ដូច្នេះ ព្រះអង្គក៏យាងចេញពីពួកគេម្តងទៀត ហើយអធិស្ឋានជាលើកទីបី ដោយមានព្រះបន្ទូលជាពាក្យដដែល។ បន្ទាប់មក ព្រះអង្គយាងមករកពួកសិស្ស ហើយមានព្រះបន្ទូលទៅគេថា៖ «តើអ្នករាល់គ្នានៅតែដេកលក់ ហើយសម្រាកទៀតឬ? មើល៍ ពេលកំណត់ជិតដល់ហើយ កូនមនុស្សត្រូវគេបញ្ជូនទៅក្នុងកណ្តាប់ដៃរបស់មនុស្សបាប។ ចូរក្រោកឡើង យើងនាំគ្នាទៅ! មើល៍ អ្នកក្បត់ខ្ញុំមកជិតដល់ហើយ»។ កាលព្រះអង្គកំពុងមានព្រះបន្ទូលនៅឡើយ នោះយូដាស ជាម្នាក់ក្នុងចំណោមអ្នកទាំងដប់ពីរក៏មកដល់ ទាំងមានមនុស្សជាច្រើនកាន់ដាវ និងដំបងមកជាមួយ។ អ្នកទាំងនោះត្រូវបានពួកសង្គ្រាជ និងពួកចាស់ទុំរបស់ប្រជាជនចាត់ឲ្យមក។ អ្នកដែលក្បត់ព្រះអង្គបានឲ្យសញ្ញាមួយដល់គេ ដោយនិយាយថា៖ «ខ្ញុំថើបអ្នកណា គឺអ្នកនោះហើយ សុំចាប់គាត់ទៅ!» យូដាសក៏ចូលមករកព្រះយេស៊ូវភ្លាម ហើយទូលថា៖ «ជម្រាបសួររ៉ាប៊ី!» រួចក៏ថើបព្រះអង្គ។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «សម្លាញ់អើយ អ្នកមកនេះចង់ធ្វើអ្វី ចូរធ្វើទៅចុះ!» ពេលនោះ គេក៏ចូលមកចាប់ព្រះអង្គ។ ខណៈនោះ មានម្នាក់ក្នុងចំណោមពួកអ្នកដែលនៅជាមួយព្រះយេស៊ូវលូកដៃហូតដាវរបស់ខ្លួន ហើយកាប់អ្នកបម្រើរបស់សម្ដេចសង្ឃ ដាច់ស្លឹកត្រចៀក។ ពេលនោះ ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ចូរស៊កដាវអ្នកទៅក្នុងស្រោមវិញទៅ ដ្បិតអស់អ្នកដែលប្រើដាវ នឹងត្រូវស្លាប់ដោយដាវ។ តើអ្នកស្មានថា ខ្ញុំមិនអាចសូមដល់ព្រះវរបិតាខ្ញុំ ហើយព្រះអង្គនឹងចាត់ទេវតាលើសជាងដប់ពីរកង មកជួយខ្ញុំបានភ្លាមទេឬ? បើធ្វើដូច្នោះ តើបទគម្ពីរនឹងសម្រេចដូចម្ដេចបាន ដែលថា ហេតុការណ៍នេះត្រូវតែកើតឡើងយ៉ាងនេះ?» នៅវេលានោះ ព្រះយេស៊ូវមានព្រះបន្ទូលទៅកាន់បណ្តាជនថា៖ «តើខ្ញុំនេះជាចោរឬ បានជាអ្នករាល់គ្នាចេញមកចាប់ខ្ញុំ ទាំងកាន់ដាវ កាន់ដំបងដូច្នេះ? រាល់ថ្ងៃ ខ្ញុំអង្គុយបង្រៀននៅក្នុងព្រះវិហារ តែអ្នករាល់គ្នាមិនបានចាប់ខ្ញុំទេ ប៉ុន្តែ ការទាំងអស់នេះបានកើតមក ដើម្បីឲ្យបានសម្រេចសេចក្ដីដែលពួកហោរាបានចែងទុកនៅក្នុងបទគម្ពីរ»។ ពេលនោះ ពួកសិស្សទាំងអស់ក៏រត់ចោលព្រះអង្គ ហើយគេចខ្លួនអស់ទៅ។ បន្ទាប់មក ពួកអ្នកដែលបានចាប់ព្រះយេស៊ូវបាននាំព្រះអង្គទៅជួបលោកកៃផាស ជាសម្ដេចសង្ឃ នៅកន្លែងដែលពួកអាចារ្យ និងពួកចាស់ទុំបានជួបជុំគ្នា។ ពេត្រុសបានដើរតាមព្រះអង្គពីចម្ងាយ រហូតដល់ទីលានរបស់សម្ដេចសង្ឃ ហើយចូលទៅអង្គុយខាងក្នុងជាមួយកងរក្សាព្រះវិហារ ដើម្បីចង់ដឹងលទ្ធផល។ ចំណែកពួកសង្គ្រាជ និងក្រុមប្រឹក្សាទាំងមូល ស្វែងរកបន្ទាល់ក្លែងក្លាយ មកចោទប្រកាន់ព្រះយេស៊ូវ ដើម្បីឲ្យគេមានហេតុនឹងសម្លាប់ព្រះអង្គ តែគេរកមិនបានសោះ ទោះជាមានស្មរបន្ទាល់ក្លែងក្លាយជាច្រើនបានចូលមកក៏ដោយ។ នៅទីបំផុត មានបុរសពីរនាក់ចូលមក ហើយនិយាយថា៖ «អ្នកនេះបាននិយាយថា "ខ្ញុំអាចបំផ្លាញព្រះវិហាររបស់ព្រះចោល ហើយសង់ឡើងវិញបាន ក្នុងរវាងបីថ្ងៃ"»។ ពេលនោះ សម្ដេចសង្ឃក៏ឈរឡើង ហើយសួរព្រះអង្គថា៖ «តើអ្នកមិនឆ្លើយអ្វីសោះដូច្នេះឬ? ពាក្យដែលបុរសទាំងនេះចោទប្រកាន់អ្នក តើយ៉ាងដូចម្តេចដែរ?» ព្រះយេស៊ូវនៅតែស្ងៀម។ ពេលនោះ សម្ដេចសង្ឃបង្គាប់ព្រះអង្គថា៖ «ចូរស្បថនឹងព្រះដ៏មានព្រះជន្មរស់ទៅ ហើយប្រាប់យើងមក ប្រសិនបើអ្នកជាព្រះគ្រីស្ទ ជាព្រះរាជបុត្រារបស់ព្រះមែន»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅលោកថា៖ «ត្រូវដូចលោកមានប្រសាសន៍ហើយ។ ប៉ុន្តែ ខ្ញុំសូមប្រាប់អស់លោកថា អំណឹះតទៅ អស់លោកនឹងឃើញកូនមនុស្សអង្គុយនៅខាងស្តាំព្រះដ៏មានព្រះចេស្តា ហើយមកលើពពក នៅលើមេឃ »។ ពេលនោះ សម្ដេចសង្ឃក៏ហែកអាវខ្លួន ហើយពោលឡើងថា៖ «ជននេះបានពោលពាក្យប្រមាថដល់ព្រះហើយទេតើ! តើយើងចាំបាច់ត្រូវការស្មរបន្ទាល់អ្វីទៀត? ឥឡូវនេះ អ្នករាល់គ្នាបានឮពាក្យប្រមាថរបស់ជននេះស្រាប់ហើយ។ តើអ្នករាល់គ្នាសម្រេចដូចម្តេច?» គេឆ្លើយឡើងថា៖ «ជននេះសមនឹងស្លាប់!» ពេលនោះ គេស្តោះទឹកមាត់ដាក់ព្រះភក្ត្រព្រះអង្គ វាយតប់ព្រះអង្គ ហើយអ្នកខ្លះទះកំផ្លៀងព្រះអង្គ ទាំងពោលថា៖ «ចូរទាយប្រាប់យើងមើល៍ ព្រះគ្រីស្ទអើយ តើអ្នកណាវាយឯង?» នៅវេលានោះ ពេត្រុសកំពុងអង្គុយនៅក្នុងទីលានខាងក្រៅ។ ស្រីបម្រើម្នាក់ចូលមកជិតគាត់ ហើយនិយាយថា៖ «អ្នកឯងក៏នៅជាមួយយេស៊ូវ ជាអ្នកស្រុកកាលីឡេនោះដែរ!» ប៉ុន្តែ គាត់ប្រកែកនៅមុខគេទាំងអស់គ្នាថា៖ «ខ្ញុំមិនដឹងថានាងចង់និយាយពីអ្វីទេ!»។ ពេលគាត់ចេញទៅខ្លោងទ្វារ ស្រីបម្រើម្នាក់ទៀតឃើញគាត់ ហើយប្រាប់អ្នកនៅទីនោះថា៖ «អ្នកនេះនៅជាមួយយេស៊ូវ ជាអ្នកស្រុកណាសារ៉ែត»។ គាត់ក៏ប្រកែកម្តងទៀត ទាំងស្បថថា៖ «ខ្ញុំមិនស្គាល់អ្នកនោះទេ»។ បន្តិចក្រោយមក ពួកអ្នកដែលនៅទីនោះ នាំគ្នាចូលមកជិតពេត្រុស ហើយពោលថា៖ «ប្រាកដហើយ អ្នកឯងក៏ជាម្នាក់ក្នុងចំណោមអ្នកទាំងនោះដែរ ដ្បិតសំឡេងនិយាយរបស់អ្នកឯងបង្ហាញច្បាស់ហើយ»។ ពេលនោះ គាត់ចាប់ផ្ដើមយកខ្លួនស្បថស្បែថា៖ «ខ្ញុំមិនស្គាល់អ្នកនោះទេ!» ខណៈនោះ មាន់ក៏រងាវឡើងភ្លាម។ ពេត្រុសនឹកឃើញព្រះបន្ទូលរបស់ព្រះយេស៊ូវដែលថា៖ «មុនមាន់រងាវ អ្នកនឹងប្រកែកបីដងថាមិនស្គាល់ខ្ញុំ» ។ គាត់ក៏ចេញទៅទាំងយំសោកយ៉ាងខ្លោចផ្សា។
អាន ម៉ាថាយ 26
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាថាយ 26:44-75
21 Days
Learn how best to pray, both from the prayers of the faithful and from the words of Jesus Himself. Find encouragement to keep taking your requests to God every day, with persistence and patience. Explore examples of empty, self righteous prayers, balanced against the pure prayers of those with clean hearts. Pray constantly.
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ