លេវី‌វិន័យ 23:3-14

លេវី‌វិន័យ 23:3-14 គកស១៦

ត្រូវ​ឲ្យ​ធ្វើ​ការ​ក្នុង​រវាង​ប្រាំមួយ​ថ្ងៃ តែ​ដល់​ថ្ងៃ​ទី​ប្រាំពីរ នោះ​ជា​ថ្ងៃ​សប្ប័ទ​សម្រាប់​ប្រជុំ​ជំនុំ​បរិសុទ្ធ​វិញ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​នៅ​ថ្ងៃ​នោះ​ឡើយ ដ្បិត​ជា​ថ្ងៃ​សប្ប័ទ​របស់​ព្រះ‌យេហូវ៉ា​នៅ​ក្នុង​គ្រប់​ទាំង​ទី​លំ​នៅ​របស់​អ្នក​រាល់​គ្នា។ បុណ្យ​ទាំង​ប៉ុន្មាន​នៃ​ព្រះ‌យេហូវ៉ា ជា​ថ្ងៃ​ប្រជុំ​ជំនុំ​បរិសុទ្ធ ដែល​អ្នក​រាល់​គ្នា​ត្រូវ​ប្រកាស​ប្រាប់​នៅ​ពេល​កំណត់​នោះ​ដូច្នេះ គឺ​នៅ​ថ្ងៃ​ដប់បួន​ក្នុង​ខែ​ទី​មួយ ចាប់​ពី​ល្ងាច​រហូត​ដល់​ខួប​វិញ នោះ​ជា​ថ្ងៃ​បុណ្យ​រំលង​ថ្វាយ​ព្រះ‌យេហូវ៉ា ហើយ​នៅ​ថ្ងៃ​ដប់ប្រាំ​ក្នុង​ខែ​នោះ​ដែរ ជា​បុណ្យ​នំបុ័ង​ឥត​ដំបែ​របស់​ព្រះ‌យេហូវ៉ា អ្នក​រាល់​គ្នា​ត្រូវ​បរិ‌ភោគ​នំបុ័ង​ឥត​ដំបែ​គ្រប់​ប្រាំពីរ​ថ្ងៃ។ នៅ​ថ្ងៃ​ដំបូង ត្រូវ​ឲ្យ​ប្រជុំ​ជំនុំ​បរិសុទ្ធ មិន​ត្រូវ​ធ្វើ​ការ​រក​ស៊ី​ឡើយ។ តែ​អ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ​តង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា​គ្រប់​ប្រាំពីរ​ថ្ងៃ ដល់​ថ្ងៃ​ទី​ប្រាំពីរ នោះ​ជា​ថ្ងៃ​ប្រជុំ​ជំនុំ​បរិសុទ្ធ មិន​ត្រូវ​ធ្វើ​ការ​រក​ស៊ី​ឡើយ»។ ព្រះ‌យេហូវ៉ា​បង្គាប់​លោក​ម៉ូសេ ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា៖ «កាល​ណា​អ្នក​រាល់​គ្នា​បាន​ចូល​ទៅ​ក្នុង​ស្រុក​ដែល​យើង​ឲ្យ​ដល់​អ្នក ហើយ​បាន​ចូល​ទៅ​ក្នុង​ស្រុក​នោះ នោះ​ត្រូវ​យក​កណ្ដាប់​ដែល​ជា​ផល​ដំបូង​ពី​ចម្រូត​អ្នក​មក​ឲ្យ​សង្ឃ សង្ឃ​ត្រូវ​គ្រវី​ថ្វាយ​កណ្ដាប់​នោះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដើម្បី​ឲ្យ​ព្រះ‌អង្គ​បាន​ទទួល​ស្នង​អ្នក​រាល់​គ្នា គឺ​គ្រវី​ថ្វាយ​នៅ​ក្រោយ​ថ្ងៃ​សប្ប័ទ។ នៅ​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​គ្រវី​ថ្វាយ​កណ្ដាប់​នោះ នោះ​ត្រូវ​យក​កូន​ចៀម​ឈ្មោល​មួយ​ឥត‌ខ្ចោះ អាយុ​មួយ​ខួប​មក​ថ្វាយ​ជា​តង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា។ ឯ​តង្វាយ​ម្សៅ​ដែល​សម្រាប់​ថ្វាយ​ជា​មួយ នោះ​ត្រូវ​ជា​ម្សៅ​យ៉ាង​ម៉ដ្ត​ពីរ​ខ្ញឹង​លាយ​ប្រេង ទុក​ជា​តង្វាយ​ដុត សម្រាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា ហើយ​តង្វាយ​ច្រូច​នោះ​ជា​ស្រា​ទំពាំង‌បាយ‌ជូរ​ពីរ​កំប៉ុង។ អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិ‌ភោគ​នំបុ័ង ស្រូវ​លីង ឬ​អង្ករ​ថ្មី រហូត​ដល់​ថ្ងៃ​នេះ​ឯង ទាល់​តែ​បាន​យក​តង្វាយ​មក​ថ្វាយ​ព្រះ​របស់​អ្នក​សិន នេះ​ហើយ​ជា​ច្បាប់​សម្រាប់​អ្នក​រាល់​គ្នា នៅ​គ្រប់​ទី​កន្លែង​ដែល​នឹង​តាំង​ទី​លំ‌នៅ នៅ​អស់‌កល្ប​ជា‌និច្ច ដល់​អស់​ទាំង​តំណ​ត​រៀង​ទៅ»។