហោ‌ស្ថាន ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច គឺ​ដល់​ព្រះ‌អង្គ​ដែល​បាន​ប្រហារ​ស្ដេច​ធំៗ ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច ព្រះ‌អង្គ​បាន​សម្លាប់​ពួក​ស្តេច​ដ៏​ខ្លាំង​ពូកែ ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច គឺ​ស៊ីហុន ជា​ស្តេច​នៃ​សាសន៍​អាម៉ូរី ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច និង​អុក ជា​ស្តេច​ស្រុក​បាសាន ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច ហើយ​ប្រគល់​ស្រុក​របស់​គេ ទុក​ជា​មត៌ក ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច គឺ​ជា​មត៌ក​ដល់​អ៊ីស្រា‌អែល ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច។ ៙ គឺ​ព្រះ‌អង្គ​ហើយ​ដែល​បាន​នឹក​ចាំ​ពី​យើង កាល​យើង​នៅ​ក្នុង​សណ្ឋាន​ទាប​ថោក​នៅ​ឡើយ ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច ហើយ​បាន​សង្គ្រោះ​យើង​ឲ្យ​រួច​ពី​ខ្មាំង​សត្រូវ ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច ព្រះ‌អង្គ​ជា​ព្រះ​ដែល​ប្រទាន​អាហារ ដល់​អស់​ទាំង​សាច់ ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច។ ៙ សូម​អរ​ព្រះ‌គុណ​ដល់​ព្រះ​នៃ​ស្ថាន‌សួគ៌ ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច។