ម៉ាថាយ 10:5-15

ម៉ាថាយ 10:5-15 គកស១៦

ព្រះ‌យេស៊ូវ​ចាត់​អ្នក​ទាំង​ដប់​ពីរ​ឲ្យ​ចេញ​ទៅ ដោយ​បង្គាប់​ថា៖ «កុំ​ចូល​ទៅ​ទឹក​ដី​របស់​សាសន៍​ដទៃ ឬ​ទី​ក្រុង​ណា​មួយ​របស់​សាសន៍​សាម៉ារី​ឡើយ តែ​ចូរ​ទៅ​រក​ចៀម​បាត់​បង់​របស់​ប្រជា‌ជន​អ៊ីស្រា‌អែល​វិញ។ ពេល​អ្នក​រាល់​គ្នា​ចេញ​ទៅ ចូរ​ប្រកាស​ថា "ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​នៅ​ជិត​បង្កើយ"។ ចូរ​ប្រោស​អ្នក​ជំងឺ​ឲ្យ​ជា ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ មនុស្ស​ឃ្លង់​ឲ្យ​បាន​ជា​ស្អាត ហើយ​ដេញ​អារក្ស​ឲ្យ​ចេញ​ពី​មនុស្ស។ អ្នក​រាល់​គ្នា​ទទួល​មក​ដោយ​ឥត​បង់​ថ្លៃ ត្រូវ​ឲ្យ​ដោយ​ឥត​បង់​ថ្លៃ​ដែរ។ កុំ​យក​មាស ប្រាក់ ឬ​លុយ​កាក់ ដាក់​ក្នុង​ខ្សែ​ក្រវាត់​របស់​អ្នក​ឡើយ កុំ​យក​ថង់​យាម ឬ​យក​អាវ​ពីរ កុំ​យក​ស្បែក​ជើង ឬ​ដំបង​ទៅ​ជា​មួយ ដ្បិត​អ្នក​ធ្វើ​ការ សម​នឹង​មាន​អាហារ​បរិ‌ភោគ។ នៅ​ក្រុង​ណា ឬ​ភូមិ​ណា​ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ ចូរ​សួរ​រក​អ្នក​ដែល​ស័ក្តិសម​នៅ​ទី​នោះ ហើយ​ស្នាក់​នៅ​ផ្ទះ​អ្នក​នោះ រហូត​ដល់​អ្នក​ចាក​ចេញ។ ពេល​ចូល​ទៅ​ក្នុង​ផ្ទះ​នោះ ត្រូវ​ជម្រាប​សួរ អ្នក​ផ្ទះ​នោះ​ផង។ បើ​អ្នក​ផ្ទះ​នោះ​ស័ក្តិ‌សម ចូរ​ឲ្យ​សេចក្តី​សុខ‌សាន្ត​របស់​អ្នក​រាល់​គ្នា​កើត​មាន​ដល់​ផ្ទះ​នោះ តែ​បើ​មិន​ស័ក្តិ‌សម ត្រូវ​ឲ្យ​សេចក្តី​សុខ‌សាន្ត​របស់​អ្នក​រាល់​គ្នា​វិល​មក​រក​អ្នក​រាល់​គ្នា​វិញ។ បើ​អ្នក​ណា​មិន​ទទួល​អ្នក​រាល់​គ្នា ឬ​មិន​ស្តាប់​ពាក្យ​អ្នក​រាល់​គ្នា​ទេ ចូរ​រលាស់​ធូលី​ចេញ​ពី​ជើង​របស់​អ្នក​រាល់​គ្នា​នៅ​ពេល​ចាក​ចេញ​ពី​ផ្ទះ ឬ​ពី​ក្រុង​នោះ។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា នៅ​ថ្ងៃ​ជំនុំ‌ជម្រះ ក្រុង​សូដុម និង​ក្រុង​កូម៉ូរ៉ា ងាយ​ទ្រាំ​ជាង​ក្រុង​នោះ​ទៅ​ទៀត»។

អាន ម៉ាថាយ 10