សុភា‌សិត 14:19-35

សុភា‌សិត 14:19-35 គកស១៦

មនុស្ស​អាក្រក់​រមែង​ឱន​ចុះ​នៅ​ចំពោះ​មនុស្ស​ល្អ ហើយ​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ ក៏​ក្រាប​ចុះ​នៅ​មាត់​ទ្វារ​របស់​មនុស្ស​សុចរិត​ដែរ។ មនុស្ស​ក្រ​គេ​តែង​ស្អប់​ខ្ពើម សូម្បី​តែ​អ្នក​ជិត​ខាង​ខ្លួន តែ​អ្នក​មាន​វិញ គេ​មាន​មិត្ត​សម្លាញ់​ច្រើន​ណាស់។ អ្នក​ណា​ដែល​មើល​ងាយ​ដល់​អ្នក​ជិត​ខាង ឈ្មោះ​ថា​មាន​បាប​ហើយ តែ​អ្នក​ណា​ដែល​មាន​ចិត្ត​មេត្តា ដល់​មនុស្ស​ទាល់​ក្រ នោះ​រមែង​សប្បាយ​វិញ។ មនុស្ស​ដែល​គិត​គូរ​បង្កើត​ការ​អាក្រក់ នោះ​វង្វេង​ហើយ ប៉ុន្តែ មនុស្ស​ដែល​គិត​គូរ​បង្កើត​ការ​ល្អ នឹង​បាន​សេចក្ដី​មេត្តា និង​សេចក្ដី​ពិត។ អស់​ទាំង​ការ​ដែល​ខំ​ធ្វើ សុទ្ធ​តែ​មាន​កម្រៃ តែ​សម្ដី​ទទេៗ​នាំ​ឲ្យ​ក្រ​ខ្សត់​វិញ។ ទ្រព្យ​សម្បត្តិ​ជា​មកុដ​សម្រាប់​មនុស្ស​មាន​ប្រាជ្ញា តែ​សេចក្ដី​ចម្កួត​របស់​មនុស្ស​ល្ងី‌ល្ងើ នោះ​ជា​សេចក្ដី​ចម្កួត​សុទ្ធ។ សាក្សី​ទៀង​ត្រង់​រមែង​ដោះ​ព្រលឹង​មនុស្ស​ឲ្យ​រួច តែ​សាក្សី​មិន​ទៀង​ត្រង់ នោះ​ពោល​ពាក្យ​ភូត​ភរ​វិញ។ មនុស្ស​ដែល​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា នោះ​មាន​ទី​ពឹង​មាំ‌មួន ហើយ​កូន​ចៅ​របស់​គេ​នឹង​បាន​ទី​ពំនាក់​ដែរ។ សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា នោះ​ជា​រន្ធ​ទឹក​នៃ​ជីវិត ប្រ‌យោជន៍​ឲ្យ​បាន​រួច​ពី​អន្ទាក់​នៃ​សេចក្ដី​ស្លាប់។ ស្តេច​មាន​សិរី‌ល្អ នោះ​គឺ​ដោយ​មាន​ប្រជា‌រាស្ត្រ ជា​ច្រើន ឯ​ចៅ‌ហ្វាយ បើ​គ្មាន​បណ្ដា‌ជន នោះ​ត្រូវ​ធ្លាក់​ចុះ​វិញ។ អ្នក​ណា​ដែល​មិន​ឆាប់​ខឹង នោះ​ឯង​ជា​អ្នក​ប្រកប​ដោយ​យោបល់​ច្រើន តែ​អ្នក​ណា​ដែល​មាន​ចិត្ត​ឆុរ‌ឆេវ នោះ​សម្ញែង​សេចក្ដី​ចម្កួត​របស់​ខ្លួន​វិញ។ ឯ​ជីវិត​របស់​សាច់​ឈាម នោះ​គឺ​ជា​ចិត្ត​ដែល​ស្ងប់​រម្ងាប់ តែ​ចិត្ត​ច្រណែន​ជា​សេចក្ដី​ពុក​រលួយ ដល់​ឆ្អឹង​វិញ។ អ្នក​ណា​ដែល​សង្កត់‌សង្កិន​មនុស្ស​ក្រីក្រ នោះ​ឈ្មោះ​ថា​ប្រកួត​នឹង​ព្រះ​ដែល​បង្កើត​ខ្លួន​មក តែ​អ្នក​ណា​ដែល​មេត្តា​ដល់​មនុស្ស​កម្សត់​ទុគ៌ត នោះ​ជា​អ្នក​លើក​តម្កើង​ព្រះ‌អង្គ​វិញ។ មនុស្ស​អាក្រក់​ត្រូវ​ធ្លាក់​ចុះ ដោយ​អំពើ​ខូច​អាក្រក់​របស់​ខ្លួន តែ​មនុស្ស​សុចរិត​មាន​ទី​ពំនាក់ ក្នុង​កាល​ដែល​ស្លាប់​វិញ។ ប្រាជ្ញា​ស្ថិត​នៅ​ក្នុង​ចិត្ត​របស់​មនុស្ស ដែល​មាន​យោបល់ តែ​ក្នុង​ចិត្តរបស់​មនុស្ស​ខ្លៅ មិន ដែល​ស្គាល់​ប្រាជ្ញា​ទេ។ សេចក្ដី​សុចរិត​រមែង​លើក​តម្កើង​នគរ តែ​អំពើ​បាប​ជា​ទី​គួរ​ខ្មាស ដល់​សាសន៍​ណាៗ​ក៏​ដោយ។ មហា‌ក្សត្រ​តែង​ផ្តល់​គុណ​ដល់​អ្នក​បម្រើ​ណា ដែល​ប្រព្រឹត្ត​ដោយ​អើ‌ពើ តែ​សេចក្ដី​ក្រោធ​របស់​ស្ដេច នឹង​ធ្លាក់​លើ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​គួរ​ខ្មាស។

អាន សុភា‌សិត 14