លុះដល់ពេលដែលអេលីសាបិតត្រូវសម្រាលកូន នោះនាងសម្រាលបានកូនប្រុសមួយ។ អ្នកជិតខាង និងញាតិសន្តានរបស់គាត់បានឮថា ព្រះអម្ចាស់បានសម្តែងព្រះហឫទ័យមេត្តាករុណាជាខ្លាំងដល់គាត់ គេក៏មានចិត្តអរសប្បាយជាមួយគាត់។ នៅថ្ងៃទីប្រាំបី គេមកធ្វើពិធីកាត់ស្បែកឲ្យទារកនោះ ហើយគេចង់ដាក់ឈ្មោះទារកនោះថា "សាការី" តាមឈ្មោះឪពុក តែម្តាយនិយាយថា៖ «ទេ ត្រូវដាក់ឈ្មោះថា "យ៉ូហាន" វិញ»។ គេតបទៅគាត់ថា៖ «ក្នុងញាតិសន្តានរបស់អ្នក គ្មានអ្នកណាមានឈ្មោះនេះទេ»។ គេធ្វើសញ្ញាសួរទៅឪពុក ដោយចង់ដឹងថាលោកដាក់ឈ្មោះអ្វីឲ្យកូន។ លោកសុំឲ្យគេយកក្តារឆ្នួនមួយមក ហើយសរសេរថា៖ «កូននេះឈ្មោះ យ៉ូហាន»។ គេទាំងអស់គ្នាក៏មានសេចក្តីអស្ចារ្យ។ រំពេចនោះ មាត់របស់លោកក៏បើកឡើង ហើយអណ្តាតក៏រលាស់បាន រួចលោកចាប់ផ្តើមពោលសរសើរព្រះ។ អ្នកជិតខាងទាំងប៉ុន្មាន ក៏មានចិត្តកោតខ្លាច ហើយគេនិយាយរឿងនេះសុសសាយពេញតំបន់ភ្នំទាំងមូលនៃស្រុកយូដា។ អស់អ្នកដែលបានឮ ក៏ចងចាំរឿងនេះទុកក្នុងចិត្ត ហើយពោលថា៖ «ដូច្នេះ តើកូននេះនឹងទៅជាយ៉ាងណា?» ដ្បិតព្រះហស្តរបស់ព្រះអម្ចាស់បាននៅជាមួយកូននេះ។ ពេលនោះ សាការីជាឪពុកក៏បានពេញដោយព្រះវិញ្ញាណបរិសុទ្ធ ហើយថ្លែងជាទំនាយថា៖ «សូមឲ្យព្រះអម្ចាស់ ជាព្រះនៃសាសន៍អ៊ីស្រាអែល បានប្រកបដោយព្រះពរ ដ្បិតព្រះអង្គបានទតមើលប្រជារាស្ត្ររបស់ព្រះអង្គ ហើយក៏បានប្រោសលោះគេ។ ព្រះអង្គបានប្រទានព្រះសង្រ្គោះ ដ៏មានឥទ្ធិឫទ្ធិមួយអង្គដល់យើង ក្នុងពូជពង្សព្រះបាទដាវីឌ ជាអ្នកបម្រើព្រះអង្គ ដូចព្រះអង្គមានព្រះបន្ទូល តាមរយៈមាត់ពួកហោរាបរិសុទ្ធ របស់ព្រះអង្គពីជំនាន់ដើម ដើម្បីឲ្យយើងបានសង្គ្រោះរួចពី ខ្មាំងសត្រូវរបស់យើង និងរួចពីកណ្តាប់ដៃ របស់អស់អ្នកដែលស្អប់យើង។ ដើម្បីសម្ដែងព្រះហឫទ័យមេត្តាករុណា ដែលបានសន្យាដល់បុព្វបុរសរបស់យើង ហើយបាននឹកចាំពីសេចក្តីសញ្ញាបរិសុទ្ធរបស់ព្រះអង្គ គឺជាសម្បថដែលទ្រង់បានស្បថនឹងលោកអ័ប្រាហាំ ជាបុព្វបុរសរបស់យើងថា ទ្រង់នឹងសង្គ្រោះយើងឲ្យរួចពីកណ្តាប់ដៃ ពួកខ្មាំងសត្រូវរបស់យើង ដើម្បីឲ្យយើងអាចគោរពបម្រើ ព្រះអង្គដោយឥតភ័យខ្លាច ដោយបរិសុទ្ធ និងសុចរិត នៅចំពោះព្រះអង្គ អស់មួយជីវិតរបស់យើង។ រីឯកូនវិញ គេនឹងហៅកូនថា ជាហោរារបស់ព្រះដ៏ខ្ពស់បំផុត ដ្បិតកូននឹងដើរមុខព្រះអម្ចាស់ ដើម្បីរៀបចំផ្លូវថ្វាយព្រះអង្គ ហើយឲ្យប្រជារាស្ត្ររបស់ព្រះអង្គ បានស្គាល់សេចក្តីសង្គ្រោះ ដោយអត់ទោសឲ្យគេរួចពីបាប ដោយព្រះហឫទ័យមេត្តាករុណា ដ៏ទន់សន្ដោសរបស់ព្រះនៃយើង ដែលព្រះអង្គប្រទានថ្ងៃរះពីស្ថានដ៏ខ្ពស់មកដល់យើង ដើម្បីបំភ្លឺដល់អស់អ្នកដែលអង្គុយក្នុងសេចក្តីងងឹត និងក្នុងម្លប់នៃសេចក្តីស្លាប់ ហើយតម្រង់ជើងយើងទៅរកផ្លូវនៃសេចក្ដីសុខសាន្ត» ។ កូននោះ មានវ័យចម្រើនឡើងជាលំដាប់ ហើយមានភាពរឹងមាំខាងវិញ្ញាណជាខ្លាំង ក៏រស់នៅតែក្នុងទីរហោស្ថាន រហូតដល់ថ្ងៃដែលគាត់បង្ហាញខ្លួនឲ្យសាសន៍អ៊ីស្រាអែលបានឃើញ។
អាន លូកា 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លូកា 1:57-80
29 ថ្ងៃ។
សាក្សីឃើញផ្ទាល់ភ្នែកប្រាប់ដំណឹងល្អ លូកាប្រាប់ពីរឿងរបស់ព្រះយេស៊ូតាំងពីកំណើតដល់សុគតដល់ការរស់ឡើងវិញ។ លូកាក៏រៀបរាប់ឡើងវិញនូវការបង្រៀនរបស់ទ្រង់ដែលបានផ្លាស់ប្តូរពិភពលោក។ ការធ្វើដំណើរជារៀងរាល់ថ្ងៃតាមរយៈលូកា នៅពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ