យ៉ូស្វេ 4:1-19

យ៉ូស្វេ 4:1-19 គកស១៦

កាល​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​បាន​ឆ្លង​ទន្លេ​យ័រដាន់​ផុត​ហើយ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «ចូរ​ជ្រើស​រើស​យក​បុរស​ដប់ពីរ​នាក់​ពីចំណោម​ប្រជា‌ជន គឺ​កុល‌សម្ព័ន្ធ​មួយៗ​រើស​យក​ម្នាក់ ហើយ​បង្គាប់​ពួក​គេ​ថា "ចូរ​អ្នក​រាល់​គ្នា​យក​ថ្ម​ដប់ពីរ​ដុំ​ពី​កណ្ដាល​ទន្លេ​យ័រដាន់ ត្រង់​កន្លែង​ដែល​ជើង​ពួក​សង្ឃ​បាន​ឈរ​នោះទៅ​ជាមួយ ទៅ​ដាក់​នៅ​កន្លែង​ដែល​អ្នក​រាល់​គ្នានឹង​ស្នាក់​នៅ​យប់​នេះ"»។ ពេលនោះ លោក​យ៉ូស្វេ​ក៏​ហៅ​បុរស​ដប់ពីរ​នាក់ ពី​ក្នុង​ចំណោម​ប្រជាជន​អ៊ីស្រា‌អែល ដែល​លោក​បាន​តម្រូវ គឺ​កុល‌សម្ព័ន្ធ​មួយៗ​យក​ម្នាក់។ លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ចូរ​ដើរ​ទៅ​ខាង​មុខ​ហិប​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា គឺ​ទៅ​កណ្ដាល​ទន្លេ​យ័រដាន់ ហើយ​យក​ថ្ម​ម្នាក់​មួយ​ដុំ​ដាក់​លើ​ស្មា តាម​ចំនួន​កុល‌សម្ព័ន្ធ​នៃ​ប្រជា‌ជន​អ៊ីស្រា‌អែល ដើម្បី​ឲ្យ​បាន​ជា​ទី​សម្គាល់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា។ ពេល​ក្រោយ កាល​ណា​កូន​ចៅ​អ្នក​រាល់​គ្នា​សួរ​ថា "តើ​ថ្ម​ទាំង​នេះ​មាន​ន័យ​ដូច​ម្តេច?" អ្នក​រាល់​គ្នា​ត្រូវ​ប្រាប់​គេ​ថា នេះ​ដោយ​ព្រោះ​ទឹក​ទន្លេ​យ័រដាន់​ត្រូវ​បាន​កាត់​ផ្តាច់ នៅ​ខាង​មុខ​ហិប​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ‌យេហូវ៉ា។ ពេល​ហិប​នៃ​សេចក្ដី​សញ្ញា​នោះ​បាន​ឆ្លង​ទន្លេ​យ័រដាន់ ទឹក​ទន្លេ​យ័រ​ដាន់​ត្រូវ​បាន​កាត់​ផ្តាច់។ ដូច្នេះ ថ្ម​ទាំង​នេះ​នឹង​បាន​ជាទី​រំឭក​ដល់​ប្រជា‌ជន​អ៊ីស្រា‌អែល​រហូត​ត​ទៅ»។ ប្រជា‌ជន​អ៊ីស្រា‌អែល​ក៏​ធ្វើ​តាម​សេចក្ដី​ដែល​លោក​យ៉ូស្វេ​បាន​បង្គាប់ គឺ​គេ​យក​ថ្ម​ដប់ពីរ​ដុំ​ពី​កណ្ដាល​ទន្លេ​យ័រដាន់ តាម​ចំនួន​កុល‌សម្ព័ន្ធ​នៃ​ប្រជា‌ជន​អ៊ីស្រា‌អែល ដូច​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេ។ ពួក​គេ​លី​ថ្ម​ទាំង​នោះ​ទៅ​ជា​មួយ យក​ទៅ​ដាក់​នៅ​ត្រង់​កន្លែង​ដែល​គេ​ស្នាក់​នៅ។ លោក​យ៉ូស្វេ​ដាក់​ថ្ម​ដប់ពីរ​ដុំ​នៅ​កណ្ដាល​ទន្លេ​យ័រដាន់ ត្រង់​កន្លែង​ដែល​ជើង​របស់​ពួក​សង្ឃ​សែង​ហិប​នៃ​សេចក្ដី​សញ្ញា​បាន​ឈរ ហើយ​ថ្ម​ទាំង​នោះ​ក៏​តាំង​នៅ​រហូត​ដល់​សព្វ​ថ្ងៃ។ ពួក​សង្ឃ​ដែល​សែង​ហិប នាំ​គ្នា​ឈរ​នៅ​កណ្ដាល​ទន្លេ​យ័រដាន់ រហូត​ដល់​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ឲ្យ​លោក​យ៉ូស្វេ​ប្រាប់​ប្រជា‌ជន​បាន​សម្រេច​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​លោក​ម៉ូសេ​បាន​បង្គាប់​មក​លោក​យ៉ូស្វេ។ ប្រជា‌ជន​នាំ​គ្នា​ឆ្លងយ៉ាង​ប្រញាប់‌ប្រញាល់។ កាល​ប្រជា‌ជនទាំង​អស់​បាន​ឆ្លង​ផុត​ហើយ ហិប​នៃ​ព្រះ‌យេហូវ៉ា និង​ពួក​សង្ឃក៏​ឆ្លង​ទៅ​នៅ​ខាង​មុខប្រជា‌ជន។ ពួក​កូន​ចៅ​រូបេន ពួក​កូន​ចៅ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​មួយ​ចំហៀង បាន​ឆ្លង​ទៅ​នៅ​ខាង​មុខប្រជា‌ជន​អ៊ីស្រា‌អែលទាំង​ប្រដាប់​អាវុធ ដូចលោក​ម៉ូសេ​បាន​បង្គាប់។ ពួក​គេ​មាន​ចំនួន​ប្រហែល​បួន​ម៉ឺន​នាក់ទាំង​ប្រដាប់​អាវុធ ឆ្លង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ទៅ​ដល់​វាល​ទំនាប​ក្រុង​យេរីខូរ។ នៅ​ថ្ងៃ​នោះ ព្រះ‌យេហូវ៉ា​បាន​លើក​តម្កើង​លោក​យ៉ូស្វេ នៅ​ចំពោះ​ភ្នែក​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ហើយ​គេ​គោរ​ព​កោត​ខ្លាច​លោក ដូច​គេ​បាន​គោរព​កោត​ខ្លាច​លោក​ម៉ូសេ​ដែរ អស់​មួយ​ជីវិត​របស់​លោក។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «ចូរ​បង្គាប់​ពួក​សង្ឃ​ដែល​សែង​ហិប​នៃ​សេចក្ដី​សញ្ញា ឲ្យ​ឡើង​ពី​ទន្លេ​យ័រដាន់​មក»។ ដូច្នេះ លោក​យ៉ូស្វេ​ក៏​បង្គាប់​ពួក​សង្ឃ​ថា៖ «ចូរ​ឡើង​ពី​ទន្លេ​យ័រ​ដាន់​មក!» កាល​ពួក​សង្ឃ​ដែល​សែង​ហិប​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ‌យេហូវ៉ា បាន​ឡើង​ពី​កណ្ដាល​ទន្លេ​យ័រដាន់​មក ហើយ​ដាក់​បាត​ជើង​ជាន់​នៅ​លើ​ដី​គោកភ្លាម ទឹក​ទន្លេ​យ័រដាន់ក៏​ហូរ​ទម្លាក់​មក​តាម​កន្លែង​ធម្មតា​វិញ គឺ​លិច​មាត់​ច្រាំង​ទាំង​អស់​ដូច​ពី​មុន។ ប្រជា‌ជន​បាន​ឡើង​ពី​ទន្លេ​យ័រដាន់​មក នៅ​ថ្ងៃ​ទី​ដប់​នៃ​ខែ​ទីមួយ ហើយ​គេ​ក៏​បោះ​ជំរំ​នៅ​ត្រង់​គីល‌កាល នៅ​ព្រំ​ប្រទល់​ខាង​កើត​នៃ​ក្រុង​យេរីខូរ។

អាន យ៉ូស្វេ 4