ម៉ាថាយ 2

2
ពួក​ហោរ​មក​ថ្វាយ‌បង្គំ​ព្រះ‌ឱរស​យេស៊ូវ
1ពេល​ព្រះ‌យេស៊ូវ​ប្រសូត​នៅ​ភូមិ​បេថ្លេហិម ស្រុក​យូដា ក្នុង​រាជ្យ​ព្រះ‌បាទ​ហេរ៉ូឌ មាន​ពួក​ហោរ​ពី​ទិស​ខាង​កើត​ធ្វើ​ដំណើរ​មក​ក្រុង​យេរូ‌សាឡិម សួរ​ថា៖ 2«តើ​បុត្រ​ដែល​បាន​ប្រសូត​មក​ជា​ស្តេច​សាសន៍​យូដា​ទ្រង់​គង់​នៅ​ឯ​ណា? ព្រោះ​យើង​បាន​ឃើញ​ផ្កាយ​របស់​ព្រះ‌អង្គ​ពី​ទិស​ខាង​កើត ហើយ​យើង​មក​ថ្វាយ‌បង្គំ​ព្រះ‌អង្គ»។
3កាល​ព្រះ‌បាទ​ហេរ៉ូឌ​បាន​ឮ​ដូច្នេះ ទ្រង់​មាន​ព្រះ‌ហឫ‌ទ័យ​រន្ធត់​ជា​ខ្លាំង ហើយ​ពួក​អ្នក​ដែល​នៅ​ជា​មួយ​ព្រះ‌អង្គ​ក្នុង​ក្រុង​យេរូ‌សាឡិម​ក៏​រន្ធត់​ចិត្ត​ដែរ។ 4ក្រោយ​ពី​បាន​ហៅ​ពួក​សង្គ្រាជ និង​ពួក​អាចារ្យ​របស់​បណ្តា‌ជន​មក​ជួប​ជុំ​គ្នា​ហើយ ទ្រង់​ក៏​សាក​សួរ​ពួក​គេ​ពី​កន្លែង​ដែល​ព្រះ‌គ្រីស្ទ​ប្រសូត។ 5គេ​ទូល​ស្ដេច​ថា៖ «នៅ​ភូមិ​បេថ្លេហិម​ក្នុង​ស្រុក​យូដា ដ្បិត​ហោរា​បាន​ចែង​សេចក្តី​ទុក​មក​ដូច្នេះ​ថា
6"ឯ​ឯង បេថ្លេហិម ស្រុក​យូដា​អើយ!
ឯង​មិន​មែន​តូច​ជាង​គេ​ក្នុង​ចំណោម
ពួក​មេ​ដឹក​នាំ​នៅ​ស្រុក​យូដា​ទេ
ដ្បិត​នឹង​មាន​មេ​ដឹក​នាំ​ម្នាក់​កើត​ចេញ​ពី​ឯង
អ្នក​នោះ​នឹង​ឃ្វាល​អ៊ីស្រា‌អែល
ជា​ប្រជា‌រាស្ត្រ​របស់​យើង"» ។
7ពេល​នោះ ព្រះ‌បាទ​ហេរ៉ូឌ​ក៏​ហៅ​ពួក​ហោរ​នោះ​មក​ដោយ​សម្ងាត់ ហើយ​សាក​សួរ​អ្នក​ទាំង​នោះ​ពី​ពេល‌វេលា​ជាក់​លាក់ ដែល​ផ្កាយ​នោះ​បាន​លេច​មក 8រួច​ទ្រង់​ចាត់​ពួក​ហោរ​ទាំង​នោះ​ឲ្យ​ទៅភូមិ​បេថ្លេហិម ដោយ​ត្រាស់​បង្គាប់​ថា៖ «ចូរ​អស់​លោក​ទៅ​ចុះ ហើយ​ស៊ើប​សួរ​ពី​កូន​តូច​នោះ​ឲ្យ​ច្បាស់​លាស់ ពេល​ឃើញ​ហើយ ត្រូវ​មក​ប្រាប់​យើង​វិញ ដើម្បី​ឲ្យ​យើង​បាន​ទៅ​ថ្វាយ‌បង្គំ​ដែរ»។ 9ក្រោយ​ពី​បាន​ទទួល​ការ​ត្រាស់​បង្គាប់​របស់​ស្តេច​ហើយ គេ​ក៏​នាំ​គ្នា​ចេញ​ទៅ ពេល​នោះ ផ្កាយ​ដែល​គេ​បាន​ឃើញ​ពី​ទិស​ខាង​កើត ក៏​នាំ​មុខ​គេ​រហូត​ដល់​ចំ​ពី​លើក​ន្លែង​ដែល​បុត្រ​តូច​គង់​នៅ​ទើប​ឈប់។ 10ពេល​ឃើញ​ផ្កាយ​នោះ​ឈប់​ដូច្នោះ គេ​មាន​អំណរ​ជា​ខ្លាំង 11ហើយ​ចូល​ទៅ​ក្នុង​ផ្ទះ ឃើញ​បុត្រ​តូច​នៅ​ជា​មួយ​ម៉ារា ជា​មាតា គេ​ក៏​ក្រាប​ថ្វាយ‌បង្គំ រួច​បើក​ប្រអប់​យក​ទ្រព្យ​របស់​ខ្លួន ជា​មាស ជា​កំញាន និង​ជ័រ​ល្វីង​ទេស​ថ្វាយ​ដល់​បុត្រ​នោះ។ 12បន្ទាប់​មក គេ​ក៏​វិល​ត្រឡប់​ទៅ​ស្រុក​របស់​ខ្លួន​វិញ តាម​ផ្លូវ​មួយ​ផ្សេង​ទៀត ដ្បិត​ព្រះ‌មាន​ព្រះ‌បន្ទូល​ហាម​គេ​ក្នុង​យល់​សប្តិ មិន​ឲ្យ​គេ​ត្រឡប់​ទៅ​ជួប​ហេរ៉ូឌ​វិញ​ឡើយ។
ការ​ភៀស​ខ្លួន​ទៅ​ស្រុក​អេស៊ីព្ទ
13កាល​ពួក​ហោ​ចេញ​ទៅ​ផុត ទេវតា​មួយ​របស់​ព្រះ‌អម្ចាស់​លេច​មក​ប្រាប់​យ៉ូសែប​ក្នុង​យល់​សប្តិ​ថា៖ «ចូរ​ក្រោក​ឡើង នាំ​បុត្រ​តូច និង​មាតា​របស់​ព្រះ‌អង្គ​គេច​ចេញ​ទៅ​ស្រុក​អេស៊ីព្ទ​ទៅ ហើយ​នៅ​ស្រុក​នោះ រហូត​ទាល់​តែ​យើង​ប្រាប់​ឲ្យ​ត្រឡប់​មក​វិញ ដ្បិត​ហេរ៉ូឌ​ប្រុង​នឹង​ស៊ើប​សួរ​រក​បុត្រ​នោះ ដើម្បី​ធ្វើ​គុត​ព្រះ‌អង្គ»។ 14លោក​ក៏​ក្រោក​ឡើង​ទាំង​យប់ នាំ​បុត្រ​តូច និង​មាតា​របស់​ព្រះ‌អង្គ​ចេញ​ទៅ​ស្រុក​អេស៊ីព្ទ 15ហើយ​ក៏​នៅ​ទី​នោះ រហូត​ដល់​ហេរ៉ូឌ​សុគត។ ការ​នេះ​បាន​សម្រេច​តាម​សេចក្តី​ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​តាម​រយៈ​ហោរា​ថា៖ «យើង​បាន​ហៅ​កូន​យើង ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក» ។
ព្រះ‌បាទ​ហេរ៉ូឌ​ចេញ​បញ្ជា​ឲ្យ​គេ​សម្លាប់​ក្មេងៗ
16កាល​ព្រះ‌បាទ​ហេរ៉ូឌ​ឃើញ​ថា ពួក​ហោរ​បាន​បញ្ឆោត​ព្រះ‌អង្គ នោះ​ទ្រង់​មាន​សេចក្តី​ក្រេវ‌ក្រោធ​ជា​ខ្លាំង ដូច្នេះ​ទ្រង់​ក៏​ចាត់​គេ​ឲ្យ​ទៅ​សម្លាប់​ក្មេង​ប្រុសៗ​ទាំង​អស់​នៅ​ភូមិ​បេថ្លេហិម និង​ភូមិ​ដែល​នៅ​ជុំ‌វិញ ចាប់​ពី​អាយុ​ពីរ​ឆ្នាំ​ចុះ​មក តាម​ពេល​វេលា​ដែល​ទ្រង់​បាន​សួរ​ពួក​ហោរ។ 17នោះ​ក៏​បាន​សម្រេច​តាម​សេចក្តី​ដែល​បាន​ថ្លែង​ទុក​មក តាម​រយៈ​ហោរា​យេរេមា​ថា៖
18«មាន​ឮ​សំឡេង​នៅ​រ៉ាម៉ា ជា​សូរ​ទំនួញ​យំ​សោក
ហើយ​កាន់​ទុក្ខ គឺ​នាង​រ៉ាជែល​យំ​អាណិត​កូន​របស់​នាង
ហើយ​មិន​ព្រម​ឲ្យ​គេ​កម្សាន្ត​ចិត្ត​សោះ
ព្រោះ​កូន​របស់​នាង​ស្លាប់​អស់​ហើយ»។
ការ​វិល​ត្រឡប់​មក​ពី​ស្រុក​អេស៊ីព្ទ
19កាល​ព្រះ‌បាទ​ហេរ៉ូឌ​បាន​សុគត​ផុត​ទៅ នោះ​ស្រាប់​តែ​ទេវតា​មួយ​របស់​ព្រះ‌អម្ចាស់​លេច​មក​ក្នុង​យល់‌សប្តិ ប្រាប់​យ៉ូសែប​នៅ​ស្រុក​អេស៊ីព្ទ​ថា៖ 20«ចូរ​ក្រោក​ឡើង នាំ​បុត្រ​តូច និង​មាតា​របស់​ព្រះ‌អង្គ​ត្រឡប់​ទៅ​ស្រុក​អ៊ីស្រា‌អែល​វិញ​ទៅ ដ្បិត​អស់​អ្នក​ដែល​ចង់​សម្លាប់​បុត្រ​តូច​នោះ ស្លាប់​អស់​ហើយ»។ 21លោក​យ៉ូសែប​ក៏​ក្រោក​ឡើង នាំ​បុត្រ​តូច និង​មាតា​របស់​ព្រះ‌អង្គ​វិល​ត្រឡប់​ទៅ​ស្រុក​អ៊ីស្រា‌អែល​វិញ។ 22ប៉ុន្តែ កាល​លោក​ឮ​ថា អើខេ‌ឡោស​បាន​សោយ​រាជ្យ​នៅ​ស្រុក​យូដា ជំនួស​ហេរ៉ូឌ ជា​បិតា នោះ​លោក​ខ្លាច​មិន​ហ៊ាន​ទៅ​ទី​នោះ​ទេ លោក​ចេញ​ទៅ​ស្រុក​កាលីឡេ​វិញ ដោយ​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ហាម​ក្នុង​សុបិន។ 23លោក​បាន​តាំង​ទី​លំនៅ នៅ​ភូមិ​មួយ​ឈ្មោះ​ថា​ណាសា‌រ៉ែត ដើម្បី​ឲ្យ​បាន​សម្រេច​តាម​សេចក្តី​ដែល​បាន​ថ្លែង​ទុក​មក តាម​រយៈ​ពួក​ហោរា​ថា៖ «គេ​នឹង​ហៅ​ព្រះ‌អង្គ​ថា ជា​អ្នក​ស្រុក​ណាសា‌រ៉ែត»។

ទើបបានជ្រើសរើសហើយ៖

ម៉ាថាយ 2: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ