លេវី‌វិន័យ 14:1-32

លេវី‌វិន័យ 14:1-32 គកស១៦

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «នេះ​ជា​ច្បាប់​សម្រាប់​មនុស្ស​ឃ្លង់ នៅ​ថ្ងៃ​ណា​ដែល​ញែក​គេ​ចេញ​ជា​ស្អាត ត្រូវ​តែ​នាំ​អ្នក​នោះ​ទៅ​ជួប​សង្ឃ រួច​សង្ឃ​ត្រូវ​ចេញ​ទៅ​ខាង​ក្រៅ​ជំរំ​ពិនិត្យ​មើល បើ​ឃើញ​ថា​មនុស្ស​ឃ្លង់​នោះ​បាន​ជា​ហើយ សង្ឃ​ត្រូវ​បង្គាប់​ឲ្យ​យក​សត្វ​ហើរ​ពីរ ដែល​រស់ ហើយ​ស្អាត មក​សម្រាប់​អ្នក​នោះ ដែល​ត្រូវ​ញែក​ជា​ស្អាត ព្រម​ទាំង​ឈើ​តា‌ត្រៅ សំពត់​ក្រហម និង​មែក​ហ៊ីសុប​ផង។ សង្ឃ​ត្រូវ​បង្គាប់​ឲ្យ​សម្លាប់​សត្វ​ហើរ​មួយ​លើ​ផើង​ទឹក​ដែល​ដង​មក​ពី​ជ្រោះ។ សង្ឃ​ត្រូវ​ជ្រលក់​សត្វ​ដែល​រស់​ទៅ​ក្នុង​ឈាម​នៃ​សត្វ​ដែល​បាន​សម្លាប់​ពី​លើ​ទឹក​នោះ ជា​មួយ​ឈើ​តា‌ត្រៅ សំពត់​ក្រហម និង​មែក​ហ៊ីសុប ទៅ​ប្រោះ​ប្រាំពីរ​ដង​លើ​អ្នក​ដែល​ត្រូវ​ញែក​ចេញ​ជា​ស្អាត​ពី​រោគ​ឃ្លង់ រួច​ប្រកាស​ថា​ជា​ស្អាត​ហើយ ឯ​សត្វ​ដែល​រស់​នៅ នោះ​ត្រូវ​លែង​នៅ​វាល​ទៅ។ អ្នក​ដែល​បាន​ញែក​ជា​ស្អាត ត្រូវ​បោក​សម្លៀក‌បំពាក់​ខ្លួន ព្រម​ទាំង​កោរ​សក់ ហើយ​ងូត​ទឹក​ចេញ រួច​នឹង​បាន​ស្អាត ហើយ​នឹង​ចូល​ទៅ​ក្នុង​ជំរំ​បាន តែ​ត្រូវ​នៅ​ខាង​ក្រៅ​ទី​លំនៅ​របស់​ខ្លួន​ប្រាំពីរ​ថ្ងៃ។ ដល់​ថ្ងៃ​ទី​ប្រាំពីរ អ្នក​នោះ​ត្រូវ​កោរ​សក់ កោរ​ពុក‌មាត់ និង​ចិញ្ចើម និង​រោម​ខ្លួន​ទាំង​អស់​ចេញ ព្រម​ទាំង​បោក​សម្លៀក‌បំពាក់ ហើយ​ងូត​ទឹក​ផង នោះ​នឹង​បាន​ស្អាត​ហើយ។ លុះ​ដល់​ថ្ងៃ​ទី​ប្រាំបី ត្រូវ​យក​កូន​ចៀម​ឈ្មោល​ពីរ​ឥត​ខ្ចោះ និង​ចៀម​ញី​មួយ​ឥត‌ខ្ចោះ​អាយុ​មួយ​ខួប​មក ព្រម​ទាំង​ម្សៅ​យ៉ាង​ម៉ដ្ត​បី​ខ្ញឹង​លាយ​នឹង​ប្រេង សម្រាប់​ជា​តង្វាយ​ម្សៅ និង​ប្រេង​មួយ​កំប៉ុង ។ សង្ឃ​ត្រូវ​ញែក​អ្នក​នោះ​ចេញ​ជា​ស្អាត នាំ​អ្នក​នោះ​មក​ដាក់​ជា​មួយ​តង្វាយ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​មាត់​ទ្វារ​ត្រសាល​ជំនុំ សង្ឃ​ត្រូវ​យក​កូន​ចៀម​ឈ្មោល​មួយ​ទៅ​ថ្វាយ​ជា​តង្វាយ​ដោយ​ព្រោះ​កា​រំលង ព្រម​ទាំង​ប្រេង​មួយ​កំប៉ុង​ផង រួច​គ្រវី​របស់​ទាំង​នោះ ទុក​ជា​តង្វាយ​គ្រវី នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។ ត្រូវ​សម្លាប់​កូន​ចៀម​ឈ្មោល​នៅ​កន្លែង​ដែល​គេ​សម្លាប់​តង្វាយ​លោះ​បាប និង​តង្វាយ​ដុត គឺ​នៅ​ក្នុង​ទី​បរិសុទ្ធ ដ្បិត​តង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង​ជា​របស់​សង្ឃ ដូច​ជា​តង្វាយ​លោះ​បាប​ដែរ តង្វាយ​នេះ​ជា​របស់​បរិសុទ្ធ​បំផុត។ សង្ឃ​ត្រូវ​យក​ឈាម​តង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង​នោះ ទៅ​លាប​នៅ​ទង​ត្រចៀក​ស្តាំ​របស់​អ្នក ដែល​ត្រូវ​ញែក​ចេញ​ជា​ស្អាត ព្រម​ទាំង​នៅ​លើ​មេ‌ដៃ​ស្តាំ និង​មេ‌ជើង​ស្តាំ​ផង ក៏​ត្រូវ​យក​ប្រេង​ពី​ក្នុង​កំប៉ុង ចាក់​ទៅ​ក្នុង​បាត​ដៃ​ឆ្វេង​ខ្លួន ហើយ​ជ្រលក់​ម្រាម‌ដៃ​ស្តាំ​ទៅ​ក្នុង​ប្រេង ដែល​នៅ​ក្នុង​បាត‌ដៃ ប្រោះ​ប្រាំពីរ​ដង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។ ប្រេង​ដែល​សល់​នឹង​បាត‌ដៃ នោះ​ត្រូវ​យក​ខ្លះ​ទៅ​លាប​នៅ​ទង​ត្រចៀក​ស្តាំ និង​មេ‌ដៃ​ស្តាំ ព្រម​ទាំង​មេ‌ជើង​ស្តាំ​របស់​អ្នក​ដែល​ត្រូវ​ញែក​ជា​ស្អាត​នោះ ត្រង់​កន្លែង​ដែល​បាន​លាប​ឈាម​នៃ​តង្វាយ ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង​ដែរ។ ប្រេង​ដែល​នៅ​សល់​ក្នុង​បាត‌ដៃ​របស់​សង្ឃ ត្រូវ​ចាក់​លើ​ក្បាល​អ្នក​ដែល​ញែក​ជា​ស្អាត​ទៅ រួច​ត្រូវ​ថ្វាយ​ឲ្យ​ធួន​នឹង​ខ្លួន​អ្នក​នោះ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា សង្ឃ​ត្រូវ​ថ្វាយ​តង្វាយ​លោះ​បាប ឲ្យ​បាន​ធួន​នឹង​អ្នក​ដែល​ត្រូវ​ញែក​ចេញ​ជា​ស្អាត​នោះ ដោយ​ព្រោះ​សេចក្ដី​ស្មោក‌គ្រោក​របស់​ខ្លួន រួច​មក​ត្រូវ​សម្លាប់​តង្វាយ​ដុត​ទៀត ក៏​ត្រូវ​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​ម្សៅ​នៅ​លើ​អាសនា​ឲ្យ​បាន​ធួន​នឹង​អ្នក​នោះ​ដែរ នោះ​នឹង​បាន​ស្អាត​ហើយ។ បើ​អ្នក​នោះ​ខ្វះ‌ខាត​មិន​អាច​យក​របស់​ទាំង​នោះ​បាន នោះ​ត្រូវ​យក​កូន​ចៀម​ឈ្មោល​មួយ​មក ដោយ​ព្រោះ​ការ​រំលង​សម្រាប់​នឹង​គ្រវី​ថ្វាយ ដើម្បី​ឲ្យ​ធួន​នឹង​ខ្លួន ព្រម​ទាំង​ម្សៅ​យ៉ាង​ម៉ដ្ត​មួយ​ខ្ញឹង លាយ​ដោយ​ប្រេង សម្រាប់​ជា​តង្វាយ​ម្សៅ និង​ប្រេង​មួយ​កំប៉ុង ហើយ​លលក​ពីរ ឬ​ព្រាប​ជំទើរ​ពីរ តាម​កម្លាំង​របស់​ខ្លួន គឺ​មួយ​សម្រាប់​ជា​តង្វាយ​លោះ​បាប ហើយ​មួយ​សម្រាប់​ជា​តង្វាយ​ដុត នៅ​ថ្ងៃ​ទី​ប្រាំបី អ្នក​នោះ​ត្រូវ​យក​របស់​ទាំង​នោះ​មក​ប្រគល់​ដល់​សង្ឃ ត្រង់​មាត់​ទ្វារ​ត្រសាល​ជំនុំ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា សម្រាប់​ការ​ញែក​ខ្លួន​ចេញ​ជា​ស្អាត។ សង្ឃ​ត្រូវ​យក​កូន​ចៀម​ដែល​សម្រាប់​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង និង​ប្រេង​មួយ​កំប៉ុង ទៅ​ថ្វាយ​ជា​តង្វាយ​គ្រវី នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។ រួច​ត្រូវ​សម្លាប់​កូន​ចៀម ដែល​សម្រាប់​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង​នោះ ហើយ​ត្រូវ​យក​ឈាម​នៃ​តង្វាយ​ទៅ​លាប​នៅ​ទង‌ត្រចៀក​ស្តាំ​អ្នក​ដែល​ត្រូវ​ញែក​ចេញ​ជា​ស្អាត ព្រម​ទាំង​នៅ​មេ‌ដៃ​ស្តាំ និង​មេ‌ជើង​ស្តាំ​ផង។ ក៏​ត្រូវ​ចាក់​ប្រេង​ទៅ​ក្នុង​បាត‌ដៃ​ឆ្វេង​របស់​ខ្លួន ហើយ​ប្រោះ​ប្រេង​នោះ​ដោយ​ម្រាម​ដៃ​ស្តាំ​អស់​ប្រាំពីរ​ដង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។ រួច​ត្រូវ​យក​ប្រេង​ដែល​នៅ​ក្នុង​បាត‌ដៃ​ទៅ​លាប​នៅ​ទង‌ត្រចៀក​ស្តាំ និង​មេ‌ដៃ​ស្តាំ ព្រម​ទាំង​មេ‌ជើង​ស្តាំ​នៃ​អ្នក​ដែល​ត្រូវ​ញែក​ចេញ​ជា​ស្អាត ត្រង់​កន្លែង​ដែល​បាន​លាប​ឈាម​នៃ​តង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង​ដែរ។ ឯ​ប្រេង​ដែល​នៅ​សល់​ក្នុង​បាត‌ដៃ នោះ​ត្រូវ​ចាក់​ទៅ​លើ​ក្បាល​អ្នក​ដែល​ត្រូវ​ញែក​ជា​ស្អាត ដើម្បី​ឲ្យ​ធួន​ខ្លួន​អ្នក​នោះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។ រួច​សង្ឃ​ត្រូវ​ថ្វាយ​លលក​មួយ ឬ​ព្រាប​ជំទើរ​មួយ តាម​លទ្ធភាព​ដែល​អ្នក​នោះអាច​រក​បាន គឺ​មួយ​សម្រាប់​ជា​តង្វាយ​លោះ​បាប ហើយ​មួយ​ទៀត​សម្រាប់​ជា​តង្វាយ​ដុត​ជា​មួយ​តង្វាយ​ម្សៅ រួច​សង្ឃ​ត្រូវ​ថ្វាយ​ឲ្យ​ធួន​នឹង​អ្នក​ដែល​ត្រូវ​ញែក​ជា​ស្អាត​នោះ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។ នេះ​ហើយ​ជា​ច្បាប់​សម្រាប់​អ្នក​កើត​រោគ​ឃ្លង់ ដែល​មិន​អាច​លូក​ឈោង​ដល់​តង្វាយ សម្រាប់​ការ​ញែក​ខ្លួន​ចេញ​ជា​ស្អាត​បាន»។