ម៉ាថាយ 10:24-33

ម៉ាថាយ 10:24-33 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

សិស្ស​មិន​លើស​ជាង​គ្រូ​ទេ ហើយ​អ្នក​បម្រើ​ក៏​មិន​ដែល​លើស​ជាង​ម្ចាស់​របស់​ខ្លួន​ដែរ ដ្បិត​ពេល​សិស្ស​បាន​ដូច​ជា​គ្រូ ហើយ​អ្នក​បម្រើ​បាន​ដូច​ជា​ចៅហ្វាយ នោះ​ល្មម​ហើយ។ ប្រសិន‌បើ​គេ​ហៅ​ម្ចាស់​ផ្ទះ​ថា បេលសេ‌ប៊ូល ទៅ​ហើយ នោះ​ចំណង់​បើ​អស់​អ្នក​ដែល​នៅ​ក្នុង​ផ្ទះ តើ​គេ​នឹង​ហៅ​កាន់​តែ​អាក្រក់​យ៉ាង​ណា​ទៅ​ទៀត»។ «ដូច្នេះ កុំ​ខ្លាច​គេ​ឡើយ ដ្បិត​គ្មាន​អ្វី​គ្រប​បាំង ដែល​មិន​ត្រូវ​បង្ហាញ​ឲ្យ​គេ​ឃើញ ក៏​គ្មាន​អ្វី​លាក់​លៀម ដែល​មិន​ត្រូវ​បង្ហាញ​ឲ្យ​គេ​ដឹង​នោះ​ដែរ។ អ្វី​ដែល​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ក្នុង​ទី​ងងឹត ចូរ​និយាយ​នៅ​ទី​ភ្លឺ ហើយ​អ្វី​ដែល​អ្នក​រាល់​គ្នា​ឮ​ពាក្យ​ខ្សឹប ចូរ​ប្រកាស​ពី​លើ​ដំបូល​ផ្ទះ។ កុំ​ខ្លាច​អស់​អ្នក​ដែល​សម្លាប់​បាន​តែ​រូប‌កាយ តែ​មិន​អាច​សម្លាប់​ព្រលឹង​បាន​នោះ​ឡើយ តែ​ផ្ទុយទៅ​វិញ ត្រូវ​ខ្លាច​ព្រះ‌អង្គ​ដែល​ទ្រង់​អាច​នឹង​បំផ្លាញ​ទាំង​ព្រលឹង និង​រូប‌កាយ​ទៅ​ក្នុង​នរក​បាន។ តើ​គេ​មិន​លក់​ចាប​ពីរ​ថ្លៃ​មួយ​សេន​ទេ​ឬ? តែ​គ្មាន​ចាប​ណា​មួយ​ធ្លាក់​ដល់​ដី ដែល​ព្រះ‌វរបិតា​របស់​អ្នក​រាល់​គ្នា​មិន​យល់​ព្រម​នោះ​ឡើយ។ សូម្បី​តែ​សក់​របស់​អ្នក​រាល់​គ្នា​នៅ​លើ​ក្បាល ក៏​ព្រះ‌អង្គ​រាប់​ទាំង​អស់​ដែរ។ ដូច្នេះ កុំ​ខ្លាច​ឡើយ អ្នក​រាល់​គ្នា​មាន​តម្លៃ​វិសេស​ជាង​ចាប​ជា​ច្រើន​ទៅ​ទៀត»។ «ដូច្នេះ អស់​អ្នក​ណា​ដែល​ទទួល​ស្គាល់​ខ្ញុំ នៅ​ចំពោះ​មនុស្ស ខ្ញុំ​ក៏​នឹង​ទទួល​ស្គាល់​អ្នក​នោះ នៅ​ចំពោះ​ព្រះ‌វរបិតា​ខ្ញុំ ដែល​គង់​នៅ​ស្ថាន‌សួគ៌​ដែរ។ តែ​អ្នក​ណា​ដែល​បដិសេធ​មិន​ទទួល​ស្គាល់​ខ្ញុំ នៅ​ចំពោះ​មនុស្ស ខ្ញុំ​ក៏​នឹង​បដិសេធ​មិន​ទទួល​ស្គាល់​អ្នក​នោះ នៅ​ចំពោះ​ព្រះ‌វរបិតា​ខ្ញុំ ដែល​គង់​នៅ​ស្ថាន‌សួគ៌​ដែរ»។

ចែក​រំលែក
អាន ម៉ាថាយ 10

ម៉ាថាយ 10:24-33 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពុំ​ដែល​មាន​សិស្ស​ណា​ចេះ​ជាង​គ្រូ​ឡើយ ហើយ​ក៏​ពុំ​ដែល​មាន​អ្នក​បម្រើ​ណា​ធំ​ជាង​ម្ចាស់​ដែរ បើ​សិស្ស​ចេះ​ដូច​គ្រូ ហើយ​អ្នក​បម្រើ​ដូច​ម្ចាស់ នោះ​ល្មម​គ្រប់​គ្រាន់​ហើយ។ ប្រសិន​បើ​គេ​ឲ្យ​ឈ្មោះ​ម្ចាស់​ផ្ទះ​ថា បេល‌សេ‌ប៊ូល​ទៅ​ហើយ គេ​មុខ​ជា​ឲ្យ​ឈ្មោះ​អ្នក​នៅ​ក្នុង​ផ្ទះ​នោះ​រឹត​តែ​អាក្រក់​ជាង​នេះ​ទៅ​ទៀត​មិន​ខាន»។ «កុំ​ខ្លាច​ពួក​អ្នក​ទាំង​នោះ​ឡើយ ដ្បិត​ការ​លាក់​កំបាំង​ទាំង​អស់​នឹង​ត្រូវ​បើក​ឲ្យ​គេ​ឃើញ ហើយ​អាថ៌‌កំបាំង​ទាំង​ប៉ុន្មាន​ក៏​នឹង​ត្រូវ​បើក​ឲ្យ​គេ​ដឹង​ដែរ។ អ្វីៗ​ដែល​ខ្ញុំ​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​ក្នុង​ទី​ងងឹត ចូរ​យក​ទៅ​និយាយ​នៅ​ក្នុង​ពន្លឺ​ថ្ងៃ ហើយ​អ្វីៗ​ដែល​គេ​ខ្សឹប​ដាក់​ត្រចៀក ចូរ​យក​ទៅ​ប្រកាស​នៅ​លើ​ផ្ទះ។ កុំ​ខ្លាច​អស់​អ្នក​ដែល​សម្លាប់​ត្រឹម​តែ​រូប​កាយ ហើយ​ពុំ​អាច​សម្លាប់​ព្រលឹង​នោះ​ឲ្យ​សោះ គឺ​ត្រូវ​ខ្លាច​ព្រះ‌ជាម្ចាស់​វិញ ព្រោះ​ព្រះអង្គ​អាច​ធ្វើ​ឲ្យ​ទាំង​ព្រលឹង ទាំង​រូប​កាយ ធ្លាក់​ទៅ​ក្នុង​ភ្លើង​នរក​បាន។ ធម្មតា​គេ​លក់​ចាប​ពីរ​ថ្លៃ​មួយ​សេន។ ទោះ​បី​ថោក​យ៉ាង​នេះ​ក៏​ដោយ ប្រសិន​បើ​ព្រះ‌បិតា​របស់​អ្នក​រាល់​គ្នា​មិន​យល់​ព្រម​ទេ​នោះ ក៏​គ្មាន​ចាប​ណា​មួយ​ធ្លាក់​ចុះ​ដល់​ដី​ឡើយ។ រីឯ​អ្នក​រាល់​គ្នា​វិញ សូម្បី​តែ​សក់​នៅ​លើ​ក្បាល​អ្នក​រាល់​គ្នា​ក៏​ព្រះអង្គ​រាប់​អស់​ដែរ។ ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​កុំ​ខ្លាច​អ្វី​ឡើយ ព្រោះ​អ្នក​រាល់​គ្នា​មាន​តម្លៃ​លើស​ចាប​ទាំង​អស់​ទៅ​ទៀត»។ «អ្នក​ណា​ទទួល​ស្គាល់​ខ្ញុំ​នៅ​ចំពោះ​មុខ​មនុស្ស​លោក ខ្ញុំ​នឹង​ទទួល​ស្គាល់​អ្នក​នោះ​វិញ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌បិតា​របស់​ខ្ញុំ ដែល​គង់​នៅ​ស្ថាន​បរម‌សុខ។ រីឯ​អ្នក​ណា​បដិសេធ​មិន​ទទួល​ស្គាល់​ខ្ញុំ​នៅ​ចំពោះ​មុខ​មនុស្ស​លោក ខ្ញុំ​ក៏​បដិសេធ​មិន​ទទួល​ស្គាល់​អ្នក​នោះ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌បិតា​របស់​ខ្ញុំ ដែល​គង់​នៅ​ស្ថាន​បរម‌សុខ*​ដែរ»។

ចែក​រំលែក
អាន ម៉ាថាយ 10

ម៉ាថាយ 10:24-33 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

សិស្ស​មិន​មែន​លើស​ជាង​គ្រូ​ទេ ហើយ​បាវ​ក៏​មិន​លើស​ជាង​ចៅហ្វាយ​ខ្លួន​ដែរ បើ​សិស្ស​បាន​ស្មើ​នឹង​គ្រូ ហើយ​បាវ​បាន​ស្មើ​នឹង​ចៅហ្វាយ នោះ​ល្មម​ហើយ បើ​សិន​ជា​គេ​ហៅ​ម្ចាស់​ផ្ទះ​ថា បេល‌សេប៊ូល នោះ​ចំណង់​បើ​ពួក​អ្នក​នៅ​ផ្ទះ​នោះ​ទាំង​ប៉ុន្មាន តើ​គេ​នឹង​ហៅ​យ៉ាង​នោះ​លើស​ជាង​អម្បាល‌ម៉ាន​ទៅ​ទៀត។ ដូច្នេះ មិន​ត្រូវ​ឲ្យ​ខ្លាច​គេ​ឡើយ ដ្បិត​គ្មាន​អ្វី​គ្រប​បាំង ដែល​មិន​ត្រូវ​បើក​សំដែង​ចេញ ឬ​អ្វី​លាក់‌លៀប ដែល​មិន​ត្រូវ​បង្ហាញ​ឲ្យ​គេ​ស្គាល់​នោះ​ទេ ការ​អ្វី​ដែល​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​នៅ​ទី​ងងឹត នោះ​ចូរ​សំដែង​នៅ​ទី​ភ្លឺ ហើយ​ការ​អ្វី ដែល​អ្នក​រាល់​គ្នា​ឮ​នៅ​ត្រចៀក នោះ​ចូរ​ថ្លែង​ប្រាប់​ពី​លើ​ដំបូល​ផ្ទះ​វិញ​ចុះ កុំ​ឲ្យ​ខ្លាច​ចំពោះ​ពួក​អ្នក​ដែល​សំឡាប់​បាន​តែ​រូប‌កាយ តែ​ពុំ​អាច​នឹង​សំឡាប់​ដល់​ព្រលឹង​បាន​នោះ​ឡើយ ស៊ូ​ឲ្យ​ខ្លាច​ព្រះ‌អង្គ​វិញ​ជា​ជាង ដែល​ទ្រង់​អាច​នឹង​ធ្វើ​ឲ្យ​ទាំង​ព្រលឹង នឹង​រូប‌កាយ​វិនាស​ទៅ​ក្នុង​នរក​ផង តើ​គេ​មិន​លក់​ចាប​២​ថ្លៃ​១​លុយ​ទេ​ឬ​អី តែ​គ្មាន​ចាប​ណា​មួយ​ធ្លាក់​ទៅ​ដី ឥត​ព្រះវរ‌បិតា​នៃ​អ្នក​រាល់​គ្នា​ជ្រាប​ឡើយ សូម្បី​តែ​សក់​ក្បាល​របស់​អ្នក​រាល់​គ្នា ក៏​បាន​រាប់​ទាំង​អស់​ដែរ យ៉ាង​នោះ មិន​ត្រូវ​ឲ្យ​ខ្លាច​ឡើយ អ្នក​រាល់​គ្នា​មាន​ដំឡៃ​លើស​ជាង​ចាប​ជា​ច្រើន ដូច្នេះ អស់​អ្នក​ណា​ដែល​ទទួល​ថ្លែង​ប្រាប់​ពី​ខ្ញុំ នៅ​មុខ​មនុស្ស​លោក នោះ​ខ្ញុំ​នឹង​ទទួល​ថ្លែង​ប្រាប់​ពី​អ្នក​នោះ នៅ​ចំពោះ​ព្រះវរ‌បិតា​ខ្ញុំ ដែល​គង់​នៅ​ស្ថាន‌សួគ៌​ដែរ តែ​អ្នក​ណា​ដែល​មិន​ព្រម​ទទួល​ស្គាល់​ខ្ញុំ នៅ​មុខ​មនុស្ស​លោក​ទេ នោះ​ខ្ញុំ​ក៏​មិន​ព្រម​ទទួល​ស្គាល់​អ្នក​នោះ នៅ​ចំពោះ​ព្រះវរ‌បិតា​ខ្ញុំ ដែល​គង់​នៅ​ស្ថាន‌សួគ៌​ដែរ។

ចែក​រំលែក
អាន ម៉ាថាយ 10