លេវីវិន័យ 23:3-14

លេវីវិន័យ 23:3-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ត្រូវ​ឲ្យ​ធ្វើ​ការ​ក្នុង​រវាង​ប្រាំមួយ​ថ្ងៃ តែ​ដល់​ថ្ងៃ​ទី​ប្រាំពីរ នោះ​ជា​ថ្ងៃ​សប្ប័ទ​សម្រាប់​ប្រជុំ​ជំនុំ​បរិសុទ្ធ​វិញ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​នៅ​ថ្ងៃ​នោះ​ឡើយ ដ្បិត​ជា​ថ្ងៃ​សប្ប័ទ​របស់​ព្រះ‌យេហូវ៉ា​នៅ​ក្នុង​គ្រប់​ទាំង​ទី​លំ​នៅ​របស់​អ្នក​រាល់​គ្នា។ បុណ្យ​ទាំង​ប៉ុន្មាន​នៃ​ព្រះ‌យេហូវ៉ា ជា​ថ្ងៃ​ប្រជុំ​ជំនុំ​បរិសុទ្ធ ដែល​អ្នក​រាល់​គ្នា​ត្រូវ​ប្រកាស​ប្រាប់​នៅ​ពេល​កំណត់​នោះ​ដូច្នេះ គឺ​នៅ​ថ្ងៃ​ដប់បួន​ក្នុង​ខែ​ទី​មួយ ចាប់​ពី​ល្ងាច​រហូត​ដល់​ខួប​វិញ នោះ​ជា​ថ្ងៃ​បុណ្យ​រំលង​ថ្វាយ​ព្រះ‌យេហូវ៉ា ហើយ​នៅ​ថ្ងៃ​ដប់ប្រាំ​ក្នុង​ខែ​នោះ​ដែរ ជា​បុណ្យ​នំបុ័ង​ឥត​ដំបែ​របស់​ព្រះ‌យេហូវ៉ា អ្នក​រាល់​គ្នា​ត្រូវ​បរិ‌ភោគ​នំបុ័ង​ឥត​ដំបែ​គ្រប់​ប្រាំពីរ​ថ្ងៃ។ នៅ​ថ្ងៃ​ដំបូង ត្រូវ​ឲ្យ​ប្រជុំ​ជំនុំ​បរិសុទ្ធ មិន​ត្រូវ​ធ្វើ​ការ​រក​ស៊ី​ឡើយ។ តែ​អ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ​តង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា​គ្រប់​ប្រាំពីរ​ថ្ងៃ ដល់​ថ្ងៃ​ទី​ប្រាំពីរ នោះ​ជា​ថ្ងៃ​ប្រជុំ​ជំនុំ​បរិសុទ្ធ មិន​ត្រូវ​ធ្វើ​ការ​រក​ស៊ី​ឡើយ»។ ព្រះ‌យេហូវ៉ា​បង្គាប់​លោក​ម៉ូសេ ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា៖ «កាល​ណា​អ្នក​រាល់​គ្នា​បាន​ចូល​ទៅ​ក្នុង​ស្រុក​ដែល​យើង​ឲ្យ​ដល់​អ្នក ហើយ​បាន​ចូល​ទៅ​ក្នុង​ស្រុក​នោះ នោះ​ត្រូវ​យក​កណ្ដាប់​ដែល​ជា​ផល​ដំបូង​ពី​ចម្រូត​អ្នក​មក​ឲ្យ​សង្ឃ សង្ឃ​ត្រូវ​គ្រវី​ថ្វាយ​កណ្ដាប់​នោះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដើម្បី​ឲ្យ​ព្រះ‌អង្គ​បាន​ទទួល​ស្នង​អ្នក​រាល់​គ្នា គឺ​គ្រវី​ថ្វាយ​នៅ​ក្រោយ​ថ្ងៃ​សប្ប័ទ។ នៅ​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​គ្រវី​ថ្វាយ​កណ្ដាប់​នោះ នោះ​ត្រូវ​យក​កូន​ចៀម​ឈ្មោល​មួយ​ឥត‌ខ្ចោះ អាយុ​មួយ​ខួប​មក​ថ្វាយ​ជា​តង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា។ ឯ​តង្វាយ​ម្សៅ​ដែល​សម្រាប់​ថ្វាយ​ជា​មួយ នោះ​ត្រូវ​ជា​ម្សៅ​យ៉ាង​ម៉ដ្ត​ពីរ​ខ្ញឹង​លាយ​ប្រេង ទុក​ជា​តង្វាយ​ដុត សម្រាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា ហើយ​តង្វាយ​ច្រូច​នោះ​ជា​ស្រា​ទំពាំង‌បាយ‌ជូរ​ពីរ​កំប៉ុង។ អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិ‌ភោគ​នំបុ័ង ស្រូវ​លីង ឬ​អង្ករ​ថ្មី រហូត​ដល់​ថ្ងៃ​នេះ​ឯង ទាល់​តែ​បាន​យក​តង្វាយ​មក​ថ្វាយ​ព្រះ​របស់​អ្នក​សិន នេះ​ហើយ​ជា​ច្បាប់​សម្រាប់​អ្នក​រាល់​គ្នា នៅ​គ្រប់​ទី​កន្លែង​ដែល​នឹង​តាំង​ទី​លំ‌នៅ នៅ​អស់‌កល្ប​ជា‌និច្ច ដល់​អស់​ទាំង​តំណ​ត​រៀង​ទៅ»។

ចែក​រំលែក
អាន លេវីវិន័យ 23

លេវីវិន័យ 23:3-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

អ្នក​រាល់​គ្នា​ធ្វើ​ការ​ប្រាំ​មួយ​ថ្ងៃ ប៉ុន្តែ ថ្ងៃ​ទី​ប្រាំ‌ពីរ​ជា​ថ្ងៃ​សប្ប័ទ* ជា​ថ្ងៃ​សម្រាក ដែល​អ្នក​រាល់​គ្នា​ត្រូវ​ជួប‌ជុំ​គ្នា​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់។ គ្រប់​ទី​កន្លែង​ដែល​អ្នក​រាល់​គ្នា​រស់​នៅ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​នៅ​ថ្ងៃ​នោះ​ឡើយ ព្រោះ​ជា​ថ្ងៃ​សប្ប័ទ​របស់​ព្រះ‌អម្ចាស់។ បុណ្យ​ដ៏​សំខាន់ៗ​របស់​ព្រះ‌អម្ចាស់ ដែល​អ្នក​រាល់​គ្នា​ត្រូវ​កំណត់​ពេល​ជួប‌ជុំ​គ្នា​ថ្វាយ‌បង្គំ​ព្រះអង្គ មាន​ដូច​ត​ទៅ: នៅ​ខែ​ទី​មួយ ថ្ងៃ​ទី​ដប់‌បួន ក្រោយ​ពេល​ថ្ងៃ​លិច ជា​បុណ្យ​ចម្លង*​ថ្វាយ​ព្រះ‌អម្ចាស់។ នៅ​ថ្ងៃ​ទី​ដប់‌ប្រាំ ក្នុង​ខែ​ដដែល​នោះ ជា​បុណ្យ​នំប៉័ង​ឥត​មេ​ថ្វាយ​ព្រះ‌អម្ចាស់។ អ្នក​រាល់​គ្នា​ត្រូវ​បរិភោគ​នំប៉័ង​ឥត​មេ​ចំនួន​ប្រាំ‌ពីរ​ថ្ងៃ។ នៅ​ថ្ងៃ​ទី​មួយ ត្រូវ​ជួប‌ជុំ​គ្នា​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ កុំ​ធ្វើ​ការ​អ្វី​នឿយ‌ហត់​នៅ​ថ្ងៃ​នោះ​ឡើយ។ អ្នក​រាល់​គ្នា​ត្រូវ​យក​តង្វាយ​ដុត​មក​ថ្វាយ​ព្រះ‌អម្ចាស់ ចំនួន​ប្រាំ‌ពីរ​ថ្ងៃ។ នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ ត្រូវ​ជួប‌ជុំ​គ្នា​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ គឺ​មិន​ត្រូវ​ធ្វើ​ការ​អ្វី​នឿយ‌ហត់​នៅ​ថ្ងៃ​នោះ​ឡើយ»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ​ថា៖ «ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ដូច​ត​ទៅ: ពេល​ណា​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក​ដែល​យើង​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា ហើយ​ពេល​អ្នក​រាល់​គ្នា​ច្រូត​ស្រូវ ត្រូវ​យក​កណ្ដាប់​ស្រូវ​ដែល​អ្នក​រាល់​គ្នា​ច្រូត​មុន​គេ​បង្អស់ មក​ជូន​បូជា‌ចារ្យ។ នៅ​ថ្ងៃ​បន្ទាប់​ពី​ថ្ងៃ​សប្ប័ទ* បូជា‌ចារ្យ​ត្រូវ​លើក​កណ្ដាប់​ស្រូវ​នេះ​ថ្វាយ​ព្រះ‌អម្ចាស់ ដើម្បី​ឲ្យ​ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​ទទួល​យក​ពី​អ្នក​រាល់​គ្នា។ នៅ​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​លើក​កណ្ដាប់​ស្រូវ​ថ្វាយ​ព្រះ‌អម្ចាស់ ត្រូវ​ថ្វាយ​កូន​ចៀម​មួយ​អាយុ​មួយ​ខួប ល្អ​ឥត​ខ្ចោះ ជា​តង្វាយ​ដុត​ទាំង​មូល​ដល់​ព្រះ‌អម្ចាស់ ព្រម​ទាំង​យក​ម្សៅ​ម៉ដ្ដ​ពីរ​ភាគ​ដប់​នៃ​អេផា*​លាយ​ជា​មួយ​ប្រេង មក​ថ្វាយ​ជា​មួយ​កូន​ចៀម​នោះ ជា​តង្វាយ​ដុត មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។ ចូរ​យក​ស្រា​ទំពាំង‌បាយជូរ​មួយ​ភាគ​បួន​នៃ​ហ៊ីន* មក​ថ្វាយ​សម្រាប់​ពិធី​ច្រួច‌ស្រា​ដែរ។ អ្នក​រាល់​គ្នា​អាច​បរិភោគ​នំប៉័ង លាជ ឬ​ស្រូវ​ថ្មី​បាន លុះ​ត្រា​ណា​តែ​អ្នក​រាល់​គ្នា​នាំ​យក​តង្វាយ​មក​ថ្វាយ​ព្រះ​របស់​អ្នក​រាល់​គ្នា តាម​ពេល​កំណត់​ជា​មុន​សិន។ នេះ​ជា​ច្បាប់​ដែល​ត្រូវ​អនុវត្ត​តាម​រហូត​ត​ទៅ នៅ​គ្រប់​ជំនាន់ និង​គ្រប់​ទី​កន្លែង​ដែល​អ្នក​រាល់​គ្នា​រស់​នៅ។

ចែក​រំលែក
អាន លេវីវិន័យ 23

លេវីវិន័យ 23:3-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ត្រូវ​ឲ្យ​ធ្វើ​ការ​ក្នុង​រវាង​៦​ថ្ងៃ តែ​ដល់​ថ្ងៃ​ទី​៧ នោះ​ជា​ថ្ងៃ​ឈប់​ឲ្យ​បាន​សំរាក​សំរាប់​ប្រជុំ​ជំនុំ​បរិសុទ្ធ​វិញ មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ធ្វើ​ការ​អ្វី​នៅ​ថ្ងៃ​នោះ​ឡើយ ដ្បិត​ជា​ថ្ងៃ​ឈប់​សំរាក​របស់​ព្រះ‌យេហូវ៉ា​នៅ​ក្នុង​គ្រប់​ទាំង​ទី​លំនៅ​របស់​ឯង​រាល់​គ្នា។ ឯ​បុណ្យ​ទាំង​ប៉ុន្មាន​នៃ​ព្រះ‌យេហូវ៉ា ជា​ថ្ងៃ​ប្រជុំ​ជំនុំ​បរិសុទ្ធ ដែល​ឯង​រាល់​គ្នា​ត្រូវ​ប្រកាស​ប្រាប់​នៅ​ពេល​កំណត់​នោះ​ដូច្នេះ គឺ​នៅ​ថ្ងៃ​១៤​ក្នុង​ខែ​ចេត្រចាប់​តាំង​ពី​ល្ងាច​រហូត​ដល់​ខួប​វិញ នោះ​ជា​ថ្ងៃ​បុណ្យ​រំលង​ផង​ព្រះ‌យេហូវ៉ា ហើយ​នៅ​ថ្ងៃ​១៥​ក្នុង​ខែ​នោះ​ឯង ជា​បុណ្យ​នំបុ័ង​ឥត​ដំបែ​ផង​ព្រះ‌យេហូវ៉ា ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​បរិភោគ​នំបុ័ង​ឥត​ដំបែ​គ្រប់​៧​ថ្ងៃ នៅ​ថ្ងៃ​ដំបូង ត្រូវ​ឲ្យ​ប្រជុំ​ជំនុំ​បរិសុទ្ធ មិន​ត្រូវ​ធ្វើ​ការ​រក​ស៊ី​ឡើយ តែ​ឯង​រាល់​គ្នា​ត្រូវ​ថ្វាយ​ដង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា​គ្រប់​៧​ថ្ងៃ ដល់​ថ្ងៃ​ទី​៧ នោះ​ជា​ថ្ងៃ​ប្រជុំ​ជំនុំ​បរិសុទ្ធ មិន​ត្រូវ​ធ្វើ​ការ​រក​ស៊ី​ឡើយ។ ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា កាល​ណា​ឯង​រាល់​គ្នា​បាន​ចូល​ទៅ​ក្នុង​ស្រុក​ដែល​អញ​ឲ្យ​ដល់​ឯង ហើយ​បាន​ច្រូត​ចំរូត​នៅ​ស្រុក​នោះ នោះ​ត្រូវ​យក​កណ្តាប់​ដែល​ជា​ផល​ដំបូង​ពី​ចំរូត​ឯង​មក​ឯ​សង្ឃ ត្រូវ​ឲ្យ​សង្ឃ​គ្រវី​ថ្វាយ​កណ្តាប់​នោះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដើម្បី​ឲ្យ​ទ្រង់​បាន​ទទួល​ស្នង​ឯង​រាល់​គ្នា គឺ​នឹង​គ្រវី​ថ្វាយ​នៅ​ថ្ងៃ​ក្រោយ​នៃ​ថ្ងៃ​ឈប់​សំរាក ហើយ​នៅ​ថ្ងៃ​ដែល​ឯង​រាល់​គ្នា​គ្រវី ថ្វាយ​កណ្តាប់​នោះ នោះ​ត្រូវ​យក​កូន​ចៀម​ឈ្មោល​១​ឥត‌ខ្ចោះ អាយុ​១​ខួប​មក​ថ្វាយ​ជា​ដង្វាយ​ដុត ដល់​ព្រះ‌យេហូវ៉ា ឯ​ដង្វាយ​ម្សៅ​ដែល​សំរាប់​ថ្វាយ​ជា​មួយ នោះ​ត្រូវ​ជា​ម្សៅ​យ៉ាង​ម៉ដ្ត​២​ខ្ញឹង​លាយ​នឹង​ប្រេង ទុក​ជា​ដង្វាយ​ដុត សំរាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា ហើយ​ដង្វាយ​ច្រួច នោះ​ត្រូវ​ជា​ស្រា​ទំពាំង‌បាយ‌ជូរ​២​កំប៉ុង ឯ​ឯង​រាល់​គ្នា មិន​ត្រូវ​បរិភោគ​នំបុ័ង ឬ​ស្រូវ​លីង ឬ​អង្ករ​ថ្មី ដរាប​ដល់​ថ្ងៃ​នេះ​ឯង ទាល់​តែ​បាន​យក​ដង្វាយ​មក​ថ្វាយ​ព្រះ​នៃ​ឯង​សិន នេះ​ហើយ​ជា​ច្បាប់​សំរាប់​ឯង​រាល់​គ្នា នៅ​គ្រប់​ទី​កន្លែង​ដែល​នឹង​តាំង​ទី​លំនៅ នៅ​អស់‌កល្ប‌ជានិច្ច ដល់​អស់​ទាំង​ដំណ​ត​រៀង​ទៅ។

ចែក​រំលែក
អាន លេវីវិន័យ 23