ម៉ាថាយ 10:5-15
ម៉ាថាយ 10:5-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេស៊ូវចាត់អ្នកទាំងដប់ពីរឲ្យចេញទៅ ដោយបង្គាប់ថា៖ «កុំចូលទៅទឹកដីរបស់សាសន៍ដទៃ ឬទីក្រុងណាមួយរបស់សាសន៍សាម៉ារីឡើយ តែចូរទៅរកចៀមបាត់បង់របស់ប្រជាជនអ៊ីស្រាអែលវិញ។ ពេលអ្នករាល់គ្នាចេញទៅ ចូរប្រកាសថា "ព្រះរាជ្យនៃស្ថានសួគ៌នៅជិតបង្កើយ"។ ចូរប្រោសអ្នកជំងឺឲ្យជា ប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ មនុស្សឃ្លង់ឲ្យបានជាស្អាត ហើយដេញអារក្សឲ្យចេញពីមនុស្ស។ អ្នករាល់គ្នាទទួលមកដោយឥតបង់ថ្លៃ ត្រូវឲ្យដោយឥតបង់ថ្លៃដែរ។ កុំយកមាស ប្រាក់ ឬលុយកាក់ ដាក់ក្នុងខ្សែក្រវាត់របស់អ្នកឡើយ កុំយកថង់យាម ឬយកអាវពីរ កុំយកស្បែកជើង ឬដំបងទៅជាមួយ ដ្បិតអ្នកធ្វើការ សមនឹងមានអាហារបរិភោគ។ នៅក្រុងណា ឬភូមិណាដែលអ្នករាល់គ្នាចូលទៅ ចូរសួររកអ្នកដែលស័ក្តិសមនៅទីនោះ ហើយស្នាក់នៅផ្ទះអ្នកនោះ រហូតដល់អ្នកចាកចេញ។ ពេលចូលទៅក្នុងផ្ទះនោះ ត្រូវជម្រាបសួរ អ្នកផ្ទះនោះផង។ បើអ្នកផ្ទះនោះស័ក្តិសម ចូរឲ្យសេចក្តីសុខសាន្តរបស់អ្នករាល់គ្នាកើតមានដល់ផ្ទះនោះ តែបើមិនស័ក្តិសម ត្រូវឲ្យសេចក្តីសុខសាន្តរបស់អ្នករាល់គ្នាវិលមករកអ្នករាល់គ្នាវិញ។ បើអ្នកណាមិនទទួលអ្នករាល់គ្នា ឬមិនស្តាប់ពាក្យអ្នករាល់គ្នាទេ ចូររលាស់ធូលីចេញពីជើងរបស់អ្នករាល់គ្នានៅពេលចាកចេញពីផ្ទះ ឬពីក្រុងនោះ។ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នៅថ្ងៃជំនុំជម្រះ ក្រុងសូដុម និងក្រុងកូម៉ូរ៉ា ងាយទ្រាំជាងក្រុងនោះទៅទៀត»។
ម៉ាថាយ 10:5-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះយេស៊ូចាត់សិស្ស*ទាំងដប់ពីររូបនេះឲ្យទៅ ដោយផ្ដែផ្ដាំថា៖ «កុំទៅរកសាសន៍ដទៃឡើយ ហើយក៏កុំចូលទៅក្នុងភូមិរបស់ជនជាតិសាម៉ារីដែរ គឺត្រូវទៅស្វែងរកអស់អ្នកដែលវង្វេង ក្នុងចំណោមជនជាតិអ៊ីស្រាអែលនោះវិញ។ ពេលធ្វើដំណើរទៅ ចូរប្រកាសថា "ព្រះរាជ្យ*នៃស្ថានបរមសុខ*មកជិតបង្កើយហើយ"។ ចូរមើលអ្នកជំងឺឲ្យជា ប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ធ្វើឲ្យមនុស្សឃ្លង់ជាស្អាតបរិសុទ្ធ* ដេញអារក្សចេញពីមនុស្ស។ អ្នករាល់គ្នាបានទទួលអំណាច ដោយឥតបង់ថ្លៃ ត្រូវជួយគេវិញដោយឥតគិតថ្លៃដែរ។ កុំរកមាសប្រាក់ ឬលុយកាក់ ដាក់ក្នុងថង់ឡើយ ហើយកុំយកថង់យាម កុំយកអាវពីរបន្លាស់ កុំយកស្បែកជើង ឬដំបងទៅជាមួយ ដ្បិតអ្នកធ្វើការត្រូវតែទទួលម្ហូបអាហារ។ ពេលអ្នករាល់គ្នាចូលទៅក្នុងភូមិ ឬក្រុងណាមួយ ចូរសួររកអ្នកដែលសមនឹងទទួលអ្នករាល់គ្នាឲ្យស្នាក់នៅ។ ត្រូវស្នាក់នៅផ្ទះអ្នកនោះ រហូតដល់ពេលអ្នករាល់គ្នាចេញពីទីនោះ។ ពេលចូលទៅក្នុងផ្ទះណា ត្រូវជម្រាបសួរអ្នកផ្ទះនោះ ប្រសិនបើអ្នកផ្ទះនោះសមនឹងទទួលសេចក្ដីសុខសាន្ត នោះសេចក្ដីសុខសាន្តនឹងកើតមានដល់គេ ដូចពាក្យជម្រាបសួររបស់អ្នករាល់គ្នាមិនខាន។ ផ្ទុយទៅវិញ បើគេមិនសមនឹងទទួលទេ សេចក្ដីសុខសាន្តរបស់អ្នករាល់គ្នានឹងវិលមករកអ្នករាល់គ្នាវិញ។ បើគេមិនព្រមទទួលអ្នករាល់គ្នា ហើយបើគេមិនព្រមស្ដាប់ពាក្យរបស់អ្នករាល់គ្នាទេ ចូរចេញពីផ្ទះនោះ ឬពីក្រុងនោះ ទាំងរលាស់ធូលីដីចេញពីជើងរបស់អ្នករាល់គ្នាផង។ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា នៅថ្ងៃព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក អ្នកក្រុងសូដុម និងអ្នកក្រុងកូម៉ូរ៉ា នឹងទទួលទោសស្រាលជាងអ្នកក្រុងនោះ»។
ម៉ាថាយ 10:5-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេស៊ូវ ទ្រង់ចាត់ពួក១២នាក់នេះ ឲ្យទៅដោយផ្តាំថា កុំឲ្យអ្នករាល់គ្នាបែរទៅតាមផ្លូវរបស់សាសន៍ដទៃ ឬចូលទៅក្នុងទីក្រុងណា១របស់សាសន៍សាម៉ារីឡើយ ចូរទៅឯចៀមបាត់បង់របស់វង្សានុវង្សនៃពួកអ៊ីស្រាអែលវិញ ហើយកំពុងដែលទៅ នោះចូរប្រកាសប្រាប់ថា នគរស្ថានសួគ៌ជិតដល់ហើយ ចូរប្រោសមនុស្សជំងឺឲ្យជា មនុស្សស្លាប់ឲ្យរស់ឡើងវិញ មនុស្សឃ្លង់ឲ្យជាស្អាត ហើយដេញអារក្សចេញផង អ្នករាល់គ្នាបានទទួលទទេ ត្រូវឲ្យទទេដែរ កុំឲ្យយកមាសប្រាក់ ឬលុយកាក់ ដាក់ក្នុងខ្សែក្រវាត់របស់អ្នកទៅឡើយ ក៏កុំឲ្យយកយាមសំរាប់តាមផ្លូវ ឬអាវ២ ស្បែកជើង ឬដំបងផង ដ្បិតអ្នកដែលធ្វើការ នោះគួរនឹងបានអាហារចិញ្ចឹមខ្លួន នៅក្រុងណា ឬភូមិណា ដែលអ្នករាល់គ្នាចូលទៅ នោះត្រូវឲ្យសួររកអ្នកណាក្នុងទីនោះដែលគេគួរ រួចឲ្យនៅផ្ទះអ្នកនោះ ដរាបដល់អ្នកចេញទៅ កាលណាចូលទៅ ក៏ត្រូវជំរាបសួរអ្នកផ្ទះនោះដែរ បើអ្នកផ្ទះនោះគេគួរ នោះចូរឲ្យសេចក្ដីសុខសាន្តរបស់អ្នករាល់គ្នានៅផ្ទះនោះចុះ តែបើមិនគួរទេ នោះត្រូវឲ្យសេចក្ដីសុខសាន្តត្រឡប់មកលើអ្នករាល់គ្នាវិញ បើអ្នកណាមិនទទួល ឬមិនស្តាប់តាមពាក្យអ្នក នោះត្រូវឲ្យអ្នករាល់គ្នាចុះពីផ្ទះនោះ ឬចេញពីក្រុងនោះ រួចរលាស់ធូលីពីជើងអ្នកចេញ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នៅថ្ងៃជំនុំជំរះ ក្រុងសូដុំម នឹងក្រុងកូម៉ូរ៉ា នឹងទ្រាំបានងាយជាជាងក្រុងនោះវិញ។