ម៉ាថាយ 10:24-33

ម៉ាថាយ 10:24-33 គកស១៦

សិស្ស​មិន​លើស​ជាង​គ្រូ​ទេ ហើយ​អ្នក​បម្រើ​ក៏​មិន​ដែល​លើស​ជាង​ម្ចាស់​របស់​ខ្លួន​ដែរ ដ្បិត​ពេល​សិស្ស​បាន​ដូច​ជា​គ្រូ ហើយ​អ្នក​បម្រើ​បាន​ដូច​ជា​ចៅហ្វាយ នោះ​ល្មម​ហើយ។ ប្រសិន‌បើ​គេ​ហៅ​ម្ចាស់​ផ្ទះ​ថា បេលសេ‌ប៊ូល ទៅ​ហើយ នោះ​ចំណង់​បើ​អស់​អ្នក​ដែល​នៅ​ក្នុង​ផ្ទះ តើ​គេ​នឹង​ហៅ​កាន់​តែ​អាក្រក់​យ៉ាង​ណា​ទៅ​ទៀត»។ «ដូច្នេះ កុំ​ខ្លាច​គេ​ឡើយ ដ្បិត​គ្មាន​អ្វី​គ្រប​បាំង ដែល​មិន​ត្រូវ​បង្ហាញ​ឲ្យ​គេ​ឃើញ ក៏​គ្មាន​អ្វី​លាក់​លៀម ដែល​មិន​ត្រូវ​បង្ហាញ​ឲ្យ​គេ​ដឹង​នោះ​ដែរ។ អ្វី​ដែល​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ក្នុង​ទី​ងងឹត ចូរ​និយាយ​នៅ​ទី​ភ្លឺ ហើយ​អ្វី​ដែល​អ្នក​រាល់​គ្នា​ឮ​ពាក្យ​ខ្សឹប ចូរ​ប្រកាស​ពី​លើ​ដំបូល​ផ្ទះ។ កុំ​ខ្លាច​អស់​អ្នក​ដែល​សម្លាប់​បាន​តែ​រូប‌កាយ តែ​មិន​អាច​សម្លាប់​ព្រលឹង​បាន​នោះ​ឡើយ តែ​ផ្ទុយទៅ​វិញ ត្រូវ​ខ្លាច​ព្រះ‌អង្គ​ដែល​ទ្រង់​អាច​នឹង​បំផ្លាញ​ទាំង​ព្រលឹង និង​រូប‌កាយ​ទៅ​ក្នុង​នរក​បាន។ តើ​គេ​មិន​លក់​ចាប​ពីរ​ថ្លៃ​មួយ​សេន​ទេ​ឬ? តែ​គ្មាន​ចាប​ណា​មួយ​ធ្លាក់​ដល់​ដី ដែល​ព្រះ‌វរបិតា​របស់​អ្នក​រាល់​គ្នា​មិន​យល់​ព្រម​នោះ​ឡើយ។ សូម្បី​តែ​សក់​របស់​អ្នក​រាល់​គ្នា​នៅ​លើ​ក្បាល ក៏​ព្រះ‌អង្គ​រាប់​ទាំង​អស់​ដែរ។ ដូច្នេះ កុំ​ខ្លាច​ឡើយ អ្នក​រាល់​គ្នា​មាន​តម្លៃ​វិសេស​ជាង​ចាប​ជា​ច្រើន​ទៅ​ទៀត»។ «ដូច្នេះ អស់​អ្នក​ណា​ដែល​ទទួល​ស្គាល់​ខ្ញុំ នៅ​ចំពោះ​មនុស្ស ខ្ញុំ​ក៏​នឹង​ទទួល​ស្គាល់​អ្នក​នោះ នៅ​ចំពោះ​ព្រះ‌វរបិតា​ខ្ញុំ ដែល​គង់​នៅ​ស្ថាន‌សួគ៌​ដែរ។ តែ​អ្នក​ណា​ដែល​បដិសេធ​មិន​ទទួល​ស្គាល់​ខ្ញុំ នៅ​ចំពោះ​មនុស្ស ខ្ញុំ​ក៏​នឹង​បដិសេធ​មិន​ទទួល​ស្គាល់​អ្នក​នោះ នៅ​ចំពោះ​ព្រះ‌វរបិតា​ខ្ញុំ ដែល​គង់​នៅ​ស្ថាន‌សួគ៌​ដែរ»។

អាន ម៉ាថាយ 10

វីដេអូសម្រាប់ ម៉ាថាយ 10:24-33