ម៉ាថាយ 4

4
ព្រះ‌យេស៊ូវ​ឈ្នះ​ការ​ល្បួង
(ម៉ាកុស ១.១២-១៣ លូកា ៤.១-១៣)
1ពេល​នោះ ព្រះ‌វិញ្ញាណ​ក៏​នាំ​ព្រះ‌យេស៊ូវ​ទៅ​ទី​រហោ‌ស្ថាន ដើម្បី​ឲ្យ​អារក្ស​ល្បួង។ 2ក្រោយ​ពី​បាន​តម​សែ‌សិប​ថ្ងៃ សែ‌សិប​យប់​មក ទ្រង់​ក៏​ឃ្លាន។ 3មេ​ល្បួង​ក៏​ចូល​មក ហើយ​ទូល​ព្រះ‌អង្គ​ថា៖ «បើ​អ្នក​ជា​ព្រះ‌រាជ​បុត្រា​របស់​ព្រះ‌មែន ចូរ​បង្គាប់​ឲ្យ​ដុំ​ថ្ម​ទាំង​នេះ​ក្លាយ​ជា​នំបុ័ង​ទៅ!»។ 4ប៉ុន្តែ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «មាន​សេចក្តី​ចែង​ទុក​មក​ដូច្នេះ
"មនុស្ស​មិន​មែន​រស់​ដោយ​សារ​តែ​នំបុ័ង ប៉ុណ្ណោះ​ទេ
គឺ​រស់​ដោយ​សារ​គ្រប់​ទាំង​ព្រះ‌បន្ទូល
ដែល​ចេញ​ពី​ព្រះ‌ឱស្ឋ​របស់​ព្រះ‌មក​ដែរ"» ។
5បន្ទាប់​មក អារក្ស​ក៏​នាំ​ព្រះ‌អង្គ​ទៅ​កាន់​ក្រុង​បរិសុទ្ធ ហើយ​ដាក់​ព្រះ‌អង្គ​លើ​កំពូល​ព្រះ‌វិហារ ទូល​ថា៖ 6«បើ​អ្នក​ជា​ព្រះ‌រាជ​បុត្រា​របស់​ព្រះ‌មែន ចូរ​ទម្លាក់​ខ្លួន​ទៅ​ក្រោម​ទៅ ដ្បិត​មាន​សេចក្តី​ចែង​ទុក​មក​ថា
"ព្រះ‌អង្គ​នឹង​បង្គាប់​ពួក​ទេវតា​របស់​ព្រះ‌អង្គ​ពី​ដំណើរ​អ្នក"
ហើយ​ថា "ទេវតា​ទាំង​នោះ​នឹង​ទ្រ​អ្នក​ដោយ​ដៃ
ក្រែង​ជើង​អ្នក​ទង្គិច​នឹង​ថ្ម"» ។
7ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​វា​ថា៖ «មាន​សេចក្តី​ចែង​ទុក​ដូច្នេះ​ទៀត​ថា "កុំ​ល្បងល​ព្រះ‌អម្ចាស់ ជា​ព្រះ‌របស់​អ្នក​ឡើយ"» ។
8មួយ​ទៀត អារក្ស​បាន​នាំ​ព្រះ‌អង្គ​ទៅ​លើ​កំពូល​ភ្នំ​មួយ​យ៉ាង​ខ្ពស់ ហើយ​បង្ហាញ​អស់​ទាំង​នគរ​ក្នុង​ពិភព​លោក និង​សិរី‌ល្អ​របស់​នគរ​ទាំង​នោះ ថ្វាយ​ព្រះ‌អង្គ​ទត 9រួច​វា​ទូល​ព្រះ‌អង្គ​ថា៖ «ប្រសិន‌បើ​អ្នក​ក្រាប​ថ្វាយ‌បង្គំ​ខ្ញុំ នោះ​ខ្ញុំ​នឹង​ប្រគល់​របស់​ទាំង​នេះ​ដល់​អ្នក»។ 10ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​វា​ថា៖ «សាតាំង ចូរ​ឯង​ថយ​ចេញ​ទៅ ដ្បិត​មាន​សេចក្តី​ចែង​ទុក​មក​ថា
"ត្រូវ​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ ជា​ព្រះ‌របស់​អ្នក
ហើយ​ត្រូវ​គោរព​បម្រើ​ព្រះ‌អង្គ​តែ​មួយ​ប៉ុណ្ណោះ"» ។
11ពេល​នោះ អារក្ស​ក៏​ថយ​ចេញ​ពី​ព្រះ‌អង្គ​ទៅ ហើយ​រំពេច​នោះ ស្រាប់​តែ​មាន​ពួក​ទេវតា​ចូល​មក​បម្រើ​ព្រះ‌អង្គ។
ព្រះ‌យេស៊ូវ​ចាប់​ផ្ដើម​ផ្សាយ​ដំណឹង​ល្អ​នៅ​ស្រុក​កាលីឡេ
(ម៉ាកុស ១.១៤-១៥ លូកា ៤.១៤-១៥)
12កាល​ព្រះ‌យេស៊ូវ​បាន​ឮ​ថា គេ​បាន​ចាប់​លោក​យ៉ូហាន​ទៅ​ឃុំ​ឃាំង ព្រះ‌អង្គ​ក៏​យាង​ថយ​ទៅ​គង់​នៅ​ស្រុក​កាលីឡេ​វិញ។ 13ព្រះ‌អង្គ​យាង​ចេញ​ពី​ណាសា‌រ៉ែត ទៅ​គង់​នៅ​ក្រុង​កាពើណិម ជាប់​មាត់​សមុទ្រ​ក្នុង​តំបន់​សាប់យូឡូន និង​ណែបថាលី 14ដើម្បី​ឲ្យ​បាន​សម្រេច​តាម​សេចក្ដី​ដែល​បាន​ថ្លែង​ទុក​មក តាម​រយៈ​ហោរា​អេសាយ​ថា៖
15«ស្រុក​សាប់យូឡូន និង​ណែបថាលី
តាម​ផ្លូវ​ជាប់​មាត់​សមុទ្រ ខាង​នាយ​ទន្លេ​យ័រដាន់
ស្រុក​កាលីឡេ​របស់​សាសន៍​ដទៃ​អើយ
16ប្រជា‌ជន​ដែល​អង្គុយ​ក្នុង​សេចក្តី​ងងឹត
បាន​ឃើញ​ពន្លឺ​មួយ​យ៉ាង​អស្ចារ្យ
មាន​ពន្លឺ​រះ​ឡើង​បំភ្លឺ​ដល់​អស់​អ្នក
ដែល​អង្គុយ​ក្នុង​ស្រុក និង​ម្លប់​នៃ​សេចក្តី​ស្លាប់» ។
17តាំង​ពី​ពេល​នោះ​មក ព្រះ‌យេស៊ូវ​បាន​ចាប់​ផ្តើម​ប្រកាស​ថា៖ «ចូរ​ប្រែ​ចិត្ត ដ្បិត​ព្រះរាជ្យ​នៃ​ស្ថាន​សួគ៌​នៅ​ជិត​បង្កើយ»។
ព្រះ‌យេស៊ូវ​ត្រាស់​ហៅ​ពួក​សិស្ស​លើក​ដំបូង
(ម៉ាកុស ១.១៦-២០ លូកា ៥.១-១១)
18ពេល​ព្រះ‌យេស៊ូវ​យាង​តាម​ឆ្នេរ​សមុទ្រ​កាលីឡេ ព្រះ‌អង្គ​ទត​ឃើញ​បង‌ប្អូន​ពីរ​នាក់ គឺ​ស៊ីម៉ូន ដែល​ហៅ​ថា ពេត្រុស និង​អនទ្រេ ជា​ប្អូន កំពុង​តែ​បង់​សំណាញ់​ក្នុង​សមុទ្រ ដ្បិត​ពួក​គេ​ជា​អ្នក​នេសាទ។ 19ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចូរ​មក​តាម​ខ្ញុំ ខ្ញុំ​នឹង​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​អ្នក​នេសាទ​មនុស្ស​វិញ»។ 20គេ​ក៏​ទុក​សំណាញ់​ចោល ហើយ​ដើរ​តាម​ព្រះ‌អង្គ​ភ្លាម។ 21ពេល​យាង​ហួស​ពី​ទី​នោះ​បន្តិច ព្រះ‌អង្គ​ទត​ឃើញ​បង‌ប្អូន​ពីរ​នាក់​ទៀត គឺ​យ៉ាកុប ជា​កូន​សេបេដេ និង​យ៉ូហាន​ជា​ប្អូន កំពុង​តែ​ជួស​ជុល​សំណាញ់​នៅ​ក្នុង​ទូក​ជា​មួយ​សេបេដេ​ជា​ឪពុក ព្រះ‌អង្គ​ក៏​ត្រាស់​ហៅ​អ្នក​ទាំង​ពីរ។ 22ភ្លាម​នោះ គេ​ក៏​ចេញ​ពី​ទូក និង​ពី​ឪពុក​របស់​ខ្លួន ហើយ​ដើរ​តាម​ព្រះ‌អង្គ​ទៅ។
ព្រះ‌យេស៊ូវ​បម្រើ​ដល់​មហា‌ជន
23ព្រះ‌យេស៊ូវ​យាង​ទៅ​ពាស‌ពេញ​ក្នុង​ស្រុក​កាលីឡេ ព្រះ‌អង្គ​បង្រៀន​នៅ​តាម​សាលា​ប្រជុំ​របស់​ពួក​គេ ហើយ​ប្រកាស​ដំណឹង​ល្អ​អំពី​ព្រះ‌រាជ្យ ទាំង​ប្រោស​ជំងឺ​រោគា​គ្រប់​ប្រភេទ ក្នុង​ចំណោម​ប្រជា‌ជន​ឲ្យ​បាន​ជា។ 24ដូច្នេះ ព្រះ‌កិត្តិនាម​របស់​ព្រះ‌អង្គ​ក៏​ឮ​សុស‌សាយ​ពេញ​ស្រុក​ស៊ីរី​ទាំង​មូល ហើយ​គេ​នាំ​មនុស្ស​ដែល​មាន​ជំងឺ​រោគា​ផ្សេងៗ មាន​មនុស្ស​អារក្ស​ចូល មនុស្ស​ឆ្កួត​ជ្រូក និង​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង មក​រក​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ក៏​ប្រោស​គេ​ឲ្យ​បាន​ជា។ 25មាន​មហា‌ជន​ច្រើន​កុះករ មក​ពី​ស្រុក​កាលីឡេ ស្រុក​ដេកាប៉ូល ក្រុង​យេរូ‌សាឡិម ស្រុក​យូដា និង​ពី​ខាង​នាយ​ទន្លេ​យ័រដាន់ គេ​នាំ​គ្នា​ដើរ​តាម​ព្រះ‌អង្គ។

ទើបបានជ្រើសរើសហើយ៖

ម៉ាថាយ 4: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ