ម៉ាថាយ 3

3
ការ​ប្រកាស​របស់​លោក​យ៉ូហាន-បាទីស្ទ
(ម៉ាកុស ១.១-៨ លូកា ៣.១-១៨ យ៉ូហាន ១.១៩-២៨)
1នៅ​គ្រា​នោះ លោក​យ៉ូហាន-បាទីស្ទ​បាន​លេច​មក​នៅ​ទី​រហោ‌ស្ថាន​ស្រុក​យូដា ប្រកាស​ថា៖ 2«ចូរ​ប្រែ​ចិត្ត ដ្បិត​ព្រះរាជ្យ​នៃ​ស្ថាន​សួគ៌​ជិត​មក​ដល់​ហើយ»។ 3អ្នក​នេះ​ហើយ​ដែល​ហោរា​អេសាយ​បាន​ថ្លែង​ថា៖
«មាន​សំឡេង​របស់​មនុស្ស​ម្នាក់
ស្រែក​ឡើង​នៅ​ទី​រហោ‌ស្ថាន​ថា
"ចូរ​រៀបចំ​ផ្លូវ​របស់​ព្រះ‌អម្ចាស់
ចូរ​តម្រង់​ផ្លូវ​ថ្វាយ​ព្រះ‌អង្គ"» ។
4លោក​យ៉ូហាន​មាន​សម្លៀក‌បំពាក់​ធ្វើ​ពី​រោម​អូដ្ឋ មាន​ខ្សែ​ក្រវាត់​ស្បែក​នៅ​នឹង​ចង្កេះ លោក​បរិ‌ភោគ​កណ្តូប និង​ទឹក​ឃ្មុំ​ព្រៃ​ជា​អាហារ។ 5ពេល​នោះ មនុស្ស​នៅ​ក្រុង​យេរូ‌សាឡិម និង​នៅ​ស្រុក​យូដា​ទាំង​អស់ ព្រម​ទាំង​មនុស្ស​ដែល​នៅ​តំបន់​តាម​ដង​ទន្លេ​យ័រដាន់ បាន​ចេញ​ទៅ​រក​លោក 6ហើយ​គេ​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​លោក​នៅ​ទន្លេ​យ័រដាន់ ទាំង​លន់​តួ​អំពើ​បាប​របស់​ខ្លួន។ 7ប៉ុន្តែ ពេល​លោក​ឃើញ​ពួក​ផារិស៊ី និង​ពួក​សាឌូស៊ី​ជា​ច្រើន មក​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​លោក លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ឱ​ពូជ​ពស់​វែក​អើយ តើ​អ្នក​ណា​បាន​ប្រាប់​អ្នក​រាល់​គ្នា ឲ្យ​គេច​ចេញ​ពី​សេចក្តី​ក្រោធ​ដែល​ត្រូវ​មក​ដូច្នេះ? 8ចូរ​អ្នក​រាល់​គ្នា​បង្កើត​ផល​ឲ្យ​សម​នឹង​ការ​ប្រែ​ចិត្ត​ចុះ 9ហើយ​កុំ​ឲ្យ​គិត​ក្នុង​ចិត្ត​ថា "យើង​មាន​លោក​អ័ប្រា‌ហាំ​ជា​ឪពុក" នោះ​ឡើយ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្រះ‌អាច​នឹង​បង្កើត​កូន​ឲ្យ​លោក​អ័ប្រា‌ហាំ​ពី​ថ្ម​ទាំង​នេះ​ក៏​បាន។ 10ប៉ុន្តែ ឥឡូវ​នេះ ពូថៅ​ដាក់​នៅ​នឹង​ឫស​ឈើ​ជា​ស្រេច​ហើយ ដូច្នេះ អស់​ទាំង​ដើម​ណា​ដែល​មិន​ផ្តល់​ផ្លែ​ល្អ នោះ​ត្រូវ​កាប់​រំលំ​ចោល ហើយ​បោះ​ទៅ​ក្នុង​ភ្លើង។
11ខ្ញុំ​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា​ដោយ​ទឹក​សម្រាប់​ការ​ប្រែ​ចិត្ត ប៉ុន្តែ ព្រះ‌អង្គ​ដែល​យាង​មក​ក្រោយ​ខ្ញុំ ទ្រង់​មាន​អំណាច​ជាង​ខ្ញុំ ហើយ​ខ្ញុំ​មិន​សម​នឹង​កាន់​សុព័ណ៌​បាទ​ថ្វាយ​ព្រះ‌អង្គ​ផង ព្រះ‌អង្គ​នឹង​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ និង​ដោយ​ភ្លើង​វិញ។ 12ទ្រង់​កាន់​ចង្អេរ​នៅ​នឹង​ព្រះ‌ហស្ត ទ្រង់​នឹង​បោស​សម្អាត​ទីលាន​របស់​ព្រះ‌អង្គ ហើយ​ប្រមូល​ស្រូវ​របស់​ព្រះ‌អង្គ​ដាក់​ក្នុង​ជង្រុក រីឯ​សម្ដី ទ្រង់​នឹង​ដុត​ក្នុង​ភ្លើង​ដែល​មិន​អាច​ពន្លត់​បាន​វិញ»។
ព្រះ‌យេស៊ូវ​ទទួល​ពិធី​ជ្រមុជ​ទឹក
13ពេល​នោះ ព្រះ‌យេស៊ូវ​យាង​មក​ពី​ស្រុក​កាលីឡេ មក​រក​លោក​យ៉ូហាន​នៅ​ត្រង់​ទន្លេ​យ័រដាន់ ដើម្បី​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​លោក។ 14តែ​លោក​យ៉ូហាន​ប្រ‌កែក​ថា៖ «ទូល‌បង្គំ​ទេ​ដែល​ត្រូវ​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​ព្រះ‌អង្គ ម្តេច​បាន​ជា​ព្រះ‌អង្គ​មក​រក​ទូល‌បង្គំ​ទៅ​វិញ?» 15ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «ឥឡូវ​នេះ ចូរ​ធ្វើ​ពិធី​នេះ​សិន​ចុះ ដ្បិត​ធ្វើ​ដូច្នេះ​ទើប​ត្រឹម​ត្រូវ ដើម្បី​ឲ្យ​បាន​សម្រេច​គ្រប់​ទាំង​សេចក្តី​សុចរិត» លោក​ក៏​យល់​ព្រម។ 16ពេល​ព្រះ‌យេស៊ូវ​ទទួល​ពិធី​ជ្រមុជ​រួច​ហើយ ទ្រង់​ក៏​យាង​ឡើង​ពី​ទឹក រំពេច​នោះ​ស្រាប់​តែ​មេឃ​បើក​ចំហ​នៅ​ចំពោះ​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ឃើញ​ព្រះ‌វិញ្ញាណ​របស់​ព្រះ យាង​ចុះ​មក​សណ្ឋិត​លើ​ព្រះ‌អង្គ​ដូច​សត្វ​ព្រាប។ 17ពេល​នោះ មាន​សំឡេង​មួយ​ពី​ស្ថាន​សួគ៌​មក​ថា៖ «នេះ​ជា​កូន​ស្ងួន​ភ្ងា​របស់​យើង យើង​ពេញ​ចិត្ត​នឹង​ព្រះ‌អង្គ​ណាស់»។

ទើបបានជ្រើសរើសហើយ៖

ម៉ាថាយ 3: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ