ម៉ាថាយ 11:1-19

ម៉ាថាយ 11:1-19 គកស១៦

កាល​ព្រះ‌យេស៊ូវ​បាន​ណែ​នាំ​សិស្ស​ទាំង​ដប់​ពីរ​ចប់​ហើយ ទ្រង់​ក៏​យាង​ចេញ​ពី​ទី​នោះ ទៅ​បង្រៀន និង​ប្រកាស​ប្រាប់​ប្រជា‌ជន​នៅ​តាម​ក្រុង​នានា​របស់​គេ។ ពេល​លោក​យ៉ូហាន​នៅ​ក្នុង​គុក​បាន​ឮ​ពី​កិច្ច‌ការ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌គ្រីស្ទ​បាន​ធ្វើ លោក​ក៏​ចាត់​សិស្ស​របស់​លោក​ឲ្យ​ទៅ​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «តើ​ទ្រង់​ជា​ព្រះ‌អង្គ​ដែល​ត្រូវ​យាង​មក ឬ​យើង​ខ្ញុំ​ត្រូវ​រង់‌ចាំ​មួយ​អង្គ​ទៀត?» ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ចូរ​ទៅ​ប្រាប់​លោក​យ៉ូហាន​ពី​អ្វី​ដែល​អ្នក​ស្តាប់​ឮ និង​មើល​ឃើញ​ចុះ មនុស្ស​ខ្វាក់​មើល​ឃើញ មនុស្ស​ខ្វិន​ដើរ​បាន មនុស្ស​ឃ្លង់​ជា​ស្អាត មនុស្ស​ថ្លង់​ស្តាប់​ឮ មនុស្ស​ស្លាប់​រស់​ឡើង​វិញ ហើយ​មាន​គេ​នាំ​ដំណឹង​ល្អ​ទៅ​ប្រាប់​ជន​ក្រីក្រ ។ មាន​ពរ​ហើយ អ្នក​ណា​ដែល​មិន​រវាត​ចិត្ត​នឹង​ខ្ញុំ»។ ពេល​ពួក​សិស្ស​ទាំង​នោះ​ចេញ​ផុត​ទៅ ព្រះ‌យេស៊ូវ​ក៏​ចាប់​ផ្តើម​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​មហា‌ជន អំពី​លោក​យ៉ូហាន​ថា៖ «តើ​អ្នក​រាល់​គ្នា​បាន​ចេញ​ទៅ​មើល​អ្វី​នៅ​ទី​រហោ‌ស្ថាន? ទៅ​មើល​ដើម​ត្រែង​រញ្ជួយ​ដោយ​ខ្យល់​ឬ? តើ​អ្នក​រាល់​គ្នា​បាន​ចេញ​ទៅ​មើល​អ្វី? ទៅ​មើល​មនុស្ស​ស្លៀក​ពាក់​រុង‌រឿង​ឬ? មើល៍! អស់​អ្នក​ដែល​ស្លៀក​ពាក់​រុង‌រឿង​គេ​នៅ​ក្នុង​ដំណាក់​ស្តេច​ទេ។ ដូច្នេះ តើ​អ្នក​រាល់​គ្នា​បាន​ទៅ​មើល​អ្វី? ទៅ​មើល​ហោរា​ឬ? មែន​ហើយ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា លោក​លើស​ជាង​ហោរា​ទៅ​ទៀត។ លោក​នេះ​ហើយ​ដែល​មាន​សេចក្តី​ចែង​ទុក​ពី​លោក​ថា "មើល៍! យើង​ចាត់​ទូត​របស់​យើង​ឲ្យ​ទៅ​មុន​អ្នក អ្នក​នោះ​នឹង​ទៅ​មុន​អ្នក ដើម្បី​រៀបចំ​ផ្លូវ​របស់​អ្នក" ។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ក្នុង​ចំណោម​អស់​អ្នក​ដែល​កើត​ពី​ស្ត្រី គ្មាន​អ្នក​ណា​ធំ​ជាង​លោក​យ៉ូហាន-បាទីស្ទ​ឡើយ ប៉ុន្តែ អ្នក​ដែល​តូច​ជាង​គេ​ក្នុង​ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌ អ្នក​នោះ​ធំ​ជាង​លោក​ទៅ​ទៀត។ តាំង​ពី​គ្រា​របស់​លោក​យ៉ូហាន-បាទីស្ទ រហូត​មក​ទល់​ពេល​នេះ ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​បាន​ទទួល​រង​អំពើ​ឃោរ‌ឃៅ ហើយ​មនុស្ស​ឃោរ‌ឃៅ​ចាប់​យក​បាន​ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​ដោយ​កម្លាំង ដ្បិត​អស់​ទាំង​គម្ពីរ​ហោរា និង​គម្ពីរ​ក្រឹត្យ‌វិន័យ​សុទ្ធ​តែ​បាន​ថ្លែង​ទុក រហូត​មក​ដល់​គ្រា​របស់​លោក​យ៉ូហាន ហើយ​បើ​អ្នក​រាល់​គ្នា​ព្រម​ទទួល​សេចក្ដី​នេះ នោះ​គឺ​លោក​យ៉ូហាន​ហ្នឹង​ហើយ ជា​អេលីយ៉ា​ដែល​ត្រូវ​មក។ អ្នក​ណា​មាន​ត្រចៀក ចូរ​ស្តាប់​ចុះ! ប៉ុន្តែ តើ​ឲ្យ​ខ្ញុំ​ប្រៀប​ធៀប​មនុស្ស​ជំនាន់​នេះ​ទៅ​នឹង​អ្វី? មនុស្ស​ជំនាន់​នេះ​ប្រៀប​ដូច​ជា​កូន​ក្មេង​អង្គុយ​នៅ​តាម​ទី​ផ្សារ ហើយ​ស្រែក​ដាក់​គ្នា​ថា "យើង​បាន​ផ្លុំ​ខ្លុយ​ឲ្យ​ឯង តែ​ឯង​មិន​ព្រម​រាំ​ទេ យើង​បាន​ទ្រហោ​យំ ក៏​ឯង​មិន​បាន​កាន់​ទុក្ខ​ដែរ"។ ដ្បិត​លោក​យ៉ូហាន-បាទីស្ទ​បាន​មក មិន​បរិ‌ភោគ ក៏​មិន​ផឹក តែ​គេ​ថា "លោក​មាន​អារក្ស​ចូល" ឯ​កូន​មនុស្ស បាន​មក​ទាំង​បរិ‌ភោគ ទាំង​ផឹក តែ​គេ​ថា "មើល​ចុះ! អ្នក​នេះ​ជា​មនុស្ស​ល្មោភ​ស៊ី ហើយ​ជា​មនុស្ស​ប្រមឹក ជា​សម្លាញ់​របស់​ពួក​អ្នក​ទារ​ពន្ធ និង​មនុស្ស​បាប!" ប៉ុន្តែ ប្រាជ្ញា​បាន​រាប់​ជា​ត្រូវ ដោយ​ផល​ដែល​ខ្លួន​បង្កើត»។

អាន ម៉ាថាយ 11