ភីលេម៉ូន 1:1-7

ភីលេម៉ូន 1:1-7 គកស១៦

ប៉ុល ជា​អ្នក​ទោស​ដោយ​ព្រោះ​ព្រះគ្រីស្ទ និង​ធីម៉ូថេ ជា​បង‌ប្អូន​យើង សូម​ជម្រាប​មក​លោក​ភីលេ‌ម៉ូន ជា​ទី​ស្រឡាញ់ និង​ជា​អ្នក​រួម​ការ​ងារ​ជា​មួយ​យើង សូម​ជម្រាប​មក​នាង​អាប់‌ភា ជា​ប្អូន​ស្រី សូម​ជម្រាប​មក​លោក​អើ‌ឃីព ជា​អ្នក​រួម​តយុទ្ធ​ជា​មួយ​យើង និង​សូម​ជម្រាប​មក​ក្រុម​ជំនុំ ដែល​ប្រជុំ​នៅ​ផ្ទះ​របស់​លោក។ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ និង​សេចក្ដី​សុខ​សាន្ត ពី​ព្រះ ជា​ព្រះ‌វរ‌បិតា​របស់​យើង និង​ពី​ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ។ ខ្ញុំ​តែង​អរ​ព្រះ‌គុណ​ដល់​ព្រះ​របស់​ខ្ញុំ​ជា‌និច្ច ហើយ​នឹក​ចាំ​ពី​អ្នក​នៅ​ក្នុង​សេចក្ដី​អធិស្ឋាន​របស់​ខ្ញុំ ព្រោះ​ខ្ញុំ​បាន​ឮ​ពី​សេចក្ដី​ស្រឡាញ់​របស់​អ្នក​ដល់​ពួក​បរិសុទ្ធ​ទាំង​អស់ និង​ពី​ជំនឿ​របស់​អ្នក​ដល់​ព្រះ‌អម្ចាស់‌យេស៊ូវ។ ខ្ញុំ​អធិស្ឋាន​សូម​ឲ្យ​ការ​ចែក​ចាយ​ជំនឿ​របស់​អ្នក​មាន​ប្រសិទ្ធភាព ឲ្យ​បាន​ស្គាល់​គ្រប់​ទាំង​ការ​ល្អ ដែល​មាន​នៅ​ក្នុង​យើង​សម្រាប់​ព្រះ‌គ្រីស្ទ។ ប្អូន​អើយ ខ្ញុំ​ពិត​ជា​បាន​ទទួល​អំណរ និង​ការ​លើក​ចិត្ត​ជា​ខ្លាំង ដោយ‌សារ​សេចក្ដី​ស្រឡាញ់​របស់​អ្នក ព្រោះ​ចិត្ត​របស់​ពួក​បរិសុទ្ធ​បាន​ធូរ​ស្បើយ​ដោយ‌សារ​អ្នក។

អាន ភីលេម៉ូន 1