ម៉ាថាយ 11:1-19
ម៉ាថាយ 11:1-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលព្រះយេស៊ូវបានណែនាំសិស្សទាំងដប់ពីរចប់ហើយ ទ្រង់ក៏យាងចេញពីទីនោះ ទៅបង្រៀន និងប្រកាសប្រាប់ប្រជាជននៅតាមក្រុងនានារបស់គេ។ ពេលលោកយ៉ូហាននៅក្នុងគុកបានឮពីកិច្ចការទាំងប៉ុន្មានដែលព្រះគ្រីស្ទបានធ្វើ លោកក៏ចាត់សិស្សរបស់លោកឲ្យទៅទូលសួរព្រះអង្គថា៖ «តើទ្រង់ជាព្រះអង្គដែលត្រូវយាងមក ឬយើងខ្ញុំត្រូវរង់ចាំមួយអង្គទៀត?» ព្រះយេស៊ូវមានព្រះបន្ទូលតបថា៖ «ចូរទៅប្រាប់លោកយ៉ូហានពីអ្វីដែលអ្នកស្តាប់ឮ និងមើលឃើញចុះ មនុស្សខ្វាក់មើលឃើញ មនុស្សខ្វិនដើរបាន មនុស្សឃ្លង់ជាស្អាត មនុស្សថ្លង់ស្តាប់ឮ មនុស្សស្លាប់រស់ឡើងវិញ ហើយមានគេនាំដំណឹងល្អទៅប្រាប់ជនក្រីក្រ ។ មានពរហើយ អ្នកណាដែលមិនរវាតចិត្តនឹងខ្ញុំ»។ ពេលពួកសិស្សទាំងនោះចេញផុតទៅ ព្រះយេស៊ូវក៏ចាប់ផ្តើមមានព្រះបន្ទូលទៅកាន់មហាជន អំពីលោកយ៉ូហានថា៖ «តើអ្នករាល់គ្នាបានចេញទៅមើលអ្វីនៅទីរហោស្ថាន? ទៅមើលដើមត្រែងរញ្ជួយដោយខ្យល់ឬ? តើអ្នករាល់គ្នាបានចេញទៅមើលអ្វី? ទៅមើលមនុស្សស្លៀកពាក់រុងរឿងឬ? មើល៍! អស់អ្នកដែលស្លៀកពាក់រុងរឿងគេនៅក្នុងដំណាក់ស្តេចទេ។ ដូច្នេះ តើអ្នករាល់គ្នាបានទៅមើលអ្វី? ទៅមើលហោរាឬ? មែនហើយ ខ្ញុំប្រាប់អ្នករាល់គ្នាថា លោកលើសជាងហោរាទៅទៀត។ លោកនេះហើយដែលមានសេចក្តីចែងទុកពីលោកថា "មើល៍! យើងចាត់ទូតរបស់យើងឲ្យទៅមុនអ្នក អ្នកនោះនឹងទៅមុនអ្នក ដើម្បីរៀបចំផ្លូវរបស់អ្នក" ។ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ក្នុងចំណោមអស់អ្នកដែលកើតពីស្ត្រី គ្មានអ្នកណាធំជាងលោកយ៉ូហាន-បាទីស្ទឡើយ ប៉ុន្តែ អ្នកដែលតូចជាងគេក្នុងព្រះរាជ្យនៃស្ថានសួគ៌ អ្នកនោះធំជាងលោកទៅទៀត។ តាំងពីគ្រារបស់លោកយ៉ូហាន-បាទីស្ទ រហូតមកទល់ពេលនេះ ព្រះរាជ្យនៃស្ថានសួគ៌បានទទួលរងអំពើឃោរឃៅ ហើយមនុស្សឃោរឃៅចាប់យកបានព្រះរាជ្យនៃស្ថានសួគ៌ដោយកម្លាំង ដ្បិតអស់ទាំងគម្ពីរហោរា និងគម្ពីរក្រឹត្យវិន័យសុទ្ធតែបានថ្លែងទុក រហូតមកដល់គ្រារបស់លោកយ៉ូហាន ហើយបើអ្នករាល់គ្នាព្រមទទួលសេចក្ដីនេះ នោះគឺលោកយ៉ូហានហ្នឹងហើយ ជាអេលីយ៉ាដែលត្រូវមក។ អ្នកណាមានត្រចៀក ចូរស្តាប់ចុះ! ប៉ុន្តែ តើឲ្យខ្ញុំប្រៀបធៀបមនុស្សជំនាន់នេះទៅនឹងអ្វី? មនុស្សជំនាន់នេះប្រៀបដូចជាកូនក្មេងអង្គុយនៅតាមទីផ្សារ ហើយស្រែកដាក់គ្នាថា "យើងបានផ្លុំខ្លុយឲ្យឯង តែឯងមិនព្រមរាំទេ យើងបានទ្រហោយំ ក៏ឯងមិនបានកាន់ទុក្ខដែរ"។ ដ្បិតលោកយ៉ូហាន-បាទីស្ទបានមក មិនបរិភោគ ក៏មិនផឹក តែគេថា "លោកមានអារក្សចូល" ឯកូនមនុស្ស បានមកទាំងបរិភោគ ទាំងផឹក តែគេថា "មើលចុះ! អ្នកនេះជាមនុស្សល្មោភស៊ី ហើយជាមនុស្សប្រមឹក ជាសម្លាញ់របស់ពួកអ្នកទារពន្ធ និងមនុស្សបាប!" ប៉ុន្តែ ប្រាជ្ញាបានរាប់ជាត្រូវ ដោយផលដែលខ្លួនបង្កើត»។
ម៉ាថាយ 11:1-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កាលព្រះយេស៊ូមានព្រះបន្ទូលផ្ដែផ្ដាំសិស្ស*ទាំងដប់ពីររូបចប់សព្វគ្រប់ហើយ ព្រះអង្គយាងចាកចេញពីទីនោះទៅបង្រៀន និងប្រកាសដំណឹងល្អ*ដល់ប្រជាជន នៅតាមភូមិនានា។ ពេលនោះ លោកយ៉ូហានជាប់ក្នុងមន្ទីរឃុំឃាំង ហើយឮគេនិយាយអំពីកិច្ចការទាំងប៉ុន្មាន ដែលព្រះគ្រិស្ត*បានធ្វើ។ លោកក៏ចាត់សិស្សឲ្យទៅទូលសួរព្រះយេស៊ូថា៖ «តើលោកជាព្រះគ្រិស្តដែលត្រូវយាងមក ឬមួយយើងខ្ញុំត្រូវរង់ចាំម្នាក់ផ្សេងទៀត?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅសិស្សទាំងនោះថា៖ «ចូរអ្នករាល់គ្នាទៅជម្រាបលោកយ៉ូហាននូវហេតុការណ៍ ដែលអ្នករាល់គ្នាបានឮ និងបានឃើញនេះទៅ គឺមនុស្សខ្វាក់មើលឃើញ មនុស្សខ្វិនដើរបាន មនុស្សឃ្លង់ជាស្អាតបរិសុទ្ធ មនុស្សថ្លង់ស្ដាប់ឮ មនុស្សស្លាប់រស់ឡើងវិញ ហើយមានគេនាំដំណឹងល្អទៅប្រាប់ជនក្រីក្រ។ អ្នកណាមិនរវាតចិត្តចេញពីជំនឿដោយសារខ្ញុំ អ្នកនោះពិតជាមានសុភមង្គលហើយ!»។ ពេលពួកសិស្សរបស់លោកយ៉ូហានចេញផុតទៅ ព្រះយេស៊ូមានព្រះបន្ទូលទៅមហាជនអំពីលោកយ៉ូហានថា៖ «តើអ្នករាល់គ្នាទៅវាលរហោស្ថានរកមើលអ្វី? រកមើលដើមត្រែងដែលត្រូវខ្យល់បក់នោះឬ? តើអ្នករាល់គ្នាទៅរកមើលអ្វី? រកមើលមនុស្សស្លៀកពាក់ល្អរុងរឿងឬ? តាមធម្មតា អស់អ្នកដែលស្លៀកពាក់ល្អរុងរឿង គេរស់នៅក្នុងដំណាក់ស្ដេចឯណោះ!។ បើដូច្នេះ តើអ្នករាល់គ្នាទៅរកមើលអ្វី? រកមើលព្យាការី*ម្នាក់ឬ? ត្រូវហើយ! ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងថា លោកនោះប្រសើរជាងព្យាការីទៅទៀត ដ្បិតក្នុងគម្ពីរមានចែងអំពីលោកយ៉ូហានថា “យើងចាត់ទូតយើងឲ្យទៅមុនព្រះអង្គ ដើម្បីរៀបចំផ្លូវរបស់ព្រះអង្គ” ។ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា បណ្ដាមនុស្សដែលកើតមកក្នុងលោកនេះ គ្មាននរណាមានឋានៈធំជាងលោកយ៉ូហានបាទីស្ដឡើយ។ ប៉ុន្តែ អ្នកណាតូចជាងគេនៅក្នុងព្រះរាជ្យ*នៃស្ថានបរមសុខ* អ្នកនោះប្រសើរលើសលោកយ៉ូហានទៅទៀត។ តាំងពីជំនាន់លោកយ៉ូហានបាទីស្ដមកទល់សព្វថ្ងៃ ព្រះរាជ្យនៃស្ថានបរមសុខបានរងនូវអំពើឃោរឃៅ ហើយមនុស្សឃោរឃៅបាននាំគ្នាប្រើកម្លាំងដណ្ដើមយកព្រះរាជ្យនេះផង។ តាំងពីដើមរហូតមកដល់ជំនាន់លោកយ៉ូហាន ព្យាការីទាំងអស់បានថ្លែងទុកអំពីព្រះរាជ្យនេះ ហើយក្នុងក្រឹត្យវិន័យ*ក៏មានចែងទុកដែរ។ ជឿខ្ញុំចុះ លោកយ៉ូហានហ្នឹងហើយជាព្យាការីអេលីយ៉ាដែលត្រូវមក។ អ្នកណាឮពាក្យនេះ សុំយកទៅពិចារណាទៅ! តើខ្ញុំអាចប្រដូចមនុស្សជំនាន់នេះទៅនឹងជនប្រភេទណា? អ្នកទាំងនោះប្រៀបបានទៅនឹងកូនក្មេងដែលអង្គុយលេងនៅតាមផ្សារ ហើយស្ដីបន្ទោសគ្នាទៅវិញទៅមកថា: “យើងបានផ្លុំខ្លុយ តែពួកឯងពុំព្រមរាំទេ យើងបានស្មូត្របទទំនួញ ក៏ពួកឯងពុំព្រមគក់ទ្រូងយំដែរ”។ យ៉ាងណាមិញ លោកយ៉ូហានបានមក លោកតមអាហារ តមសុរា តែគេថាលោកមានអារក្សចូល រីឯបុត្រមនុស្ស*ក៏បានមកដែរ លោកបរិភោគអាហារ និងពិសាសុរា តែគេថា “មើលចុះ! អ្នកនេះគិតតែពីស៊ីផឹក ហើយសេពគប់ជាមួយពួកទារពន្ធ* និងមនុស្សបាប”។ ប៉ុន្តែ មនុស្សលោកទទួលស្គាល់ថា ព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ពិតជាល្អត្រឹមត្រូវមែន ដោយគេបានឃើញកិច្ចការដែលព្រះអង្គធ្វើ»។
ម៉ាថាយ 11:1-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលព្រះយេស៊ូវបានផ្តាំពួកសិស្សទាំង១២នាក់រួចហើយ នោះទ្រង់ក៏យាងចេញពីទីនោះ ដើម្បីនឹងទៅបង្រៀន ហើយសំដែងក្នុងអស់ទាំងក្រុងរបស់គេ។ រីឯយ៉ូហានដែលជាប់នៅក្នុងគុក គាត់បានឮពីការទាំងប៉ុន្មាន ដែលព្រះគ្រីស្ទទ្រង់ធ្វើ ហើយក៏ចាត់សិស្សគាត់២នាក់ ឲ្យទៅទូលសួរទ្រង់ថា តើទ្រង់ជាព្រះអង្គដែលត្រូវយាងមកនោះ ឬត្រូវឲ្យយើងខ្ញុំចាំ១អង្គទៅទៀត ព្រះយេស៊ូវទ្រង់មានបន្ទូលតបថា ចូរទៅប្រាប់យ៉ូហានពីសេចក្ដីទាំងប៉ុន្មានដែលអ្នកកំពុងតែឮ ហើយឃើញចុះ គឺថាមនុស្សខ្វាក់បានភ្លឺ មនុស្សខ្វិនបានដើររួច មនុស្សឃ្លង់បានជាស្អាត មនុស្សថ្លង់បានឮ មនុស្សស្លាប់បានរស់ឡើងវិញ ហើយមនុស្សទាល់ក្របានឮដំណឹងល្អផង មានពរហើយ អ្នកណាដែលមិនរវាតចិត្តដោយព្រោះខ្ញុំ។ កំពុងដែលអ្នកទាំង២នោះចេញទៅហើយ នោះព្រះយេស៊ូវទ្រង់ផ្តើមមានបន្ទូលនឹងហ្វូងមនុស្ស ពីយ៉ូហានថា តើអ្នករាល់គ្នាបានទៅមើលអ្វីនៅទីរហោស្ថាន បានទៅមើលដើមត្រែងរញ្ជួយដោយខ្យល់ឬអី តើបានទៅមើលអ្វី បានទៅមើលមនុស្សពាក់អាវទន់ភ្លន់ឬអី មើល អស់អ្នកដែលពាក់អាវទន់ភ្លន់ នោះសុទ្ធតែនៅក្នុងដំណាក់ស្តេចទេ ចុះអ្នករាល់គ្នាបានទៅមើលអ្វី មើលហោរាឬអី មែនហើយ ខ្ញុំប្រាប់អ្នករាល់គ្នាថា គាត់ក៏លើសជាងហោរាផង ដ្បិតគឺពីអ្នកនេះហើយ ដែលមានសេចក្ដីចែងទុកមកថា «មើល អញចាត់ទូតអញ ឲ្យទៅមុនឯង ទូតនោះនឹងរៀបចំផ្លូវនៅមុខឯង» ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ក្នុងបណ្តាមនុស្សដែលកើតពីស្ត្រីមក នោះគ្មានអ្នកណាបានធំជាងយ៉ូហាន-បាទីស្ទទេ ប៉ុន្តែអ្នកណាដែលតូចជាងគេក្នុងនគរស្ថានសួគ៌ នោះធំជាងគាត់ហើយ តាំងតែពីគ្រាយ៉ូហាន-បាទីស្ទ ដរាបដល់គ្រាឥឡូវនេះ នោះមានគេខំប្រឹងចាប់បាននគរស្ថានសួគ៌ ហើយគឺជាពួកខំប្រឹងពិតដែលចាប់បានផង ពីព្រោះអស់ទាំងហោរា នឹងក្រិត្យវិន័យបានទាយ ដរាបមកដល់គ្រាលោកយ៉ូហាន ហើយបើសិនជាអ្នករាល់គ្នាព្រមទទួលពាក្យនេះ នោះគឺលោកនេះហើយ ជាលោកអេលីយ៉ាដែលត្រូវមក អ្នកណាដែលមានត្រចៀកសំរាប់ស្តាប់ ឲ្យស្តាប់ចុះ តើត្រូវឲ្យខ្ញុំធៀបដំណមនុស្សនេះជាអ្វី គឺធៀបដូចជាកូនក្មេងអង្គុយនៅទីផ្សារ ដែលស្រែកទៅគ្នាវាថា យើងបានផ្លុំខ្លុយឲ្យឯង តែឯងមិនបានរាំ យើងបានទួញទំនួញឲ្យឯង តែឯងមិនបានយំទេ ដ្បិតយ៉ូហានបានមកមិនស៊ីមិនផឹកសោះ តែគេថា គាត់មានអារក្សចូល ឯកូនមនុស្ស បានមកទាំងស៊ីទាំងផឹកផង គង់តែគេថា មើល នេះជាអ្នកល្មោភស៊ីផឹកច្រើន ជាមិត្រសំឡាញ់របស់ពួកយកពន្ធ នឹងមនុស្សមានបាប ប៉ុន្តែប្រាជ្ញាបានរាប់ជាត្រូវ ដោយផលដែលបង្កើត។